លោក ហ៊ុន សែន ប្រាប់​​ពិភពលោក​ឱ្យ​យក​គំរូ​កម្ពុជា​ដឹកនាំ​ប្រទេស​មាន​សន្តិភាព

ដោយ សន ចាន់រដ្ឋា
2021-09-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រាប់​​ពិភពលោក​ឱ្យ​យក​គំរូ​កម្ពុជា​ដឹកនាំ​ប្រទេស​មាន​សន្តិភាព

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មេដឹកនាំ​នៅ​លើ​ពិភពលោក​ឱ្យ​យក​គំរូ​តាម​លោក ក្នុង​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព​។ មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល យល់​ថា សន្តិភាព​នៅ​កម្ពុជា ជា​សន្តិភាព​ក្លែងក្លាយ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លើកឡើង​ជាថ្មី​ថា នយោបាយ​បាយ​ឈ្នះ​ឈ្នះ​របស់លោក​ជា​រូបមន្ត​គន្លឹះ​ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

​លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មេដឹកនាំ​នៅ​លើ​ពិភពលោក​ថា មានតែ​ភាពជា​ម្ចាស់​ប្រទេស​តែមួយគត់​ដែល​ធ្វើ​ប្រទេស​មាន​សន្តិភាព​ពិតប្រាកដ​និង​បាន​យូរ​អង្វែង​។ មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ បន្ត​ថា ប្រទេស​ដទៃ​មិន​អាច​បណ្ដុះ​គុណ​តម្លៃ និង​ប្រព័ន្ធ​នយោបាយ​ឱ្យ​ប្រទេស​ណាមួយ​បាន​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​មក​ទល់​ពេល​នេះ ដោយ​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស គឺ​មិនមែន​ដោយសារ​បរទេស​នោះ​ទេ៖ «ខ្ញុំ​សុំ​គួរ​បញ្ជាក់​ថា នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ កម្ពុជា​មិន​អាច​សម្រេច​បាន​សន្តិភាព​ពេញលេញ​នោះ​ទេ​។ បើទោះបីជា​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ថវិកា​អស់​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ សង្គ្រាម​នៅ​បន្ត​អូស​បន្លាយ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៩៨ ទើប​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​បាន​សន្តិភាព​ពេញលេញ​បន្ទាប់ពី​បាន​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ»

លោក ហ៊ុន សែន លើក​បែបនេះ នៅក្នុង​ពិធី​មហាសន្និបាត​នៃ​ក្ដី​សង្ឃឹម​ពិភពលោក​លើក​ទី​៧ តាម​វីដេអូ ខនហ្វឺរិន (Conference) ក្រោម​ប្រធានបទ​ស្តីពី​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា ដែល​រៀបចំ​ដោយ​អង្គការ​មួយ​ឈ្មោះថា សហព័ន្ធ​សន្តិភាព​សកល​(Universal Peace Federation)​។ ពិធី​សន្និបាត​នេះ​បាន​ជូន​មេដាយមាស​សន្តិភាព​ដល់​លោក ហ៊ុន សែន ហើយ​ឱ្យ​លោក​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅពេល​ខាងមុខ​ផង​ដែរ។ កាលពី​ឆ្នាំ​២០១៩ អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ក៏​ធ្លាប់​ប្រគល់​ពានរង្វាន់​ស្តីពី​”​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​” ជូន​លោក ហ៊ុន សែន ដែរ​។​អង្គការ​មួយ​នេះ បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ កាលពី​ឆ្នាំ​២០០៥ និង​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នោះ​ទេ។ អង្គការ​ដដែល​នេះ តែង​មាន​ទំនាក់ទំនង​ជិត​ស្និត និង​តែង​ប្រគល់​ពាន​រង្វាល់​ដល់​មេដឹកនាំ​មួយចំនួន​ដែល​ក្រាញ​អំណាច និង​រង​ការរិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម​។

ចំពោះ​ការ​លើកឡើង​របស់​មេដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ជិត​៤០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​ថា ជា​សន្តិភាព​ក្លែងក្លាយ​និង​មិន​បាន​ឆ្លុះបញ្ចាំង​ស្ថានការណ៍​ពិត​នៅ​កម្ពុជា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​កម្ពុជា​គ្មាន​សង្គ្រាម​ក៏ដោយ ក៏ប៉ុន្តែ​ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា ការរំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ ការ​រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​នេះ មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​នោះ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់នៅ​ដោយ​ការអត់ឃ្លាន មាន​បំណុល​វ័ណ្ឌក និង​គ្មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​។ លោក​បញ្ជាក់​ថា ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត គឺ​ពុំ​មែន​ដូច​នៅ​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ក្រីក្រ និង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​។ បន្ថែម​ពី​នេះ​លោក​ថា អាជ្ញាធរ​បាន​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត ដោយសារតែ​ពួកគាត់​ចូល​សម្ដែង​មតិ​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​ក្រីក្រ​កើតទុក្ខ​លំបាក​ហើយ​ធ្វើ​អ្វី​មិន​បាន​ត្រូវ​តែ​ជាប់គុក គេ​វាយ​បែកក្បាល រងគ្រោះ​ដោយ​ការសម្ដែង​មតិ​ស្រលាញ់​ទឹកដី ព្រំដែន​។​ដោយ​ការ​ស្រលាញ់​ធម្មជាតិ​របស់​ខ្លួន ខ្ញុំ​យល់​ថា បើ​យើង​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កន្លែង​ហ្នឹង​មិនមែន​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ទេ​។ សូម្បី​គេ​ឱ្យ​មេដាយ​ហ្នឹង​ប៉ុន្មាន​ក៏ដោយ​ក៏​អត់​សំខាន់​ជាង​សេចក្ដីសុខ​និង​សិទ្ធិ​សេរី​តម្លៃ​របស់​ពលរដ្ឋ​ទេ»

ដោយឡែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុដ (Adhoc) លោក នី សុខា ក៏​មើលឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ដែរ ព្រោះ​ប្រទេស​នេះ​កំពុងតែ​ញាំញី​ដោយ​ការ​ចាប់ចង​ក្រុម​អ្នក​មាន​មតិផ្ទុយ​ដាក់​ពន្ធនាគារ និង​ការ​​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង ធ្វើ​ឱ្យ​ពួកគាត់​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​សុវត្ថិភាព​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មិន​មាន​ការភ័យខ្លាច ពោល​គឺ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ដោយ​សេរីភាព៖ «យើង​មិនមែន​មានន័យថា ឱ្យ​តែ​ប្រទេស​មួយ បញ្ចប់​បាន​នូវ​សង្គ្រាម​ប្រដាប់​អាវុធ ឬក៏​សង្គ្រាម​ខាង​អំពើ​ហិង្សា​ហ្នឹង​ថា​សន្តិភាព​ទេ។ ពីព្រោះ​ថា សន្តិភាព​វា​មាន​ទាំង​បញ្ចប់សង្គ្រាម​ប្រដាប់​អាវុធ សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ខាង​ផ្លូវចិត្ត​។ ដូច្នេះ​បើ​យើង​ពិនិត្យមើល​ស្ថានភាព​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ថ្វីត្បិតតែ​យើង​មើលឃើញ​មិន​មាន​សង្គ្រាម​ក៏​ពិតមែន​ក៏ប៉ុន្តែ​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ»

ចាប់តាំង​ពី​ឆ្នាំ​២០១៩​មក​ដល់​ពេល​នេះ របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ យុវជន សកម្មជន​នយោបាយ និង​សកម្ម​សង្គម ជិត​៩០​នាក់​ហើយ​ដាក់​ពន្ធនាគារ ដោយសារ​ពួកគេ​បាន​សម្ដែង​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​។ ពួកគេ​ភាគច្រើន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់។

ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ជា​ការ​គាស់​រំលើង​អ្នក​មាន​មតិផ្ទុយ ដែល​ជា​ឆ្អឹង​ទទឹង​ក​​ដល់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

ចំពោះ​ការ​ដែល​តំណាង​មហាសន្និបាត​នៃ​ក្ដី​សង្ឃឹម​ពិភពលោក​ផ្ដល់​មេដាយមាស​សន្តិភាព​ជូន​លោក ហ៊ុន សែន នោះ លោក នី សុខា យល់ថា ករណីនេះ​គ្រាន់តែ​ជា​និមិត្តរូប ដើម្បី​ការ​លើកទឹកចិត្ត​ដល់​មេដឹកនាំ​ប្រទេស​នៅ​លើ​ពិភពលោក​ឱ្យ​ងាក​ទៅ​រក​ការដឹកនាំ​ប្រកបដោយ​សន្តិភាព​ពិតប្រាកដ​ប៉ុណ្ណោះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ក្រោយ​ពី​លោក ហ៊ុន សែន បាន​ទទួល​មេដាយ​សន្តិភាព​នេះ​ហើយ លោក​គួរតែ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​ទៀត កាន់តែ​ប្រសើរ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ពេញលេញ​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ប្រាប់​​ពិភពលោក​ឱ្យ​យក​គំរូ​កម្ពុជា​ដឹកនាំ​ប្រទេស​មាន​សន្តិភាព"

  1. ពុទ្ធោ! ពុទ្ធោ! says:

    លោក ហ៊ុនសែន គាត់ប្រាប់ទៅពិភពលោកថាធ្វើតាមគាត់បើចង់បាន សន្តិភាពដូចប្រទេសគាត់(ងើបមួយវៃមួយអាណាហ៊ានចេញជួយដេកគុក)នេះហើយជាសន្តិភាពបែបលោក ហ៊ុនសែន។ កុំមកនិយាយរឿងសិទ្ធិមនុស្សជាមួយគាត់គ្មានផ្លូវទេ។

  2. Anonymous says:

    OH …..GOD …. please help me this evil monster said he himself was the world peace keeper . did every one believe this evil monster every word he said??? I knew this guy was born around the village that I was lived when I was young . he animal was born in a problem family they are poor did not enough money to spend for their children’s education . in the late 1969 HUN NAL was about seventeen year old he when to joint Khmer Rue in KRATIE province then he became a brave evil man that mean became a brave killer of innocent Cambodian then he became a commander . we knew this evil was brain washed by Vietcong spy in the MARKY forest that mean the forest around this province he live in . KRATEI, CHHLONG, KROCH CHHMA, DEIDOS, STENGTRONG, is the province that HUN SEN knew every corner so as me . my massage to all Cambodia this evil monster is not our GOD this guy came from the dirt he is trying to life himself to be some one that the world hated the most . another massage to HUN NAL call HUN SEN you are too dump uneducated do not think you are a good GOD of Cambodian please do not even think you are a good GOD FOR THE WHOLE WORLD. sorry AH,,,CHESSTU you are a dump animal that I ever seen in the history of humankind

Leave a Reply

Submit Comment