សេរីភាព​​សារព័ត៌មាន​​នៅ​តែ​​យ៉ាប់យ៉ឺន ៤ ឆ្នាំ​ក្រោយ​​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​

ដោយ មួង ណារ៉េត
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សេរីភាព​​សារព័ត៌មាន​​នៅ​តែ​​យ៉ាប់យ៉ឺន ៤ ឆ្នាំ​ក្រោយ​​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ រងការជាប់ពន្ធនាគារ​ជិត​មួយ​ឆ្នាំ ដោយ​រដ្ឋាភិបាលបានចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម។ រូប៖ គេ​ផ្ដល់​ឱ្យ


រយៈពេល ៤ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ ទោះ​ជា​របប​នេះ​ក្រសោប​បាន​អំណាច​ទាំងស្រុង​​មក​កាន់កាប់​តែ​ម្នាក់ឯង​ហើយ​ក៏ដោយ។ អ្នក​សារព័ត៌មាន​នៅ​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់ឈរ​​តាម​​ផ្លូវ​​តុលាការ និង​​ការ​​សម្លុត​​គំរាម​​ពី​សំណាក់​​អាជ្ញាធរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា​(CamboJA)​​លោក ណុប វី សង្កេត​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​វិវឌ្ឍ​ទៅ​​រក​​ភាព​​ប្រសើ​ឡើង​វិញ ដូច​នៅ​មុន​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ២០១៧​នោះនៅ​ឡើយ​ទេ។ លោក​បន្ត​ថា អ្នក​សារព័ត៌មាន​នៅ​តែ​រង​បណ្ដឹង​ក្នុង​​តុលាការ ក្នុង​នោះ​​អ្នក​​ខ្លះ​​កំពុង​​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ការងារ​របស់​ខ្លួន​។ ក្រៅពី​នេះ ករណី​និទណ្ឌភាព​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន ដូចជា ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​ជាដើម នៅ​តែ​កើត​មាន​ជាបន្តបន្ទាប់។ លោក ណុប វី បន្ថែម​ទៀត​ថា នៅ​ដំណាក់​កាល​ចុងក្រោយ​នេះ បញ្ហា​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន រឹត​តែ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ ពីព្រោះ​ពួកគាត់​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​សម្លុត​គំរាម និង​តាម​បំភិតបំភ័យ នៅ​ពេល​​ចុះ​​យក​​ព័ត៌មាន៖ «មន្ត្រី​​មួយ​ចំនួន​សមត្ថកិច្ច​មូល​ដ្ឋាន​​ខ្លះ​ហ្នឹង គឺ​រហូត​ទៅ​ដល់​ហ៊ាន​ជិះ​ម៉ូតូ​ប្រដេញ​ចាប់​ដក​ហូត​កាមេរ៉ា ឬមួយ​ក៏​ទូរស័ព្ទ​ដៃ​របស់​អ្នក​សារព័ត៌មាន​យក​ទៅ​លុប​រូប។ ហើយ​មាន​សមត្ថកិច្ច​ខ្លះ​ហ៊ាន​​​រហូត​​ទៅ​​ដល់​​ដក​ហូត​ប័ណ្ណ​កាសែត​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ហ្នឹង​យក​ទៅ​ទុក។ ដល់​យើង​ស្នើ​សុំ​វិញ​ហ្នឹង ក៏​ឆ្លើយ​បដិសេធ​មិន​ដឹង​មិន​លឺ រហូត​ដល់​មាន​ការ​ដាក់​លិខិត​ទៅ​មន្ត្រី​ថ្នាក់លើ​អ៊ីចឹង​ទៅ បាន​យើង​ទទួល​បាន​ប័ណ្ណ​កាសែត​ត្រឡប់​មក​វិញ។ អ៊ីចឹង​សកម្មភាព​ទាំងអស់​ហ្នឹង គួរតែ​ទទួល​នូវ​វិធានការ​រដ្ឋបាល​ជាក់​លាក់ ដើម្បី​ធានា​ថា យើង​ធ្វើ​កិច្ច​ការងារ​ជា​ដៃគូ​នឹង​គ្នា។ កុំ​ឱ្យ​ថា សមត្ថកិច្ច​នៅ​មូលដ្ឋាន​ទៅ​ជា​យក​អ្នកសារព័ត៌មាន​ហ្នឹង គឺ​ជា​សត្រូវ​ទៅវិញ»។

ស្រដៀង​គ្នា​នេះ អ្នកសារព័ត៌មាន​សេរីលោក ពៅ មេត្តា ថ្លែង​ថា សេរីភាព​សារព័ត៌មាន​​មិន​បាន​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើឡើង​នោះ​ទេ ប៉ុន្តែ​ករណី​ខ្លះ​បែរ​ជា​រង​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែមទៀត។ លោក​លើក​ជាឧទាហរណ៍​ថា ករណី​ខ្លះ អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​សុំ​ការ​អនុញ្ញាត​ពេល​ចុះ​យក​ព័ត៌មាន ហើយ​ពេល​ខ្លះ​ទៀត អាជ្ញាធរ​បាន​ចាប់​យក​សម្ភារៈ និង​លុប​រូបថត ឬ​វីដេអូ​របស់​អ្នក​សារព័ត៌មាន ដោយ​គំរាម​ពួកគាត់​មិន​ឱ្យ​ចេញផ្សាយ​ព័ត៌មាន​ជាដើម។ លោក ពៅ មេត្តា បញ្ជាក់​ថា ករណី​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ឈរ​លើ​ទិដ្ឋភាព​ច្បាប់៖«អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់​សុទ្ធ​តែ​នៅ​ក្នុង​គំនាប​នៅ​ឡើយ ហើយ​ស្ថានភាព​ឱ្យ​វា​ធូរ​ស្រាល​អ្វី​ផ្សេង​ទៀត វា​ហាក់​ដូច​ជា​មិន​មាន​ទេ។ ព្រោះ​សារព័ត៌មាន​ដែល​រង​សម្ពាធ​ពី​មុន ដូចជា​ខេមបូឌាដេលី ឥលូវ​បិទ​ហើយ អាស៊ី​សេរី​ទៅ​នៅ​ក្រៅ ហើយ​វីអូអេ ឬក៏​វីអូឌី​នៅ​ខាង​ក្នុង បរិបទ​មុន​ហ្នឹង​ក៏​គាប​អត់​ឱ្យ​លិខិត អត់​ឱ្យ​កាត​អ្នក​សារព័ត៌មាន​អ៊ីចឹង​ទៅ។ ផ្ទុយទៅវិញ (ក្រសួងព័ត៌មាន)​បែរ​​ជា​​ឱ្យ​​សារព័ត៌មាន​មួយ​ចំនួន ដូចជា​សារព័ត៌មាន​បែប​អនឡាញ​ (Online)ដែល​តែ​ម្នាក់​ឯង ឬ​គ្រាន់តែ​មាន​វេបសាយ (Website) ម្នាក់ឯង គាត់​និយាយ​អត្ថាធិប្បាយ»

ការ​វាយតម្លៃ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ឆ្នាំ​ទី៤​នៃ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្រោម​ហេតុ​ផល​ពន្ធដារ​ដ៏​ចម្រូង​ចម្រាស់ និង​​ខ្វះ​តម្លាភាព។ អាជ្ញាធរ​បាន​ប្រើ​ស្នៀត​ដដែល​នេះ រហូត​ដល់​វិទ្យុ​អាស៊ី​សេរី​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែកញ្ញា ពោល​គឺ​ជាង​មួយ​សប្តាហ៍​ក្រោយ​កាសែត​ខេមបូឌា​ដេលី​បិទ​ទ្វារ។ អំឡុង​ពេល​នោះ​ដែរ អាជ្ញាធរ​បាន​បិទ​ប្រេកង់​វិទ្យុ​រាប់​សិប​ស្ថានីយ​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី (RFA) និង​វិទ្យុ​ឯករាជ្យ​ដទៃ​ទៀត។

ការ​បង្ក្រាប​របស់​អាជ្ញាធរ​មិន​បាន​បញ្ឈប់​ត្រឹម​នេះ​ទេ។ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​គ្មាន​ភស្តុតាង​រឹងមាំ​អ្វី​សោះ បាន​ចាប់​ខ្លួន​អតីត​​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ យក​ទៅ​ដាក់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម។ ប្រមាណ ៤ឆ្នាំមក​នេះ តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ពី​ទោស​កំហុស​របស់​អ្នក​ទាំង​ពីរ​ឡើយ ប៉ុន្តែ​តុលាការ​ក៏​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​នោះ​​ដែរ។ តុលាការ​បាន​បង្វិល​សំណុំ​រឿង​ឱ្យ​ចៅក្រម​ស៊ើបសួរ បើក​ការ​ស៊ើបអង្កេត​បន្ថែម ដែល​ធ្វើ​ឱ្យ​ករណី​នេះ​ត្រូវ​អូស​បន្លាយ​ដោយ​គ្មាន​ពេល​កំណត់។

ក្រៅពី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​នេះ អ្នក​កាសែត​ខេមបូឌា​ដេលី​ពីរ​រូប​ទៀត ក្នុង​នោះ​ម្នាក់​ជា​ជនបរទេស ក៏​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ដែរ បន្ទាប់​ពី​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​នៅក្នុង​ខេត្ត​រតនគិរី។ ទោះ​ជា​ចៅក្រម​តុលាការ​ខេត្តរតនគិរី​បាន​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ​«ញុះញង់»​ ប្រឆាំង​​នឹង​​អ្នក​​ទាំង​ពីរ​​ហើយ​​ក្តី ក៏​​សំណុំ​រឿង​នេះ​​មិន​ទាន់​​ចប់​​ដែរ​ ​ព្រោះ​​មាន​ការ​​ប្ដឹង​​ទាស់​​​ពី​​តំណាង​​អយ្យការ។

ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​សេរីភាព​សារព័ត៌មាន​កាល​ពី៤ឆ្នាំមុន​នោះ ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការណ៍​វាយ​តម្លៃ​ថា ជា​ការ​បំបិទ​សំឡេង​ឯករាជ្យ ទន្ទឹម​គ្នា​នឹង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង ដើម្បី​​ធានា​​ជ័យជម្នះ​សម្រាប់​​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​​ការ​​បោះឆ្នោត​​​តំណាង​រាស្ត្រ​ឆ្នាំ ២០១៨។

ដោយឡែក​នៅក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ វិញ អ្នក​សារព័ត៌មាន​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត​ត្រូវ​អាជ្ញាធរ​ដក​ហូត​អាជ្ញាប័ណ្ណ ដោយសារ​ពួក​គេ​​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​ជំងឺ​កូវីដ-១៩ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា ជា​រឿង​មិន​ពិត ឬ​ជា​ការ «ញុះញង់» ជា​ដើម។

ទាក់ទង​នឹង​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​វិញ សមាគម​ខេមបូចា​កត់​សម្គាល់​ថា គិត​ពី​ដើម​ឆ្នាំ ២០២១ មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​សារព័ត៌មាន​ជាង ៥០នាក់ រង​ការ​បៀតបៀន ដូចជា​អំពើ​ហិង្សា និង​ការ​សម្លុត​គំរាមជាដើម។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មានលោក មាស សុភ័ណ្ឌ ដើម្បី​ឆ្លើយ​តប​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ពុំ​មាន​អ្នក​ទទួលនៅថ្ងៃទី១១ និង១២ ខែកញ្ញា។

ទោះជាយ៉ាងណា កន្លងមក អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ តែងតែ​លើក​ឡើង​ថា សេរីភាព​សារព័ត៌មាន និង​ការ​អនុវត្ត​វិជ្ជាជីវៈ​នេះ កំពុង​ដំណើរការ​ដោយ​រលូន និង​ល្អ​ប្រសើ។ ហេតុផល​តែមួយ​គត់​ដែល​ក្រសួង​យក​មក​អះអាង​ដដែលៗ​ពី​ភាព​ល្អ​ប្រសើរ​នៃ​សេរីភាព​សារព័ត៌មាន​នោះ គឺ​ការ​កើន​ឡើង​នៃ​តួលេខ​​ស្ថាប័ន​​ព័ត៌មាន អង្គការ​សារព័ត៌មាន។ ទន្ទឹម​នឹង​នេះ ក្រសួង​ព័ត៌មាន​តែងតែ​ចេញមុខ​ការពារ​វិធានការ​របស់​អាជ្ញាធរ​ទៅ​លើ​អ្នក​សារព័ត៌មាន ទោះជា​ទង្វើ​របស់​អាជ្ញាធរ​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ក៏ដោយ។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​​សេរី និង​បច្ចុប្បន្ន​ជា​អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគរលោក យាង សុធារិន្ទ គឺ​ជា​ជន​​រង​គ្រោះ​​មួយ​រូប​​នៃ​​ការ​​បង្ក្រា​ប​​របស់​​អាជ្ញាធរ​លើ​សេរីភាព​សារព័ត៌មាន។ លោក​មើល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញ​​ថា ក្រសួង​ព័ត៌មាន​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុកដាក់​ជួយ​ការ​ពារ​​អ្នក​​សារព័ត៌មាន​ឱ្យ​បាន​ដិតដល់​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ដាក់​បន្ទុក​លើ​អ្នក​សារព័ត៌មាន​ដែល​ជា​ជន​រងគ្រោះ​ថែម​ទៀត៖ «នៅពេល​ដែល​អ្នក​កាសែត​មាន​បញ្ហា ហើយ​សមាគម​អ្នក​កាសែត​ធ្វើ​សេចក្តី​ថ្លែងការណ៍​ការពារ​អ្នក​កាសែត​ដែល​ត្រូវ​បាន​រំលោភ​បំពាន​អ៊ីចឹង ក្រសួង​ព័ត៌មាន​ចេញ​មក​គាត់​ការពារ​សកម្មភាព​របស់​អាជ្ញាធរ​ទៅ​ទៀត ហើយ​គាត់​ចោទ​ប្រកាន់​ថា ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អ្វី​ជាដើម។ អ៊ីចឹង​យើង​ឃើញ​ថា អ្នកកាសែត​ដូច​ជា​មិន​ទាន់​មាន​អាណាព្យាបាល​ការពារ​របស់​គាត់​ឱ្យ​បាន​មាំមួន​ទេ។ ពួកគាត់​នៅ​មាន​ភាព​តែលតោល​នៅ​ឡើយ ដូច្នេះ​ហើយ​សន្តិសុខ សុវត្ថិភាព​របស់​គាត់ គឺ​នៅ​មាន​បញ្ហា»

លោក យាង សុធារិន្ទ ថ្លែង​ទៀត​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៧ មក ស្ថានភាព​ធ្លាក់ចុះ​នៃ​សេរីភាព​សារព័ត៌មាន គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពីព្រោះ​លោក និង​អ្នក​សារព័ត៌មាន​ដទៃទៀត​ដែល​រង​ការ​ចោទ​ប្រកាន់នៅ​តែ​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅឡើយ។ ក្រៅពី​នេះ ស្ថាប័ន​ឯករាជ្យ​ដែល​បាន​បិទទ្វារ​តាំង​ពី​ពេល​នោះ​មក ក៏​នៅ​មិន​ទាន់​អាច​បើក​ដំណើរ​ការ​វិញ​នៅ​ឡើយ។ លោក​ព្រួយ​បារម្ភ​ថា ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន នឹង​អាច​កើត​មាន​ច្រើន​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ពី​ព្រោះ​​នេះ​​ជា​​អ្វី​ដែល​​ធ្លាប់​​កើត​​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ហូរហែ​រួច​មក​ហើយ៖ «គ្រាន់​តែ​គាត់​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ក្ដីក្ដាំ​ធម្មតាៗ ដូចជា​បញ្ហា​ជម្លោះ​ដីធ្លី បញ្ហា​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា​អីហ្នឹង គាត់​ក៏​ឃើញ​ចាប់​ផ្តើម​មាន​បញ្ហា​ទៅ​ហើយ។ របត់​ហ្នឹង ជា​របត់​មួយ​ដែល​មាន​ការ​បារម្ភ​អំពី​ស្ថានភាព​ដែល​អាច​កើត​ឡើង​មិន​ល្អ​ចំពោះ​អ្នកកាសែត​នៅ​ថ្ងៃ​ខាងមុខ»

អង្គការ​អន្តរជាតិ​នានាបាន​​រក​ឃើញ​ថា ៤ឆ្នាំ​មក​នេះ សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា ស្ថិត​នៅក្នុង​ស្ថានភាព​អាក្រក់ ព្រោះតែ​របប​ក្រុង​ភ្នំពេញ​បន្ត​រឹតត្បិត ​គំរាមកំហែង ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មានជាដើម។

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ឯករាជ្យ ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំងនេះ និង​ងាក​មក​គោរព​សេរីភាព​សារព័ត៌មាន​វិញ។ ចំណុច​ទាំងនោះ មាន​ជាអាទិ៍ ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ការ​បើក​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរ​ការ​ឡើងវិញ បញ្ឈប់​ជាបន្ទាន់​ការ​យក​ក្រមព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​លើ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន ព្រមទាំង​ពន្លឿន​ការ​បង្កើត​ច្បាប់​ទាំងឡាយ​ដែល​បម្រើ​ដល់​វិស័យ​សារព័ត៌មាន និង​ការ​បញ្ចេញមតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សេរីភាព​​សារព័ត៌មាន​​នៅ​តែ​​យ៉ាប់យ៉ឺន ៤ ឆ្នាំ​ក្រោយ​​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​"

  1. so socheath says:

    អានេះមានសីលធម៍ដល់ថ្នាក់យកប្រពន្ធវាថតរឿងសិច ឲ្យអាខ្មៅ
    ចុយលេង តែវាបែរមកនិយាយថា សេរីភាពសារព័ត៍មានយ៉ាប់យ៉ឺនទៅកើតវ៉ី ?

Leave a Reply

Submit Comment