ប៉ូលិស​​ខេត្ត​កណ្ដាល​សាក​សួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៣០​នាក់ រឿង​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​វាល​យន្តហោះ​ថ្មី

ដោយ មួង ណារ៉េត
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ូលិស​​ខេត្ត​កណ្ដាល​សាក​សួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៣០​នាក់ រឿង​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​វាល​យន្តហោះ​ថ្មី

 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ស្នងការខេត្តកណ្ដាល សាកសួរពលរដ្ឋមានជម្លោះដីធ្លី៣១នាក់


ស្នងការ​នគរបាល​ខេត្ត​កណ្ដាល  បាន​សាកសួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដាក់​គ្នា​ទៅវិញ​ទៅមក រវាង​ពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ ដែល​ឈរ​ជើង​ប្រចាំ​ការ​ទីកន្លែង​សាងសង់​ព្រះលាន​យន្តហោះ​ថ្មី ក្នុង​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ ស្នើ​សុំ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ឲ្យ​មាន​សេរីភាព​និង​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ ហើយ​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌។

វិវាទ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​៣៣០​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ អូ​ស៊ី​អាយ​ស៊ី របស់​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​មហាសេដ្ឋី​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈាន​ដល់​ដំណាក់​កាល​ អាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​​៣១​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី យក​ទៅ​សាក​សួរ​នៅ​ស្នងការ​ខេត្ត​កណ្ដាល ជុំវិញ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ស្ថានភាព​ក្នុង​ភូមិ​កំពុង​តាឡុង​ នៅ​ពេល​នេះ ដូច​ទៅ​នឹង​កាល​បែក​របប ប៉ុល ពត ឆ្នាំ​១៩៧៩ គឺ​មាន​សភាព​ស្ងាត់​ជ្រងំ ដោយ​ពលរដ្ឋ​​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​អស់​ ប្ដី​ព្រាត់​ប្រពន្ធ ឪពុក​ព្រាត់​កូន បន្សល់​ទុក​ម្ដាយ​ឪពុក​ចាស់ជរា​នៅ​ចាំ​ផ្ទះ។

ពលរដ្ឋ​ម្នាក់ ដែល​តាន​ដាន​រឿង​នេះ​ នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ណៃ ផុន ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​សាកសួរ​សមាជិក​គ្រួសារ​លោក​៣​នាក់ ក្នុង​នោះ​មាន​ប្រពន្ធ​លោក គឺ​លោកស្រី ឃឹម ចិត្រា បង​ស្រី​ម្នាក់ ឈ្មោះ ណៃ ភា និង​ប្អូន​ស្រី​ម្នាក់​ទៀត ឈ្មោះ​ នៃ ផុល ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ហិង្សា កាល​ថ្ងៃ​ទី១២ កញ្ញា។ លោក​បន្ត​ថា សមត្ថកិច្ច​មូលដ្ឋាន​នៅ​តែ​តាម​ស្វែង​រក​ចាប់​ខ្លួន​ពលរដ្ឋ​ផ្សេង​ទៀត ក្នុង​ភូមិ ហាក់​បី​ដូច​ជា​ចាត់​ទុក​អ្នក​ភូមិ ជា​មុខ​សញ្ញា​នៃ​ក្រុម​ឧក្រិដ្ឋជន។

លោក​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ គឺ​រឹត​តែ​បង្ក​ភាព​ឈឺ​ចាប់​មួយ​ជាន់​មួយ​ជាន់​ទៀត​ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ដែល​បាត់​បង​ដីស្រែ​ទៅ​ក្រុមហ៊ុន​ហើយ ទទួល​រង​ការ​វាយ​ធ្វើ​បាប​ពី​អាជ្ញាធរ រហូត​ដល់​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​ថែម​ទៀត។ លោក​ស្នើ​សុំ​អាជ្ញាធរ​ដោះ​លែង​ពលរដ្ឋ​ទាំង​អស់ ឲ្យ​មាន​សេរីភាព​វិញ៖ «ក្នុង​នាម​ជា​អ្នក​រង​គ្រោះ​ដីធ្លី​ហ្នឹង​ វា​បី​ឆ្នាំ​ហើយ។ ខ្ញុំ​អង្វរ​ដល់​ប្រមុខ​រដ្ឋាភិបាល​ហ្នឹង ជួយ​ដោះស្រាយ​ជា​ផល​សំណង​សមរម្យ​ឲ្យ​ពួក​ខ្ញុំ​ទទួល​យក​បាន​មក។ ហើយ​ពួក​ខ្ញុំ​មិន​ហ៊ាន​ទាមទារ​ថា​តម្លៃ​ទីផ្សារ​ទេ។ តម្លៃ​ណាមួយ​យក​បាន​ ពួក​ខ្ញុំ​ទទួល​យក​ហើយ​បញ្ចប់​រឿង​រ៉ាវ​ដោះ​លែង​ពួក​គាត់​មក។ កុំ​ឃុំ កុំ​ឃាំង គាត់​អ៊ីចឹងគាត់​អស់​ជម្រើស​ហើយ​បាន​ទៅ​តវ៉ា​ហើយ បើ​គាត់​មាន​ជម្រើស​ គាត់​មិន​ទៅ​តវ៉ា​អ៊ីចឹង​ទេ។ ប្រជាពលរដ្ឋ​ខ្លាច​ណាស់​ ឃើញ​កង​កម្លាំង​រាប់​រយ​នាក់​អ៊ីចឹង​នោះ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត បាន​ទេ នៅ​ថ្ងៃ​ទី១៣ កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី១ ហើយ​ក្នុង​វិវាទ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ចំនួន​ច្រើន​បែប​នេះ។

លោក​បន្ត​ថា ការ​ប្រើ​ហិង្សា​និង​ចាប់ខ្លួន​នេះ​ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​មួយ​ទៀត ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ និង​មិន​មែន​ជា​ដំណោះស្រាយ​អាច​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​បាន​ទេ​។ លោក​យល់​ថា ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី តម្លាភាព​ និង​យុត្តិធម៌​ទៅវិញ​ទេ ទើប​ជា​ដំណោះស្រាយ​ល្អ ​អាច​បញ្ចប់​វិវាទ​បាន៖ «យើង​នៅ​តែ​ទទូច​កុំ​ឲ្យ​ជ្រើស​រើស​យក​មធ្យោបាយ​ហ្នឹង វា​អត់​ជា​មធ្យោបាយ​ល្អ​ទេ។ ទី១ វា​ប៉ះពាល់​ទៅ​បញ្ហា​ទាំង​សង​ខាង ឬ​ក៏​ការ​រិះគន់​ទៅ​បញ្ហា​នៃ​ការ​ដោះស្រាយ​ដីធ្លី​ហ្នឹង។ ហើយ​មាន​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ទៀត។ ហើយ​បើ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ទៅ​ទៀត អា​ហ្នឹង ទុក្ខ​លើ​ទុក្ខ​ហើយ។ បាន​ន័យ​ថា​គ្រួសារ​គាត់​អាច​ប្រឈម​មុខ​តទៅ​ទៀត​ដែរ។ អ៊ីចឹងមានតែ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី តម្លាភាព​និង​យុត្តិធម៌​ទេ ទើប​អាច​ទទួល​បាន​ការ​ដោះស្រាយ​សមរម្យ​នោះ»។

កាល​ពី​ថ្ងៃ​ទី១២ កញ្ញា កម្លាំង​នគរបាល និង​កង​រាជ​អាវុធ​ហត្ថ ​ខេត្ត​កណ្ដាល ប្រមាណ ៣០០នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ១០០នាក់ នៅ​ក្នុង​ភូមិ​កំពង់​តា​ឡុង ឲ្យ​រង​របួស​ជា​ច្រើន​នាក់ និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់។

ហេតុ​ការណ៍​នេះ កើត​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​ដុត​សំរាម​នៅ​ខាង​មុខ​រនាំង​ដែក​បិទ​ផ្លូវ​របស់​កម្លាំង​សមត្ថកិច្ច ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ផ្លូវ​ឲ្យ​ពួកគាត់​អាច​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ពួកគាត់​ ដែល​ត្រូវ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា​ ពុង ឃាវសែ ឈូស​លុប​បំផ្លាញ​ចោល​ ដើម្បី​យក​ដី​សាងសង់​វាល​យន្តហោះ​ថ្មី​ខ្នាត​អន្តរជាតិ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ហាម​ឃាត់ មិន​ឱ្យ​ពួក​គាត់​ចូល​ទៅ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​បាន​ដោះ​លែង សកម្មជន​ដីធ្លី​ម្នាក់​មក​វិញ នៅ​រសៀល​ថ្ងៃ​ទី១៣ ខែកញ្ញា។

ឆ្លើយ​តប​នឹង​រឿង​នេះ សាលា​ខេត្ត​កណ្ដាល​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ មាន​ប្រើ​ដំបង គប់​ដុំ​ថ្ម បាញ់​ចម្ពាម​កៅស៊ូ និង​គប់​ដប់​សាំង​ដាក់​កម្លាំង​សមត្ថកិច្ច​រង​របួស​១៣​នាក់ ទើប​នាំ​ឲ្យ​ការ​មាន​ប្រើ​កម្លាំង​បំបែក​ក្រុម​ពលរដ្ឋ​ និង​ចាប់​ខ្លួន​មនុស្ស​៣០​នាក់។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ទាំង​ឡាយ​ ហើយ​ងាក​មក​ចូល​រួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ត្បិត​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ ដោយ​សន្តិវិធី តម្លាភាព ​យុត្តិធម៌​ និង​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ ទើប​វិវាទ​នេះ អាច​បញ្ចប់​ទៅ​បាន៕

What Next?

Recent Articles

One Response to "ប៉ូលិស​​ខេត្ត​កណ្ដាល​សាក​សួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៣០​នាក់ រឿង​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​វាល​យន្តហោះ​ថ្មី"

  1. Anonymous says:

    POUNG KEIVSEIR is an investor from CANADA he is a Canadian citizen I do not know how he reported to Revenue of CANADA. this cases is very importance I do not think CANADA can let this kink of invest happen. I knew if POUNG LEIVSEIR is a Canadian citizen he have to declare his yearly income to Revenue CANADA any lei under oat can be consequent . WELL unless POUNG KEIVSEIR leaving CANADA for good that can be out of CANADA rich but it still can be sending this cases to international court of justice . I think MOU SOKHOUR is working on this cases already