តុលាការ​គ្រោង​កាត់​ទោស​ក្មេង​ប្រុស​ កាក់ ​សុវណ្ណច្ឆ័យ​ នៅ​ចុង​ខែ​នេះ

តុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា |១៤ កញ្ញា ២០២១ |ម៉ោង ១៤:៤៤
VOD

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)


លោក​មេធាវី​ សំ សុគង់ ​​ដែលការពារក្តីឱ្យ​ក្មេង​​ប្រុស ​កាក់ សុវណ្ណ​ច្ឆ័យ បានថ្លែងថា សាលាដំបូង​រាជធានីភ្នំពេញនឹង​បើក​សវនា​​​​ការ​​ករណី​បទ «ញុះញង់​បង្កឱ្យមា​នភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» និង​បទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» នៅចុងខែនេះ បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម​។

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោយមក ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​កុមារ​រូប​នេះ នៅ​ពន្ធនាគារ​ព្រៃស​បណ្ដោះ​អាសន្ន ដោយ​​​ចោទ​​ពី​បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនេះ​បានបង្ហោះសាររិះគន់រដ្ឋាភិបាល​តាម​ប្រព័ន្ធ​​តេឡេ​ក្រាម។

លោក សំ សុគង់ បានថ្លែងថា៖ «ថ្ងៃទី២៩ គេសវនាការអង្គសេចក្តី។ យើងសង្ឃឹមថា តុលាការនឹង​លែងឱ្យ​គាត់មានសេរីភាព ដោយសារគាត់មានជំងឺ​ខ្សោយ​បញ្ញា​ស្មារតី​ ឬ អូទីហ្សឹម [Autism] ​​ពី​កំណើត។ ហើយបើតាមក្រមព្រហ្មទណ្ឌ មិនអាចយក​មកទទួលខុសត្រូវនូវអំពើរបស់គាត់នោះ​ទេ»។

លោកបានបន្តថា ​ការ​​​ចាប់​ខ្លួន​ទាំង​យប់ និង​ការ​​បន្ត​នីតិវិធី​ព្រហ្មទណ្ឌ​លើ​អនីតិជន​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កុមារ និង​​រំលោភ​​នីតិវិធី​ព្រហ្មទណ្ឌ។

ម្ដាយ​របស់​​កុមារា កាក់ សុវណ្ណ​ច្ឆ័យ គឺ​លោកស្រី ព្រំ ចាន់​ថា សង្ឃឹមថា តុលាការនឹង​ដោះលែងកូន​របស់​លោកស្រី​ ដោយសារតែកូនរបស់គាត់មិនបានប្រព្រឹត្តកំហុសដូច​ការចោទ​ប្រកាន់នោះ​ទេ។ អ្នកស្រីបន្ត​ថា គាត់កំពុង​តែ​ព្រួយ​បារម្ភ​ពី​កូន​ប្រុស​យ៉ាង​ខ្លាំង ​និង​មិន​បាន​ដឹង​ពី​សុខ​ទុក្ខ​កូន​​ប្រុស​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​ទេ ​ដោយសារ​អនុរក្ស​មិន​អនុញ្ញាត​ឱ្យ​​​ចូល​​ជួប​​​។

​កុមារា​ កាក់ សុវណ្ណច្ឆ័យ មានវ័យ១៦ឆ្នាំ ត្រូវបានគ្រួសារអះអាងថា មានជំងឺអូទីហ្សឹមប្រចាំកាយ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​ខែតុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​បានសមត្ថកិច្ច​ដោះលែងវិញ ក្រោយ​​សាកសួរ​អស់រយៈពេល​៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយ បណ្តាលឱ្យបែកក្បាលដេរ២០ថ្នេរ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment