បុរស​រង​គ្រោះ​ដោយ​សារយោធា​បាញ់​ក្នុងជម្លោះដីធ្លីនៅ​ស្រុក​អង្គ​ស្នួល​បន្តស្នើស្ថាប័នពាក់ព័ន្ធពន្លឿនផ្តល់​យុត្តិ​ធម៌​

ដោយ ជី វិតា
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បុរស​រង​គ្រោះ​ដោយ​សារយោធា​បាញ់​ក្នុងជម្លោះដីធ្លីនៅ​ស្រុក​អង្គ​ស្នួល​បន្តស្នើស្ថាប័នពាក់ព័ន្ធពន្លឿនផ្តល់​យុត្តិ​ធម៌​

(រូប​ឆ្វេង) គ្រាប់​កាំភ្លើងដែល​ពលរដ្ឋ​រើសបាន​ក្រោយ​ហេតុការណ៍យោធាបាញ់រះលើពលរដ្ឋ (រូបស្ដាំ) អាវ​ពលរដ្ឋ​ដែល​រង​គ្រាប់​​របស់​យោធាបាញ់​រះ​ក្នុង​ហេតុការណ៍តវ៉ា​នៃ​ជម្លោះដី នា​ភូមិ​អង្គស្រែពោធិ៍ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២១។ Photo provided


បុរស​រង​គ្រោះ​ដោយ​យោធា​បាញ់បណ្តាលឱ្យរបួលធ្ងន់ក្នុង​ជម្លោះដីធ្លី​នៅ​ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល​ កាលដើមខែមិថុនា បន្តស្នើស្ថាប័នពាក់ព័ន្ធពន្លឿនផ្តល់​យុត្តិ​ធម៌​ដល់​គាត់ បន្ទាប់ពីស្ថាប័នទាំងនោះហាក់ព្រងើយកន្តើយ ជុំវិញដំណោះស្រាយករណីហិង្សានេះ។ មន្រ្តីសង្គមស៊ីវិល ស្នើដល់ស្ថាប័នមានសមត្ថកិច្ច ពន្លឿនការស្រាវជ្រាវ​ឬ​ស៊ើបអង្កេតឱ្យបានឆាប់ ដើម្បីវែកមុនជនល្មើសយកមកអនុវត្តតាមច្បាប់ ជនរងគ្រោះ និងកសាងទំនុកចិត្តលើស្ថាប័នអនុវត្តច្បាប់។

ករណីបុរសរងគ្រោះដោយសារក្រុមកងកម្លាំងយោធានៃក្រសួងការពារជាតិបាញ់ធ្លាយស្មាខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ នៅ​​ភូមិ​​អង្គ​​ស្រែពោធិ៍ ឃុំ​​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល បន្តអូសបន្លាយរយៈពេលជាង៤ខែមកហើយដោយពុំឃើញស្ថាប័នមានសត្ថកិច្ចណាមួយចាត់វិធានការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅឡើយទេ។

ជន​​រង​​គ្រោះ​​ ​​លោក មុំ ចន្ថា ប្រាប់​អាស៊ី​សេរី​​នៅថ្ងៃទី១៣ កញ្ញា ថា​រហូត​មក​ដល់​ពេល​នេះអាជ្ញាធរ​​មិន​ទាន់ផ្តល់​ដំណឹង​​ឬ​​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ ឬស៊ើបអង្កេតជុំវិញតាមការ​សន្យា​ស្វែង​រក​យុត្តិ​ធម៌ និងផ្តល់​សំណងនៅឡើយទេ។ លោកសង្កេតឃើញថាអាជ្ញាធរពាក់ព័ន្ធហាក់ព្រងើយកន្តើយ និងរក្សាភាពស្ងៀមស្ងាត់ ហើយលោកបែរជារងការគំរាមកំហែងពីសំណាក់អាជ្ញាធរទៅវិញ បន្ទាប់ពីលោកបញ្ចេញមតិទាមទារយុត្តិធម៌ជុំវិញរឿងនេះ។ ជន​​គ្រោះ​​​រូប​​​នេះ​​ឱ្យដឹងថា ស្ថានភាព​របួស​​​របស់​​​លោក​​​​មិន​​​ទាន់​​​ជា​សះ​​ស្បើយ​​ដូចធម្មតាទេ ព្រោះ​​​នៅ​​​​​ឈឺ​​ចុក​​ចាប់​ត្រង់​ឆ្អឹង​​ដែលបាក់ដោយសារត្រូវគ្រាប់កាំភ្លើង ហើយលោកត្រូវលេបថ្នាំបំបាត់ការឈឺចាប់ស្ទើរ​រាល់ថ្ងៃ ហើយពេលខ្លះលោកឈឺចាប់ខ្លាំងដោយត្រូវហៅគ្រូពេទ្យចាក់ថ្នាំទៀតផង។ លោក​​​ត្អូញត្អែរថា ក្រោយរងរបួសមក ជីវភាពគ្រួសាររបស់លោករស់នៅទាំងត្រដាបត្រដួស ដោយពឹងផ្អែកលើប្រពន្ធធ្វើការងាររោងចក្រដើម្បីបង់ថ្លៃថ្នាំនិងការព្យាបាលផង រួមទាំងដោះបំណុលឯកជននិងផ្គត់ផ្គង់គ្រួសារផង ព្រោះលោកមិនអាចធ្វើការងាររកប្រាក់ដូចជួយគ្រួសារគ្រាមុន៖ «ខ្ញុំ​ចង់​ឱ្យ​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ដែរ​ហ្នឹង​ព្រោះ​អី​ខ្ញុំ​ក៏​ជាប្រជា​ពល​រដ្ឋ ហូប​ថ្នាំ​រាល់​ថ្ងៃ​នៅ​ឈឺ​ក្នុង​ឆ្អឹង​ ជួន​កាល​​ដើរៗ​ឮ​សូរឆ្អឹង​ឈឺ​ចាប់រាល់​ថ្ងៃ​កាល​ណា​ឈឺ​​ខ្លាំង​ទៅ​ឱ្យ​ពេទ្យ​គេ​ចាក់​ថ្នាំ​ទៅ​បាន​ធូរ​ទៅ​ក៏​ផ្អាក​ចាក់ទៅ»។

កាល​​​​ពី​​​ថ្ងៃ​​​​ទី​​​៣ ខែមិថុនា ពល​រដ្ឋ​​​​​ជាង​​​​៣០០ នាក់ បាន​​​​​លើក​​​​​គ្នា​​​​​ទៅ​​​​ឃាត់​​​​​គ្រឿងចក្រ ដែល​​​​​ក្រុម​​​យោធា​​​​បម្រុង​​​​យក​​​​ទៅ​​​​ឈូស​​​​ឆាយ​​​​ដី​​​​ស្រែ​​​ដែល​​​​​កំពុង​​​​​មាន​​ទំនាស់​​​​​ជា​​មួយ​​​​​ប្រជា​​​​ពលរដ្ឋ​​នៅ​​​​​ភូមិ​​​​អង្គ​​​​ស្រែ​​​ពោធិ៍ ឃុំ​​​ទួល​ព្រិច ស្រុក​​​​អង្គ​​ស្នួល ខេត្ត​​​កណ្តាល។ ពេល​​​ពល​​រដ្ឋ​​​​កំពុង​​​​តវ៉ា ស្រាប់​​​​តែ​​​​ក្រុម​​​​យោធា​​​ បាន​​​បង្ក្រាប​ពល​រដ្ឋ ដោយ​​​​បាញ់​រះ​​​​គ្រាប់​​​​​កំា​​​ភ្លើង​​​​ពិត​​​បណ្តាល​​​​ឱ្យ​​​​ពល​​រដ្ឋ​​​​ម្នាក់​​​របួស​​​​ធ្ងន់។

ជុំវិញវិញរឿងនេះ អ្នកនាំពាក្យកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោក ម៉ៅ ផល្លា ប្រាប់ថា ករណីយោធាបាញ់ពលរដ្ឋឱ្យរងរបួសនៅស្រុកអង្គស្នួល ខេត្តកណ្តាលកន្លងមកនេះ មិនស្ថិតនៅក្រោមអង្គភាពរបស់លោកនោះទេ ដោយលោករុញឱ្យសួរអ្នកនំាពាក្យក្រសួងការពារជាតិវិញ។ ចំណែកអ្នកនំាពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត និង​អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ ប្រាប់ថា ជាប់រវល់ប្រជុំ។ ប៉ុន្តែកន្លងមកលោក គង់ សោភ័ណ្ឌ បាន​អះ​អាង​​ប្រាប់​​អាស៊ី​សេរី​ថា អាជ្ញាធរ​​បាន​​បញ្ជូន​​សំណុំ​​រឿង​​ហិង្សា​​ដែល​​យោធា​​បាញ់​​ពលរដ្ឋ​​រង​របួស​​នោះ​ដាក់​​ទៅ​​តុលា​ការ​ដើម្បី​​បន្ត​​​នីតិ​​វិធី​​រួច​​​ហើយ។ ប៉ុន្តែជន​រង​គ្រោះបញ្ជាក់​ថា លោក​កំពុង​ទន្ទឹង​រង​ចាំ​យុត្តិធម៌​ជាង ៤​ ខែ​មក​ហើយ ដោយពុំ​ទាន់​មាន​លទ្ធ​ផល​តាម​ការ​​សន្យា​​សោះ។

វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​ទាក់​ទង​អ្នក​​នាំ​​ពាក្យ​​តុលា​ការ​​ខេត្ត​​កណ្តាលលោក សូ សារិន ដើម្បី​បក​ស្រាយ​ជុំ​វិញរឿង​នេះ​បាន​ទេ នៅថ្ងៃទី១៣ ខែកញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។

ជុំវិញ​​រឿង​​នេះ អ្នកនាំពាក្យសមា​​គម​​​ការ​​ពារ​​​សិទ្ធិ​​​មនុស្ស​​​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សង្គមស៊ីវិលព្រួយបារម្ភដែលអាជ្ញាធនិងតុលាការមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេត ឬចំណាត់ការជាក់លាក់ណាមួយឈានដល់ការវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ លោកថា ប្រការនេះ​វា​ធ្វើឱ្យវប្បធម៌និទណ្ឌភាពបន្តកើតឡើងនៅក្នុងសង្គមថែមទៀត ហើយពលរដ្ឋនឹងបាត់បង់ជំនឿលើការអនុវត្តច្បាប់។ លោកយល់​ថា​ ករណី​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ពិបាក​ស្រាវ​ជ្រាវ​ឬ​ស៊ើប​អង្កេតយូរ​ទេ ប្រសិន​បើ​អាជ្ញាធរទាំងនោះ​មាន​ឆន្ទៈ​ស្វែរកជនល្មើសយកមកអនុវត្តច្បាប់ដើម្បីផ្តល់យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។ លោក បន្ថែម​​ថា ប្រសិនបើមានករណីគំរាមកំហែងជនរងគ្រោះមិនឱ្យសម្តែងមតិទាមទារយុត្តិធម៌ជុំវិញរឿងនេះ គឺជាអំពើល្មើសច្បាប់ និងរំលោភបំពានសិទ្ធិពលរដ្ឋធ្ងន់​ធ្ងរ៖ «រឿង​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​មិន​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ​បែរ​ជា​ប្រើ​វិធាន​ផ្សេងៗ​បិទបាំងគំរាម​កំហែង ទៅ​ជា​យាយី​ដែល​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​អំពី​ប្រព័ន្ធ​យុត្តិធម៌​ឬ​ការ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ហ្នឹង ​គឺមិន​មាន​ភាព​ឯករាជ្យ​មិន​មាន​ការ​អនុវត្តន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ហើយ​គេ​តែង​តែ​ហៅ ថា​ជា​អំពើ​និទណ្ឌ​ភាព​ហ្នឹង»។

រីឯករណីទំនាស់​ដីធ្លី​​វិញលោក មុំ ចន្ថា ប្រាប់ថា អាជ្ញាធរផ្តល់សំណងជាគោលនយោបាយឱ្យពលរដ្ឋ មួយពាន់ប្រាំមួយរយរៀល (១.៦០០)រៀល ឬស្មើ ០,៤ដុល្លារក្នុងមួយ​​ម៉ែតការ៉េ ប៉ុន្តែពលរដ្ឋចាត់ទុកដំណោះស្រាយបែបនេះជារឿងអយុត្តិធម៌ដែលពលរដ្ឋមិនអាចទទួលយកបានទេ ពីព្រោះតម្លៃដែលរដ្ឋផ្តល់ឱ្យនេះតិចតួចមិនអាចឱ្យពលរដ្ឋយកទៅដោះស្រាយជីវភាពបានឡើយ។ លោកថា ពលរដ្ឋស្នើឱ្យអាជ្ញាធរផ្តល់សំណង​គោល​​នយោ​បាយ​​​​ឲ្យ​​បានសមរម្យដល់ពលរដ្ឋ​​ ​​២ម៉ឺនរៀល​(២០០.០០០)​​​​ក្នុង​​​ម៉ែត្រការ៉េ​​វិញ ប៉ុន្តែ​អាជ្ញាធរ​​មិន​​ទាន់ឆ្លើយតបសំណើរ​បស់​​ពលរដ្ឋ​​នៅឡើយ។

ករណី​​​​កម្លាំង​​​​យោធា​​ចុះ​​​​បង្ក្រាប​​​ពលរដ្ឋ​​​រឿង​​​ដី​​​ធ្លី​ដោយការ​​​​បាញ់​​​​ប្រហារ​ពលរដ្ឋ​​​​នោះ តែង​​​កើត​​​​មាន​​​​ជា​​​ញឹក​​​ញាប់ ដូច​​​​ជា​​​នៅ​​​ខេត្ត​​​ក្រចេះ​​​ក្នុង​​​ឆ្នាំ​​​២០១៨ និង​​​​ខេត្ត​​​ព្រះ​​​សីហនុ​​​នៅ​​​ឆ្នាំ​​​២០១៩ ជា​​​ដើម។

សង្គម​​​​ស៊ីវិល​ និង​​​ពលរដ្ឋ ជា​​ពិសេស​​ជន​​រង​​គ្រោះ​​​​ទាម​​ទារ​​​​ឱ្យ​​អា​ជ្ញាធរ​​​​ស៊ើប​​​អង្កេត​​​​ករណី​​​​ហិង្សា​​បាញ់​​​បោះ​​​លើ​​​ប្រជា​​​ពលរដ្ឋ​​​​នេះ​​​​ដោយ​​​ត្រឹម​​​​ត្រូវ តម្លា​​​ភាព ដោយ​​​វែក​​​មុខ​​​ជន​​ល្មើស​​​យក​​​មក​​​ផ្តន្ទា​​ទោស​​​តាម​​​ច្បាប់ ​ដើម្បី​​​លុប​​​​បំបាត់​​​​អំពើ​​​​និទណ្ឌ​​​​ភាព។ ពួក​​​គាត់​​​​ក៏​​​​ស្នើ​​​​ឱ្យ​​​​អា​ជ្ញាធរ បញ្ឈប់​​​​ការ​​​​ប្រើ​​​ប្រាស់​​​​កម្លាំង​​​​ប្រដាប់​​​អាវុធ​​​​បង្ក​​​​ហិង្សា​​​​លើ​​អ្នកតវ៉ាដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles