ស្ត្រី​នៅ​បន្ទាយមានជ័យ​ថា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​រឿង​មិន​អាច​ទទួល​យក​បាន

ព័ត៌មានជាតិសន្តិសុខ
កញ្ញា ប៉ា សុខេង and កញ្ញា ឆន រស្មី |១៤ កញ្ញា ២០២១ |ម៉ោង ២១:៣៦
VOD

មណ្ឌលចត្តាឡីស័កអនុវិទ្យា​ល័យបវេល-សាមគ្គី នៅស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (វេបសាយ៖ battambang.gov.kh/)

មណ្ឌលចត្តាឡីស័កអនុវិទ្យា​ល័យបវេល-សាមគ្គី នៅស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (វេបសាយ៖ battambang.gov.kh/)


ស្ត្រីមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាក់ដោយឡែក តាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យមួយចំនួនថា ការរំលោភបំពានផ្លូវភេទឬ ការបៀតបៀនណាមួយគឺ ជារឿងមិនគួរកើតមានឡើង និងមិនអាចទទួលយកបាន។

ការលើកឡើងនេះ ក្រោយពេលមានសេចក្តីរាយការណ៍មកថា ថ្មីៗនេះ មាន​​ករណី​ប្រទូស​កេរខ្មាស់ និង​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី ដែលជាអ្នកធ្វើ​ចត្តាឡីស័កពីររូប​ នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កូប​ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​។​

កញ្ញា ហា ទី វ័យ ១៩ឆ្នាំ ជាគ្រូបង្រៀនម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានមួយសប្តាហ៍នៅមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កញ្ញាក៏បានឃើញព័ត៌មានខាងលើត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរ ហើយថាបើរឿងនោះជាការពិត វាមិនគួរកើតឡើងទាល់តែសោះ។ កញ្ញាបន្តថា ក្នុងនាមជាស្ត្រី ពិតជាមានបញ្ហាលំបាកច្រើន ពិសេសពេលត្រូវធ្វើចត្តាឡីស័ក។

​បញ្ហានេះ កញ្ញាសំណូមពរឱ្យ​មណ្ឌលចត្តាឡីស័កទាំងអស់ គួរមានបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់ និងដាច់ដោយឡែករវាងបុរស និងស្ត្រី ដើម្បីចៀសវាងករណីបំពានណាមួយកើតឡើងបន្តទៀត។

កញ្ញា ហា ទី និយាយថា៖«ខ្ញុំទើបនឹងឃើញព័ត៌មាន [ការបៀតបៀនស្ត្រី] ហ្នឹងដែរអឹចឹងហ្អាស់។ ខ្ញុំស្នើឱ្យមានបន្ទប់ទឹកត្រឹមត្រូវ និងមានរបៀបអ្នកការពារ [សមត្ថកិច្ច] ច្រើនជាងហ្នឹង។ ហើយសម្រាប់ខ្ញុំជាស្រី ក៏វាពិបាកដែរ […]»។

អ្នកស្រី សុខ ស្រីលីស វ័យ ២២ឆ្នាំ ជាពលរដ្ឋម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមណ្ឌលសាលារៀនអូអំបិល ខេត្តបន្ទាយមានជ័យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា អ្នកស្រីពុំបានដឹងពីព័ត៌មាននៃការប្រទូស្តកេរខ្មាសនៅស្រុកអូរជ្រៅឡើយ។ យ៉ាងណាអ្នកស្រីថា បើមានករណីនោះមែន វាជារឿងដែលមិនអាចទទួលយកបាន ខណៈស្ត្រីរងគ្រោះកំពុងតែលំបាកក្នុងស្ថានភាពធ្វើចត្តាឡីស័ក ដោយសារកូវីដ-១៩ រួចទៅហើយ។

អ្នកស្រី សុខ ស្រីលីស៖ «ហឺម! យ៉ាប់ណាស់អឹចឹងអី។ វា… យើងគួរឱ្យខ្លាចមែន ភ័យខ្លាចបង។ យើងទទួលយកមិនបាន អឹចឹងអីហ្អ។ អាគ្នាកំពុងអឹចឹង [ធ្វើចត្តាឡីស័ក] ទៀត បើសិនជាអឹចឹង [ត្រូវគេបៀតបៀន] ទៀត វាពិបាក។ ហើយមនុស្សខ្លះ វាឆ្លៀតឱកាសតែអឹចឹងឯង»។

លោក​ សេក​ សុខុម​ ប្រ​ធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ប្រាប់​វីអូឌីនៅថ្ងៃ ១៤កញ្ញានេះ​ថា​​​​ ករណី​​នេះ​មិន​មែន​ជា​ករណី​រំលោភ​ទេ​ វា​គ្រាន់​ទេ​ជា​ករណី​ប្រ​ទូស​កេរខ្មាស់​​​ ដែល​បុរស​ម្នាក់​អាយុ​ប្រហែល​៣០ឆ្នាំ បាន​បៀត​បៀន​កេរ​ខ្មាស់​ទៅ​លើ​ស្រ្តី​ម្នាក់។​

លោកបន្ត​ថា៖ ​« ​ក្រោយប្រ​កាស​​​រឿង​ហ្នឹងភ្លាម​ អ្នក​គ្រប់​គ្រង​​មណ្ឌល​ចត្តា​ឡីស័កកូប​ហ្នឹង​​ បាន​ប្ដឹង​សមត្ថកិច្ច​អ្នក​យាម​នៅ​ទី​នោះ​ ហើយ​ចាប់​បុរស​នោះ​យក​ទៅ​​​ […]​»។

លោកបន្ថែមថា​ គ្រប់​បណ្ដាញសង្គម​ Facebook មួយចំនួន​មិនពិត​នោះ​ទេ​ រឿង​រ៉ាវ​បាន​ដោះ​ស្រាយ និងចាប់​ខ្លួនជន​សង្ស័យ​ ហើយបញ្ជូនទៅ​​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ហើយដែរ។

អធិការរងផ្នែកសេនាធិការអធិការដ្ឋានគរបាលស្រុកអូរជ្រៅ លោក ឱ គឹមសុន ឱ្យដឹងថា ករណីដែលនាំឱ្យមានការប្រទូស្តកេរិខ្មាសនេះ គឺបណ្តាលមកពីកន្លែងចង្អៀត គ្នាច្រើន ធ្វើឱ្យមានការប៉ះពៀរគ្នាដែលធ្វើឱ្យមានអ្នកមួយចំនួនចាត់ទុកថាជាការរំលោភបំពាន។

លោកថា៖ « តាមពិតទៅរឿងអស់នោះមិនមែនជាការរំលោភទេ គ្នា [មានមនុស្ស] រហូតដល់ ២៥នាក់ [ក្នុងមួយបន្ទប់]។ គ្រាន់តែថាលើកដៃ  ដេកលក់លើកដៃបម្រាស់ទៅប៉ះពៀរ មានបងប្អូនគេឃើញអ៊ីចឹងគេប្រកាន់ថាអ្នកហ្នឹងទៅចាប់រំលោភ ឱ្យរំលោភម៉េចបើក្នុងបន្ទប់គ្នា ២៥នាក់ជាងនោះ»។

យ៉ាងណា លោកថាការស្នាក់នៅគួរតែដាក់ឱ្យស្ត្រី និងបុរសធ្វើចត្តាឡីស័កដោយឡែកពីគ្នា បើប្ដីប្រពន្ធអាចនៅជាមួយគ្នាបាន ដើម្បីកុំឱ្យមានការដាក់ប្របូកច្របល់គ្នា។

លោកថា៖ «មានអ្នកខ្លះមានសតិមិនគ្រប់ វាញៀនថ្នាំញៀនអីនៅប្រទេសថៃ បើគេចេះតែជំរុញការធ្វើចត្តាឡីស័ក ហើយចេះតែបញ្ចូលក្នុងបន្ទប់ជាមួយគ្នា អ៊ីចឹងវាសតិមិនសូវគ្រប់ វាបែកថ្នាំ វាបែកស៊ឺ និយាយមិនដឹងណាណីផង រឿងពិតវាអឹចឹង»។

លោក​ ខៀវ​ សុភ័គ អ្នក​នាំពាក្យ​ក្រ​សួង​មហា​ផ្ទៃមានប្រសាសន៍ប្រាប់វីអូឌី​ថា បើមានករណីខាងលើពិតមែន នោះត្រូវតែរកអត្តសញ្ញាណអ្នកប្រព្រឹត្តដើម្បីដាក់ទោសតាមច្បាប់។

លោកថា៖​ «ត្រូវរកអត្តសញ្ញាណអ្នករំលោភឱ្យបាន។ […] ត្រូវប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ពីបទចាប់រំលោភ។ រកមេធាវីដែលពូកែដើម្បីដាក់បន្ទុកទៅជនជាប់ចោទមិនឱ្យប្រកែកបាន មានភស្ដុតាង មានសាក្សីជាក់លាក់»។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា យល់​ថា មណ្ឌលធ្វើចត្តាឡីស័ក​​គួរតែដាក់បន្ទប់បុរស​ និងស្រ្តីនៅដោយឡែកពីគ្នា។ លើសពីនេះ បន្ទប់ទឹកត្រូវមានកន្លែងបិទបាំងត្រឹមត្រូវដូចជាបន្ទប់​ស្រ្តី បន្ទប់បុរសឱ្យបានល្អប្រសើរ ពិសេសត្រូវមានបន្ទប់ទឹកឱ្យបានច្រើន​។

​លោកបន្ថែមថា​៖ «ទាក់ទងនឹងការគ្រប់គ្រងនៅលើមណ្ឌលហ្នឹង ថាតើយើងគ្រប់គ្រងរបៀបចឹង ពិនិត្យមើលអ៊ីចឹង ទីមួយគឺទប់ស្កាត់។ ទីពីរយើងការពារកុំឱ្យពួកគាត់ជួបហានិភ័យអីផ្សេងៗទាក់ទងការរំលោភលើរាង្គកាយរបស់គាត់ផង និងទៅលើមេរោគអីផ្សេងៗផង។ កុំឱ្យគាត់ថាគាត់ធ្វើចត្តាឡីស័កដើម្បីគេចពីមេរោគ បែរជាចម្លងរោគទៅវិញ។ ដូច្នេះអ្នកគ្រប់គ្រងបើបានទទួលព័ត៌មាន [ការបំពាន] បែបហ្នឹង ទោះបីពិតក្ដី មិនពិតក្ដី គួរតែធ្វើការប្រុងប្រយ័ត្នទៅ ដើម្បីសុខដុមរម្យនាគ្រួសារ [ពលរដ្ឋ] យើងទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment