អ្នក​​ឃ្លាំមើល​​កម្ពុជា​រិះគន់លោក​ ហ៊ុន សែន​ យក​​ជំនួយ​ចិន​សង់​ពហុកីឡាដ្ឋាន​​ថា ​ជា​ការ​ខ្ជះខ្ជាយ​​ថវិកា​​​​មិន​សមស្រប​ប្រទេស​ក្រីក្រ

ដោយ សន ចាន់រដ្ឋា
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​​ឃ្លាំមើល​​កម្ពុជា​រិះគន់លោក​ ហ៊ុន សែន​ យក​​ជំនួយ​ចិន​សង់​ពហុកីឡាដ្ឋាន​​ថា ​ជា​ការ​ខ្ជះខ្ជាយ​​ថវិកា​​​​មិន​សមស្រប​ប្រទេស​ក្រីក្រ

(ឆ្វេង) ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រៀក​ដៃ​គ្នា​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រវាង​ចិន​និង​កម្ពុជា​ក្រោយ​ពេល​ពិធី​សម្ពោធ​ពហុកីឡាដ្ឋានមរតកតេជោ​ដែល​មាន​តម្លៃ ១៥០ លានដុល្លារ​អាមេរិក​កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។​ រូប៖ ហ្វេសប៊ុក SPM


អ្នក​​ឃ្លាំមើល​​កម្ពុជារិះគន់​ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​សង់​ពហុកីឡាដ្ឋាន​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា ដែល​​មិន​សមស្រប​ជា​​ប្រទេស​ក្រីក្រ។ ​ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ ក្រោយ​ពេល​លោក ហ៊ុន សែន ​បាន​ចំណាយ​ថវិកា​​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក សង់​ពហុកីឡាដ្ឋាន​ជាតិ​​មរតក​តេជោ​ ហើយ​​​​ធ្វើ​ពិធី​​ទទួល​ពី​ប្រមុខ​ការ​ទូត​របស់​ចិន​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។

អ្នក​ឃ្លាំមើល​កម្ពុជា ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​​រិះគន់​ថា ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​​មិន​បាន​គិត​គូរ​ពី​សេចក្ដីសុខ និង​តម្រូវ​ការ​ជាក់​ស្តែង​​​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ទើប​លោក​បាន​​​ចំណាយ​ប្រាក់​​មហាសាល​ក្នុង​ការ​​សាងសង់​ពហុកីឡាដ្ឋាន​​​ដាក់​ឈ្មោះ​ខ្លួន​ឯង​បែប​នេះ​​។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដែល​កំពុង​រស់​នៅ​ប្រទេស​ណ័រ​វេស​(Norway)​លោក ម៉ែន ណាត​​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ថា ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ​ដែល​មាន​​​ប្រជាពលរដ្ឋ​​​រាប់​លាន​នាក់​ធ្វើ​ចំណាក​ស្រុក​បែប​នេះ​ ​លោក​ហ៊ុន សែន​ ​មិន​គួរ​សាងសង់​ពហុកីឡាដ្ឋាន​តម្លៃ​១៥០​លាន​ដុល្លារ​នោះ​ទេ ព្រោះ​​មិន​សូវ​មាន​សារៈ​សំខាន់​ចំពោះ​​ពលរដ្ឋ​ដែល​កំពុង​តែ​អត់ឃ្លាន​​ឡើយ​។ ​លោក​បញ្ជាក់​ទៀត​ថា ​ក្នុង​ស្ថានភាព​បែប​នេះ​លោក​ ហ៊ុន សែន​ គួរតែ​យក​ប្រាក់​​ទាំង​នោះ​​ទៅ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ មន្ទីរ​ពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ និងរក​ទីផ្សារ​លក់​កសិផល​ដល់​កសិករ​ប្រសើ​ជាង​៖ «មោទនភាព​ខ្លួន​គាត់​វា​មួយ​ទៅ​ ហើយ​មោទនភាព​គ្រួសារ​គាត់​ ព្រោះ​គ្រួសារ​គាត់​ អា​រឿង​ស្តាត​ហ្នឹង អា​រឿង​ដី​ព្រលាន​យន្តហោះ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​អី​ហ្នឹង សុទ្ធតែ​មាន​ជំពាក់ជំពិន​ជា​មួយ​កូន​ស្រី​របស់​គាត់​ទាំង​អស់​គឺ​ លោក​ស្រី ហ៊ុន ម៉ាណា​​។ ​កូន​ស្រី​របស់​គាត់​ហ្នឹង​ឱ្យ​ឈ្មោះ​អ្នក​នេះ​អ្នក​នោះ​ ពុង ឃាវសែ​ អី​អ្នក​នោះ​អី​ឈរ​ជំនួស​ ហើយ​គាត់​នៅ​ពី​ក្រោយ​ខ្នង​។ ដូច្នេះ​រឿង​អស់​នេះ​វា​ពាក់ព័ន្ធ​​ទៅ​ហ្នឹង​ផល​ប្រយោជន៍​ទៅ​ហ្នឹង​គ្រួសារ​ហ៊ុន​។ ​ដូច្នេះ​បើ​សិន​ជា​លោក​ហ៊ុន​ សែន​ជា​មេ​ដឹក​នាំ​ដែល​គិត​​អំពី​ប្រយោជន៍​ជាតិ​អា​រឿង​ស្តាត​​​ជាង​១០០​លាន​អី​នេះ​ វា​មិន​គួរ​សម​នឹង​យើង​​ធ្វើ​ទេ​ យើង​យក​​អភិវឌ្ឍន៍​ផ្លូវ​ផ្សេង​ដើម្បី​ជួយ​រំដោះ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​វិញ​»។

​ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ ហ៊ុន សែន​ ​ធ្វើ​ពិធី​ទទួល​​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី​(WANG YI) នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ថា ​លោក​គ្មាន​កំហុស​អ្វី​នោះ​ទេ ក្នុង​ការ​ដែល​លោក​ទំនាក់​ទំនង​ជា​មួយ​ចិន​ ដោយ​ទទួល​បាន​​សំណង់​ដ៏​ធំ​នេះ​​។ ​​មេ​ដឹក​នាំ​របប​ឯក​បក្ស​​​បន្ថែម​ថា ​ពហុកីឡាដ្ឋាន​នេះ​ជា​មោទនភាព​ជាតិ​​​​មហាសាល​ ក្រោម​ការ​ដឹក​នាំ​​របស់​លោក​ទៀត​ផង​៖ «នេះ​គ្រាន់​តែ​ជា​ការ​ទទួល​ផល​ដើម​រដូវ​នៃ​ចំណង​មិត្តភាព​ដែក​ថែប​ ដែល​ប្រធានាធិបតី​ ស៊ី​ជិន ភីង​ បាន​ប្រសិទ្ធិនាម​ឡើង។​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​និយាយ​ថា ​វា​ជា​ការ​ទទួល​ផល​ដើម​រដូវ យើង​មិន​មែន​ទាក់ទង​ជា​មួយ​ចិន ត្រឹម​តែ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​បន្ទាប់​ពី​ទទួល​ស្តាត​នេះ​​រួច​ហើយ​នោះ​ទេ ​យើង​ត្រូវ​ធ្វើ​ជា​មួយ​មិត្ត​ចិន​ច្រើន​ឆ្នាំ​តទៅ​ទៀត​»។

​លោក​ហ៊ុន សែន​ អះអាង​ថា​ ពហុកីឡាដ្ឋាន​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប​១៥០​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​ចិន​ ក៏ប៉ុន្តែ​សាធារណមតិ​មួយ​ចំនួន នៅ​តែ​មាន​មន្ទិល​ជុំវិញ​តម្លាភាព​នៃ​ជំនួយ​នេះ។​ សំណង់​មួយ​នេះ​សាងសង់​រយៈ​ពេល​ជាង​៧​ឆ្នាំ​​ដោយ​​​​មាន​អ្នក​ជំនាញ​ការ​របស់​ចិន​២០០​នាក់ និង​កម្មករ​ខ្មែរ​ចំនួន​៥០០​នាក់​​បាន​បិទ​បញ្ចប់​ការ​សាងសង់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

ទោះ​ជា​យ៉ាង​ណា​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មើលឃើញ​ថា ​ការ​ដែល​លោក​ ហ៊ុន សែន ​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ដាក់​ឈ្មោះ​ខ្លួន​ឯង​​បែប​នេះ ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ ដើម្បី​​បម្រើ​ផលប្រយោជន៍​របស់​លោក ហ៊ុន សែន និង​ចិន។ លោក​បន្ត​ថា ​​ទាំង​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​​របស់​ចិន​​ គឺ​​ជា​អន្ទាក់​​ដើម្បី​បម្រើ​​នយោបាយ​​របស់​ចិន​៖ «ខ្ញុំ​យល់​ថាការ​សាងសង់​វា​មិន​មាន​តម្លា​ភាព​អាច​មាន​អំពើ​ពុក​រលួយ ដែល​យើង​ខ្ចី​លុយ​ពី​គេ​ហើយ ត្រូវ​មន្ត្រី​របស់​លោក​ហ៊ុន សែន​​ ហ្នឹង​ស៊ី​ទៅ​លើ​អា​កម្ចី​ហ្នឹង​ទៀត អាហ្នឹង​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​កាន់​ក្រ​ទៅៗ​ ព្រោះ​យើង​ជំពាក់​លុយ​គេ​កាន់​តែ​ច្រើន​ ហើយ​យើង​ប្រទេស​ក្រីក្រ​អីចឹង​ផង​ ហើយ​យើង​ចំណាយ​ខ្ជះខ្ជាយ​អត់​ចំ​អ្វី​ដែល​​ជា​គោលដៅ​ដែល​ត្រូវ​អភិវឌ្ឍន៍​ផង​អាហ្នឹង​​វា​ធ្វើ​ឱ្យ​ប្រទេស​យើង​ ប្រជាពលរដ្ឋ​កាន់​តែ​ក្រ​ បំណុល​កាន់​តែ​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​​ត្រូវ​សង​បំណុល​​ជំនួស​លោក​ ហ៊ុន សែន​ កាន់​តែ​ច្រើន​ឡើង​ៗ»។

សង្គម​ស៊ីវិល ​និង​មន្ត្រី​បក្ស​ប្រឆាំង​ សង្កេត​ឃើញ​ថា ចិន​ពង្រីក​ទំនាក់ទំនង​ស្អិតល្មួត​ជា​មួយ​កម្ពុជា​ ក៏​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​។ ​​ពួក​លោក​ព្រួយបារម្ភ​ថា ការ​ពឹង​ផ្អែកលើ​កម្ចី​ឥណទាន​ចិន​នេះ​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ជាប់​អន្ទាក់​បំណុល​។បន្ថែម​ពី​នេះ​​ជំនួយ​និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​គណនេយ្យ​ភាព ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​។ ចំណែក​រឿង​លើក​កម្ពស់​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​ភាព​ហិនហោច​នៃ​ធនធាន​ធម្មជាតិ​វិញ ចិន​ពុំ​បាន​ខ្វាយខ្វល់​ទាល់តែ​សោះ​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០​បង្ហាញ​ថា​ កម្ពុជា​ជំពាក់​ចិន​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ (៣.៧០០​) ឬ​ស្មើនឹង​ជិត ៤៧ ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​។ លុយ​ដែល​ខ្ចី​ពី​ចិន​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នក​​ឃ្លាំមើល​​កម្ពុជា​រិះគន់លោក​ ហ៊ុន សែន​ យក​​ជំនួយ​ចិន​សង់​ពហុកីឡាដ្ឋាន​​ថា ​ជា​ការ​ខ្ជះខ្ជាយ​​ថវិកា​​​​មិន​សមស្រប​ប្រទេស​ក្រីក្រ"

  1. so socheath says:

    ចុម ! អាពូជសំផឹងម៉ែន ណាត ងាកូនមីកាដួយអាយះស្ញេញ អ៊ុំ សំអាន
    លុយចិនគេធ្វើឲ្យលោះ ខ្ជះខ្ជាយថវិកាជាតិ មមិសកាដួយស្អុយម៉ែអ្ហែងពីណាម៉់ោ អាចុយម៉្រាយ ?

  2. Anonymous says:

    one more importance massage this stadium is built by an investor from CHINA all Cambodian have to pay back to CHINA plus interest that mean for years to come Cambodian have to work harder and HUN SEN just put his name in the Cambodian blood

Leave a Reply

Submit Comment