ការ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០២២​ក្នុង​វិស័យ​កាត់​ដេរ​​នៅ​មិន​​ទាន់​​ព្រមព្រៀង​​គ្នា

ដោយ ខែ សុណង
2021-09-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០២២​ក្នុង​វិស័យ​កាត់​ដេរ​​នៅ​មិន​​ទាន់​​ព្រមព្រៀង​​គ្នា​

កម្មការិនីរោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ។ Photo provided


ប្រាក់ឈ្នួលឲ្យកម្មករឆ្នាំ២០២២៖ សហជីពសុំដំឡើង ប៉ុន្តែ​ថៅកែសុំកាត់បន្ថយ


កិច្ចចរចា​ត្រីភាគី ស្តីពី​ប្រាក់​ឈ្នួល​គោល​ឆ្នាំ២០២២ ​សម្រាប់​កម្មករ​និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង ​កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា នៅ​មិន​​ទាន់​​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ ​ដោយ​ភាគី​នីមួយៗ​មាន​អំណះអំណាង​រៀងៗ​ខ្លួន​ ផ្អែក​លើ​កត្តា​សេដ្ឋកិច្ច​សង្គម។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៥​ ខែកញ្ញា​ថា ភាគី​និយោជក ​ឬក្រុមហ៊ុន មិន​ត្រឹមតែ​មិន​តម្លើងទេ​ តែ​បែរ​​ជា​ស្នើ​បន្ថយ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​រហូត​ដល់​ទៅ​ជាង ៨ដុល្លារ​ទៅ​វិញ គឺ​ពី​ចំនួន ១៩២ ​ដុល្លារ​ក្នុង​១​ខែ​ ដែល​ជា​ប្រាក់​ឈ្នួល​គោល​នៅ​ឆ្នាំ២០២០ មក​នៅ​ត្រឹម​ជាង ១៨៣ដុល្លារវិញ។ ចំពោះ​តួលេខ​ដែល​បង្ហាញ​ដោយ​ភាគី​ក្រសួង​ការងារវិញ គឺ​បាន​កំណត់​យកចំនួន ១៩១,៩ ​ដុល្លារ​។

លោកបន្តថា ភាគីសហជីព​នៅ​តែ​រក្សា​គោលជំហរ​សុំតម្លើង ២២,២ ដុល្លារ​អាមេរិក ឬ​ស្មើប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត​ចំនួន ២១៤,២ ​ដុល្លារ​ក្នុង​មួយ​ខែ​។​ លោក​បញ្ជាក់​ថា ​មូលហេតុ​ដែល​សុំ​តម្លើង​ប្រាក់​ឈ្មួល​គោល​នេះ​ដោយ​សារ​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​កម្មករ​ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន ដោយ​សារ​ទំនិញ​សព្វសារ​ពើ​​ឡើង​​ថ្លៃ​ជា​ដើម៖ «កិច្ចប្រជុំនេះ ធ្វើទៅ​ដោយ​ពុំមាន​ការ​ឯកភាព​គ្នា​ទេ។​ ខាង​និយោជកនៅ​តែ​ប្រកាន់​គោល​ជំហរ​ថាវិបត្តិកូវីដ១៩វា​មាន​បញ្ហា​ច្រើន​ត្រឹម​តែ​រក្សា​ការងារ​ទៅ។​ ខាង​រដ្ឋាភិបាលថាតាមការ​គណនា​របស់​ខ្លួនបញ្ហា​កូវីដ-១៩​ជា​បញ្ហា​ដែល​មិន​ទាន់​អាច​ឡើង​បាន​ទេ។ ចំណែក​កម្មករ​និយោជិតយល់​ឃើញ​​ថាប្រាក់​ឈ្នួល​នេះត្រូវ​តែឡើង​ដោយ​សារ​កម្មករ​មាន​ការ​ពិបាកព្រោះ​អតិផរណាឡើង​ដល់​៣ហើយ​ផលិតភាព​ក៏ឡើង​ ២.%ដែរ។ ចុងក្រោយ​នេះ​កម្ពុជា​នៅ​តែ​មាន​សក្តានុពលនិង​ចំណេញ​ដល់​ទៅ​ ៥រយ (៥០០)ទៅ៧រយ (៧០០)លានដុល្លារ ដែល​សហជីពសុំឲ្យពិចារណា»។

ប្រធាន​សហភាព​ការងារ​កម្ពុជារូប​នេះ​បន្ត​ថា ទោះបី​ជា​កិច្ចពិភាក្សា​លើក​នេះមិន​ទាន់​ចុះ​សម្រុង​គ្នា​ក៏​ដោយ ក៏​ភាគី​ទាំង​អស់​យល់ព្រម​ទៅ​ប្រជុំ​ពិភាក្សា​គ្នា​ផ្ទៃក្នុង ជាមួយ​អ្នក​ជំនាញ​របស់ខ្លួន​នីមួយៗ ដើម្បី​ឈានទៅ​ការជួប​ចរចាគ្នា​លើ​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០២២ ម្តងទៀត នៅ​ថ្ងៃទី២១ ខែកញ្ញាខាងមុខ។ ការ​ស្រាវជ្រាវ​របស់​សហជីព​រក​ឃើញ​ថា ក្នុង​សមាជិកគ្រួសារ​ដែល​មាន​គ្នា ៥​នាក់ គឺ​មាន​សមាជិក​តែ ២​នាក់​ប៉ុណ្ណោះ ដែលរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់ក្នុង​គ្រួសារ​។ រីឯ​ប្រាក់​ចំណូល​ទៀត​សោត ក៏មាន​ចំនួន​តិចតួច មិន​អាច​ទ្រទ្រង់​ក្នុង​ជីវភាព​រស់នៅ​ឲ្យ​បាន​សមរម្យ​នោះ​ទេ ដោយ​សារ​ពួកគេ​ត្រូវ​ការ​ចាយ​វាយ​ប្រចាំថ្ងៃ សងប្រាក់​បំណុល​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ​និង​ចំណាយ​លើ​ការឈឺ​ថ្កាត់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment