ជន​ជាតិ​ដើម​ព្នង​ខេត្តមណ្ឌលគិរី​ស្នើ​ដក​ហូត​ដី​ព្រៃ​បម្រុង​ទុក​ជាង​១០០​ហិកតារ​​ដែល​​អ្នក​មាន​​អំណាច​​ឈូសឆាយ​រំលោភ​​យក​

ដោយ ម៉ៅ សុធានី
2021-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​ជាតិ​ដើម​ព្នង​ខេត្តមណ្ឌលគិរី​ស្នើ​ដក​ហូត​ដី​ព្រៃ​បម្រុង​ទុក​ជាង​១០០​ហិកតារ​​ដែល​​អ្នក​មាន​​អំណាច​​ឈូសឆាយ​រំលោភ​​យក​

រូបសំណាក​រង្វង់មូលគោព្រៃតំណាង​ខេត្ត​មណ្ឌលគិរី។ Photo provided


ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​និង​​មន្ត្រី​សង្គម​ស៊ីវិល​​ទាមទារ​​ឱ្យ​អាជ្ញាធរ​​ខេត្ត​មណ្ឌលគិរី​ ដក​​ហូត​​ដី​​ព្រៃ​ជាង​​១០០​​ហិកតារ ​ដែលក្រុម​​អ្នក​មាន​អំណាច​​ឃុបឃិត​​គ្នា​ឈូស​​ឆាយ​​ទន្ទ្រាន​កាន់កាប់​ជា​សម្បត្តិ​បុគ្គល​បំពាន​ច្បាប់​។ ​ការ​លើក​ឡើង​នេះ ​ក្រោយ​ពី​តំណាង​អយ្យការ ​និង​អាជ្ញាធរ​ខេត្ត​នេះ​បាន​ចុះ​ដល់​ទីតាំង​​បទល្មើស​ព្រៃឈើ​​ប្រទះ​ឃើញ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​ដ៏ធំ​ល្វឹងល្វែង ​ប៉ុន្តែ​នៅ​មិន​ទាន់​ចាត់​វិធានការ​ច្បាប់​នៅ​ឡើយ​ទេ​។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ និង​មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ និង​ស្ថាប័ន​ពាក់ព័ន្ធ ​អនុវត្ត​ច្បាប់​ដល់​បុគ្គល​មាន​លុយមាន​អំណាច​ដែល​ពួកគាត់​មិន​ស្គាល់​ឈ្មោះ ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ ​ឈូសឆាយ​ដី​ព្រៃ​បម្រុង​ទុក​ជាង​ ១០០​ហិកតារ​ ឋិត​ក្នុង​តំបន់​ច្រក​របៀង​ជីវ​ចម្រុះ​ភ្នំព្រេច ​នៃ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ក្រុង​សែន​មនោរម្យ​។

​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ក្រុង​សែមនោរម្យលោកស្រី ​រឿន ហែង ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​ថា ​ដី​ព្រៃ​បម្រុង​ទុក​នៅ​តំបន់នោះ​ឋិត​នៅ​ជាប់​ព្រំប្រទល់ ​ក្រុង​​សែន​មនោរម្យ ​និង​ស្រុក​ពេជ្រាដា​ ត្រូវ​ក្រុម​ឈ្មួញ​ឈូសឆាយ​ឱ្យ​ក្លាយ​ជាវាល​រហោឋាន​ស្ទើរ​ទាំងស្រុង​។​ លោក​ស្រី​ថា​ ក្រុម​អ្នក​មាន​អំណាច​បាន​​យក​​ពលរដ្ឋ​ជា​ខែល ​ទិញ​ដី​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់​ដោយ​ខុសច្បាប់ ​កាល​ពី​ឆ្នាំ​២០១៩​ ហើយ​មក​ទល់​ពេល​នេះ ​គ្រឿងចក្រ​នៅ​តែ​បន្ត​ឈូសឆាយ​ព្រៃ ​ដោយពុំ​មាន​អាជ្ញាធរ​ណា​​ទប់ស្កាត់​​នោះ​ទេ។​ លោកស្រី​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​ទិញ​លក់​ដី​ព្រៃ​បម្រុង​ទុក ​និង​ដក​ហូត​ដី​ព្រៃ​ទាំង​នោះ ​ជា​សម្បត្តិ​ជាតិ​វិញ ​ដើម្បី​ស្តារ​មុខ​មាត់​រដ្ឋាភិបាល​ ដែល​ចង់​អភិរក្ស​ព្រៃ​ឱ្យ​គង់​វង្ស​៖ «ចង់​ឱ្យ​គេ​ដក​ហូត ​មាន​តិច​ហិកតារ​ណា ​១០០​ហិកតារ​ជាង​ ហើយ​កូនចៅ​ជំនាន់​ក្រោយ ​មាន​ដី​អី​ណា​ទៀត។​ ប្រកប​មុខ​របរ​ឬ​ក៏​ចិញ្ចឹម​សត្វ​ វា​អស់​ ប៉ុន្តែ​វា​ធ្វើ​គេ​អត់​កើត ​ខូច​ខិល​ វា​សុទ្ធ​តែ​មាន​ខ្នង​ក្រាស់ៗ​ទៀត​»។

​កាល​ពី​សប្តាហ៍​កន្លង​ទៅ តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្តមណ្ឌលគិរី​ និង​អាជ្ញាធរ​ខេត្ត​នេះ​ចុះ​សា្រវជ្រាវ​បទល្មើស​ព្រៃឈើ ​ដោយ​ប្រទះ​ឃើញ​សកម្មភាព​ឈូស​ឆាយ​​ និង​​កាប់​រាន​ដី​ព្រៃ​បម្រុង​ទុក​ទ្រង់​ទ្រាយ​ធំ ​នៅ​ចំណុច​ចន្លោះ​អូរច្បារ ​ស្ថិត​នៅ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ក្រុង​សែន​មនោរម្យ​ ប៉ុន្តែ​មិន​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ណា​ម្នាក់​មក​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​។ ​អ្នកភូមិ​ថា​ ម្ចាស់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ ​គឺ​បុគ្គល​មាន​លុយ​មាន​អំណាច ​ទើប​អាជ្ញាធរ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ ហើយ​​មក​ទល់​ពេល​នេះ ​គ្រឿងចក្រ​នៅ​តែ​បន្ត​ឈូសឆាយ​ព្រៃ​ដដែល​កាន់​តែ​រីក​ធំ​ឡើង​ ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច​។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទងសុំ​ការ​បំភ្លឺ​រឿង​នេះ ​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរីលោក​ ស៊ុន សារុន ​និង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យការ​លោក​ ម៉ម ​វ៉ាន់ដា ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា ​ព្រោះ​ទូរសព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​លើក​។

​ប៉ុន្តែ​ចៅ​សង្កាត់​រមនាលោក ​ភី ងូក​ ប្រាប់​អាស៊ីសេរី​ថា ​លោក​មិន​ហ៊ាន​បក​ស្រាយ​ថា​ សកម្មភាព​ឈូសឆាយ​នោះទេ​ ត្រឹមត្រូវ​តាម​ច្បាប់​ ឬ​ខុសច្បាប់​ទេ​ ព្រោះ​លោក​មិន​ទាន់​ចុះទៅ​ពិនិត្យ​ទីតាំង​ឈូសឆាយ​។ ​លោក​បញ្ជាក់​ថា​ អាជ្ញាធរ​សង្កាត់រមនា​ក៏​មិន​ហ៊ាន​ចុះ​ហត្ថ​លេខា​ធ្វើ​ពាក្យ​ស្នើសុំ​កាន់​កាប់​ដីធ្លី ​នៅ​តំបន់​ព្រៃ​របស់​រដ្ឋ ​ឬ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នោះទេ ​លុះ​ត្រា​តែ​ដី​នោះ​ ពលរដ្ឋ​អាស្រ័យផល​ជាក់​ស្តែង​ច្រើន​ឆ្នាំ​មក​ហើយ​ ជា​ប្រភេទ​ដី​ចម្ការ​វិលជុំ ​និង​ភូមិ​ចាស់​របស់​ជន​ជាតិ​ដើម​៖ «មាន​មួយ​​ចំនួន​គាត់​និយាយ​ថា ​ភូមិ​ចាស់​ពួក​ខ្ញុំ ​ដី​លំ​នៅ​ឋាន​ពួក​ខ្ញុំ​ពី​ដូនតា​មក​ ពូ​មិន​បដិសេធ​ជូន​គាត់​ទេ ​ពូ​នឹង​ធ្វើ​លិខិត​ស្នាម​មួយ​ចំនួន ​អាច​មាន​ខ្លះ ​ប៉ុន្តែ​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ ពូ​អត់​ដឹង​អី​ទាំងអស់​»។

​ទាក់ទិន​រឿង​នេះ ​ទីប្រឹក្សា​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគ​តិច​ព្នងខេត្តមណ្ឌលគិរីលោក ​គ្រើង តុលា ​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល ​បង្កើត​គណៈកម្មការ​ចុះពិនិត្យ ​និង​ស្រាវជ្រាវ​ឡើង​វិញ​ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រើប្រាស់​ដីធ្លី ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ​ចៀសវាង​ធ្លាក់​ដល់​ដៃ​បុគ្គល​មាន​លុយ ​មាន​អំណាច។​ លោក​សោកស្តាយ ​ដី​ព្រៃ​ដ៏​ធំ​ល្វឹង​ល្វើយ​ ជាជម្រក​សត្វព្រៃ​ និង​ជា​កន្លែង​រក​អនុផល​ព្រៃឈើ​របស់​ពលរដ្ឋ​ នៅតែ​ប្រឈម​ការ​បាត់បង់ ​គ្មាន​ដំណោះ​ស្រាយ​៖ «ការ​អនុវត្ត​ច្បាប់ ​យើង​ដឹង​ថា ​ស្តង់ដារ​​ពី​​បាត់​​ទៅ​​ហើយ​ បើ​សិន​ជា​ពលរដ្ឋ​គ្រាន់​តែ​កាប់មួយ​ដើម​ជាប់​គុក ​ពីរ​ដើម​ជាប់​គុក ​ប៉ុន្តែ​ចំពោះ​អ្នក​ធំ​ទោះ​ជាឈូស​ឆាយ​រាប់​រយ​ហិកតារ​មិន​មាន​ចំណាត់​ការ ​នេះ​ហើយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ទល់​ខ្សោយ»​។

​ជុំ​វិញ​រឿង​នេះ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាននៃ​សមាគម​អាដហុកលោក ​ប៉ែន ប៊ុណ្ណារ៍​ វិញ​លោក​យល់​ថា ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី គួរតែ​ចេញ​លិខិត​មោឃភាព​ដី​ព្រៃ​ ក្នុង​តំបន់​របៀង​ជីវចម្រុះ ​ស្រប​តាម​ការ​ណែនាំរបស់​ក្រសួង​បរិស្ថាន​។​ លោក​សង្កត់​ធ្ងន់​ថា ​អាជ្ញាធរ ​និង​ស្ថាប័ន​អយ្យការ ​ត្រូវ​ចាត់​វិធានការ​ដល់​អ្នក​​ពាក់ព័ន្ធ ​ដែល​ឃុបឃិត​គ្នា​ឈូសឆាយ​ដី​ព្រៃ​បំពាន​ច្បាប់​៖ «ដី​១០០​ហិកតារ ​តាម​ពិត​មិនមែន ​១០០ហិកតារ​ទេ ​គឺ​ជាង​១ពាន់​ហិកតារ​ តាម​ការ​ស្រាវជ្រាវ​។​ ដី​ភាគ​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី ​ត្រូវ​មោឃភាព​ដោយ​ស្វ័យប្រវត្តិ​ ហើយ​ការ​អនុវត្ត​ច្បាប់ ​ត្រូវ​ស្មើ​ភាព​គ្នា​ឧកញ៉ា​ក៏​ដោយ​»។

កាល​ពី​ខែ​ឧសភា ​ឆ្នាំ ​២០២១ ​កន្លង​ទៅ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់​ បាន​ស្នើឱ្យ​អភិបាល​ខេត្ត/ក្រុង ​ទូទាំង​ប្រទេស​ចាត់​វិធានការ​បញ្ឈប់​ជាបន្ទាន់​​ និង​មោឃភាព​រាល់​ការ​ចុះហត្ថលេខា ​ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លិខិត​ផ្ទេរ​សិទ្ធិ ​ពាក្យ​ស្នើ​សុំ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី​ លិខិត​ទិញ​លក់​ដី​រដ្ឋ ​និង​ការ​បញ្ជាក់​លើ​ប្លង់​​បង្ហាញ​​ទី​តាំងដី ​បង្ក​ឱ្យ​ប៉ះពាល់ដល់​​តំបន់​​ការពារ​ធម្មជាតិ​ និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ​សំណើ​របស់​ក្រសួង​បរិស្ថាន​ មាន​ប្រសិទ្ធភាព​តែ​ចំពោះ​ពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ ​តែ​បើ​បុគ្គល​មាន​លុយ ​និង​មាន​អំណាច ​នៅ​តែ​អាច​ច្បាម​យក​ដី​ព្រៃ​អភិរក្ស ​តំបន់​របៀង​ជីវចម្រុះ ​និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ដដែលៗ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment