តុលាការ​​ខេត្ត​កណ្ដាល​​ចោទ​ពលរដ្ឋ​៩​នាក់​លើ​​៣​បទ​ល្មើស​ក្នុង​រឿង​វិវាទ​ដីធ្លី​​ជាមួយ​ក្រុម​ហ៊ុន​ OCIC

តុលាការ និងច្បាប់បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |១៥ កញ្ញា ២០២១ |ម៉ោង ១៧:០៧
VOD

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)


សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់៣បទល្មើសទៅលើពលរដ្ឋ៩នាក់ដែលមានជម្លោះដីធ្លីនៅតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ​និងសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តទៀតផង។ 

ការសម្រេចនេះធ្វើឡើងក្រោយពេល​សមត្ថកិច្ចខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកញ្ញា បានចាប់​ខ្លួន​ពលរដ្ឋ​នៅ​ស្រុក​កណ្តាលស្ទឹង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ចំនួន៣០នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេ៩នាក់ត្រូវបានបញ្ជូនទៅតុលាការនិងឃុំខ្លួនបន្ត ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញកាលពីម្សិលមិញ។ 

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ជួន សុបញ្ញា ប្រាប់ វីអូឌី ​នៅថ្ងៃពុធនេះ​ថា​ ពលរដ្ឋ៩​នាក់ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ កាល​ពី​ម្សិល​មិញ ដោយចោទប្រកាន់ចំនួន៣បទល្មើស​ ក្នុង​ករណីតវ៉ាដីធ្លីនៅព្រលានយន្តហោះថ្មី ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ 

លោកថា៖ «ចៅក្រមសម្រេចឃុំខ្លួន៩​នាក់ ចោទហិង្សាមានស្ថានទម្ងន់ទោស ប្រឆាំងអ្នករាជការមានស្ថានទម្ងន់ទោស និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ បទហិង្សាតាមមាត្រា២១៨ ហើយបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាម​មាត្រា៤៩៥ និងបទប្រឆាំងអ្នករាជការមានស្ថានទម្ងន់ទោស មាត្រា៥០៣ ហើយ៥០៤»។

ពលរដ្ឋម្នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌ​​សុំមិនបញ្ចេញឈ្មោះ​ថា ពួកគាត់ទាំងអស់គ្នាមិនឈប់តវ៉ាត្រឹមនេះឡើយ បើសិនជាអាជ្ញាធរនិងក្រុមហ៊ុនមិនដោះស្រាយសំណងសមរម្យជូនពួកគាត់នោះ។ 

លើសពីនេះទៀត ពួកគាត់នាំគ្នាតវ៉ាបន្ត ដើម្បីទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែង ពលរដ្ឋ៩នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារឱ្យមានសេរីភាពវិញ ដោយថា ពួកគាត់មិនបានប្រើប្រាស់អំពើហិង្សាឡើយ  បើសិនជាអាជ្ញាធរមិនរារាំងនិងការពារក្រុមហ៊ុនឱ្យឈូសឆាយដីធ្លីពួកគាត់។

ស្ត្រីរូបនេះចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់ពលរដ្ឋ ថា​ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់​ដែលជាម្ចាស់ដី ស្របពេលមិនទាន់ទទួលសំណងផង ប៉ុន្តែដីស្រែត្រូវបានក្រុមហ៊ុនឈូសឆាយយកអស់ ហើយពលរដ្ឋ៩នាក់ត្រូវជាប់ពន្ធនាគារថែមទៀត។ 

អ្នកស្រីថា៖ «សូមសំណូមពរឱ្យជួយរកដំណោះស្រាយ​ឱ្យមានការ​ទិញលក់ដីហ្នឹងឱ្យមានតម្លៃសមរម្យ ហើយសូមឱ្យបងប្អូន៩នាក់ហ្នឹងឱ្យមានសេរីភាពវិញ ​ព្រោះ​ដីក៏គេយកអស់​ ហើយផ្ទះក៏គេត្រូវយក ​​ហើយគាត់ដាក់ពន្ធនាគារទៀត ​ហើយតើឱ្យពួកខ្ញុំទៅពឹងអីទៀត? ដីក៏អស់ ផ្ទះក៏អស់ ហើយខ្លួនជាប់ពន្ធនាគារទៀត ​តើឱ្យកូនៗតូចៗនៅផ្ទះត្រូវពឹងអីទៀត?​ ហើយបានអីហូប? ធ្វើអីក៏មិនកើត»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរនិងតុលាការគួរធ្វើការអប់រំប្រជាពលរដ្ឋខ្លួន មិនគួរចាប់ពួកគាត់ដាក់ពន្ធនាគារ​បែបនេះទេ ដោយថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាមិនមែនកើតឡើងដោយសារតែពលរដ្ឋនោះទេ។ 

លោកថា៖ «មិនគួរបញ្ជូនគាត់ទៅពន្ធនាគារភ្លាមៗទេ ​អាហ្នឹងវាជាការរងទុក្ខវេទនាខ្លាំងមែនទែនចំពោះប្រជាពលរដ្ឋក្រីក្រ​។ ឥលូវអស់ដី​​ អស់ផ្ទះហើយ​ បែរជាជាប់ពន្ធនាគារទៀត ​រងទឹកភ្នែក ទទួលទោសទណ្ឌ​ ដោយសារការពារកម្មសិទ្ធិខ្លួនឯង​ ឃើញថា វាជាការសោកស្ដាយខ្លាំងមែនទែនចំពោះស្រុកយើង ដែលតែងប្រកាសកាន់លទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស»។

​កាលពីថ្ងៃទី១១ ខែកញ្ញា ហេតុការណ៍​តវ៉ារបស់ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ​បានឈានទៅដល់ការប្រើប្រាស់អំពើហិង្សារវាងអ្នកភូមិរាប់សិបនាក់ជាមួយក្រុមសមត្ថកិច្ចចម្រុះរាប់សិបនាក់ដែរ។ 

ការតវ៉ានោះកើតឡើង​ក្រោយពេលអាជ្ញាធរបានដាក់កម្លាំងជាច្រើននាក់ និងរបាំងបិទផ្លូវមិនឱ្យអ្នកភូមិចេញចូលទៅកាន់ដីស្រែរបស់ខ្លួននៅតំបន់មានជម្លោះ​ ខណៈ​ក្រុមហ៊ុនបានដាក់គ្រឿង​ចក្រឈូសឆាយប៉ះពាល់ដីស្រែរបស់ពួកគាត់ ដោយមិនទាន់ដោះស្រាយសំណងសមរម្យ​នៅឡើយ៕ 


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment