ពលរដ្ឋ​និង​​អ្នក​សិទ្ធិមនុស្ស​​​ទទូច​​ឱ្យ​អាជ្ញាធរនិង​ក្រុមហ៊ុន ​OCIC ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដ្បិត​​ក្រុមហ៊ុន​​មាន​លទ្ធភាព​

ដោយ សុជីវី
2021-09-14
RFA

ពលរដ្ឋ​និង​​អ្នក​សិទ្ធិមនុស្ស​​​ទទូច​​ឱ្យ​អាជ្ញាធរនិង​ក្រុមហ៊ុន​OCIC ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដ្បិត​​ក្រុមហ៊ុន​​មាន​លទ្ធភាព​

ពលរដ្ឋ​និង​កងកម្លាំង​មាន​សមត្ថកិច្ចប្រឈម​មុខ​ដាក់គ្នា​នៅក្នុង​ជម្លោះដី​ធ្លី​នៅ​តំបន់​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មីកាល​ពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ពលរដ្ឋ និង​អ្នកសិទ្ធិមនុស្ស​នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ និងក្រុមហ៊ុនOCIC របស់​លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​​អភិវឌ្ឍន៍ សាងសង់​ព្រលាន​យន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្ស​មើលឃើញថា ​ក្រុមហ៊ុន​គួរតែ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ជាជាង​ការបណ្ដេញ​ពលរដ្ឋ​ដោយបង្ខំ​ ដ្បិត​ក្រុមហ៊ុនប្រាកដ​ជា​មានលទ្ធភាព​ផ្ដល់​សំណង​ដល់​ពលរដ្ឋ។ ចំណែក​មន្រ្តី​បក្សប្រឆាំងវិញ ព្រមាន​ថា ការអភិវឌ្ឍន៍ ដែល​រំលោភបំពាន​សិទ្ធិពលរដ្ឋបែប​នេះ ម្ចាស់​ក្រុមហ៊ុន OCIC ប្រឈម​មុខ​នឹង​ទណ្ឌកម្មនានា នៅពេល​ខាងមុខ ក្រោយពេល​គណបក្សនេះ​បាន​ដាក់​​បណ្ដឹ​ង​​ទៅ​​ប្រទេស​កាណាដា(Canada)​ពី​​អាជីវកម្ម​របស់​​ក្រុមហ៊ុន​នេះ។


គម្រោង​ព្រលាន​យន្ដហោះថ្មី ដែល​ជា​គម្រោង​ខ្នាតយក្ស​អាច​នឹង​ឱ្យ​ក្រុមហ៊ុន​រកប្រាក់​ចំណេញ​ច្រើន​នៅក្រោយ​ពេលគម្រោង​នេះបញ្ចប់ បង្ហាញ​ថា ​ក្រុមហ៊ុន​OCIC​​ពិត​ជា​មាន​​លទ្ធភាព អាច​​ផ្ដល់​សំណង​​សមរម្យ​ដល់​​ពលរដ្ឋបាន។

មន្រ្តី​សម្របសម្រួល​គម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស​នៃ​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជាលោក វណ្ណ សូផាត បានសាកល្បង​​គណនា​តម្លៃ​ដី​​ដែល​ក្រុមហ៊ុន​​យល់ព្រម​​ផ្ដល់​ឱ្យ​​ពលរដ្ឋ ប្រៀបធៀប​គ្នា​នឹង​តម្លៃ​ទីផ្សារថា៖ «ប្រសិន​បើនៅ​សរុប ​៣៣០​ គ្រួសារ​ហ្នឹងសរុប​ដី​របស់​គាត់​ហ្នុង​ជាង​ ១៦៨​ ហិកតារបើ​គិត​ជា​ទឹកប្រាក់​ទៅ​ចំនួន​​៨​ដុល្លារ​មែនគឺ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​តែ​ជាង​ ១លាន​ដុល្លារ​ទេ។​​ ប្រសិន​បើ​ ៨០​ ដុល្លារ​តាមការ​ទាមទាររបស់​ពលរដ្ឋ​វិញក្រុមហ៊ុន​ត្រូវ​ចំណាយជាង​ ១១៣ លាន​ដូល្លារ​បើ​គិត​ពី​ប្រាក់​វិនិយោគ​គឺ ១៥០០ លានដូល្លារ ដែល​ជាប្រាក់​ត្រឹមតែ​ជំហ៊ាន​ដំបូង​ប៉ុណ្ណោះ​យើង​ដឹង​ថា​ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុនមាន​៣​ដំណាក់​កាល»។

លោក វណ្ណ សូផាត អះអាង​ថា​ គម្រោងព្រលាន​យន្តហោះ​អន្តរជាតិ​នេះ ក្រុមហ៊ុន​អាច​នឹងបាន​ប្រាក់​ចំណេញ​ច្រើន​លើសលប់​នៅក្រោយ​ពេល​សាងសង់រួច។ លោក​ថា ប្រសិន​បើ​​ក្រុមហ៊ុន​​នៅ​តែ​ប្រកាន់​ជំហរ​ផ្ដល់​សំណង​តម្លៃ ៨ ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ​ នោះក្រុមហ៊ុន​អាច​ចំណេញលើ​ពលរដ្ឋ​រហូតដល់ទៅជិត ១០ ដងយ៉ាងតិចនូវអ្វីដែល​ក្រុមហ៊ុន​​ផ្ដល់​ឱ្យ៖ «គ្រាន់​តែ​ដោះស្រាយ​បញ្ចប់​ត្រូវ​ប្រើលុយ​ត្រឹម​តែជាង​៨%នៃ​ដំណាក់​កាលទី១របស់​ក្រុមហ៊ុន​ គឺ​អាច​បញ្ចប់​ហើយ​អត់​ចាំបាច់​មាន​រឿង​រ៉ាវមក​ដល់​ពេល​បច្ចុប្បន្នទេ។​ សួរថា​ ក្រុមហ៊ុនមាន​លទ្ធភាព​ទេ? ​គឺមាន ប៉ុន្តែ​បើ​ក្រុមហ៊ុន​នៅតែ​ប្រើប្រាស់​យន្តការឬតាក់តិច​ក្នុង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំហ្នឹង​ក្រុមហ៊ុន​ត្រូវ​ចំណេញ​ប៉ុន្មាន?​ ក្រុមហ៊ុន​ចំណេញ​ជាង​ ១១៩ ដុល្លារគឺ​រហូត​ដល់​ទៅ​ជិត ​៩០ភាគរយ។​ ចុះ​ប្រជាពលរដ្ឋវិញ​បើគាត់​ទទួល​យក​លុយ​ហ្នឹងតើ​គាត់​អាច​យក​លុយ​ហ្នឹង​ទៅ​ទិញ​ដី​ទំហំ​ប៉ុនគ្នានៅ​តំបន់​ទីតាំង​ហ្នុង​ឬ​ជុំវិញ​ហ្នុង​បាន​ទេអត់​បាន​ទេគឺត្រូវ​ថែម​៩០%​ទៀត»។

ប្រជាពលរដ្ឋ​នៅ​ស្រុកកណ្ដាលស្ទឹង​លោកស្រី ឃឹម ម៉ាលី ប្រាប់​វិទ្យុអាស៊ីសេរីថា ពលរដ្ឋ​ត្រេកអរ និង​យល់ស្រប​នឹងការអភិវឌ្ឍន៍របស់​រដ្ឋាភិបាល ប៉ុន្តែ​សុំ​ត្រឹម​សំណង​សមរម្យ៖ «ខ្ញុំយល់ថា នៅ​ស្រុក​ខ្មែរ​ខ្ញុំនេះ​អយុត្តិធម៌​ណាស់អ្នកមាន​ធ្វើបាប​តែ​អ្នកក្រអ្នកល្អ​ក៏ប្រែ​ទៅ​ជា​អាក្រក់ដូចជា​ពួកខ្ញុំ​ជា​ជនរងគ្រោះ​៣៣០គ្រួសារ​មិន​ដែល​ប្រាថ្នា​ចង់​បាន​របស់​នរណាទេសូម​ត្រឹម​តែ​ម៉ារស់ធម្មតា​ដូចគេ​ដូច​ឯងមិន​ដែល​ចង់​បាន​អ្វីពី​អស់​លោក​ អ្នកធំ អ្នកមាន​ទេលោក​អើយ។  ខ្ញុំគិតថា​ខ្ញុំរស់​នៅ​រាល់​ថ្ងៃ​នេះ​អយុត្តិធម៌​បំផុត។​ ពួកខ្ញុំំ​ចង់​ស្រែក​រកអ្នក​ជួយ​ណាស់តែមិន​ដឹង​ទៅ​រក​នរណា​ទេ។​ ខ្ញុំឆ្អែត​នឹង​អាជ្ញាធរ​ណាស់ពួកខ្ញុំ​ឈឺចាប់​ស្រែកទ្រហោយំ​យ៉ាង​ណាក៏​គ្មាន​ដែរតែ​ចំណែក​គេមាន​លុយ​វិញ​គេថា​តែ​បន្តិច​គេ​ចុះ​ម៉ោភ្លាម»

វិទ្យុអាស៊ីសេរី​មិនទាន់អាច​សុំការ​ឆ្លើយ​តប​រឿងនេះពីតំណាង​ក្រុមហ៊ុន​ OCIC លោក ជូ កុក បានទេ​កាលពី​យប់ថ្ងៃទី១៤ ខែកញ្ញា ដោយ​ទូរស័ព្ទតែ​គ្មាន​អ្នកទទួល។

ទាក់ទង​នឹងរឿងនេះ អនុប្រធាន​គណបក្សសង្រ្គោះជាតិអ្នកស្រី មូរ សុខហួរ អះអាងថា អ្នកស្រី​បានដាក់​បណ្ដឹង​ទៅរដ្ឋាភិបាល​ប្រទេស​កាណាដា ដើម្បី​ឱ្យ​មាន​ចំណាត់ការ​លើ​​ម្ចាស់ក្រុមហ៊ុន OCIC លោកឧកញ៉ា ពុង ឃាវសែ ដែល​លោក​មាន​សញ្ជាតិកាណាដា។ អ្នកស្រី​ព្រមានថា ម្ចាស់​ក្រុម​ហ៊ុន OCIC ប្រឈម​នឹង​ទណ្ឌកម្ម​នានា​​តាម​ច្បាប់របស់ប្រទេស​កាណាដា​ទាក់ទងនឹងអាជីកម្ម​ដែល​មាន​ការរំលោភ​សិទ្ធិមនុស្ស​របស់​ក្រុមហ៊ុន​នេះ៖ «យើងត្រូវ​តែ​និយាយ​ពីការ​អភិវឌ្ឍមួយដែល​កាណាដា​គេ​ឯកភាព​ដែរគឺ​មិន​អាច​ប៉ះពាល់​ជា​ដាច់ខាត​ទៅ​លើ​សិទ្ធិមនុស្ស ការអភិវឌ្ឍដែល​គ្មាន​ចីរភាព។​ ខ្ញុំសុំឱ្យ​រដ្ឋាភិបាល​កាណាដាមើលទៅ​ចូលរួម​ផង​ករណី​ក្រុមហ៊ុនOCIC មិន​មែន​តែ​នៅ​ក្នុង​គម្រោង​សាងសង់ព្រលានយន្តហោះថ្មីនេះទេគឺតាំង​ពី​នៅ​កោះពេជ្រនិង​កន្លែង​ជា​ច្រើន​ទៀត»។

ទាក់ទងនឹង​ការដាក់ទណ្ឌកម្ម​អ្នកជំនូញ​និងក្រុមហ៊ុន​ពាក់ព័ន្ធ​នឹងការរំលោភសិទ្ធិមនុស្ស​នេះ សហរដ្ឋអាមេរិក​បាន​ឈាន​មុខគេ​ដោយបាន​ប្រើប្រាស់ច្បាប់ដាក់​ទណ្ឌកម្ម ម៉េណិតស្គី (Magnet Sky Act) ដាក់​ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមេឈ្មួញ​ឈើលោក ទ្រី ភាព និង​ក្រុមហ៊ុន​ពាក់ព័ន្ធរបស់​លោក ក្រុមហ៊ុនចិន យូញៀនគ្រុប (UDG) រួមនឹង​ក្រុមហ៊ុន​ជាច្រើន​ពាក់ព័ន្ធ​នឹង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាលលោក គន់ គីម ដែល​ត្រូវ​បង្កកទ្រព្យសម្បត្តិ​ដែរនោះ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment