សង្គម​ស៊ីវិល​ស្នើ​សុំអាជ្ញាធរ​​ឱ្យ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ចិន ១៤នាក់ ដែល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ស្ងួន អមរា
2021-09-14
RFA

សង្គម​ស៊ីវិល​ស្នើ​សុំអាជ្ញាធរ​​ឱ្យ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ចិន ១៤នាក់ ដែល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ

ជន​ជាតិ​ចិន​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ និង​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២១ ក្នុង​ករណី​ជម្លោះ​ប្រដាប់​អាវុធ បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ជំរិត​ទារ​ប្រាក់ និង​ប្រើ​ប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត។ រូប៖ ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ


សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​អនុវត្ត​ច្បាប់​ឱ្យ​តឹង​រឹង​លើ​ជន​ជាតិ​ចិន ១៤នាក់ ដែល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​និង​ផ្តល់​សេចក្ដី​សុខ​សុវត្ថិ​ភាព​ដល់​ពលរដ្ឋ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ​ចាប់​បាន​ជន​ជាតិ​ចិន​ទាំង​នោះ​​​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ជំរិត​ទារ​ប្រាក់ និង​ប្រើ​ប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត កើត​ឡើង​ជា​បន្ត​បន្ទាប់។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឱ្យ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​លើ​ជន​ជា​ចំនួន​១៤​នាក់ ដែល​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន នៅ​សណ្ឋាគារ​ស៊ីហាវ យ៉ិងហ៊ួយ ស្ថិត​នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១០ កញ្ញា។ សង្គម​ស៊ី​វិល​ថា​ថ្វី​បើ​មាន​ការ​បង្ក្រាប​ករណី​ឧក្រិដ្ឋ​លើ​ជន​ជាតិ​ចិន​ក៏ដោយ ក៏​ពលរដ្ឋ​ក្រុង​ព្រះសីហនុ​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ប្រសិន​បើ​សមត្ថកិច្ច​មិន​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់។

មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា​ជន​ជាតិ​ចិន ដែល​ចូល​មក​ស្នាក់​នៅ​កម្ពុជា​រូម​មាន​អ្នក​រក​ស៊ី​ត្រឹម​ត្រូវ​ផង​និង​អ្នក​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម​ផង ហើយ​ជា​ទូទៅ​ពួក​គេ​មាន​ទំនាក់​ទំនង និង​នៅ​រស់​លាយ​ឡំ​នៅ​ជា​មួយ​ពលរដ្ឋ​ខ្មែរ។ អ្នក​ស្រី​ថា អំឡុង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ អាជ្ញាធរ​បាន​ចេញ​វិធាន​ការ​ហាមប្រាម​យ៉ាង​ណា​ក្តី តែ​បញ្ហា​បទ​ល្មើស​នៅ​ខេត្ត​នេះ​មិន​ថមថយ​ទេ ហើយ​ក្នុងចំណោម​ជន​ប្រព្រឹត្ត​និង​ជន​រង​គ្រោះ​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ចិន។ អ្នក​ស្រី​ថា សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ព្រួយ​បារម្ភ​ករណី​ទាំង​នោះ ទោះ​បី​សមត្ថ​កិច្ចចុះ​បង្ក្រាប​បទ​ល្មើស​ជា​បន្ត​បន្ទាប់​ក៏​ដោយ ហើយ​វា​នឹង​បង្ក​ហាន​ភ័យ បំភិត​បំភ័យ​ដោយ​រីក​រាល​ដាល​ដល់​ចិត្ត​គំនិត​ពលរដ្ឋ​ខ្មែរ។ អ្នកស្រី​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជន​ជាតិ​ចិន​ដែល​ល្មើស​ដើម្បី​ព្រមាន​ដល់​ជន​ខិល​ខូច​ផ្សេង​ទៀត៖ «ខ្ញុំ​ក៏​តែង​តែ​សំណូម​ពរ​ដែរ ឧបមា​ថា​រឿង​សំខាន់ៗ ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង​ហ្នឹង ខ្ញុំ​ក៏​ចង់​ឱ្យ​មាន​ជា​ព័ត៌មាន​រហូត​ដល់​សវនាការ​ហ្នឹង តើ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​នេះ​បាន​ផ្ដន្ទាទោស​ទៅ​លើ​ពួក​គាត់​ហ្នឹង​ដាក់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​អ៊ីចឹង​ទៅ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង​ស្ងប់​ចិត្ត​ដែរ»។

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចំនួន ៣០នាក់ និង​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក សៀង សុខ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ១៤នាក់ ករណី​ចាប់​ឃុំ​ឃាំង​និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ជំរិត​ទារ​ប្រាក់ និង​កាន់​កាប់​ប្រើ​ប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត នៅ​ត្រង់​ចំណុច​សណ្ឋាគារ​ស៊ី​ហាវ យ៉ិងហ៊ួយ ស្ថិត​នៅ​ក្រុម​ទី១៣ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១០ កញ្ញា។ ក្នុង​ការ​បង្ក្រាប​នោះ អាជ្ញាធរ បាន​រំដោះ​បុរស​រង​គ្រោះ​ជន​ជាតិ​ចិន​ម្នាក់ និង​ចាប់​យក​អាវុធ​វែង​ចំនួន​២​ដើម​និង​អាវុធ​ខ្លី ៥ដើម​គ្រាប់​កាំ​ភ្លើង​មួយ​ចំនួន។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​ដោយ​ខ្លី​ថា​លោក​មិន​អាច​បញ្ជាក់​ជុំវិញ​ការ​ចុះ​បង្ក្រាប​និង​ចាប់​ខ្លួន​ជន​ចិន​ចំនួន ១៤នាក់​នេះ​ទេ ដោយ​លោក​លើក​ហេតុ​ផល​ថា​ដំណាក់​កាល​នេះ​ស្ថិត​លើ​ដៃ​អយ្យការ ហើយ លោក​រុញ​ឱ្យ​សួរ​តុលា​ការ​ខេត្ត​ព្រះសីហនុ​វិញ។

ចំណែក អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សំណុំ​រឿង​ជន​ជាតិ​ចិន​នេះ​មិន​ទាន់​បញ្ជូន​ដល់​តុលា​ការ​ខេត្ត​នៅឡើយ​ទេ ដោយ​កម្លាំង​រាជ​អាវុធ​ហត្ថ​ត្រូវ​យក​ជន​ជាតិ​ចិន​ទាំង ១៤នាក់​នោះ​ទៅ​មន្ទីរ​ពេទ្យ​ធ្វើ​ចត្តាឡីស័ក និង​​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ជា​មុន​សិន ។ លោក​បន្ត​ថា​ព័ត៌មាន​យ៉ាង​ណា​ខាង​លោក​នឹង​ជូន​ដំណឹង​ពេល​ក្រោយ៖ «ដូច​ខាង​កង​រាជ​អាវុធហត្ថ​គាត់​បាន​ផ្សព្វផ្សាយ បើ​នៅ​ពេល​សំណុំរឿង​បញ្ជូន​មក​ដល់​អយ្យការ​នឹង​ធ្វើការ​ពិនិត្យ​មើល​លើ​សំណុំរឿង​ហ្នឹង ហើយ​ចោទ​ពី​បទ​អី ពេល​ហ្នឹង​បាន​ខ្ញុំ​ដឹង ខ្ញុំ​មិន​អាច​ប្រាប់​មុន​ទេ ព្រោះ​សំណុំ​រឿង​មិន​ទាន់​មក​ដល់»។

ជា​មួយ​គ្នា​នេះ​កាល​ពី​ថ្ងៃ​ទី១២ កញ្ញា នគរបាល ខេត្ត​ព្រះសីហនុ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​៥នាក់​ទៀត​ជុំវិញ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ និង​រំដោះ​បុរស​រង​គ្រោះ​ជន​ជាតិ​ចិន​ម្នាក់ នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ស្ថិត​នៅ​ក្រុម​ទី៣១ ភូមិ៥ សង្កាត់៤ ក្រុង​ព្រះសីហនុ។

របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ២០១៩ មាន​ជន​ជាតិ​ចិន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ:​ពេល​វែង​ចំនួន ២៥ ម៉ឺន​នាក់ (២៥០.០០០) ក្នុង​នោះ​ប្រមាណ ១០ម៉ឺន​នាក់ (១០០.០០០) នៅ​ទីក្រុង​ភ្នំពេញ និង​ជាង ១១ម៉ឺន​នាក់ (១១០.០០០) នៅ​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយរៀង មាន​ជន​ជាតិ​ចិន​ចំនួន​ជាង ២ម៉ឺន​នាក់ (២០.០០០) នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ជិត ២ម៉ឺន​នាក់ (២០.០០០) និង​នៅ​ខេត្ត​កណ្ដាល​មាន​ជាង ១ម៉ឺន​នាក់ (១០.០០០)។

ករណី​ជន​ល្មើស​ដែល​ជន​ជាតិ​ចិន​ប្រព្រឹត្ត​នៅ​កម្ពុជា​កន្លង​មក មាន​ដូច​ជា ការ​បើក​ល្បែង​ស៊ីសង​តាម​អ៊ីនធឹណេត ឆបោក លួច​ឆ្លង​ដែន ជួញ​ដូរ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស ជួញ​ដូរ​ផ្លូវ​ភេទ ជំរិត​ទារ​ប្រាក់ ការ​កាន់​កាប់​ប្រើ​ប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត និង​សកម្ម​ភាព​ឧក្រិដ្ឋ​ខុស​ច្បាប់​ផ្សេង​ទៀត រួម​ទាំង​ការ​បង្ក​ហិង្សា​បាញ់​បោះ​កាប់​ចាក់​នៅ​ទៅ​សាធារណៈ​ជា​ដើម។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ពួក​គេ​ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ទាំង​អស់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment