សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា​ តុលាការ​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ​ ប៉ាង​ សុដា​ នៅ​ពន្ធនាគារ​ព្រៃស

តុលាការ និងច្បាប់ព័ត៌មានជាតិវប្បធម៌សិទ្ធិមនុស្ស
លោក ណាត សុភាព | ១៥ កញ្ញា ២០២១ |ម៉ោង ១៧:២៤
VOD

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)


សមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារម្សិលមិញនេះ។

លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី​ នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីត​​ព្រះចៅអធិការវត្ត​ វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ​ ខេត្ត​កំពង់​​​ចាម ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃ​ទី​១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែលោកមិនដឹងថា តុលាការចោទប្រកាន់ពីបទល្មើសនឹង​វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬចោទប្រកាន់ពីរឿងលួចមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ឬយ៉ាងណានោះទេ។

លោក ប៊ុន មុនី ចាត់ទុកការសម្រេចឃុំខ្លួនអតីតព្រះសង្ឃ​ ប៉ាង សុដា ថាជារឿងអយុត្តិធម៌ ដោយសារគាត់ធ្លាប់​បម្រើស​ង្គម​ច្រើន ជាពិសេស​លើផ្នែក​វិស័យ​សាសនា។ ករណីនេះ លោកទទូចទៅតុលាការ​គួរ​តែ​ទម្លាក់ការ​ចោទប្រកាន់លើអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម លោក ប៉ាង សុដា និងដោះលែងគាត់​ឱ្យមានសេរីភាពវិញ។

លោកទទូចដូច្នេះថា៖ «ខ្ញុំសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន​ សែន ជាដើម សុំឱ្យជួយអន្តរាគមន៍ដោះលែងគាត់ឱ្យមានសិទ្ធិសេរីភាពវិញ ដូចប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ព្រោះគាត់ជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយរូប ហើយគាត់បានបំពេញតួនាទីជួយសង្គមច្រើនកន្លងមក»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ និង​អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ នៅថ្ងៃនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣ ខែ​​កញ្ញា ឆ្នាំ២០២១ របស់សមាគមខ្មែរកម្ពុជាក្រោម ព្រះតេជគុណ ប៉ាង សុដា ត្រូវ​បាន​នគរបាលស្រុក​-ខេត្ត និង​ព្រះអនុគណស្រុក ព្រះមេគណខេត្តកំពង់ចាម បានឡោមព័ទ្ធនិងចាប់​ព្រះកាយ និងផ្សឹក ​កាលពីថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២១ ដោយចោទ​លោក ប៉ាង សុដា ថាល្មើសវិធានរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រោយពីចាប់លោក ប៉ាង សុដា ផ្សឹក រហូតដល់ថ្ងៃទី៦ ខែញ្ញា ឆ្នាំ២០២១ លោក ប៉ាង សុដា បានចេញមកបំភ្លឺដល់សារព័ត៌មានក្នុងស្រុក​ថា លោកពិតជាបានប្រព្រឹត្តអសីលធម៌ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា​ទៅវិញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles