អង្គការសង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកណ្តាលដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលរងការចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សា

កម្ពុជា-សង្គមស៊ីវិល
15/09/2021 – 08:58
ដោយ៖ សាំ ឧត្តម
RFI

ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល (រូបភាពឯកសារ)
ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល (រូបភាពឯកសារ) © សហការី

អង្គការ​សង្គម​ស៊ីវិល​បានសម្តែង​ការសោកស្តាយ ​និងបាន​ទទូចឱ្យ​អាជ្ញាធរ​ គួរដោះលែង​ប្រជាពលរដ្ឋ​ចំនួន៩នាក់​ដែលត្រូវបាន​តុលាការ​ខេត្តកណ្តាល ​ចោទប្រកាន់​ពីបទ​បង្កប្រើប្រាស់​អំពើហឹង្សា​ដោយចេតនា​ដែលមាន​ស្ថានទម្ងន់ទោស​។​ ការឃាត់​ និងចោទ​ប្រកាន់នេះ​ ធ្វើឡើង​ក្រោយប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បានប៉ះទង្គិចគ្នា​ជាមួយអាជ្ញាធរ​កាលពី​ថ្ងៃទី​១១កញ្ញា ​ក្នុងការការពារ​ដីធ្លី​របស់ពួកគេ​ពីការអភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុងខេត្តកណ្តាល​។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ លោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្សរបស់មជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឱ្យដឹងថា អាជ្ញាធរគួរតែប្រើប្រាស់វិធីសាស្ត្រដោះស្រាយជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋតាមបែបសន្តិវិធី រឺហៅថា វិធីចំណេញទាំងសងខាង ពោលគឺគ្មានអំពើហឹង្សា និងបង្កជារបួសស្នាមណាមួយ។

លោក វណ្ណ សូផាត បន្តថា ជាទូទៅគ្រប់រូបភាពតវ៉ា តែងតែមានអំពើហឹង្សាកើតឡើងដោយជៀសមិនផុតនោះទេ។ ​ប៉ុន្តែ អាជ្ញាធរគួរតែណែនាំ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ជៀសវាងពីការចាប់ឃាត់ខ្លួនដោយចោទប្រកាន់ប្រជាពលរដ្ឋក្នុងទិដ្ឋភាពច្បាប់ដែលមិនត្រឹមត្រូវ ស្របពេលក្រុមឧត្តមស្នងការសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិបានប្រាប់អំពីការដោះលែងប្រជាពលរដ្ឋឱ្យមានសេរីភាពឡើងវិញ។  បន្ថែមពីនេះ លោក វណ្ណ សូផាត ក៏បានចោទសួរទៅកាន់តុលាការខេត្តកណ្តាល ដែលបានចោទប្រកាន់ទៅលើប្រជាពលរដ្ឋ៩នាក់ថា តើភាគីណាជាអ្នកបង្កហេតុនេះមុនគេ ខណៈប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដីធ្លីស្របច្បាប់ទាំងអស់នោះ​។

ការលើកឡើងបែបនេះ ក្រោយមន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្សរូបនេះបានសង្កេតឃើញថា អាជ្ញាធរបានរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅដីស្រែដែលជាទ្រព្យសម្បត្តិស្របរបស់ពួកគេ។ លើសពីនេះ អាជ្ញាធរក៏បានប្រើប្រាស់អំពើហឹង្សាធ្ងន់ធរដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កការខូតខាតដល់ផ្ទះសម្បែង និងរបស់របរជាច្រើនផងដែរ។ ប៉ុន្តែជាក់ស្តែង តុលាការមិនបានរងការចោទប្រកាន់នោះទេ។

តែយ៉ាងណា បើតាមលោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូវិញបានប្រាប់វិទ្យុបារាំងអន្តរជាតិថា បញ្ហាជម្លោះវិវាទដីធ្លីនេះ កើតចេញពីដើមចមមួយចំនួនដូចជា អាជ្ញាធរមិនព្រមដោះស្រាយតាមសន្តិវិធី ផ្តល់ប្រាក់សំណងត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមិនព្រមបើកផ្លូវឱ្យប្រជាពលរដ្ឋចូលទៅមើល និងពិនិត្យស្រែរបស់ពួកគេ ដែលក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកំពុងឈូសឆាយ។ 

សូមជម្រាបថា ពលរដ្ឋចំនួន៩នាក់ ក្នុងចំណោម៣០នាក់ដែលបានតវ៉ាបញ្ហាជម្លោះដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១កញ្ញាកន្លងទៅ និងរងការការចោទប្រកាន់ពីបទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈមាន​ស្ថាន​ទម្ងន់​ទោស ដោយ​ថា​ បាន​ប្រើ​ហិង្សា​លើ​នគរបាល ១៣ នាក់ ឱ្យ​មាន​របួស​ស្នាម។  ដោយឡែក ពលរដ្ឋចំនួន២១នាក់ផ្សេងទៀតត្រូវបានដោះលែង និងធ្វើកិច្ចសន្យាត្រឡប់មកផ្ទះរៀងៗខ្លួនវិញកាលពីថ្ងៃ១៤កញ្ញាម្សិលមិញ៕

What Next?

Recent Articles

One Response to "អង្គការសង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកណ្តាលដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលរងការចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សា"

  1. Anonymous says:

    one problem that I will never support any group of people or any one if they take that evil monster HUN NAL pitcher to protest and ask HUN NAL to help

Leave a Reply

Submit Comment