អង្គការ​​អន្តរជាតិ​​ជំរុញ​​ឱ្យ​​យុវជន​​ខ្មែរ​​បន្ត​​ភាព​​សកម្ម ដើម្បី​ជួយ​​ឱ្យ​មាន​​ដំណើរការ​​ប្រជាធិបតេយ្យ

ដោយ ទីន ហ្សាការីយ៉ា
2021-09-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​​អន្តរជាតិ​​ជំរុញ​​ឱ្យ​​យុវជន​​ខ្មែរ​​បន្ត​​ភាព​​សកម្ម ដើម្បី​ជួយ​​ឱ្យ​មាន​​ដំណើរការ​​ប្រជាធិបតេយ្យ

(ឆ្វេងខាងលើ) លោក ឌែរិក មិតឆល​​(Derek Mitchell)​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) លោក ដេញ៉ល ថ្វាញនីង​​(Daniel Twining) ប្រធាន​វិទ្យាស្ថាន​ និងសាធារណរដ្ឋ​អន្តរជាតិ (IRI) និងខាងក្រោមគឺឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំកម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​តាម​ប្រព័ន្ធ​អ៊ិនធើណិត (Internet) ដើម្បី​អបអរ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិនៅ​ថ្ងៃ​ទី១៥ ខែកញ្ញា។ រូប៖ Tweeter Patrick Murphy


អង្គការ​ពិភពលោក​ផ្នែក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​លើក​ទឹកចិត្ត​ដល់​យុវជន​ ខ្មែរ​ឱ្យ​បន្ត​ភាព​សកម្ម​របស់​ខ្លួន ដើម្បី​ជួយ​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា។ អង្គការ​ទាំង​នោះ​សង្កត់​ធ្ងន់​ថា គេ​មិន​អាច​រង់​ចាំ​មេដឹកនាំ​ផ្ដាច់​ការ​ដាក់​ទាន​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​នោះ​​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្លួន​ឯង​​ត្រូវ​​ធ្វើ​សកម្មភាព​ឱ្យ​បាន​​ខ្លាំងក្លា​​បន្ថែម​ទៀត។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​ថា កម្ពុជា​​មិន​​បាន​​បិទ​​លំហ​ប្រជាធិបតេយ្យ​នោះ​ទេ។

អង្គការ​អន្តរជាតិ​ពីរ​ដែល​ធ្វើ​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភព​លោក គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​(IRI)​​លើក​ឡើង​ស្រប​គ្នា​ថា តួនាទី​របស់​ពលរដ្ឋ ជាពិសេស​យុវជន មាន​សារៈ​សំខាន់​ជា​ខ្លាំង​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ(NDI) លោក ឌែរិក មិតឆល​​(Derek Mitchell)​ ​មាន​​ប្រសាសន៍​​ថា នៅ​ក្នុង​ប្រទេស​ដែល​មានការ​គាបសង្កត់​ដូច​កម្ពុជា​បច្ចុប្បន្ន​នេះ ពលរដ្ឋ​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​បោះបង់​ចោល​ការ​តស៊ូ​របស់​ខ្លួន។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​រឹងមាំ​ឡើង ដើម្បី​ការពារ​សិទ្ធិ និង​ភាព​​ជា​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថ្លែង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ និង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ គួរតែ​កសាង​បណ្ដាញ​ជាមួយ​ពលរដ្ឋ​ប្រទេស​ដទៃទៀត ដែល​មាន​ជំនឿ​ដូចគ្នា​នេះ​ដែរ ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​សាមគ្គីភាព។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ខ្មែរ​គួរតែ​ចាប់ផ្តើម​រួមគ្នា​ធ្វើ​សកម្មភាព​ឱ្យ​បាន​ច្រើន​នៅ​តាម​មូល​ដ្ឋាន ដើម្បី​បង្កើត​ជា​វប្បធម៌​នៃ​ការពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា៖ «យើង​ឆ្ពោះ​ទៅមុខ​ទាំង​អស់​គ្នា ដើម្បី​រក​មធ្យោបាយ​ធ្វើ​ការ​ដោយ​សាមគ្គីភាព និង​ភាព​ទន់ភ្លន់ និង​ដើម្បី​ធានា​ថា សតវត្សរ៍​ទី២១នេះ ជា​សករាជ​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់គ្នា មិន​មែន​សម្រាប់​តែ​ក្រុម​ពួក​អភិជន និង​មេដឹកនាំ​ផ្ដាច់ការ​នោះ​ទេ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ណាស់​ចំពោះ​រឿង​នេះ។ ខ្ញុំ​យល់​ថា នៅពេល​ដែល​យុវជន​ដឹង​ពី​តម្រូវការ​របស់​ខ្លួន ហើយ​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ឬ​ទាមទារ​ចង់​បញ្ចេញ​សំឡេង​នៅ​ក្នុង​សង្គម ការ​លើក​ឡើង​ទាំងនោះ​នឹង​ត្រូវ​បាន​គេ​ដឹង​លឺ​នៅ​ថ្ងៃ​ណាមួយ។ ពួក​មេដឹកនាំ​ផ្ដាច់​ការ​កំពុង​តែ​រីករាយ​នូវ​អ្វី​ដែល​ពួកគេ​មាន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ពួក​គេ​មិន​មែន​មាន​វា​ជា​រៀង​រហូត​នោះ​ទេ ហើយ​បន្តិច​ម្តងៗ ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​នឹង​ក្លាយ​ជាពេល​វេលា​ដ៏​រីករាយ»។

ស្រដៀង​គ្នា​នេះ ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) លោក ដេញ៉ល ថ្វាញនីង​​(Daniel Twining) ​មាន​ប្រសាសន៍​​ថា លទ្ធិ​ប្រជាធិបតេយ្យ​អាច​ដំណើរការ​ទៅ​បាន ទាល់​តែ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ជាពិសេស​យុវជន ពីព្រោះ​ពួកគេ​មាន​ថាមពល ភាព​ស្វាហាប់ និង​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ចងក្រង​គ្នា​ជា​បណ្ដាញ។ លោក​បន្ត​ថា យុវជន​ខ្មែរ​អាច​ធ្វើ​សកម្មភាព និង​តស៊ូ​មតិ​លើ​បញ្ហា​ជាច្រើន​ដែល​កើត​ឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន មាន​ជាអាទិ៍ បញ្ហា​អប់រំ សុខាភិបាល បញ្ហា​ទឹក​ភ្លើង ឬ​រឿង​ផ្លូវ​ថ្នល់ ជាដើម ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ពី​កម្រិត​មូលដ្ឋាន​មក​វិញ៖ «ការ​មិន​ធ្វើ​អ្វី​សោះ ហើយ​រង់ចាំ​ឱ្យ​តំណាង​រាស្ត្រ ឬ​រដ្ឋមន្ត្រី​ណា​ម្នាក់​មក​ដោះស្រាយ​បញ្ហា​ឱ្យ​យើង​នោះ វា​មិនមែន​ជា​ដំណោះស្រាយ​ឡើយ។ ខ្ញុំ​ហ៊ាន​និយាយ​ថា នៅ​ប្រទេស​ណា​ក៏​ដូច្នេះ​ដែរ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង។ អ៊ីចឹង​ហើយ សូម​សកម្ម​ឡើង និង​រួមគ្នា​ដើម្បី​កៀរគរ​មិត្ត​ភក្តិ ហើយ​រៀបចំ​ផែន​ការ​សកម្មភាព។ ការ​ចងក្រង​គ្នា​ជា​បណ្ដាញ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ការ​ធ្វើ​អ្វី​មួយ​តែ​ម្នាក់​ឯង​មិន​ងាយ​សម្រេច​ផល​នោះ​ទេ។ ផ្ទុយទៅវិញ បើ​យើង​អាច​ធ្វើ​អ្វី​មួយ​ជា​ក្រុម ឬ​ជា​សហគមន៍​នោះ វា​ពិត​ជា​មាន​ទម្ងន់ និង​អាច​សម្រេច​ជោគ​វាសនា​របស់​យើង​ម្នាក់ៗ។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ពលរដ្ឋ ២ភាគ៣ ជា​មនុស្ស​វ័យ​ក្មេង ដូច​ករណី​ប្រទេស​កម្ពុជា​នេះ អ្នក​នយោបាយ​ត្រូវតែ​ស្ដាប់ ហើយ​​ឆ្លើយ​តប​តាម​សំណើ និង​សកម្មភាព​របស់​អ្នក​ដោយ​ចៀស​មិន​រួច»។

អនុសាសន៍​របស់​ប្រធាន​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​តាម​ប្រព័ន្ធ​អ៊ិនធើណិត (Internet) ដើម្បី​អបអរ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិនៅ​ថ្ងៃ​ទី១៥ ខែកញ្ញា។ កម្មវិធី​នេះ​រៀប​ចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​ដែល​មាន​ឯក​អគ្គ​រដ្ឋ​ទូត​លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ជា​អ្នក​សម្របសម្រួល។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​មិន​បាន​បិទ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​របស់​ពលរដ្ឋ ឬ​យុវជន​នោះ​ទេ។ លោក​ថ្លែង​ការពារ​ចំណាត់​ការ​ទាំង​ឡាយ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សកម្មជន​នា​ពេល​កន្លងទៅ​នោះ​ថា ជា​ការ​អនុវត្ត​ច្បាប់៖ «ទោះបី​អ្នក​ហ្នឹង​បង្កើត​គណបក្ស​កុម្មុយនីស្ត​ក៏​គ្មាន​អ្នកណា​ទៅ​ថា​អ្វី​ឱ្យ​គេ​ដែរ ពីព្រោះ​ចំហ​តើ មិន​ប្រកាន់​លទ្ធិ​ណា​ជា​លទ្ធិ​ណា​ទេ។ ដូច្នេះ​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ មិន​មែន​ជា​ជម្រើស​របស់​បរទេស​ឯណា»

ផ្ទុយ​ពី​ការ​បកស្រាយ​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មើល​ឃើញ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៧មក។ លោក​យល់​ថា ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​ពលរដ្ឋ​មិន​ទាន់​ក្លាយ​ជា​ម្ចាស់​អំណាច​ពេញលេញ​នៅ​ឡើយ។ លោក នី សុខា គាំទ្រ​​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អន្តរជាតិ ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ និង​យុវជន​បន្ត​ភាព​សកម្ម​ថែម​ទៀត ដើម្បី​ក្លាយ​ជា​ម្ចាស់​អំណាច ស្រប​តាម​គោល​ការណ៍​​ប្រជាធិបតេយ្យ៖ «សារ​របស់​គាត់(NDI និង IRI) ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ត្រឹមត្រូវ​ណាស់ អ៊ីចឹង​ហើយ​យើង​ដាស់​ស្មារតី​របស់​ខ្មែរ​ទាំង​អស់ ពិសេស​គឺ​យុវជន យុវនារី។ ប្រជាពលរដ្ឋ​យើង​គ្រប់​ស្រទាប់​វណ្ណៈ ត្រូវ​តែ​គិតគូរ ត្រូវ​តែ​ចូលរួម​ឱ្យ​បាន​សកម្ម​នៅ​ក្នុង​ដំណើរ​ការ​ហ្នឹង ទើប​យើង​អាច​ក្លាយ​ទៅ​ជា​ម្ចាស់​ប្រទេស​ពិត​ប្រាកដ ទើប​យើង​អាច​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​យើង​ត្រឡប់​មក​វិញ​ឱ្យ​បាន​ល្អ មិន​មែន​យើង​ពឹង​អាស្រ័យ​តែ​ទៅ​លើ​អ្នក​ដឹកនាំ ឬ​ក៏​ពឹង​អាស្រ័យ​ទៅ​លើ​គណបក្ស​នយោបាយ​ អ្នក​ដឹកនាំ​នយោបាយ​ទេ»។

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​​វាយ​តម្លៃ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ដុនដាប​ខ្លាំង បន្ទាប់​ពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ ២០១៧ និង​បើក​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​រិះគន់។ ជិត ៤ឆ្នាំ​មក​នេះ ស្ថាន​ការណ៍​​ធ្លាក់​ដុនដាប​ទាំងនេះ មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ ស្របពេល​អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​បង្ក្រាប​លើ​សំឡេង​រិះគន់​ និង​សំឡេង​ឯករាជ្យ។

អ្នក​តាម​ដាន​ស្ថានការណ៍​វាយ​តម្លៃ​ថា យុទ្ធសាស្ត្រ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​នេះ គឺ​ដើម្បី​ធានា​ជ័យ​ជម្នះ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នៅក្នុង​ការ​​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៨ និង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នា​ពេល​ខាងមុខ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​បាន​ជះ​ផល​អាក្រក់​មក​វិញ​ដល់​សង្គម​ជាតិ នោះ​គឺ​ការ​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ព្រមទាំង​ការ​ខូច​ស្ថាប័ន និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ​កាល​ជិត ៣ទស្សវត្សរ៍​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អង្គការ​​អន្តរជាតិ​​ជំរុញ​​ឱ្យ​​យុវជន​​ខ្មែរ​​បន្ត​​ភាព​​សកម្ម ដើម្បី​ជួយ​​ឱ្យ​មាន​​ដំណើរការ​​ប្រជាធិបតេយ្យ"

  1. so socheath says:

    ហាស ! ហាស
    អាពីរក្បាលនេះ ចេះក្រឡាសារ បដិវត្តន៍ពណ៍វាហើយ
    ( ឌែរិក មិតឆែល​​(Derek Mitchell)​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដានីញ៉ែល ថ្វាញនីង​​(Daniel Twining) ប្រធាន​វិទ្យាស្ថាន​ និងសាធារណរដ្ឋ​អន្តរជាតិ (IRI) )
    ការធ្វើសកម្មភាពរបស់វាកន្លងមក នៅកម្ពុជា គឺមានតែភាពញុះញង់អុចអាល បំបែកកម្លាំង
    ប្រជាជនទីក្រុងចេញ ចេញពីជនបទ រូចហើយយកទីជនបទហ៊ុំព័ទ្ធទីក្រុងតាមរយះ យុទ្ធសាស្ត្របដិវត្តន៍ពណ៍ ដែលពួកវារៀបចំឡើង ។

  2. Anonymous says:

    be preparing for the wars in the next few month this is my warning to HUN NAL . the whole world start to squeeze your air intake see how long can you bread . I do not think CHINA can help you Mr all ASIAN nation will turn the big gun on you soon

Leave a Reply

Submit Comment