អ្នកឃ្លាំមើល​សង្គម​៖ ថៃ​នឹង​មិន​ចាត់ការ​សកម្មជន​នយោបាយ​នៅ​ថៃ តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ

ដោយ មួង ណារ៉េត
2021-09-14
RFA

អ្នកឃ្លាំមើល​សង្គម​៖ ថៃ​នឹង​មិន​ចាត់ការ​សកម្មជន​នយោបាយ​នៅ​ថៃ តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ

​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម។ រូប៖ RFA


អ្នកឃ្លាំមើល​សង្គម​ថា ភាគី​ថៃ​នឹង​មិន​ចាត់ការ ឬ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​នៅ​លើទឹក​ដី​ថៃ តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ។ ផ្ទុយទៅវិញ ការណ៍​ដែល​មន្ត្រី​ថៃ​សន្យា​ជាមួយ​ភាគី​កម្ពុជា គឺ​ធ្វើ​គ្រាន់តែ​ដើម្បី​ស្អំ​ចិត្ត​កម្ពុជា ដែល​ម្ដង​ហើយ​ម្ដង​ទៀត រត់​ទៅ​ពឹង​ថៃ​ឲ្យ​ចាត់ការ​ពលរដ្ឋ​ខ្មែរ។

អ្នក​សិក្សា និង​ឃ្លាំមើល​សង្គម​មិន​ភ្ញាក់ផ្អើល​នឹង​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នៅ​ចិញ្ចឹម​ចិត្ត​តាម​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​រហូត​ដល់​ទឹកដី​ថៃ​នោះ​ទេ ព្រោះ​នេះ​ជា​អាច​ជា​យុទ្ធសាស្ត្រ បន្លាច និង​បង្អើល​បែប​វាយ​បណ្ដើរ​ចរចា​បណ្ដើរ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី ថា សកម្មជន​នយោបាយ​ខ្មែរ ដែល​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ តាមធម្មតា​ទទួល​បាន​កិច្ច​គាំពារ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ​ក្នុងឋានៈជា​ជនភៀសខ្លួន​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ លោក​បន្ត​ថា បើ​ភាគី​ថៃ​ចង់​ចាត់ការ​សកម្មជន​នយោបាយ​ទាំង​នេះ ក៏​មិន​ងាយស្រួល​នោះ​ដែរ ព្រោះ​នីតិវិធី​ស្មុគ​ស្មាញ ហើយ​ភាគី​ថៃ​ក៏​មិន​ចង់​រង​សម្ពាធ ឬ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ រឿង​សិទ្ធិ​ជនភៀសខ្លួន​ផ្នែក​នយោបាយ​នេះ​ដែរ៖ «បើ​យើង​មើល​នីតិវិធី​គឺ​វា​ពិបាក ដោយសារ​ពួក​យុវជន​ដែល​សកម្ម នៅ​ក្នុង​ការរិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​គាត់​ជា​ពលរដ្ឋ​របស់​យូអិន​ទៅ​ហើយ គាត់​ជា​ជន​ភៀសខ្លួន​នយោបាយ។ ដូច្នេះ​រដ្ឋាភិបាល​ថៃ មុន​នឹង​ចាត់ការ​ទៅ​លើ​ពួក​គាត់​ហ្នឹង ក៏​ត្រូវតែ​ពិភាក្សា​ជាមួយ​យូអិន​ដែរ។ ពួក​គាត់​មាន​ឋានៈ​ជា​ពលរដ្ឋ​របស់​អង្គការ​សហប្រជាជាតិ​មិន​មែន​តែ​ជា​ពលរដ្ឋ​កម្ពុជា​តែ​មួយ​មុខ​ទេ។ ខ្ញុំ​មើល​ទៅ​របៀប​ក្នុង​ការ​ឆ្លើយ​របស់​រដ្ឋាភិបាល​ថៃ ទៅ​រដ្ឋាភិបាល​កម្ពុជា​នេះ គ្រាន់តែ​ជា​តិចនិក​ការទូត​មួយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ភាគី​ខាង​កម្ពុជា​ហ្នឹង​សប្បាយ​ចិត្ត ស្អំ​ចិត្ត​ភាគី​កម្ពុជា​តែប៉ុណ្ណោះ។ ប៉ុន្តែ​ជា​នីតិវិធី​ពិត​ប្រាកដ ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​ថៃ​នឹង​មិន​ចាត់ការ​រឿង​ហ្នឹង​ទេ»

ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះ​ផ្សាយ​ថា ក្រោយ​ការ​សុំ​ពឹង​ថៃ​ជា​រឿយៗ ឲ្យ​ចាត់ការ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹក​ដី​ថៃ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក សុមស័ក្តិ ទេពសុធិន (Somsak Tepsuthin) សន្យា​ថា រដ្ឋាភិបាល​ថៃ​នឹង​ពិនិត្យ​លទ្ធភាព និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​លើ​ក្រុម​ប្រឆាំង​ណា​មួយ ដែល​យក​ទឹកដី​ថៃ ដើម្បី​ធ្វើសកម្មភាព​ប្រឆាំង ឬ​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​ខ្មែរ។

​ដូចគ្នា​នេះ​ដែរ​ ​យុវជន​ដែល​ជាសកម្ម​ជន​គណបក្សប្រឆាំង​ ​និង​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ ​និង​សកម្ម​ក្នុង​ការ​ធ្វើនយោបាយ​ ​តាម​បណ្ដាញ​សង្គម​ ​ថា​សារ​របស់​ប្រព័ន្ធឃោសនា​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អះអាង​អំពី​ការ​សន្យា​ការ​របស់​អាជ្ញាធរ​ថៃ​លើ​សកម្មជន​ខ្មែរ​នេះ​ ​មិន​មាន​ឥទ្ធិពល​អ្វី​ ​ឲ្យ​ថៃ​ចាត់ការ​នោះ​ឡើយ ព្រោះ​ពួក​លោក​គ្មាន​ធ្វើអ្វី​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​របស់​របប​លោក ហ៊ុន សែន នោះ​ដែរ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ លោក សេង ម៉េង​ប៊ុនរ៉ុង ថា សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​សកម្មភាព​នយោបាយ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ លោក​ថា ការ​និយាយ​ការពិត​អំពី​បញ្ហា​អសកម្ម​នៃ​របប​លោក ហ៊ុន សែន គឺជា​ការរិះគន់​ក្នុង​ន័យ​ឲ្យ​របប​នេះ​កែ​លម្អ ដើម្បី​បាន​ប្រយោជន៍​ដល់​សង្គមជាតិ​ខ្មែរ​ទាំង​មូល​គ្មាន​អ្វី​ដែល​ខុសច្បាប់ ឬ​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ។ លោក​បន្ថែម​ថា ខាង​ភាគី​ថៃ ក៏​គ្មាន​មូលដ្ឋាន​ច្បាប់​ណា មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ ដែល​សម្ដែង​មតិ និង​និយាយ​ការ​ពិត​អំពី​បញ្ហា​សង្គម​ខ្មែរ​នោះ​ដែរ៖ «ថៃ​កំពុងតែ​មានរឿង​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ច្រើន​ណាស់។ បើ​គេ​យក​ពេល​វេលា​មក​ចង់​ចាត់ការ​យើង​ទៀត ដែល​យើង​ជា​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ ច្បាស់​ណាស់​គេ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​សិន។ គេ​មិនមែន​ចេះតែ​ធ្វើ​ដោយ​ចិត្ត​ឯង ឬ​គេ​ជឿ​របប​លោក ហ៊ុន សែន នោះ​ទេ។ ដូច្នេះ គេ​មិន​អាច​ធ្វើអ្វី​ភ្លាមៗ។ យ៉ាងណា​ក៏​គេ​ត្រូវតែ​ធ្វើ​ការស៊ើបអង្កេត​ជា​មុន​ដែរ។ គេ​នឹង​ដឹង​ថា ពួក​យើង​ធ្វើអ្វី។ ពួក​យើង​ធ្វើការ​តស៊ូ​មតិ។ ពួក​យើង​ធ្វើការ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ»

វិទ្យុ​អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ស្ថានទូត​ថៃ និង​ក្រសួង​យុត្តិធម៌​ថៃ ជុំវិញ​ខ្លឹមសារ​ដែល​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន អះអាង​ថា ជា​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ​នេះ បាន​នៅ​ឡើយ​ទេ។

ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា សុទ្ធតែ​មាន​ចែង​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ ដោយ​គ្មាន​ការ​រើសអើង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ។ រដ្ឋ​បរទេស​មាន​កាតព្វកិច្ច​ផ្តល់​កិច្ច​ការពារ និង​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ដល់​ជន​ភៀស​ខ្លួន​នយោបាយ ដែល​គេ​ច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​សាមី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកឃ្លាំមើល​សង្គម​៖ ថៃ​នឹង​មិន​ចាត់ការ​សកម្មជន​នយោបាយ​នៅ​ថៃ តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ"

  1. so socheath says:

    ចុមអាពូជសំផឹងសេង សារីនេះ មើលងាយក្រសួងយុត្តិធម៍ថៃ ហាក់ដូចមិនចេះច្បាប់
    ក្នុងការបង្ក្រាបបទល្មើសឆ្លងដែរដូចពួកវាអញ្ចឹងផង ?

  2. Anonymous says:

    please be careful Mr SENG SARY look this guy SO SOCHEATH is HUN SEN’s right hand killer . after you finish your study do not go back to KAMPOUCHEA . I knew you speak every thing the truth but it hurt that evil leader I knew they will finding the way to eliminate you . please take care of yourself

Leave a Reply

Submit Comment