អ្នក​ឃ្លាំ​មើល​ថា​ ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​​នៅ​ខេត្ត​កណ្ដាល​ផ្ទុយ​មាត្រា​៤៤​​នៃ​​រដ្ឋ​ធម្មនុញ្ញ

តុលាការ និងច្បាប់បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ញឹម សុខន |១៥ កញ្ញា ២០២១ |ម៉ោង ១៨:៣១
VOD

ក្រុមពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តកណ្ដាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយមានការប៉ះទង្គិចរវាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងសាងសង់ព្រលានយន្តហោះ (OCIC) ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយាមកាមនៅទីតាំងដីមានទំនាស់។ (ផ្ដល់ឱ្យ)

ក្រុមពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តកណ្ដាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយមានការប៉ះទង្គិចរវាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងសាងសង់ព្រលានយន្តហោះ (OCIC) ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយាមកាមនៅទីតាំងដីមានទំនាស់។ (ផ្ដល់ឱ្យ)


អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួននិយាយថា វិធាន​ការ​​ចាប់​ឃុំខ្លួ​នអ្នកតវ៉ាដីធ្លី ៣០​នាក់ ដែ​ល​​ទាម​​ទារ​​សំណងសមរម្យជាថ្នូរនឹងការបាត់បង់ដីស្រែធ្លាប់អាស្រ័យផល ដោយ​សារការ​សាង​សង់​ព្រ​លានយន្ត​ហោះថ្មី​​នៅខេត្តកណ្តាល​នោះ​ថា អាជ្ញាធរ​​បានអនុវត្តផ្ទុយពីមាត្រា៤៤ នៃរដ្ឋ​​ធម្មនុញ្ញ។

ការ​លើក​ឡើង​របស់ក្រុ​ម​អង្គ​ការ​សង្គម​ស៊ីវិល​ ធ្វើឡើង​ក្រោយពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លីជាមួយ​​គ​ម្រោង​​អភិវឌ្ឍន៍​​ព្រលាន​យន្តហោះថ្មី របស់​ក្រុមហ៊ុន OCIC ចំនួន​​៩នាក់ ត្រូវ​បាន​បញ្ជូ​​​នទៅឃុំខ្លួននៅពន្ធនាគារ ក្នុងចំណោម៣០នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អំ​ឡុង​ពេល​​​ផ្ទុះ​​ការ​​តវ៉ា ក្រោយ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង និងរបាំងដែកបិទផ្លូវ ធ្វើឱ្យពលរដ្ឋ​មិនអាចធ្វើដំ​ណើ​​រទៅកាន់ដីស្រែដែលធ្លាប់អាស្រ័យផលបាន។

ភាពចម្រូងចម្រាសនៃជម្លោះអូសបន្លាយជាង៣ឆ្នាំមកនេះ ពលរដ្ឋអះអាងថា ភាគីក្រុមហ៊ុនព្រមផ្តល់សំណង​ឱ្យពួកគេតែ៨ដុល្លារ​ក្នុង១ម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីនោះចន្លោះ​ពី២០ទៅ៣០ដុល្លារ​ក្នុង​១ម៉ែត្រ​ការ៉េ។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួនពលរដ្ឋនៅពេលនោះ អាចជាតាក់ទិ​ករបស់​ក្រុមហ៊ុន​និង​អាជ្ញាធរ ជាជាងការ​អនុវត្ត​ច្បាប់។ លោក​​ថា ​ម្ចាស់ដី​ដែល​មានបណ្ណកម្មសិទ្ធិ​រងការចោទពីបទ «បង្ករបួសស្នាម​ទៅ​លើ​មន្ត្រី​សាធារណៈ» ឬ «ញុះញង់ឱ្យមានភាពវឹកវរ»។

លោកបានគូសបញ្ជាក់ថា ជាបទពិសោធន៍​ដែល​លោក​ធ្លាប់​ឃើញកន្លងមក​ មាន​​​ទីតាំង​ជម្លោះ​ដី​​ធ្លី​​​​ជា​ច្រើន​​ទៀតដែល​មាន​ការបណ្តេ​ញចេញទាំងបង្ខំ ​គឺ​​​កម្លាំង​​អាជ្ញាធរ​តែង​តែ​​ត្រូវ​​បាន​​​​ដាក់​​​ពង្រាយ​នៅ​​​តំប​​ន់​នោះ​ ហើយក្រោ​យមក អំពើហិង្សានឹងចាប់ផ្ទុះឡើង ហើយ​​អ្នកត្រូវចាប់ខ្លួននិងចោទប្រកាន់គឺពលរដ្ឋជាម្ចាស់ដី។

បើតាមលោក វណ្ណ សុផាត វិធានការទាំងនេះហាក់អនុវត្តផ្ទុយពីគោលនយោបាយ​របស់​រដ្ឋាភិបាលក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ ផ្ទុយ​នឹង​ច្បាប់​មួយ​ចំនួន រួម​ទាំង​រដ្ឋ​ធម្ម​នុញ្ញ និង​ប្រសាសន៍របស់​ប្រមុខ​រដ្ឋាភិបាលដែល​ថ្លែង​ជា​សាធារណៈ​អំឡុ​ងឆ្នាំ២០១៦ ​ថាមិនត្រូវឱ្យពលរដ្ឋណាម្នាក់​ជាប់ពន្ធនាគារ​ដោយ​សារបញ្ហា​ដីធ្លី​នោះ​ទេ។

លោកថា៖ «អាជ្ញាធរហ្នឹងដូចជាមិនបានគិតគូរដល់សុវត្ថិភាពប្រជាពលរដ្ឋប៉ុន្មានទេ តែផ្ទុយទៅវិញ បែរជារកផលប្រយោជន៍ទៅឱ្យក្រុមហ៊ុនហ្នឹងច្រើនជាង។ អ្នកដែលរកស៊ីមានបាននៅស្រុកខ្មែរ ភាគច្រើនក្រុមហ៊ុនធំ អ្នកមានអំណាចអី គេធ្វើតែអ៊ីចឹង តើ! […] រឿងដីនេះ បើសិនអនុវត្តតាមយន្តការបណ្តេញចេញទាំងបង្ខំ ដោយឱ្យពលរដ្ឋ៨ដុល្លារក្នុង១ម៉ែត្រការ៉េហ្នឹង ក្រុមហ៊ុនចំណេញបានជាង១៩០លានដុល្លារ»។

លោក សុផាត បានកត់សម្គាល់ទៀតថា ​ភាពជាប់​គាំងដែល​ច្បាប់​​មានរួចទៅហើយ តែអាជ្ញាធរ​​មិន​អាច​​អនុវត្ត​ឱ្យ​មាន​​ប្រសិទ្ធភាពបាននោះ វានឹងបង្កឱ្យ​មានផល​ប៉ះពាល់​សង្គម​ធ្ងន់​ធ្ងរ​នៅ​ថ្ងៃ​អនាគត។

លោក​ថា៖ «សម្តេចត្រូវតែអនុវត្តអភិក្រមទាំង៥របស់សម្តេចឱ្យមានប្រសិទ្ធភាព។ ទី២ សម្ដេចគួរតែរកអ្នកនៅជិតខ្លួនណាដែលគេមានសមត្ថភាពផង និងមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍឱ្យមានតម្លាភាព។ និងទី៣ទៀត​ ការអនុវត្តកាត់បន្ថយភាពក្រីក្រហ្នឹងឱ្យមានតម្លាភាពនិងប្រសិទ្ធភាព»។

មាត្រា៤៤​ នៃរដ្ឋធម្មនុញ្ញ ចែងថា៖ «កម្មសិទ្ធិឯកជន​ស្រប​ច្បាប់ ស្ថិតក្រោមការគាំពារនៃច្បាប់ ដែល​នឹង​ដកហូត​កម្មសិទ្ធិអំពី​ជន​ណាមួយបាននោះ លុះត្រាតែ​ប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ហៅ​ការ​ចាប់​ខ្លួន​ពលរដ្ឋតវ៉ា​ដីធ្លី​នេះជា​ការ​អនុវត្តច្បាប់ដោយ​ខ្វះតម្លា​ភាព មិន​អនុលោមទៅតាមរដ្ឋធម្មនុញ្ញ ពិសេស​​មាត្រា៤៤។ លោក​បន្តថា​ ចាប់តាំងពីដើមឆ្នាំ២០១៨​មក​ ពលរដ្ឋ​​ធ្លាប់​​ស្វែង​រក​កិច្ចអន្តរាគមន៍​ពីស្ថាប័នជាតិជាច្រើនដើម្បីទាមទា​រ​សំណង​សមរម្យ តែថា ​ជាលទ្ធផល អ្នកស្វែងរកការគាំពារពីច្បាប់ពេលនោះ​មួ​យ​ចំនួនបានក្លាយ​ជាជនជាប់ចោទនិងជាប់ពន្ធនាគារ។

លោកថា៖ «បើសិនជារឿងហ្នឹងត្រូវបានដោះស្រាយដោយគោរពគោលការណ៍ច្បាប់ មានទាំងច្បាប់អស្សាមិករណ៍ ច្បាប់ភូមិបាលក្តី ច្បាប់កំពូលរដ្ឋជាតិមាត្រា៤៤ក្តី ខ្ញុំគិតថា បញ្ហាហ្នឹងវានឹងត្រូវដោះស្រាយបញ្ចប់បាត់ទៅហើយ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយថា ការឈានទៅចាប់ខ្លួនប្រជាពលរដ្ឋ រួមទាំង​ការ​ប្រើ​សម្ពាធ​ផ្នែក​ច្បាប់ ដើម្បី​ដាក់​បន្ទុក​ទៅលើម្ចាស់ដីដែលមានកម្មសិទ្ធិនោះ ​ជាការអនុវត្តផ្ទុយ​ពី​ច្បាប់មួយចំនួន រួមទាំង​ច្បាប់កំពូលរបស់ជាតិ ការនេះលោក​បារម្ភ​ថា បើគ្មានអ្វីផ្លាស់ប្តូរ​ បញ្ហាសង្គម​​នឹងធ្ងន់​ធ្ងរជាងនេះ រហូតឈានទៅដល់ដំណាក់កាលមិនអាចគ្រប់គ្រងបាន។

លោកថា៖ «យើងមានច្បាប់និងគោលការណ៍គតិយុត្តិគួរសមហើយនៅក្នុងការអនុវត្ត ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង វាអត់មានប្រសិទ្ធភាព ទី១! ទី២ ការអនុវត្តហ្នឹងមានស្តង់ដារច្រើនពេក អ៊ីចឹងទៅធ្វើឱ្យអ្នកខ្លះជាជនរងគ្រោះបែរជាក្លាយជាជនល្មើសទៅវិញ អ្នកខ្លះជនល្មើសក្លាយទៅជាជនរងគ្រោះ។ អ៊ីចឹងបានន័យថា ការ[អនុវត្ត]យើងមានគម្លាតណាស់អំពីការអនុវត្តច្បាប់ និងច្បាប់ជាក់ស្តែងហ្នឹង»។

មាត្រា៣៥​ នៃរដ្ឋធម្មនុញ្ញចែងថា៖ «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មិនអាចសុំការអត្ថាធិប្បាយ​រឿងនេះបានទេ នៅថ្ងៃអង្គារនេះ។

ប៉ុន្តែកាលពីថ្ងៃទី១២ ខែកញ្ញា ក្រោយការ​ចាប់ខ្លួនអ្នកភូមិ៣០នាក់​ រដ្ឋបាលខេត្តបានចេញ​លិខិត​បំភ្លឺ​ថា វិធាន​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​៣០នាក់នោះជា​ការ​បង្ខំ​ចិត្ត ធ្វើឡើងក្រោយពីប្រជាពលរដ្ឋប្រមាណ១០០នាក់បាន​ប្រមូលផ្តុំគ្នាប្រើហិង្សា​មកលើសមត្ថកិច្ចដែលឈរជើងនៅទីនោះឱ្យរងរបួស១៣នាក់។

អ្នកមានជម្លោះដីធ្លី​ជាមួយគម្រោងអភិវឌ្ឍន៍ព្រលាន​យន្តហោះថ្មីដែល​សុំមិនបញ្ចេញឈ្មោះ បាន​និយាយថា ពួកគាត់​បាន​​​កាន់​កាប់ដីនេះ​៣ជំនាន់មកហើយ ប៉ុន្តែពេលនេះបែរជាប្រឈមនឹងការបាត់បង់ដីធ្លី ការ​ចាប់​ខ្លួន និងខ្លះទៀតត្រូវជាប់ពន្ធនាគារទៅវិញ។

អ្នកស្រីថា៖ «ដីក៏គេយកអស់ ហើយផ្ទះក៏គេត្រូវយក ហើយឥលូវគេដាក់ពន្ធនាគារទៀត តើឱ្យពួកខ្ញុំទៅពឹងអីទៀត? តើឱ្យកូនៗនៅផ្ទះហ្នឹង វាបានអីហូប?»

អ្នកស្រីបានអំពាវ​នាវដល់​​រដ្ឋាភិបាលដោះលែងមនុស្សវ័យចំណាស់​៧នាក់ និងក្មេង២នាក់ ឱ្យមានសេរីភាព​​វិញ ដោយថា ពួកគេទាំង៩នាក់មិនបានបង្កហិង្សា​​ទៅលើក​ម្លាំងសមត្ថ​កិច្ចដូចការចោទប្រកាន់ទេ។

ស្ត្រីរូបនេះអះអាងថា ក្នុងអំឡុងពេលតវ៉ានោះ មាន​ក្មេងម្នាក់ឬពីរនាក់ប៉ុណ្ណោះបាន​ចោលដុំថ្ម​ទៅ​លើសមត្ថកិច្ច​ ប៉ុន្តែការចោល​​ដុំថ្មនោះមិនទៅដល់សមត្ថកិច្ច​ដែល​មាន​ខែល​និងរបាំងដែកការពារនោះទេ។ មួយ​វិញ​ទៀត​ គាត់​ថា ភស្តុតាង​ ដូច​ជា​ ចបជីកនិងសម្ភារមួយចំនួនដែលអាជ្ញាធរ​សម្អាងថាជា​ភស្តុតាង​​បទ​ល្មើស​នោះ ជា​សម្ភារ​ដែលពួកគេយកទៅជីកដីធ្វើរបង ដើម្បីរារាំងកុំឱ្យអាជ្ញាធរអាចរំកិលរនាំងដែកចូ​ល​ដី​អ្នក​ភូមិ​បន្តទៀតប៉ុណ្ណោះ។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី របស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នក​ឃ្លាំ​មើល​ថា​ ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​​នៅ​ខេត្ត​កណ្ដាល​ផ្ទុយ​មាត្រា​៤៤​​នៃ​​រដ្ឋ​ធម្មនុញ្ញ"

  1. Anonymous says:

    HAS….. do not talking about the law HUN NAL is the law he is a GOD of this poor nation as what he though . as I mentioning many time HUN NAL call HUN SEN next name CHHOUPSAMLAP is a fake GOD this animal got his powers by Vietcong all he did was working for communist Vietcong and CHINA . I knew HUN NAL was an ugly evil monster he born whit evil mind in PEAM KOSNA alongside MEKONG river close to where I live . this animal HUN NAL used to be Khmer Reu commander this guy have to be brave enough to kill that right he was not hesitated to slaughter any human being .

Leave a Reply

Submit Comment