អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មីជាង៦០០នាក់​

ដោយ អាស៊ីសេរី
2021-09-15
RFA

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មីជាង៦០០នាក់​

ក្រុមគ្រូពេទ្យកំពុងយកសាកសពជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជានៅក្នុងវត្តមួយនៅខេត្តកំពង់ចាម កាលពី២៦ ខែកក្កដា ឆ្នាំ២០២១។ រូប៖ រដ្ឋបាលខេត្តកំពង់ចាម។


អ្នក​កើត​​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ២ពាន់​៦៧នាក់(២.០៦៧)ហើយ ​នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញមានចំនួន ៦៥៣នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ១៣០​នាក់ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​​១ពាន់​នាក់(១០១.៤៤៣) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង​ ៩ម៉ឺន​ ៥ពាន់​នាក់​(៩៥.៣៦៧)។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ ​ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែ​កញ្ញា រដ្ឋាភិបាល​ចាក់​​ជូន​ពលរដ្ឋ​កាន់​តែ​ជិត​សម្រេច​ផែនការណ៍​ ១០០​ភាគរយ​ហើយ​ ក្នុង​​ចំណោម​​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​​​ជិត​ ១២​លាន​នាក់​។ ជា​មួយ​គ្នា​នេះ ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​ត្រៀម​ចាក់​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ​ជូន​ដល់​កុមារ​អាយុ​ពី​ ៦ ​ទៅ ​១១ ​ឆ្នាំ​ បន្ត​ទៀត​ ដើម្បី​បើក​សាលា​បឋម​​ឱ្យ​កុមារ​​ចូល​រៀន​​ឡើង​វិញ​ ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​យក​​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ ជា​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​​។

ទោះ​បី​ជា​​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជិត​សម្រេច​ផែនការ​យ៉ាង​នេះ​​ក្ដី​ ក៏​​​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ និង​អ្នក​ឆ្លង​ថ្មី​នៅ​តែ​មាន​ចំនួន​ច្រើន​ គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល។ ​រយៈ​ពេល​ ១សប្ដាហ៍​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​​ចន្លោះ​ពី ​៩ ​ទៅ ​២០ ​នាក់ ​ក្នុង​មួយ​ថ្ងៃ​ និង​​អ្នក​ឆ្លង​ថ្មី​​​មាន​ជាង៦០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment