អ្នក​វិភាគ​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​ស្រប​ពេល​កម្ពុជា​បន្ត​ដឹកនាំ​ដោយ​របប​ឯកបក្ស

ដោយ មាន ឫទ្ធិ
2021-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​ស្រប​ពេល​កម្ពុជា​បន្ត​ដឹកនាំ​ដោយ​របប​ឯកបក្ស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច​តាម​មើល​សន្លឹកឆ្នោត​របស់​លោក​នៅក្នុង​ធុងឆ្នោត​​ពេល​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១៧។ រូប៖ HRW/AP


ក្រុម​អ្នកវិភាគ និង​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រជាធិបតេយ្យមើល​ឃើញ​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​ដុនដាប​ខ្លាំង ស្របពេល​​ដែល​​កម្ពុជា​បន្តដឹកនាំ​ដោយ​របប​គ្រប់គ្រង​បែប​ឯកបក្ស​ផ្ទុយ​ពី​គោលការណ៍​រដ្ឋធម្មនុញ្ញ។ ពួកគេ​ពុំ​មាន​សុទិដ្ឋិនិយម​ថា ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើយ ដរាប​ណា​កម្ពុ​ជា​​នៅតែ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ក្រុមមេដឹកនាំ​បក្ស​កាន់អំណាច​បច្ចុប្បន្ន។ មន្ត្រីនាំពាក្យ​បក្ស​កាន់អំណាច​បដិសេធ​​ការ​លើកឡើង​នេះហើយ​ថា កម្ពុជា​កំពុង​មាន​លទ្ធិប្រជាធិបតេយ្យ​ដែល​អាច​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​សុខសន្តិភាព។

គិត​រហូត​មកទល់​ពេលនេះ អស់​រយៈពេល​ជិត​សាមសិបឆ្នាំប្លាយ​ហើយ ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​សហគមន៍​អន្តរជាតិ​បាន​នាំ​យក​មក​សាប​ព្រួស​នៅក្នុង​សង្គម​កម្ពុជា ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងបារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក៏ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់​ឬសគល់​នៅ​កម្ពុជា​នេះ ហាក់​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ត្រដរ​ខ្យល់​ស្ទើរតែ​គ្មាន​ដំណើរការ ខណៈ​ក្រុមមេដឹកនាំ​បច្ចុប្បន្ន​កំពុង​កេងចំណេញ​ពី​លទ្ធិនេះ​ស្រដៀងគ្នានឹង​សម័យ​ខ្មែរក្រហម ដែល​ដាក់​ឈ្មោះ​ប្រទេស​ថា «កម្ពុជា​ប្រជាធិបតេយ្យ» យ៉ាងដូច្នោះ។

អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត មាស នី មើលឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ កំពុងដើរ​ដល់​ផ្លូវបំបែក​ចាកឆ្ងាយ​ខុសពី​អ្វីដែល​មាន​​ចែង​​ក្នុង​​រដ្ឋធម្មនុញ្ញ។ លោកថា រដ្ឋាភិបាល​កំពុង​អនុវត្ត​នូវអ្វីមួយ​ដែលខ្លួន​យល់​ថា​ ជា​លទ្ធិប្រជាធិបតេយ្យ​តាម​ស្តង់ដារ​ខ្លួនឯង ខណៈ​ពលរដ្ឋ​កម្ពុជា​នៅ​មិនទាន់​ទទួល​បាន​នូវ​ការផ្តល់​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ និង​ការចូលរួម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅឡើយទេ។ លោក​ពុំ​មាន​សុទិដ្ឋិនិយម​​ទេ​ថា ក្រុម​មេដឹកនាំ​បច្ចុប្បន្ននឹង​ងាក​មក​អនុវត្ត​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពិតប្រាកដនោះ៖ «ដរាបណា​យើង​នៅតែ​ប្រទូងប្រទាញ​គ្នា​ថា ទាញ​យក​ប្រជាធិបតេយ្យ​ទៅរក​ផ្លូវត្រូវ​រៀងៗខ្លួន ក៏ប៉ុន្តែ មិន​បាន​មើល​ឱ្យ​បាន​ច្បាស់​ទៅលើ​ស្អី​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អនុវត្ត​ទៅតាម​អ្វីដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ អាហ្នុង​ខ្ញុំ​គិតថា យើងនឹង​ពិបាក​ក្នុងការ​រកឱកាស​ដើម្បី​វិលត្រលប់​មករក​ប្រជាធិបតេយ្យ​ពិតប្រាកដ ​ទោះបីជា​ស្តង់ដារ​ណាក៏ដោយ។ ប៉ុន្តែ ស្តង់ដារ​របស់​យើង​ គឺ​ស្តង់ដារ​រដ្ឋធម្មនុញ្ញ មិនមែន​ស្តង់ដារ​រដ្ឋាភិបាល​អះអាង ហើយ​ក៏​ស្តង់ដារ​របស់​បស្ចឹមប្រទេស​ណាមួយ​ដូចដែល​គេបាន​លើកឡើងដែរ»។

ស្រដៀងគ្នា​ទៅនឹង​ការយល់ឃើញ​នេះដែរ អ្នកសិក្សាស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​មួយរូបទៀត គឺ​បណ្ឌិត សេង សារី មើលឃើញ​ថា ឱកាស​ដែលថា ​ក្រុមមេដឹកនាំ​ខ្មែរ​បច្ចប្បន្ន​នឹង​ងាក​មកស្តា​ប្រជាធិបតេយ្យ​ឱ្យ​រីកលូតលាស់​ឡើងវិញ​ស្របតាម​ការចង់ឃើញ​របស់​សហគមន៍​អន្តរជាតិ​នោះ គឺ​មាន​តិចតួចណាស់​៖​ «សម្រាប់​ខ្ញុំ ខ្ញុំមើលឃើញ​ថា កម្ពុជា​នៅ​បាន​ពិន្ទុ​ទាបមែនទែន​នៅក្នុង​ការអនុវត្ត​ប្រជាធិបតេយ្យ ហើយ​ឥឡូវនេះ យើង​មិនទាន់​ឃើញ​មាន​និន្នាការ​ណា​ថា រដ្ឋាភិបាល​បង្ហាញ​នូវ​សុច្ឆន្ទៈ ឬក៏​បង្ហាញ​នូវ​ចេតនា​នៅក្នុង​ការត្រលប់មក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ។ យើងឃើញថា ពី​មួយ​ឆ្នាំ​ទៅមួយឆ្នាំ ការរឹតបណ្តឹង​សិទ្ធិសេរីភាព ការរំលោភបំពាន​ដីធ្លី ក៏កាន់តែ​កើនឡើង កាន់តែ​ច្រើនឡើងៗ ហើយ​កាន់តែ​សាហាវ​ជាងមុន​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ដូច្នេះ បើសិនជា​ក្នុងករណី​រដ្ឋាភិបាល​បច្ចុប្បន្ន​គាត់នៅតែ​គ្រប់គ្រង​អំណាច ខ្ញុំ​មើលឃើញ​ថា ឱកាស​នៅក្នុង​ការធ្វើឱ្យ​ប្រជាធិបតេយ្យ​ដុះដាល​រីកលូតលាស់​ទៀតនោះ គឺ​មាន​ឱកាស​តិចតួច​មែនទែន»

បណ្ឌិត សេង សារី ពន្យល់​ថា បញ្ហា​ដែល​លទ្ធិប្រជាធិបតេយ្យ​មិនអាច​រីកដុះដាល​បាន​នៅកម្ពុជា គឺដោយសារ​តែ​ក្រុមមេដឹកនាំ​បច្ចុប្បន្នដែល​មាន​ប្រវត្តិចេញ​ពី​បក្សកុម្មុយនិស្ត​មើលឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​ គឺជា​ការគំរាមកំហែង​ដល់​ការបន្ត​កាន់អំណាច​របស់​ពួកគេ៖ «បើ​យើងមើល​ពី​សមាសភាព​របស់​រដ្ឋាភិបាល យើងឃើញថា ដោយសារ​រដ្ឋាភិបាល​គាត់បាន​អំណាច​ពី​ដំបូងមក​មិនមែន​ដោយការ​បាន​តាម​របៀបរបប​ប្រជាធិបតេយ្យ​ទេ។ គាត់​បាន​តាម​របៀបរបប​ជា​ការដណ្តើម​យក​អ៊ីចឹង។ ដូច្នេះហើយ ខ្ញុំ​មើលឃើញ​ថា គាត់​ហាក់​ដូចជា​អារម្មណ៍​នៅក្នុង​ការរីកចម្រើន​ប្រជាធិបតេយ្យ ហើយ​គាត់​គិតថា​ប្រជាធិបតេយ្យ​គឺជា​ការគំរាមកំហែង​ទៅដល់​អំណាច​របស់​គាត់ទៅវិញ។ ដូច្នេះ​ហើយ​គាត់​ព្យាយាម​កសាង​នូវ​ក្រុម​បក្ខពួក​របស់​ខ្លួន​ជាជាង​ការពង្រឹង​នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ។ សំណួរ​នៅត្រង់ថា​ តើ​យើង​គួរតែ​រើស​មេដឹកនាំ​ថ្មី​ដែលមាន​គុណតម្លៃ​ដែលមាន​ផ្នត់គំនិត​ជា​អ្នកប្រជាធិបតេយ្យ ឬក៏​យើង​ចង់ឱ្យ​មាន​ដឹកនាំ​មាន​ការផ្លាស់ប្តូរ។ ប៉ុន្តែ សម្រាប់​​ខ្ញុំ​ៗ​មើលឃើញថា វា​ហួសពេល​ទៅហើយ​សម្រាប់​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន​គាត់​ផ្លាស់ប្តូរ​ឱ្យ​មកយល់​ដឹង​អំពីប្រជាធិបតេយ្យ​ពិតប្រាកដ ពីព្រោះ​អាយុ​គាត់​ក៏រាង​ជ្រែ​ណាស់​ទៅហើយៗ​អ្វីដែល​ពិបាក​ខ្លាំងបំផុត​នោះ គឺ​ប្រដៅ​មនុស្ស​ចាស់​ហ្នុងឯង»

ចាប់តាំង​ពី​មាន​ការបោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ជាលើកដំបូង​តាមរយៈ​ការជួយជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ​កាលពីឆ្នាំ១៩៩៣មក កម្ពុជា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​តានតឹង​ជាច្រើន​ដែល​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ត្រូវដើរថយកក្រោយ។ ក្នុងនោះ​មាន​ដូចជា ការធ្វើ​រដ្ឋប្រហារបង្ហូរឈាម​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដើម្បី​ទម្លាក់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី១ និង​ដើម្បី​ធានា​ជ័យជម្នះ​នៅ​ក្នុង​អាណត្តិ​ទីពីរ ការធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋកំពូលៗ​ដូចជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ សភា និង​ព្រឹទ្ធសភា ព្រមទាំង​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ប៉ូលីស និង​យោធា លែង​ជា​ស្ថាប័នឯករាជ្យ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង​ស្ទើតែ​ផ្តាច់មុខ​របស់​គណបក្ស​កាន់អំណាច។ ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៧ ដើម្បី​ធានា​ជ័យជម្នះ​រួចជាស្រេច​ស្របពេល​គណបក្ស​ប្រឆាំង​បាន​កើន​ប្រជាប្រិយភាព​ខ្លាំង ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​សហគមន៍​អន្តរជាតិ​ចាត់ទុក​បាន​ស្លាប់ ក្រោយពី​មាន​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ តាមរយៈ​តុលាការកំពូល​ដែល​រងការរិះគន់​ថា ធ្វើតាម​ការបង្គាប់បញ្ជា​របស់​បក្ស​កាន់អំណាច។

អ្នកធ្វើការពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ទីប្រឹក្សា​អង្គការ ខុមហ្វ្រែលលោក គល់ បញ្ញា យល់ថា អ្វីដែល​រឹតតែ​ធ្វើឱ្យ​ក្រុមមេដឹកនាំ​បច្ចប្បន្ន​អាច​បន្ត​អំណាច ហើយ​ពង្រឹងការ​ដឹកនាំ​តាមបែប​ផ្តាច់ការ​ឃ្លាត​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​នោះ គឺដោយសារតែ​មាន​ការគាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​ដែល​កំពុង​តែមាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ជាងពេលណាៗ​ទាំងអស់៖ «រឿង​ឆន្ទៈ​របស់​អ្នកមាន​អំណាច​បច្ចុប្បន្ន​ទាក់ទិន​នឹង​ការលើកស្ទួយ​ពង្រឹង​ប្រជាធិបតេយ្យ គោរព​តាម​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺថា មាន​កម្រិត​មិនច្រើនទេ។ អ្វីដែល​បាន​ជួយ​ឱ្យ​មាន​គឺថា ការជ្រោមជ្រែង ការខិតខំ​ជួយ​ពី​សហគមន៍​អន្តរជាតិ​ទេ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ការកែលម្អ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ។ ប៉ុន្តែ ឥឡូវនេះ​ដោយសារ​បញ្ហា​រឿង​ការជួយ​ជ្រោមជ្រែង​វា​នៅ​មាន​កំណត់​មិនដូច​ពី​មុន​ដោយសារ​ឥឡូវ​នៅក្រោម​ឥទ្ធិពល​ចិន​ខ្លាំង ហើយ​ចិន​ជា​ប្រទេស​ផ្តាច់ការ​ដែរ ហើយ​ដែល​ជា​អ្នកជ្រោមជ្រែង​នៃ​ការដឹកនាំ​ដែល​មិនយក​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​នោះ»

លោក គល់ បញ្ញា បន្ត​ថា អ្វីដែល​លោក​ព្រួយបារម្ភ​នោះ គឺ​ស្ថិត​នៅត្រង់ថា តើ​និន្នាការ​ដឹកនាំប្រទេស​បច្ចុប្បន្ន​នេះ អាច​នឹង​ឈាន​ពី​ប្រព័ន្ធ​ផ្តាច់ការដែល​យកការបោះឆ្នោត​ជា​ឡប់ឡែ ទៅរក​ប្រព័ន្ធ​ផ្តាច់ការ​ទាំងស្រុង​តែម្តង​ឬយ៉ាងណា​នោះ៖ «ថាតើ​អាច​ធ្វើដំណើរ​ទៅ​ថយក្រោយ​ទៀត​រហូតទៅដល់​គេហៅថា ផ្តាច់ការ​បែបបិទជិត​ឬអត់ត្រង់ហ្នុង​ដែល​ជា​បញ្ហា ហើយ​ផ្តាច់ការ​បែប​បិទជិត​នេះហើយ​ដែលជារឿង​ការផ្ទេរអំណាច ការបាន​អំណាច​នៅក្នុង​រដ្ឋាភិបាល​មិន​បាន​ភាពស្របច្បាប់ទេ គឺបាន​មក​ដោយ​ខ្សែ​តាមរបៀប​ឯកបក្ស ឬដូចនៅ​ប្រទេស​កូរ៉េ​ខាងជើង​តវង្សត្រកូល»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បដិសេធ​ការលើកឡើង និង​កង្វល់​ទាំង​នេះ។ លោកអះអាង​ថា គឺ​ដោយសារ​តែ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​នេះហើយ​ទើប​ពលរដ្ឋ​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ៖ «ខ្ញុំយល់ថា បើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្លាប់ កម្ពុជា​អត់មាន​សន្តិភាព អត់មាន​ស្ថិរភាព​នយោបាយ ហើយ​សង្គម​កម្ពុជា​នឹង​ច្របូកច្របល់ វា​ចលាចល​ក្រឡាប់ចាក់​ហើយ។ ដូច្នេះហើយ​វាផ្ទុយ​ពី​ការពិត​ជាក់ស្តែង​ដែល​កើតឡើង​នៅ​កម្ពុជា។ អញ្ចឹង​អស់​លោក​មាន​មតិ​យ៉ាងណា ជា​សិទ្ធិ​របស់​អស់លោកទេ។ ចង់គាត់​និយាយ​យ៉ាងម៉េច​និយាយទៅ។ ក៏ប៉ុន្តែ ប្រជាជន​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ដែល​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ»។​

យ៉ាងណាក៏ដោយ ផ្ទុយពី​ការលើកឡើង​របស់​លោក សុខ ឥសាន នេះ ស្ថាប័ន​អន្តរជាតិធំៗ រួមទាំងប្រទេសលោកសេរី និង​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ផង តែង​រកឃើញថា ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​​​​​​​​​​​​កម្ពុជា បាន​ធ្លាក់ចុះ​ខ្លាំង​ចាប់តាំង​ពី​ចុង​ឆ្នាំ២០១៧ រហូតមក​ទល់​បច្ចុប្បន្ន​ស្របពេល​ដែល​បក្ស​កាន់អំណាច​បន្ត​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​សំឡេង​រិះគន់​ឥតឈប់ឈរ។ អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) ដាក់​កម្ពុជា​ជាប់​លេខ ១៣០ ក្នុងចំណោម ១៦៧​ប្រទេស នៅ​លើ​ពិភពលោក សម្រាប់​សន្ទស្សន៍​ប្រជាធិបតេយ្យ​​ឆ្នាំ២០២០ ដែល​មានន័យ​ថា កម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការគ្រប់គ្រង​បែប «ផ្ដាច់ការ»។ នៅ​ក្នុង​តំបន់ ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រសើរ​តែ​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ប្រទេស​កុម្មុយនិស្ត​វៀតណាម (Vietnam) និង​ឡាវ (Laos) ប៉ុណ្ណោះ។ ការ​ផ្ដល់ចំណាត់ថ្នាក់​នេះ ធ្វើ​ឡើង​ផ្អែក​លើ​សូចនាករ​សំខាន់ៗ ចំនួន ៥ ក្នុង​នោះ​រួមមាន ដំណើរ​ការ​បោះ​ឆ្នោត និង​ពហុបក្ស ដំណើរការ​រដ្ឋាភិបាល ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ វប្បធម៌​នយោបាយ និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​វិភាគ​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​ស្រប​ពេល​កម្ពុជា​បន្ត​ដឹកនាំ​ដោយ​របប​ឯកបក្ស"

  1. Anonymous says:

    HAS….AH LEV pitcher make me laughing

Leave a Reply

Submit Comment