ពលរដ្ឋ​នៅ​ក្រចេះ​ថា​ ដើម​ឈើ​ជ័រ​ទឹក​រាប់​ម៉ឺន​ដើម​របស់​ពួកគេ​ក្នុង​ព្រៃឡង់​រង​ការ​កាប់​បំផ្លាញ

បរិស្ថានព័ត៌មានជាតិ
លោក ឃុត សុគន្ធ |១៧ កញ្ញា ២០២១ |ម៉ោង ១៦:៥២
VOD

គល់ឈើនិងកំណាត់ឈើមួយចំនួនត្រូវបានកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ ប្រទះឃើញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងនៅចំណុចអូរសាម៉ៃ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ GRK News | កងរាជអាវុធហត្ថ)

គល់ឈើនិងកំណាត់ឈើមួយចំនួនត្រូវបានកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ ប្រទះឃើញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងនៅចំណុចអូរសាម៉ៃ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ GRK News | កងរាជអាវុធហត្ថ)


ប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ អះអាងនៅថ្ងៃសុក្រនេះ​ថា ដើមឈើដែល​ពួកគេចោះ​យក​ជ័រ​ទឹក​រាប់ម៉ឺន​ដើម​ក្នុង​តំបន់​ព្រៃឡង់​នៃខេត្តនេះ កំពុងរងការកាប់លក់ធ្វើអាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

មេភូមិម្នាក់នៅឃុំបឹងចារ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាពថា អ្នកភូមិមួយចំនួន​នៅឃុំកំពង់ចាម ឃុំបឹងចារ និងឃុំ​វឌ្ឍនៈ នៃស្រុកសំបូរ បាន​ប្រកបមុខ​របរ​រក​អនុផល​ព្រៃឈើ តាម​រយៈ​ការចោះ​ដើមឈើ​យកជ័រលក់ នៅក្នុងតំបន់ព្រៃឡង់ជាច្រើនឆ្នាំមកហើយ។

មេភូមិរូបនេះបន្តថា ដើម​ឈើ​ទាល ដើម​ត្រាច ដើម​ខ្លុង និងដើមឈើ​ចោះ​​​ជ័រទឹកផ្សេងទៀត​រាប់ម៉ឺន​ដើម​របស់​អ្នក​ភូមិ​ បាន​និងកំពុង​រងការកាប់ពីសំណាក់ជនខិលខូច ដោយមួយចំនួន​ដឹក​ចូលក្រុម​ហ៊ុន ស៊ីងបាយ​អូថេក និងមួយចំនួនទៀតដឹកទៅឱ្យឈ្មួញឈើផ្សេង។ លោកថា ការកាប់បំផ្លាញដើមឈើជ័រទឹកនេះបានធ្វើឱ្យអ្នកភូមិបាត់បង់មុខរបរនិងមានបញ្ហាជីវភាព។

លោកបន្ថែមថា៖ «រហូតមកដល់ពេលនេះ ល្បាក់ចូល​លាន​ដើម​ហើយ​ មិនមែនម៉ឺនដើមទេ! អនាគត​ដើមនេះ​នឹងអស់ ព្រោះឥលូវនេះ វាអស់បណ្តើរៗហើយ អនាគតទៅមុខ ប្រជាពលរដ្ឋរបស់ខ្ញុំនឹង​ចំណាកស្រុក​ដោយសារ​អត់​មាន​មុខរបរ»

សមាជិកបណ្តាញព្រៃឡង់ប្រចាំខេត្តក្រចេះ លោក សូ ខន មានប្រសាសន៍ថា អ្វីដែល​មេភូមិលើក​ឡើងនោះជារឿងពិត។ លោកថា សកម្មភាពកាប់និងដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅខេត្តក្រចេះនេះ បាន​កើត​មាន​ស្ទើររាល់​ថ្ងៃ ដោយ​ពុំ​មានការទប់​ស្កាត់និង​ចាត់​វិធាន​ការ​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ឡើយ។

សមាជិកបណ្តាញព្រៃឡង់រូបនេះបានដាក់ការសង្ស័យថា សកម្មភាពជនល្មើសកាប់និងដឹកឈើចេញពីព្រៃឡង់នៅតែបន្តកើតមាន​នេះ អាចជាប់ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ណាមួយរវាង​ជនល្មើសនិងអាជ្ញាធរ។

លោកបន្ថែមថា៖ «អាជ្ញាធរ​គាត់​រវល់​ការ​ងារ​ផ្សេង រឿងការកាប់បំផ្លាញព្រៃឈើ គាត់អត់រវីរវល់សោះ។ មានតែបរិស្ថានទេដែលទប់ស្កាត់ ប៉ុន្តែការដឹកឈើចេញតែតាមច្រកហ្នឹងដែរ។ បរិស្ថាននៅយាម​កន្លែង​ណា មា​នជនល្មើសដឹកឈើចេញពីតាមច្រកហ្នឹងដែរ»

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ បានច្រាន​ចោល​ការលើកឡើងនេះ ដោយ​​ថា មន្ត្រីបរិស្ថានបាន​ចុះទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើទាំងយប់ទាំងថ្ងៃ ដោយពុំជួបបទល្មើស​ណាមួយ​ឡើយ។ 

លោក​បន្តថា រូបភាពខ្លះ​ជារូបភាពចាស់ដែលត្រូវបានអ្នកសារព័ត៌មានយកមកផ្សាយឡើងវិញតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ខ្ញុំមិនហ៊ានថា រឿងនេះពិតឬមិនពិតដែរ! គ្រាន់តែថា​ មន្ត្រីខ្ញុំប្រចាំការនៅទីនោះធ្វើការរាល់ថ្ងៃ វាអត់មានរឿងនេះកើតឡើង។ ពួកគាត់ធ្វើការល្បាតរាល់ថ្ងៃ វាអត់មានសកម្មភាពទាំងអស់​កើតមាន​ទេ។ ខ្ញុំឃើញ​សារព័ត៌មានផ្សាយរឿងនេះ​ ផ្សាយៗ​ តែវាអត់មាន»

ដែនជម្រកសត្វព្រៃព្រៃឡង់ ​មាន​ផ្ទៃដី​ប្រមាណជិត៥០​ម៉ឺន​​ហិកតា ​ដោយ​គ្របដណ្តប់លើ​ខេត្ត​ចំនួន​៤ ​រួមមាន ព្រះ​វិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹង​ត្រែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង​បរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ​នេត្រ ភក្ត្រា មានប្រសាសន៍កាលពីខែមិថុនា ឆ្នាំ២០២១ ថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ ដោយនៅមានតែបទល្មើសទ្រង់​ទ្រាយ​តូចៗ​​ប៉ុណ្ណោះ។

យ៉ាងណា កាលពីខែ​មិថុនា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកបានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា​លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបទៅនឹងវិធានការរបស់រដ្ឋាភិបាលដែលបាន​បិទខ្ទប់សំឡេងនិងសកម្មភាពរបស់​សកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើស​នៅតំបន់ព្រៃឡង់ ខណៈបទល្មើសព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles