អាជ្ញាធរ​បញ្ជូន​ជន​សង្ស័យ​ជា​មេខ្យល់ ៦នាក់ ទៅ​តុលាការ រឿងនាំ​ពលករ​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយ ខែ សុណង
2021-09-18
RFA

អាជ្ញាធរ​បញ្ជូន​ជន​សង្ស័យ​ជា​មេខ្យល់ ៦នាក់ ទៅ​តុលាការ រឿងនាំ​ពលករ​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ពលករខ្មែរ ដែល​ត្រូវអាជ្ញាធរ​ថៃខេត្តស្រះកែវ​ចាប់ ពេល​ចូលទៅទឹកដីថៃ​ដោយខុសច្បាប់ តាមរយៈមេខ្យល់​នាំ​ឆ្លងដែន កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ គេហទំព័រនគរបាលជាតិ


សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​មនុស្ស ៦នាក់ ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សង្ស័យ​ថា ជា​មេខ្យល់​នាំ​ពលករ​លួច​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ពលករ​ចំណាក​ស្រុក យល់​ថា ពលករ​ខ្មែរ​នៅ​តែ​បន្ត​ចាញ់​បោក​មេខ្យល់​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង ព្រោះ​ពួកគាត់​ខ្វះខាត​ជីវភាព​ចិញ្ចឹម​ជីវិត ជំពាក់​បំណុល​ធនាគារ​និង​ឯកជន។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អះអាង​ថា ការ​ចាប់​អ្នក​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​គឺ​ជា​វិធានការ​ច្បាប់ ដែល​មិន​មាន​ការ​លើកលែង និង​ស្នើ​ឲ្យ​​ពលរដ្ឋ​អត់ធ្មត់ កុំ​បន្ត​ឆ្លង​ដែន​ទៅ​ធ្វើការ​ខុស​ច្បាប់​ដោយ​ប្រថុយប្រថាន។

រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់ រង់ចាំ​ឲ្យ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល និង​មាន​ការ​រៀបចំ​ឡើង​វិញ​សិន។ អ្នកស្រី​ថា រដ្ឋាភិបាល​នឹង​មិន​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅ​ស្រុក​នោះ​ទេ៖ «សម័យ​កាល​កូវីដ ក៏​ដូចជាំ​ប្រទេស​ថៃ ក៏​ដូចជា​ប្រទេស​ទូទាំង​ពិភពលោក​គេ​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​ពី​អត្រា​ឆ្លង​ដែល​កំពុង​តែ​រាតត្បាត​ខ្ពស់។ គេ​អត់​ចង់​ឲ្យ​មាន​ការ​ឆ្លងកាត់​ទៅ​មក​ទេ តែ​យើង​ទោះ​បី​ថា យើង​ត្រូវ​ការ​ ការងារ ប៉ុន្តែ​គេ​ចង់​ប្រាប់​ថា គេ​ក៏​កំពុង​តែ​មាន​ការ​បិទ​រោងចក្រ​សហគ្រាស​ក៏​ដូចជា​កន្លែង​ការងារ​ជាច្រើន​ដោយសារ​តែ​ការ​រាតត្បាត​នៃ​កូវីដ១៩។ អ៊ីចឹង​ត្រូវ​អត់ធ្មត់​សិន​ហើយ​កាន់​ប្រទេស​យើង​ក៏​អ៊ីចឹង​ដែរ​យើង​បាន​ប្រាប់​ប្រជាពលរដ្ឋ​យើង​ថា យើង​រស់នៅ​កន្លែង​ណា នៅ​កន្លែង​ហ្នឹង​សិន​ទៅ។ ប្រសិន​បើ​គាត់​ចូល​មក​ កម្ពុជា​ហើយ ក៏​មក​នៅ​ក្នុង​ស្រុក​ភូមិ​ដូច​ពេល​មុន​គាត់​ទៅ​ប្រទេស​ក្រៅ​អ៊ីចឹង។ ការ​ដែល​ផ្អាក​មិន​ឲ្យ​ឆ្លងកាត់​នៅ​ពេល​នេះ ព្រោះ​តែ​ចង់​ការពារ​ទាំង​គាត់​ខ្លួន​ឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៅ​សហគមន៍ ហើយ​ខាង​ប្រទេស​គេ​ហ្នឹង​ក៏​គេ​មាន​ការ​ប្រុងប្រយ័ត្ន»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​បុរស ៦​នាក់ ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សង្ស័យ​ថា​ជា​មេខ្យល់ នាំ​ពលករ​លួច​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង ៦​នាក់ មាន ៥​នាក់​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ម្នាក់​ស្នាក់​នៅ​ភូមិ ប៉ារ៉ៃ ឃុំ​ប៉ារ៉ៃ ស្រុក​ស្រះកែវ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ទាក់ទង​រឿង​នេះ មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល (Central) កញ្ញា ទ្រី សុភា យល់​ថា ពលរដ្ឋ​​នៅ​តែ​ប្រថុយ​លួច​ឆ្លង​ដែន​ត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ​វិញ គឺ​ដោយសារ​តែ​ពួកគាត់​មក​ដល់​ស្រុក​កំណើត​ហើយ មិន​បាន​ទទួល​ជំនួយ​គាំពារ​សង្គម ខ្វះ​ខាត​ជីវភាព និង​គ្មាន​ប្រាក់​ដោះ​បំណុល ទើប​ជំរុញ​ឲ្យ​ពួកគាត់​ចង់​វិល​ទៅ​រក​ការងារ​វិញ​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់ និង​បារម្ភ​ខ្លាច​ជំងឺ​ឆ្លង៖ «អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ​ការ​ផ្ដល់​ជំនួយ​សង្គម​ដែល​មាន​ការ​គិត​បញ្ចូល​អំពី​ផល​លំបាក​នៃ​ពលករ ដែល​គាត់​វិល​ត្រឡប់​មក​វិញ។ អ៊ីចឹង​យើង​ឃើញ​ថា មាន​សកម្មភាព​ជំនួយ​សង្គម​ផ្សេងៗ ក៏​ប៉ុន្តែ​ពលករ​ដែល​គាត់​វិល​ត្រឡប់​ គឺ​គាត់​ពុំ​ទាន់​បាន​ទទួល​ជំនួយ​ទាំង​អស់​ហ្នឹង​ទេ ដោយសារ​យើង​ដឹង​ស្រាប់​ហើយ​ថា ការ​ដែល​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ យូរ​អង្វែង គឺ​គាត់​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​ទទួល​បាន​នូវ​ប្រព័ន្ធ​គាំពារ​ផ្សេងៗ។ យើង​សំណូមពរ​នេះ​គឺ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​យន្តការ​នៃ​ការ​ផ្ដល់​ជំនួយ​គាំទ្រ​ ទៅ​ដល់​ពលករ​ដែល​គាត់​វិល​ត្រឡប់​មក​វិញ ហើយ​គាត់​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​បាត់បង់​ការងារ​ធ្វើ​គ្មាន​ប្រាក់​ចំណូល ហើយ​និង​កត្តា​ជីវភាព​ផ្សេងៗ ក៏​ដូចជា​ក្ដី​បារម្ភ​នៃ​ការ​ជំពាក់​បំណុល​ធនាគារ»

មន្ត្រី​អង្គការ​សង់ត្រាល់ ដដែល​ថា ការ​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក​គឺ​ជា​កត្តា​សំខាន់ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ពលរដ្ឋ​បាន ពិសេស​ពលករ​ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ អំឡុង​វិបត្តិ​នៃ​ការ​រាលដាល​ជំងឺ​កូវីដ១៩។

អង្គការ​សង់ត្រាល់ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​កក្កដា ឆ្នាំ២០២១ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧៤១នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​​កម្ពុជា​និង​ថៃ ពាក់ព័ន្ធ​និង​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ក្នុង​នោះ​មនុស្ស​ចំនួន ៣៦០នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃាត់​ខ្លួន​សរុប ៧៤១នាក់ មាន ៣៧៣នាក់ ជា​ស្ត្រី​ចាញ់​បោក​មេ​ខ្យល់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា ដែល​ជា​មេ​ខ្យល់​នាំ​ពលករ​ទាំង​នោះ។ ជន​រងគ្រោះ​បាន​ខាតបង់​ប្រាក់​សរុប​ចំនួន ២លាន ៥សែន​បាត ឬ​ប្រមាណ ៧ម៉ឺន ៦ពាន់​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment