ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី

ដោយ ជាតិ ចំណាន
2021-09-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី

ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​តវ៉ាបិទ​​ផ្លូវ​​ជាតិ​​លេខ​​៥ប្រមាណជាង ៣ម៉ោង ដើម្បី​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះ​ស្រាយ​រឿង​​ដីធ្លីរបស់​ពួកគាត់ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ពលរដ្ឋរស់​នៅ​ស្រុក​បរិបូរណ៍​ ខេត្ត​​​​​​​កំពង់ឆ្នាំង​ នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ជាប់​ព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់ ​ ដើម្បី​ទាមទារ​​​ឲ្យ​អាជ្ញាធរ​​​ដោះ​ស្រាយ​​​​​វិវាទ​ដីធ្លី​​ ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​។ ​ពលរដ្ឋ​ឈរ​បិទ​ផ្លូវ​អស់​រយៈពេល​ជាង​៣ម៉ោង​ ទើប​រំសាយ​វិញ​ ក្រោយ​អាជ្ញាធរ​ស្រុក ​​ចុះ​អន្តរាគមន៍​រឿង​នេះ។

អ្នក​ស្រុក​បរិបូរណ៍​ប្រមាណ​៤០០នាក់​ ប្រមូល​ផ្ដុំ​គ្នា​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៥ និង​លើក​បដា​អម​ដោយ​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ខាង​ផ្លូវ​ចូល​វត្ត​ចំបក់​រង្សី នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​និង​ខេត្ត​ពោធិ៍សាត់ ​ពន្លឿន​ការ​ដោះស្រាយ​និង​ទទួល​ស្គាល់​ដី​ស្រែ​ពួកគាត់ ​ស្ថិត​នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។

ពលរដ្ឋ​ម្នាក់លោក លាស់​ ចាន់ថា ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​រក​ដំណោះស្រាយ​រឿង​នេះ ដោយសារអាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​នៅ​បន្ត​សកម្មភាព​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​ដែល​បាន​ស្ទូង​ដក​រួច​រាល់ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បរិបូរណ៍​ដែល​ចុះ​មក​ជួប​ពលរដ្ឋ​ ស្នើ​ឲ្យ​ពលរដ្ឋ​រំសាយ​ការ​តវ៉ា​នេះ ហើយ​រើស​តំណាង​១០​នាក់ ដើម្បី​ទៅ​ជួប​ពិភាក្សា​ដោះស្រាយ​រឿង​នេះ​ជាមួយ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​នៅ​ដើម​សប្ដាហ៍​ក្រោយ។ លោករំពឹង​ថា ​អាជ្ញាធរ​ទាំង​ពីរ​ខេត្ត​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឲ្យបាន​ឆាប់៖ «ឆ្នាំងហ្នឹង​ ស្ទូង​ដក​រួច​អស់​ហើយ ដោយ​អាជ្ញាធរ​មួយ​ចំនួន​គាត់​កកូរ​កកាយ​ដី​ប្រជាពលរដ្ឋ​ប៉ះពាល់​ទៅ​លើ​ស្រូវ​គាត់​អត់​សប្បាយ​ចិត្ត​។ ខ្ញុំ​គិត​ថា​ឲ្យ​ឈ្នះ​ទាំង​អស់​គ្នា​ ពោធិ៍សាត់​ក៏​ឈ្នះ កំពង់ឆ្នាំង​យើង​ក៏​ឈ្នះ​ ព្រោះ​យើង​ការងារ​តែមួយ​ទាំង​អស់​គ្នា។ ដី​គាត់​មាន​ប៉ុណ្ណា​សុំ​ឲ្យ​គាត់​ប៉ុណ្ណឹង​មក។ ហើយ​មាន​លិខិត​បញ្ជាក់​អី​ត្រឹមត្រូវ​មក​ ធ្វើ​ឲ្យ​គាត់​អៃ់​ចិត្ត​។ សុំ​តែ​ប៉ុណ្ណឹង​ទេ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាល​ស្រុក​បរិបូរណ៍​លោក យឹម សារិន បាន​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​មិន​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា​ លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា ប្រវត្តិ​នៃ​ដី​ជម្លោះ​នោះ​ គឺ​អ្នក​ស្រុក​បរិបូរណ៍ ពិតជា​ធ្លាប់​ធ្វើ​ស្រែ​អាស្រ័យ​ផល​លើ​ដី​​នោះ តាំង​ពី​យូរ​មក​ហើយ​មែន។ អភិបាលស្រុក​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា​ ដំណោះស្រាយ​​បន្ទាប់​ គឺ​ខាង​​ស្រុក បាន​​​ដាក់​សំណើ​​នេះ​ ទៅ​ឲ្យ​​​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ស្នើសុំ​​​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​។

ទាក់​ទង​នឹង​រឿង​នេះ ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​កំពង់ឆ្នាំង​លោក សំ ចាន់គា សង្កេត​ឃើញ​ថា ដី​នោះ​ មាន​វិវាទ​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​បី​រយ (៣០០) ​គ្រួសារ ដែល​ខក​ខាន​ ចូល​ទៅ​បង្ក​បង្កើន​ផល។

លោកសោក​ស្ដាយ​ចំពោះ​​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​វិវាទ​ដី​នេះ ច្រើន​ឆ្នាំ​មក​ហើយ តែ​ដោះស្រាយ​មិន​ចេញ។ លោក​សង្ស័យ​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ រាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់​លើ ឬ ​មាន​ភាព​មិន​ប្រក្រតី​អ្វី​មួយទើប​បណ្ដាល​ឲ្យ​ អាជ្ញាធរ​ថ្នាក់​ខេត្ត មិន​អាច​ដោះស្រាយ​បាន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះយល់​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ គួរ​តែ​ស្រុះស្រួល​គ្នា ​បង្កើត​គណៈកម្មការ​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​​វិវាទ​​ដី​នៅ​តំបន់​នេះ ទើប​អាច​ដោះស្រាយ​បញ្ចប់​បាន៖ «យើង​មើល​ឃើញ​ថា​អាជ្ញាធរ​ខេត្ត​ហ្នឹង អត់​បាន​តាម​រឿង​ហ្នឹង​ទេ គឺ​ធ្វើ​ទៅ​តាម​ការ​ញុះញង់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ហ្នឹង។ ការ​រាយការណ៍ ភូត​កុហក​ពី​ថ្នាក់​ក្រោម​ហ្នឹង បាន​ធ្វើ​ឲ្យ​រឿង​ហ្នឹង​ដោះ​មិន​ចេញ​ អូស​បន្លាយ​អ៊ីចឹង​»​

ដី​មាន​ជម្លោះ​​ដែល​មាន​ទំហំ​សរុប​ជាង​មួយ​ពាន់​ហិកតារ (១.០០០)​ គឺ​ស្ថិត​ភូមិ​ក្បាល​ដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​​ ជាប់​នឹង​ព្រំប្រទល់​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង។ អ្នកស្រុក​បរិបូរណ៍ អះអាង​ថា មាន​ពលរដ្ឋ​ជាង​បី​រយ​គ្រួសារ (៣០០) ធ្លាប់​អាស្រ័យ​ផល​លើ​ស្រែ​នោះ ត​ពី​​​ឪពុក​ម្ដាយ​របស់​ពួកគាត់​មក​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​ដូរ​ទី​លំនៅ​ទៅ​ខេត្ត​កំពង់​ឆ្នាំង​វិញ​។

ពលរដ្ឋ​អះអាង​ថា ដើមហេតុ​នៃ​វិវាទ​នេះ គឺ​បណ្ដាល​មក​ពី​​​រដ្ឋាភិបាល ​​បាន​កាត់​ឆ្វៀល​ដី​ស្រែ​របស់​ពួកគេ​​​ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន អភិវឌ្ឍន៍។ ​​ក្រោយ​ពីពលរដ្ឋ​ចេញ​តវ៉ា និង​ដាក់​​​ញត្តិ​​អស់​ច្រើន​ឆ្នាំ​ ទើប​ខាង​ក្រុមហ៊ុន​ចិន​បាន​ដក​ចេញ​ទៅ​វិញ។ តែ​ក្រោយ​មក​ទៀត ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​កាត់​ដី​នោះ ឲ្យ​ទៅ​ពលរដ្ឋ​​ រស់​នៅ​​ស្រុក​ក្រគរ​​ ជា​អ្នក​​អាស្រ័យ​ផល​វិញ។

ពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​ស្នើ​ដល់​អាជ្ញាធរ​ទាំង​ពីរ​ខេត្ត​ ចុះ​ពន្លឿន​ដោះស្រាយ​វិវាទ​នេះជូន​​ពលរដ្ឋឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គាត់​អាច​ធ្វើ​ស្រែ​បង្ក​បង្កើន​ផល​លើ​ដី​នោះ​បាន​តែ​១​ដង​គត់ ក្នុង​១​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី"

  1. Anonymous says:

    I do not understanding why you guy protesting and holding that evil monster pitcher asking for help . didn’t you guy knew HUN SEN knew every thing about this ?????look even a you Cambodian complaining about raw sew water coming out at the front of king villas they got him and put in jail until this day. after all what do you hope HUN SEN will help you he may order his right hand killer to do some thing bad to all of you guy

  2. Anonymous says:

    where is HUN SEN ?? I knew he is watching in what he call FESS BOK every day why he can not see this post ?? I quest the temperature will going up when he straight some one . I also knew he was hiding a lot of his men to watch for some one again with him in FESS BOK

Leave a Reply

Submit Comment