បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​​គ្រួសារ​​សកម្មជន​កំពុង​​ជាប់​​ឃុំ មាន​​តែ​​ទឹក​ភ្នែក

ដោយ មាន ឫទ្ធិ
2021-10-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​​គ្រួសារ​​សកម្មជន​កំពុង​​ជាប់​​ឃុំ មាន​​តែ​​ទឹក​ភ្នែក

(ឆ្វេងជួរមុខ) អ្នកស្រី ព្រុំ ចាន់ថា ដែល​មាន​ស្វាមី​និង​កូន​ប្រុស​ជា​អនិតិជន រួមទាំង​ក្រុម​ស្ត្រីជា​ភរិយារបស់​​អតីត​សកម្មជន​​បក្សប្រឆាំង​តវ៉ា​ទាមទារ​ឱ្យអាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជាដោះលែង​ស្វាមី​ កូន និង​​ឪពុករបស់​គេ​កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ក្រុម​​គ្រួសារ​​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ សោក​សង្រេង​នៅក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដោយសារ​ពួកគាត់​មិន​បាន​ជួប​ជុំ​គ្នា​ដូច​គ្រួសារ​​ពលរដ្ឋ​ទូទៅ។ ពួកគាត់ថា ​របប​ដឹកនាំ​បច្ចុប្បន្នជា​អ្នក​ពង្រាត់​គ្រួសារ​របស់​គាត់ តាមរយៈ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ ប៉ុន្តែ​តំណាងបក្ស​កាន់​អំណាច​ឆ្លើយ​តប​ថា នេះ​គ្រាន់​តែ​ជា​មនោសញ្ចេតនា ដែល​មិន​ស្រប​តាម​ទិដ្ឋភាព​ច្បាប់។

ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ​មិន​ខុស​ពី​ឆ្នាំ​មុន​ទេ គឺ​ជា​ពេលវេលា​ដ៏​សោកសៅ​សម្រាប់​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​​សកម្មជន​​បរិស្ថាន​​ដែល​កំពុង​​ជាប់​​ឃុំ​​ក្នុង​​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ ខុស​ពី​ពលរដ្ឋ​ទូទៅ​ដែល​មាន​ឱកាស​ជួបជុំ​គ្នា ស្ថានភាព​របស់​ពួកគាត់​ពេល​នេះ គឺ​ប្រពន្ធ​ព្រាត់​ប្ដី ស្វាមី​ព្រាត់​ភរិយា ជីដូន​ព្រាត់​ចៅ ជាដើម។

ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​សម្រាប់​គ្រួសារ​លោកស្រី​នៅ​ឆ្នាំ​នេះ មាន​ភាព​សោះកក្រោះ និង​សោកសង្រេង​​ជា​​ខ្លាំង ពីព្រោះ​អាជ្ញាធរ​បាន​ចាប់​ទាំង​ប្តី និង​កូន​លោកស្រី​យក​ទៅ​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ លោកស្រី​រៀបរាប់​ដោយ​សំឡេង​យំ​ខ្សឹកខ្សួល​ថា លោក​ស្រី​​បាន​​ឆ្លៀត​ទៅ​វត្ត​ធ្វើ​បុណ្យ​ជាមួយ​ចាស់ៗ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ និង​ឡើង​មក​ភ្នំពេញ​វិញ​ដើម្បី​រៀបចំ​ម្ហូប​អាហារ​ឆ្ងាញ់ៗ សម្រាប់​ប្តី និង​កូន​នៅ​ក្នុង​​ពន្ធនាគារ។ លោកស្រី​បួងសួង​សុំ​ឱ្យ​ប្ដី និង​កូន​ឆាប់​ទទួល​បាន​សេរីភាព ដើម្បី​វិល​មក​ជួបជុំ​គ្រួសារ​វិញ៖ «ខ្ញុំ​បាន​ត្រៀម​ទុក​ហើយ​ម្ហូប​អាហារ​សម្រាំង​ជូន​ប្ដី និង​កូន​ខ្ញុំ។ ពួកគាត់​ចូលចិត្ត​នំ​អន្សម​ណាស់ អ៊ីចឹង​ខ្ញុំ​នឹង​យក​ទៅ​ឱ្យ​គាត់​នៅពេល​ភ្ជុំ​ធំ។ ខ្ញុំ​មាន​តែ​ការ​បន់ស្រន់​សុំ​ឱ្យ​ពួកគាត់​សុខសប្បាយ ហើយ​និង​មាន​សុខភាព​ល្អ ហើយ​ក៏​ឆាប់​បាន​មក​ជួបជុំ​ជាមួយ​ម្ដាយ ហើយ​និង​ប្រពន្ធ​វិញ»។

CNRP_supporter_Attacked_PP_27_04_2021.jpg
អ្នកស្រី ព្រុំ ចាន់ថា និង​កូនប្រុសឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែលរងការលួចវាយឱ្យបែកក្បាល​មុនពេល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កាក់ កុម្ភារ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិកាល​ពី​ចុង​ខែឧសភា ឆ្នាំ២០២០។ ក្រោយ​មក នៅ​ចុង​ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ​បាន​​ចាប់​ខ្លួន​កូន​ប្រុស​របស់​លោក​ស្រីម្នាក់​ទៀត គឺ​យុវជន កាក់ សុវណ្ណច្ឆ័យ ដែល​ជា​អនីតិជន និង​មាន​ជំងឺ​ខ្សោយ​សតិបញ្ញា​(Autism)។ ​ឪពុក​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ពី​បទ «ផ្តើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» រីឯ​កូន​ប្រុស​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល»។

លោកស្រី ព្រុំ ចាន់ថា ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ពង្រាត់​បង្រាស​គ្រួសារ​លោកស្រី។ លោកស្រី​មាន​ជំនឿ​ថា ក្រុម​ជន​ដែល​ធ្វើ​បាប​គ្រួសារ​លោកស្រី កម្ម​ពារ​នឹង​ធ្លាក់​លើ​គ្រួសារ​របស់​ពួកគេ​វិញ​នៅ​ថ្ងៃ​ណាមួយ៖ «បើ​គាត់​(របប​ក្រុង​ភ្នំពេញ)ចេះ​មាន​មនោសញ្ចេតនា ហើយ​និង​ចេះ​គិត​ពិចារណា​ឱ្យ​ខ្ពស់​ជាង​នេះ​តែ​បន្តិច គាត់​នឹង​មិន​អាច​ពង្រាត់​បង្រាស​គ្រួសារ​ខ្ញុំ​បាន​ទេ។ ពួក​ខ្ញុំ​គ្មាន​សុភមង្គល គាត់​មាន​សុភមង្គល ខ្ញុំ​ជឿ​ថា ថ្ងៃណា​មួយ​នឹង​ជួប​ប៉ះ​លើ​ក្រុម​គ្រួសារ​គាត់​វិញ​មិន​ខាន​ទេ»។

រីឯ​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​វិញ ពួកគាត់​ក៏​ជួប​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ។

ប្រពន្ធ​របស់​អ្នក​ការពារ​បរិស្ថាន​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ថ្លែង​ដោយ​សម្ដី​អួល​ដើម​ក​ថា លោកស្រី​នឹក​រលឹក​ប្តី​ជា​ខ្លាំង​នៅពេល​ពិធីបុណ្យ​ទាន​ម្ដងៗ ជាពិសេស​​អាណិត​កូន​ដែល​កំព្រា​ឪពុក​តាំង​ពី​អាយុ ៦ខែ។ លោកស្រី​បញ្ជាក់​ថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ លោកស្រី​បាន​ត្រឹម​តែ​ផ្ញើរ​ម្ហូបអាហារ និង​លុយកាក់​បន្តិច​បន្តួច​ដល់​​ប្ដី​នៅក្នុង​ពន្ធនាគារ​តែ​ប៉ុណ្ណោះ៖ «ពីរ​ឆ្នាំ​នេះ គឺ​ខ្ញុំ​ទឹកភ្នែក​រហូត​ហ្នឹង។ ដោយសារ​តែ​បុណ្យ​ទាន​ម្ដងៗ យើង​ធ្វើ​បុណ្យ យើង​ត្រូវ​ជុំ​គ្នា ដើរ​លេង​ជុំគ្នា តែ​ពីរ​ឆ្នាំ​ហើយ ខ្ញុំ​អត់​បាន​នៅ​ជុំ​គ្រួសារ​ទេ។ ហើយ​កូន​ខ្ញុំ​ក៏​ត្រូវ​កំព្រា​ឪពុក ឃ្លាតឆ្ងាយ​ពី​ឪពុក អត់​បាន​ឃើញ​មុខ​ឪពុក អត់​បាន​មាន​ភាព​កក់ក្ដៅ​ពី​ឪពុក​ទេ»

លោកស្រី ប៉ាត់ រស្មី ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ក្រុម​អ្នកដឹកនាំ​បច្ចុប្បន្ន​ចេះ​ស្រឡាញ់​គ្រួសារ​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​មក​​បំផ្លាញ​សេចក្តី​សុខ​របស់​គ្រួសារ​លោកស្រី​ទៅ​វិញ? លោកស្រី​នៅតែ​អះអាង​ថា ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរតែ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​កុំ​ឱ្យ​មាន​បាបកម្ម​ទៅ​ថ្ងៃមុខ៖ «យើង​ដឹង​ហើយ​ថា ព្រះពុទ្ធ​សាសនា​យើង អ្នកណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​ទទួល​ផល​កម្ម គ្រាន់​ថា​យូរ ឬក៏​ឆាប់​តែ​ប៉ុណ្ណឹង។ ហើយ​ខ្ញុំ​ជឿជាក់​ថា អ្នក​ដែល​ពង្រាត់​បង្រាស​គ្រួសារ​ខ្ញុំ អ្នក​បំផ្លាញ​សេចក្តី​សុខ​គ្រួសារ​ខ្ញុំ​នឹង​ទទួល​បាន​បាបកម្ម​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន»

Pat_Raksmey_wife_of_Thon_Rotha_in_fron_of_PP_Court_on_06_09_2021.jpg
(ឆ្វេង) លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន និង​អ្នកនាងប៉ាត់ រស្មី ភរិយា​លោក ថុន រដ្ឋា ក្នុងពេល​ទៅ​ស្តាប់​សវនាការរបស់​ស្វាមី​នៅ​តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក ថុន រដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ ២០ខែ ពី​បទ​ញុះញង់ ហើយ​ថ្មីៗនេះ​តុលាការ​បាន​បន្ថែម​បទ​ចោទ​មួយ​ទៀត​លើ​រូប​លោក គឺ​បទ​រួម​គំនិត​ក្បត់ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ។

ទាក់ទង​នឹង​ភាព​សោកសៅ​របស់​ក្រុម​គ្រួសារ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នេះ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាចលោក សុខ ឥសាន ថ្លែង​ថា វា​ជា​រឿង​មនោសញ្ចេតនា​របស់​បុគ្គល។ រីឯ​រឿង​កម្ម​ពារ​នោះ​វិញលោក​យល់​ថា ជា​ជំនឿ​ផ្ទាល់​ខ្លួន ហើយ​មិន​ត្រូវ​នឹង​ទិដ្ឋភាព​ច្បាប់​នោះ​ទេ៖ «រឿង​នេះ​មិនមែន​រឿង​កម្ម​ពារ ឬ​កម្មផល​ទេ។ អ្នកណា​ប្រព្រឹត្ត​ខុស​ច្បាប់ អ្នក​ហ្នឹង​ត្រូវ​ជាប់​គុក អ្នក​ហ្នឹង​ត្រូវ​គេ​ពិន័យ អ្នក​ហ្នឹង​ត្រូវ​គេ​ចាប់ អ៊ីចឹង​គាត់​យល់​ច្រឡំ​ហើយ​រឿង​កម្មផល»។

ទោះជាយ៉ាងណា មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​មើល​ឃើញ​ថា ចំណាត់​ការ​លើ​សកម្មជន​នយោបាយ និង​អ្នក​ការពារ​បរិស្ថាន​កន្លង​មក មិនមែន​ដោយសារ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ តែ​ដោយសារ​ទំនាស់​នយោបាយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​នៅតែ​រក្សា​ជំហរ​ដដែល គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ក្រុម​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំរឿង​នយោបាយ​ទាំង​អស់​នោះ​វិញ។ ក្រៅ​ពី​នេះ លោក​ស្នើ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​ពិចារណា​គ្រប់​ទិដ្ឋភាព ក្នុង​នោះ​ក៏​រួម​ទាំង​រឿង​មនុស្ស​ធម៌​ផង​ដែរ ដើម្បី​ចៀសវាង​ការ​សម្រេច​ចិត្ត​ណាមួយ​ដែល​បង្កើត​ការ​ឈឺចាប់​សម្រាប់​ពលរដ្ឋ និង​ពង្រាត់​គ្រួសារ​របស់​ពួកគាត់៖ «សង្គម​ស៊ីវិល​យើង​មាន​ការ​អាណិត​អាសូរ​ទៅ​ដល់​អ្នក​ទាំងអស់​ហ្នឹង​ដែល​ពួកគាត់​ទទួល​រង​ភាព​អយុត្តិធម៌​ទៅ​ហើយ ហើយ​រង​ការ​បែកបាក់​ក្រុម​គ្រួសារ​ទៅ​ទៀត។ អ៊ីចឹង​ភាគី​អ្នក​ដឹកនាំ​នយោបាយ​ទាំងអស់​គួរ​តោង​គិត​ពិចារណា ហើយ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្នា​ដើម្បី​រឿង​ចង់​ឈ្នះ​ចង់​ចាញ់ ដោយ​មិន​ខ្វល់​ពី​ភាព​ឈឺ​ចាប់​របស់​ភាគី​ណាមួយ»

NGO-Campaigns-in-week-2-for-seven-hrs-defenders-release_16_08_2021_by_Licadho.jpg
សកម្មជនបរិស្ថាន ព្រះសង្ឃ សកម្មជនសិទ្ធិមនុស្ស និងមេសហជីព ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារការបញ្ចេញមតិ។ (រូប៖ សង្គមហ្វេសប៊ុក)

ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន និង​សកម្មជន​សង្គម ដាក់​ពន្ធនាគារ​ជិត​ ៩០នាក់​ហើយ។ ភាគច្រើន​អាជ្ញាធរ​ចោទ​ប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​​ការ​បង្ហាញ​ភស្តុតាង​រឹងមាំ​ដើម្បី​បញ្ជាក់​ពី​ទោស​កំហុស​របស់​ពួកគេ។ ករណី​ខ្លះ​ទៀត អាជ្ញាធរ​ខ្លួន​ឯង​ទៅវិញ​ទេ ដែល​ជា​អ្នក​រំលោភ​បំពាន​ច្បាប់ ដូចជា ការ​ឈ្លប​យក​ការណ៍​ក្នុង​កិច្ច​សន្ទនា​ឯកជន​របស់​ពលរដ្ឋ​តាម​អំពើ​ចិត្ត ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​មិន​បង្ហាញ​ដីកា ឬ​ព័ត៌មាន​ដល់​គ្រួសារ​របស់​គេ ព្រមទាំង​ការ​មិន​គោរព​គោលការណ៍​វិមតិសង្ស័យ និង​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​របស់​ជន​ជាប់​ចោទ ជាដើម។

ដោយសារ​តែ​អំពើ​អយុត្តិធម៌​ផ្ទួនៗ​គ្នា​បែបនេះ​ហើយ ទើប​ក្រុម​គ្រួសារ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​មួយ​ចំនួន នាំគ្នា​ចេញ​តវ៉ា​ជា​ប្រចាំ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង។

តំណាង​ក្រុម​ស្ត្រី​ថ្ងៃសុក្រលោកស្រី ព្រុំ ចាន់ថា បញ្ជាក់​ថា លោកស្រី និង​គ្រួសារ​សកម្មជន​ដទៃ​ទៀត​នឹង​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដាក់​ញត្តិ​តាម​ស្ថាប័ន និង​ស្ថានទូត​សំខាន់ៗ​បន្ត​ទៀត នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ លោកស្រី​សង្កត់​ធ្ងន់​ថា ទោះជា​មាន​ភាព​សោកសៅ​ក្នុង​ចិត្ត​នៅពេល​នេះ​យ៉ាងណាក៏ដោយ ក៏​លោកស្រី និង​សកម្មជន​ដទៃ​ទៀត បាន​តាំង​ចិត្ត​រួច​ហើយ​ថា ​ត្រូវតែ​រឹងមាំ ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment