ពលរដ្ឋ​និង​អ្នក​វេជ្ជសាស្ត្រ​រិះគន់​រដ្ឋាភិបាល​រឿង​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩

ដោយ មួង ណារ៉េត
2021-10-04
RFA

ពលរដ្ឋ​និង​អ្នក​វេជ្ជសាស្ត្រ​រិះគន់​រដ្ឋាភិបាល​រឿង​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo of SPM Page


ប្រជា​ពលរដ្ឋ និង​អ្នក​វេជ្ជសាស្ត្រ ព្រួយបារម្ភ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ័ន្ត​ច្រឡំ​ខ្វះ​ការប្រុងប្រយ័ត្ន ក្រោយ​រដ្ឋាភិបាល ប្រកាស​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស(Rapid Test) រក​ជំងឺ​កូ​វីដ-១៩ ។ ពួកគាត់ មិន​ជឿ​ទៅលើ​តួលេខ​អ្នកជំងឺ​កូវីដ​ថយ​ចុះ​នោះ​ទេ ប៉ុន្តែ​អាច​ដោយសារ​សមត្ថភាព​ធ្វើតេស្ត​របស់​ក្រសួងសុខាភិបាល​ច្រើន​មិន​ច្បាស់​លាស់​ច្រើន​ជាង។

ប្រជា​ពលរដ្ឋ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដែល​បង្ហាញ​ដោយ​ក្រសួង​សុខាភិបាល ក្រោយ​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង​កញ្ញា ពៅ ណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​មិន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស រក​ជំងឺ​កូវីដ-១៩ នោះ​ទេ ព្រោះ​វា​ហាក់​ធ្វើ​ឱ្យ​កញ្ញា​រស់នៅ​លាយឡំ​ជាមួយ​ជំងឺ​កូវីដ​-១៩ គ្រប់​ពេល។ អាជីវករ​រូប​នេះ​ប្រាប់​ថា កញ្ញា​មិន​សប្បាយ​រីករាយ​ពេល​ឃើញ​តួលេខ​ថយ​ចុះ​ឡើយ ប៉ុន្តែ​រឿង​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ទៅវិញ​ទេ៖ «ខ្ញុំ​ចង់​ឱ្យ​ធ្វើ​អ្វី​មាន​វិធានការ​ច្បាស់លាស់​និង​ទាន់​ពេល​វេលា​កុំឱ្យ​ហួស​ពេល ឬ​មួយ​អូស​បន្លាយ​ពេលវេលា​យូរ​ជាង​នេះ ព្រោះ​អាច​នាំ​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​គាត់​ព្យាបាល​ជាសះស្បើយ​ហើយ អ្នក​ដែល​គាត់​អត់​ទាន់​កើត​គឺ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ពួកគាត់»។

ស្រដៀង​គ្នា​នេះ​ដែរ​អ្នក​រត់​រឺម៉ក់​នៅ​រាជធានី​ភ្នំពេញ លោក ប៊ុន ធឿន លើក​ឡើងថា ពលរដ្ឋ​ចង់ឱ្យ​ក្រសួងសុខាភិបាល​កាត់ផ្ដាច់​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ពលរដ្ឋ​ព្រួយបារម្ភ​ក្រោយ​ទទួល​ដំណឹង​ថា រដ្ឋាភិបាល​ប្រកាស​ផ្អាក​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​សូវ​ប្រុង​ប្រយ័ត្ន​ដូច​មុន៖ «យើង​ធ្វើតេស្ត​រហ័ស​ហ្នឹង​យើង​មើល​ឃើញនឹងភ្នែក​តែម្តង មាន​ឬ​មិន​មាន​យើង​ដឹង​ភ្លាមៗ ប្រើ​រយៈពេល​ខ្លី​ក្នុង​ការចូលរួម​ធ្វើតេស្ត ហើយ​ប្រសិនបើ​មាន​មេរោគ​ហ្នឹង​យើង​ចូលរួម​ធ្វើការ​ព្យាបាល ប្រសិនបើ​អត់​យើង​អាច​ទៅ​រក​មុខរបរ​វិញ​បាន»។

តួលេខ​ឆ្លង​ថ្មី​ចាប់ផ្ដើម​ថយ​ចុះ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ គឺ​ដោយសារ​ក្រសួង​សុខាភិបាល​រាប់​តែ​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ PCR ដោយ​មិន​បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស (Rapid Test) នោះ​ទៀត​ទេ។ រាល់ដង​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ មាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ប្រចាំថ្ងៃ។ ការ​មិន​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស​(Rapid Test) នេះ​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់ឱ្យ​ពលរដ្ឋ​អាច​រស់​នៅ​បាន​ជាមួយ​ជំងឺ​កូវីដ​-១៩។

ពួកគាត់​មួយចំនួន​បាន​លើកឡើង​ថា ទោះជា​ឃើញ​តួលេខ​ថយ​ចុះ​ក៏ដោយ ពលរដ្ឋ​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ ពី​ព្រោះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​បន្ត​កើនឡើង។ ពួកគាត់​ឆ្ងល់​ថា តើ​ក្រសួង​មាន​ម៉ាស៊ីន​ពិសោធន៍ CPR ចំនួន​ប៉ុន្មាន​គ្រឿង ហើយ​ដាក់​បាន​គ្រប់​ខេត្ត ស្រុក ក្រុង​ឬ​នៅ​ទេ។

អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី៣ តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អ្នក​វេជ្ជសាស្ត្រ​ពន្យល់​ថា ប្រទេស​ដែល​ជឿនលឿន​ផ្នែក​វេជ្ជ​សាស្ត្រា​កំពុង​ជំរុញ​ពលរដ្ឋ​ខ្លួន​ឱ្យទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ឱ្យ​បាន​៨០% ឡើង​ទៅ​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នៅ​តាម​រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និង​ទីកន្លែង​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​។ ប៉ុន្តែ​អ្នកជំនាញ​ទាំងនោះ​ភ្ញាក់ផ្អើល​ទៅវិញ ដោយ​ឃើញថា​ពលរដ្ឋ​កម្ពុជា​ស្ទើរតែ​១០០​ភាគ​បាន​ចាក់​វ៉ាក់សាំង​បែរ​ជា​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ធ្វើ​តេស្ត​រហ័ស​ទៅវិញ ហើយ​ពួកគេ​មិន​គាំទ្រ​ការសម្រេច​នោះ​ទេ ព្រោះ​ករណីនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩​កាន់តែ​ខ្លាំង​ឡើង។

ឱសថ​ការី​នៅ​ប្រទេស​អូស្រា​លី លោក លីម សួរ មានប្រសាសន៍ថា ការ​ធ្វើ​តេស្ដ​រហ័ស គឺជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​រក​ឃើញ​រហ័ស​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩​ឱ្យ​ទាន់​ពេល​វេលា​។ លោក​ថា ស្ថានភាព​បច្ចុប្បន្ន​ឧបករណ៍​តេស្ដ​រហ័ស​និង​ម៉ាស៊ីន​ពិសោធន៍ CPR ដើម្បី​ស្វែង​រក​មេរោគ​ជំងឺ​កូវីដ​-១៩ មាន​សារៈសំខាន់​ដូចគ្នា ដោយ​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ៖ «យើង​ដឹង​ថា​គ្រុន​យើង​នៅតែ​ទៅ​ធ្វើ​តេស្ដ​គេ​រាប់​បញ្ចូល​ក្នុង​តួលេខ​ហ្នឹង​ដើម្បី​ឱ្យ​យើង​ដឹង​តើ​ប៉ុន្មាន ហើយ​យើង​តែងតែ​លើកទឹកចិត្ត​ប្រជាជន​យើង​ឱ្យទៅ​តេស្ដ​ឱ្យ​បាន​កាន់តែ​ច្រើន បាន​ច្រើនណាស់​ល្អ​ណាស់ អត់​តេស្ដ​វិញ​ឃើញ​តួលេខ​តិច​យើង​ថា ល្អ​អាហ្នឹង​ព្រួយបារម្ភ​ទៅលើ​ការ​ឆ្លង​វា​លឿន បើ​យើង​អត់​ដឹង​ចំនួន​បាទ»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី អះអាង​ថា ឧបករណ៍​នេះ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​កំណត់​អត្តសញ្ញាណ​អ្នកជំងឺ និង​ញែក​អ្នកជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​ទទូច​ឱ្យ​រដ្ឋា​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ធម្មតា​ឡើងវិញ ហើយ​លើស​ពី​នេះ​គ្រូពេទ្យ​ដែល​ចុះ​យក​ចំណាក​ពី​ពលរដ្ឋ​ត្រូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អនុវត្តន៍​តាម​ទម្រង់​សុខាភិបាល៖ «បើ​រ៉ាពីត​តេស្ត​ហ្នឹង​យើង​មិនអាច​បញ្ឈប់​បាន​ទេ ព្រោះ​យើង​ចង់​ដឹង​អ្នកណា​ឈឺ​ហើយ​វា​មិនមែន​ត្រឹមត្រូវ​១០០​ភាគរយ​ទេ គ្រាន់តែ​យើង​ដឹង​ទៅ​អាច​ញែក​អ្នកជំងឺ​យក​មក​មន្ទីរ​បង្អែក ឬ​មណ្ឌល​ដែល​គេ​មាន​ជំនាញ​ពេទ្យ​ត្រូវ​ជួយ​មើល ហើយ​រ៉ាពីត​តេស្ត​បើ​និយាយ​គ្រាន់​ថា ជំហាន​ដំបូង​គាត់​មាន​កូវីដ​១៩ ឬមួយ​មិន​មាន»។

ក្រសួងសុខាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី​២២ ខែ​មេសា បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​នេះ ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​។ មន្ត្រី​ក្រសួងសុខាភិបាល ថែមទាំង​បាន​អះអាង​ទៀត​ថា តេស្ដ​រហ័ស​នេះ មាន​ភាព​សុក្រឹត​មិន​ចាញ់​តេស្ដ​ដោយ​ម៉ាស៊ីន​ពិសោធន៍​ធំ PCR នោះ​ឡើយ។

សារ​របស់​លោក ហ៊ុន សែន ប្រកាស​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ បើ​ទោះបីជា​ពលរដ្ឋ​កម្ពុជា​ស្ទើរតែ ១០០​ភាគរយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ទៅ​ហើយ​ក្ដី​។ ប្រការ​នេះ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថា អាច​មក​ពី​វ៉ាក់សាំង​របស់​ចិន​មាន​ប្រសិទ្ធភាព​ទាប។

ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ទ្រង់ទ្រាយ​ធំ និង​មាន​អ្នក​ស្លាប់​នេះ​មក ក្រសួង​សុខាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​ចាំបាច់​ទាំងឡាយ ពី​ក្រុម​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​ដែរ។ ម្យ៉ាងទៀត ក្រសួង​ជំនាញ​មួយ​នេះ​ហាក់ដូចជា​ចាំ​ធ្វើ​តាមតែ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានការណ៍​កូវីដ​-១៩ និង​វិធានការ​ជាក់លាក់​ទាំងឡាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​និង​អ្នក​វេជ្ជសាស្ត្រ​រិះគន់​រដ្ឋាភិបាល​រឿង​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩"

  1. Anonymous says:

    YES ….do not under estimated my SAMDACH he is a smart person on art . he was at pagoda temple after he when to MARKY FORESS at age seventeen he had joint the fight with AMERIKANG and study from VIETCONG’s university in KRATIE’s forest that right he knew every thing. nothing that my SAMDACH did not know

Leave a Reply

Submit Comment