មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ នៅ​ខេត្ត​បន្ទាយមានជ័យ​ភៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព

ដោយ ជាតិ ចំណាន
2021-10-04
RFA

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ នៅ​ខេត្ត​បន្ទាយមានជ័យ​ភៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ លោក ផុង សុជាតិ​ ហៅ​ ជាតិ ខេមរា​ ក្នុង​ពេល​ចូល​រួម​ការងារ​បក្ស​ កាល​ពី​ឆ្នាំ​២០១៧។ រូប៖ សកម្មជនបក្សប្រឆាំង


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ភៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​ ក្រោយ​ពី​បាន​ទទួល​សាលក្រម​របស់​តុលាការ​ខេត្ត​នេះ​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ៧ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់។ មន្ត្រី​សង្គម​ស៊ីវិល​​យល់​ថា ​រឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​រត់​ភៀស​ខ្លួន​នោះ​ ថ្លែង​ថា ​ការ​ភៀស​ខ្លួន​នេះ​ ព្រោះ​ចង់​រក្សា​កម្លាំង​ចូល​រួម​ជា​មួយ​សកម្មជន​​ដទៃ​ទៀត​ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​​​ស្ដារ​ប្រជាធិបតេយ្យ​​​​នៅ​កម្ពុជា​ឡើង​វិញ។

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក ផុង សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៤ តុលា​ថា នៅ​ពេល​នេះ​លោក​បាន​ភៀស​ខ្លួន​ដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា មូលហេតុ​​ដែល​លោក​រត់​ភៀស​ខ្លួន ដោយសារ​មួយ​រយៈ​នេះ​មាន​ប៉ូលិស​ជា​ច្រើន​នាក់​តាម​ឃ្លាំ​មើល​ដល់​ផ្ទះ​របស់​លោក​នៅ​ខេត្ត​បាត់ដំបង​ជា​បន្ត​បន្ទាប់។​មន្ត្រី​បក្ស​ប្រឆាំង​វ័យ ៤៧ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ខ្ញុំ​គិត​ថា មក​ដល់​នេះ​វា​សុវត្ថិភាព​បង្គួរ​ហើយ ដែល​គ្រាន់​បើ​ជាង​យើង​នៅ​ខាង​ក្រុង​ប្រទេស កាល​ណា​យើង​ក្នុង​វា​គ្រោះ​ថ្នាក់​ធំ​ណាស់​ដូច​យើង​នៅ​ក្នុង​ហ្វូង​ខ្លា​អ៊ីចឹង។ ប៉ុន្តែ​មក​ក្នុង​នេះ​យើង​អាច​បន្ត​រិះ​គន់ ចំពោះ​ទង្វើ​អាក្រក់ របស់​ការ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ។ របប​ផ្ដាច់​ការ​ហ្នឹង​ខ្ញុំ​មិន​និយាយ​រដ្ឋាភិបាល​ទេ ពីព្រោះ​វា​មិន​មែន​ជា​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ។ ការ​ដឹក​នាំ​ដោយ​ប្លន់​អំណាច​នេះ​វា​មិន​មែន​ជា​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ​ទេ​ ដូច្នេះ​ខ្ញុំ​នៅ​តែ​រិះគន់ នៅ​តែ​ប្រឆាំង រិះគន់​ដើម្បី​ជាតិ​និយាយ​ឱ្យ​ច្បាស់​ទៅ​រិះគន់​ដើម្បី​ស្ថាបនា​ដើម្បី​ឱ្យ​គាត់​ងាក​ទៅ​រក​ប្រជាធិបតេយ្យ​ឡើង​វិញ»

ការ​រត់​ភៀស​ខ្លួន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ក្រោយ​ពេល​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ផ្ដន្ទាទោស​លោក ផុង សុជាតិ ហៅ ជាតិ ខេមរា ដាក់​ពន្ធនាគារ​រយៈ​ពេល ៧ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ចូល​រួម​ដំណើរ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៩។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក ​លឹម សុគន្ធរា បាន​បញ្ជាក់​នៅ​ក្នុង​សាលក្រម​ចុះ​ថ្ងៃ​ទី២៦ សីហា​ថា រឿង​នេះ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ប្ដឹង​ទាស់ និង​ប្ដឹង​ឧទ្ធរណ៍​បាន​តាម​ច្បាប់។

ការ​ប្រកាស​សាលក្រម​នេះ គឺ​បន្ទាប់​ពី​តុលាការ បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង ៣រូប កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ដោយ​ពុំ​មាន​វត្តមាន​របស់​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី។ ប៉ុន្តែ​លោក ជាតិ ខេមរា ទើប​តែ​បាន​ទទួល​សាលក្រម​នេះ នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា តាំង​ពី​នោះ​មក​លោក​បាន​ភៀស​ខ្លួន នៅ​ក្នុង​ស្រុក​នឹង​ឆ្លង​ដែន​ទៅ​ដល់​ក្រៅ​ប្រទេស​ហើយ​នៅ​ថ្ងៃ​ទី២ តុលា។

សំណុំ​រឿង​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង ២នាក់​ផ្សេង​ទៀត គឺ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាំ សុផាន់ និង​សកម្មជន​ម្នាក់​ទៀត លោកស្រី ឃុន សាវរ៉ាន ក៏​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៧ឆ្នាំ​ក្រោម​បទ​ចោទ​ដូច​គ្នា​ដែរ។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ជុំ​វិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ថា ការ​សម្រេច​របស់​តុលាការ​នេះ ជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា រឿង​នេះ​ជា​សំណុំ​រឿង​ចាស់ ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​លើកលែង​ទោស​ដល់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​ហើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់៖ «ខ្ញុំ​ឃើញ​រឿង​ជា​ច្រើន​ណាស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ហ្នឹង​ខាង​មន្ត្រី​ប្រឆាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​កប់​ចោល​រហូត​ដល់​ឥឡូវ​ ហើយ​អ្នក​ខ្លះ​ដោះលែង​នៅ​ក្នុង ៩វិច្ឆិកា​មក​គាត់​អត់​មាន​ឃើញ​កាត់​អី​ដែរ។ អីចឹង​បើ​សិន​ជា​សកម្មជន​ហ្នឹង​នៅ​ស្ងៀម​មិន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​អា​ហ្នឹង​ប្រហែល​ជា​អាច​បាន​នៅ​ផ្ទះ​សុខ បើ​បញ្ចេញ​មតិ​គឺ​មិន​អាច​នៅ​ផ្ទះ​មិន​អាច​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​បាន​ទេ​អ៊ីចឹង​អា​ហ្នឹង​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ជា​ការ​រឹតត្បិត​សេរីភាព​ហើយ»

មន្ត្រី​បក្ស​ប្រឆាំង​លោក ផុង សុជាតិ​ និយាយ​ថា រឿង​នេះ​លោក​នឹង​មិន​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​នោះ​ទេ ព្រោះ​លោក​គ្មាន​ជំនឿ​​លើ​ស្ថាប័ន​តុលាការ។

មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជិត ៩០នាក់ ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគ​ច្រើន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់។ ក្រៅ​ពី​នេះ មាន​សកម្មជន​រាប់​សិប​នាក់​ទៀត កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ។

អ្នក​តាម​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នេះ​ថា ជា​ការ​បោស​សំអាត​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល ដែល​ជា​ឆ្អឹង​ទទឹក​​ដល់​ការ​ដឹក​នាំ​​របស់​របប​ឯក​បក្ស៕

What Next?

Recent Articles

Leave a Reply

Submit Comment