ក្រុមអ្នកការពារ​សិទ្ធិមនុស្សចង់ឃើញ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស អ.ស.ប ដើម្បី​ស្តា​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ មាន ឫទ្ធិ
2021-10-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមអ្នកការពារ​សិទ្ធិមនុស្សចង់ឃើញ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស អ.ស.ប ដើម្បី​ស្តា​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា បង្ហាញរបាយការណ៍ដំបូងស្តីពី ទិដ្ឋភាពទូទៅនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចាប់ពីពាក់កណ្តាលឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។រូប៖ OHCHR


ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ស្វាគមន៍​របាយការណ៍​លើក​ដំបូង​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែល​បាន​ដាក់ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​ទាំងឡាយ​របស់​អ្នករាយការណ៍​ពិសេស​នេះ យកទៅ​កែលំអ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា​ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប។

របាយការណ៍​លើក​ដំបូង​ដែល​លោក វិទិត មុនតាប៊ន ដាក់ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ សម្រាប់​សម័យ​ប្រជុំ​លើកទី៤៨ ពី​ថ្ងៃទី១៣ ខែកញ្ញា ដល់​ថ្ងៃទី៨ ខែតុលា នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទិដ្ឋភាព​ទាំងនោះ រួមមាន​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺកូវីដ-១៩ បញ្ហា​ធ្លាក់ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​បញ្ហា​មួយចំនួន​ទៀត​ទាក់ទងនឹង​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បញ្ហា​ដីធ្លី និង​បរិស្ថាន សង្គមស៊ីវិល កិច្ចពិគ្រោះយោបល់ និង​កិច្ចសហប្រតិបត្តិការ​ជាដើម។

របាយការណ៍​នេះ ពិនិត្យ​មើលស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២០ រហូតមកទល់​នឹង​ខែឧសភា ឆ្នាំ២០២១។ លោក វិទិត មុនតាប៊ន គូសបញ្ជាក់​ថា ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ-១៩ លោក​មិនអាច​មក​ធ្វើ​ទស្សនកិច្ច​នៅកម្ពុជា​ជាលើក​ដំបូង​ដោយ​ផ្ទាល់​បាន​ទេ។ ក៏ប៉ុន្តែ លោកថា លោក​បាន​ជួប​ជាមួយ​នឹង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​តាមរយៈ​កិច្ចប្រជុំ​តាម​អនឡាញ។ លោក​សង្កត់​ធ្ងន់​នៅក្នុង​សេចក្តីសន្និដ្ឋាន​របស់​លោក​ថា ការពិត​នៅ​កម្ពុជា​ដែល​គេអាច​មើលឃើញ​គឺថា សុខសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព មិន​អាច​សម្រេចទៅបាន​នោះទេ លុះត្រាណាតែ​អំណាច​ត្រូវបាន​ចែករំលែក​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​មាន​ភាពចម្រុះ ដើម្បី​ឱ្យ​ពួកគេ​ម្នាក់ៗ​ទទួលបាន​អារម្មណ៍​ថា ​ពួកគេ​គឺជាម្ចាស់​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​ទាំងអស់គ្នា។ លោក​រំឮកថា ដូច្នេះ​ហើយ​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ១៩៩១ កាលពី​ ៣០ឆ្នាំ​មុន លើកឡើង​ពី​ការសន្យា​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​កាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ថា ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​រូបនេះ ឆ្លុះបញ្ចាំង​ពី​ការពិត និង​ការវិវត្តន៍​ចុងក្រោយ​នៅកម្ពុជា។ លោក​ថា​ការរកឃើញ​​របស់​អ្នកជំនាញ​ខាងសិទ្ធិមនុស្ស​រូបនេះ គឹដូចគ្នា​នឹង​​អ្នករាយការណ៍​ពិសេស​មុនៗដែរ៖ «អ្វី​ដែល​អ្នករាយការណ៍​ពិសេស​លោក​បាន​លើក​នៅក្នុង​របាយការណ៍​ពេលនេះ ក៏មិនខុស​ប្លែក​អី​ខ្លាំង​អំពី​អ្នករាយការណ៍​ពិសេស​ដែល​គេ​បាន​លើក​មុនៗដែរ ដែល​គេបាន​រកឃើញ​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​យើង ដែល​គេធ្លាប់​បាន​លើកកាលពី​ពេល​កន្លងមក។ មិនសូវជា​ខុសគ្នា​អី​ប៉ុន្មាន​ទេ​ទាក់ទងទៅនឹង​ការរកឃើញ​អំពី​ការធ្លាក់ចុះ​នៃ​បញ្ហា​សិទ្ធិមនុស្ស ពិសេស​គឺ​ទាក់ទង​ទៅនឹង​សិទ្ធិ​សេរីភាព​នៅក្នុងការ​បញ្ចេញ​មតិ សិទ្ធិ​នយោបាយ សិទ្ធិ​អី ជាហូរហែរ​ហ្នុង»

ស្រដៀងគ្នា​នេះ​ដែរ សម្រាប់​នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត វិញ លោក​យល់ថា អនុសាសន៍​ដាក់ចេញ​ដោយ​អ្នករាយការណ៍​​ពិសេស​រូបនេះ គឺ​ចង់ឃើញ​កម្ពុជា​គោរពតាម​ស្តង់ដារ​អន្តរជាតិ​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ដើម្បី​ធានា​នូវ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ៖ «ខ្ញុំ​យល់​ថា អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​នេះ វា​ជារឿង​សំខាន់​ដែល​មាន​ការផ្តល់​អនុសាសន៍​នេះ ពីព្រោះ​វាជា​រឿងមួយ​ដែល​ជួយ​ជំរុញ​កម្ពុជា​យើង​អាច​នឹង​មាន​លំហ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅ​កម្ពុជា។ អនុសាសន៍​នេះ គឺ​ត្រូវ​ឱ្យ​មាន​ការកែប្រែ ឬ​កែលំអ​ច្រើន​ជាពិសេស​ទាក់ទងនឹង​បញ្ហា​ច្បាប់​មួយ​ចំនួន​ដែល​គិតថា​ច្បាប់​ខ្លះ​អាច​រឹតត្បិត​ទៅលើ​សេរីភាព ទៅលើ​សិទ្ធិ​របស់​ពលរដ្ឋ។ អញ្ចឹង បើសិនជា​មាន​ការសន្ទនា មាន​ការធ្វើ​វិសោធនកម្ម​ខ្លះ ដើម្បី​ជា​លំហ​នៃ​ការគោរព​តាម​គោលការណ៍​ស្តង់ដារ​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស វាជា​រឿងមួយ​ល្អ»

វិទ្យុអាស៊ីសេរី មិន​អាចទាក់ទង​អ្នកនាំពាក្យ និង​ជា​សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​ដំបូង​របស់​អ្នករាយការណ៍​ពិសេស​នេះ បានទេ​ដោយសារ​លោក​ពុំលើក​ទូរស័ព្ទ​កាលពីល្ងាច​ថ្ងៃទី៤ ខែតុលា។

យ៉ាងណា នៅក្នុង​របាយការណ៍​ឆ្លើយតប​របស់​រដ្ឋាភិបាល​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជុំវិញ​ការរកឃើញ​របស់​អ្នករាយការណ៍​ពិសេស​នេះ រដ្ឋាភិបាល​បញ្ជាក់ថា ខ្លួន​ស្រងាកចិត្ត​ចំពោះ​ការចោទប្រកាន់​រាប់មិនអស់​នៅ​ក្នុង​របាយការណ៍​នេះ ដែល​រដ្ឋាភិបាល​អះអាង​ថា ​ធ្វើឡើង​ដោយ​ខ្វះ​ភស្តុតាង ហើយ​ភាគច្រើន​ជា​ព័ត៌មាន​ផ្តល់​ឱ្យ​ដោយ​ក្រុមប្រឆាំង និង​សម្ព័ន្ធភាព​របស់​ពួកគេ។ រដ្ឋាភិបាល​គូសបញ្ជាក់​ថា ជារួម របាយការណ៍​នេះ​ផ្តោត​លើ​បញ្ហានានា​ដែល​បាន​លើកឡើង​ដោយ​អ្វីមួយ​ដែល​រដ្ឋាភិបាល​ហៅថាជា «ក្រុមខុសច្បាប់» ឬ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ដែល​ធ្វើការ​តាម «យុទ្ធនាការ​របស់​បរទេស​ដើម្បី​ប្រឆាំងនឹង» រដ្ឋាភិបាល​កម្ពុជា។

ផ្ទុយ​ពី​អំណះអំណាង​របស់​រដ្ឋាភិបាល​នេះ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​អនុសាសន៍​ដាក់ចេញ​ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​នេះ។

អ្នកជំនាញ​សិទ្ធិការងារ និង​ជា​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ថា រដ្ឋាភិបាល​គួរធ្វើយ៉ាងណា​ពិចារណា​ស្តាប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​ឱ្យ​ដូចអ្វី​ដែល​កម្ពុជា​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៖ «បើ​ខ្ញុំ​មើលទៅ​របាយការណ៍​នេះ វាមិនទាន់​បាន ១០០នូវ​អ្វីដែល​យើង​អ្នកដែល​ធ្វើការ​នៅមូលដ្ឋាន​មើលឃើញ​ក៏ដោយ ក៏ប៉ុន្តែ យ៉ាងណា គាត់បាន​និយាយច្រើន​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ ខ្ញុំ​មើលទៅ​គឺរឿងមួយ​ដែល​រដ្ឋាភិបាល ឬក៏​អាជ្ញាធរ​កម្ពុជា​គួរពិចារណា​នោះ គឺរឿង​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ ស្តា​ការគោរព​សិទ្ធិមនុស្ស​ស្របតាម​អ្វីដែល​យើង​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នោះឯង»

រីឯលោក នី សុខា វិញ លោក​ក៏​ចង់ឃើញ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ធ្វើយ៉ាងណា​កែលំអ​ប្រទេស​ជាតិ​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា៖ «ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​យល់ថា ​ផ្ទុយទៅវិញ​រដ្ឋាភិបាល​ទេ​ដែល​លោកត្រូវ​ពិនិត្យ​ពិចារណា​ទៅលើ​របាយការណ៍​ហ្នុង ពីព្រោះ​របាយការណ៍​ហ្នុង​អាចជា​កញ្ចក់​ឆ្លុះបញ្ចាំង អាច​ជួយ​ទៅដល់​រដ្ឋាភិបាល​ដែរ​អំពី​ការមើលឃើញ​អំពី​ដំណើរការ​វិវត្តន៍​នៃ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​ហ្នុង។ អ៊ីចឹង​ហើយ រដ្ឋាភិបាល​អាច​យក​របាយការណ៍​នេះ​មក​ធ្វើការ​ពិចារណា​បាន​ក្នុងការ​កែលំអ​ប្រទេសជាតិ​របស់​យើង​ជាដើម។ នេះ​ជារឿង​សំខាន់»

ក្នុងចំណោម​អនុសាសន៍​សំខាន់ៗ ១០ចំណុច ដែល​លោក វិទិត មុនតាប៊ន ស្នើឡើង​នៅ​ក្នុង​របាយការណ៍​ដំបូង​របស់​លោក អនុសាសន៍​ចំនួន ៣ ដែល​លោក​ចង់ឃើញ​​នោះ គឺ​លោក​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ជាបន្ទាន់​នូវការកែ​លំអ​ច្បាប់ គោលនយោបាយ និង​ការអនុវត្តន៍​នានា​ដែល​មាន​លក្ខណៈ​ជាការ​រឹត​ត្បិត​​ធ្ងន់ធ្ងរ​​ដល់​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​អនុលោម​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ តាមរយៈ​កិច្ចពិគ្រោះយោបល់​ជានិរន្ត​ជាមួយ​អង្គការ​សង្គមស៊ីវិល។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​បញ្ឈប់​ការស៊ើបអង្កេត និង​ការផ្តន្ទាទោស​សមាជិក​គណបក្សប្រឆាំង ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​សង្គមស៊ីវិល និង​អ្នកសារព័ត៌មាន ដោយ​ធ្វើយ៉ាងណា​បើកចំហ​លំហ​ដើម្បី​ឱ្យ​មាន​កិច្ចសន្ទនា ការផ្សះផ្សា​ជាតិ និង​ការស្តា​ស្ថាប័ន​ជាតិ​ឡើងវិញ។ អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដដែល ក៏ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​នូវ​បរិយាកាស​សេរី និង​ពហុបក្ស​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់ និង​ការបោះឆ្នោត​ជាតិ​នាពេលខាងមុខ ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការបំភិតបំភ័យ និង​ការយាយី​ផ្នែកនយោបាយ​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ក្រុមអ្នកការពារ​សិទ្ធិមនុស្សចង់ឃើញ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស អ.ស.ប ដើម្បី​ស្តា​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ"

  1. Anonymous says:

    please take the mirror to HUN NAL for him to see how ugly he is

  2. so socheath says:

    អាម្នាក់ឈ្មោះ វិទិត មុនតាប៊ន (Vitit Muntarbhorn) នេះ ជាមនុស្សពភ្លើ
    ចោលម្សៀតសុទ្ធ អានេះធ្វើការ អត់បានការ ស្អីទេ ។
    ចេញដំណើរភ្លាម អានេះបញ្ចេញទង្វើចោលម្សៀតភ្លាមបែបនេះ ទាល់តែយូរ
    បានគេធ្វើកិច្ចសហការណ៍ជាមួយ ។
    ទីបំផុត អាល្ងើនេះ បានត្រឹមដើរយួរក្តស្តោក ទៅម៉ោ ៗ រហូតចប់អាណត្តិ
    ដែលវាអាចរស់នៅបាន តាមរយះសេចក្តីរាយការណ៍ បោកប្រាស ពីសភាពការណ៍
    ពិតនៅកម្ពុជាតែប៉ុណ្ណោះ !

Leave a Reply

Submit Comment