គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​របប​ក្រុង​ភ្នំពេញ

ដោយ មាន ឫទ្ធិ
2021-10-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​របប​ក្រុង​ភ្នំពេញ

(ឆ្វេង) អ្នកស្រី មូរ សុខហ៊ួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងបណ្ឌិត សេង សារី អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម។ រូប៖ CSPAN និង RFA


គណបក្ស​សង្គ្រោះ​ជាតិ​​ គាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​​មន្ត្រី​របប​ក្រុង​ភ្នំពេញ។បក្ស​ប្រឆាំង​​ អះអាង​ថា ការ​អនុម័ត​ច្បាប់​នេះ គឺជា​សារ​មួយ​បង្ហាញ​ថា ​​សហរដ្ឋ​អាមេរិក​ នឹង​មិន​អត់​ធ្មត់​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៀត​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​បន្ត​​សកម្មភាព​ការ​ទូត ដើម្បី​ជំរុញ​ឲ្យ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​របប​ក្រុង​ភ្នំពេញ ឬ​ច្បាប់ H.R 4686 ឲ្យ​បាន​លឿន​បន្ត​ទៀត។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហ៊ួរ អះអាង​ថា ការ​អនុម័ត​ច្បាប់​នេះ ដោយសារ​សហរដ្ឋ​អាមេរិក​មិន​អាច​ទទួល​យក​បាន​ទេ នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ​ អ្នកស្រី​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​​ជជែក​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​រក​វិធី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត ទើប​របប​ក្រុង​ភ្នំពេញ​អាច​រួច​ផុត​ពី​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក​បាន៖ «គាត់​ត្រូវ​តែ​ជជែក​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ប្រសិន​បើ​លោក ហ៊ុន សែន មាន​ឥរិយាបថ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បញ្ចប់​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ គេ​អាច​អនុគ្រោះ​ឲ្យ​បាន»

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី៣ តុលា គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឆ្នាំ​២០២១ ឬ H.R 4686 នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​ យោធា និង​កង​កម្លាំង​សន្តិសុខ​នៃ​របប​លោក ហ៊ុន សែន ដោយ​បង្កក​ ឬ​រឹបអូស​​​ទ្រព្យ​សម្បត្តិ​ជន​ទាំង​នោះ​នៅ​សហរដ្ឋ​អាមេរិក ហើយ​រឹតត្បិត​រាល់​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​​ជាមួយ​សហរដ្ឋ​អាមេរិក និង​ហាម​ឃាត់​ជន​ទាំង​នោះ​ មិន​ឲ្យ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ជា​ដើម។ គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​កម្រោល​ដោយ​គ្រាន់​តែ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន ការ​រំលោភ​បំពាន និង​ឃុំ​ខ្លួន​ជន​រង​គ្រោះ​ដីធ្លី ការ​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​មេ​ដឹក​នាំ​សហជីព គឺ​ជា​ទង្វើ​ប្រឆាំង​នឹង​សិទ្ធិ​ជា​មូលដ្ឋាន ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ និង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ គណបក្ស​ប្រឆាំង​មួយ​នេះ យល់​ថា សមាជិក​សភា​សហរដ្ឋ​អាមេរិក គឺ​លោក អាឡែន ឡូវ៉ិនថល  (Alan Lowenthal) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ស្ទីវ ឆាបុត  (Steve Chabot)  មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​បាន​តាក់តែង​ច្បាប់ H.R 4686 គប្បី​ទទួល​បាន​ការ​គោរព ចំពោះ​ការ​ប្រឹងប្រែង ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ​សមាជិក​​រដ្ឋសភា​សហរដ្ឋអាមេរិក​ ៤០៣នាក់ ​បាន​អនុម័ត​​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ ឆ្នាំ​២០២១ ឬ H.R 4686 ចាត់​ទុក​ជា​ការ​ប្រញាប់​ហើយ​បាន​កាត់​ចោល​នីតិវិធី​ខ្លះ ដើម្បី​ឈាន​ទៅ​ដល់​ការ​អនុម័ត​ឲ្យ​បាន​ឆាប់។ ច្បាប់​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ដំណាក់​កាល​ទៀត មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ជា​ផ្លូវ​ការ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ពេញ​ចិត្ត​នឹង​ការ​អនុម័ត​ច្បាប់​នេះ​ទេ។ អ្នក​នាំ​ពាក្យ​ លោក ផៃ​ ស៊ីផាន ហៅ​ការ​អនុម័ត​ច្បាប់​នេះ​ថា​អយុត្តិធម៌ ហើយ​លោក​មិន​ជឿ​ថា​រដ្ឋាភិបាល​អាមេរិក​យល់ព្រម​អនុវត្ត​ច្បាប់​នេះ​ទេ។ ចំណែក​អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ច្បាប់​នេះ​​​មិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ទេ ហើយ​បក្ស​កាន់​អំណាច​រក្សា​ជំហរ​មិន​ចរចា​ជាមួយ​បក្ស​ប្រឆាំង​​ដដែល​។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​តប​ត​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ រីឯ​រដ្ឋាភិបាល​នឹង​នៅ​តែ​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​សហរដ្ឋ​អាមេរិក​ដដែល៖ «ការ​អនុម័ត​ច្បាប់​របស់​សភា​អាមេរិក ជា​រឿង​របស់​អាមេរិក។ ដូច្នេះ​គ្មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​នឹង​ឯករាជ្យ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទេ»

ប៉ុន្តែ​អ្នក​វិភាគ​សង្កេត​ឃើញ​ថា យន្តការ​អន្តរជាតិ ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​​​កម្ពុជា​ឆ្នាំ២០២១ នេះ សុទ្ធ​តែ​ជា​យន្តការ​សំខាន់​ដែល​អាច​​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​នៅ​កម្ពុជា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ បណ្ឌិត សេង សារី​ យល់​ថា បើ​ទោះ​ជា​យន្តការ​អន្តរជាតិ​មាន​ឥទ្ធិពល​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដូច​ឆន្ទៈ​របស់​អ្នក​នយោបាយ​ដែរ។ បណ្ឌិត លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចរចា​គ្នា ជា​ជាង​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ជឿ​ថា​ការ​ចរចា​ ឬ​ក៏​ឆន្ទៈ​នៃ​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស ជា​ពិសេស ឆន្ទៈ​អ្នក​នយោបាយ​ដែល​មាន​កម្លាំង​ធំ​២​នេះ​ជា​រឿង​សំខាន់​ ជា​ជាង​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ»

ទោះ​ជា​យ៉ាង​ណា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក​ព្យាយាម​សុំ​ចរចា សុំ​ជជែក ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​របប​ក្រុង​ភ្នំពេញ​ច្រើន​ដង​ហើយ តែ​​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ព្រម។ លោក​ក៏​តែង​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ដាក់​សំពាធ​លើ​របប​ក្រុងភ្នំពេញ គ្រប់​វិធីសាស្ត្រ​ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​រក​ការ​ចរចា ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​របប​ក្រុង​ភ្នំពេញ"

  1. so socheath says:

    ហាស ! ហាស
    មានតែបង្កកកាដួយស្វឹត ស្អុយង៉តផស់់ង៉ែងទេមីកាហួរ !
    មន្ត្រីក្រុងភ្នំពេញអត់មាន​ មន្ត្រីណាមួយមានលុយ ឲ្យអាមេរិកបង្កកទេ !
    មានលុយតិចតួចទុកគ្រាន់ចាយទិញម្ហូបស៊ី និងរំលែកមួយចំណែក ជួយប្រជាជន
    ជួបការលំបាក តើមានលុយឯណា ឲ្យអាមេរិកបង្កកនោះ មីឡប់ ?
    មន្ត្រី្ក្រុងភ្នំពេញ អត់មានព្រឺពងក្ត ជាមួយអាច្បាប់ចោលម្សៀតហ្នឹងផង ចុះង៉ែង
    រមាស់កាដួយឈឺឆ្អាលស្អីដែរ មីកាហួរ ?

Leave a Reply

Submit Comment