លោក ហ៊ុន សែន៖​ កម្ពុជា​នឹង​កំណត់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​បញ្ញតិ្ត​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិ
លោក ណាត សុភាព |០៦ តុលា ២០២១ |ម៉ោង ១៤:៤៥
VOD

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​ច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិ​ខ្មែរ​តែ​មួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិបតេយ្យកម្ពុជា។

ក្នុង ទំព័រហ្វេសប៊ុករបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលានេះ ទំនងជាឌឺដងឱ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនៅឯក្រៅប្រទេស បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែប​ឌឺដង​ថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទ​ជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ជាពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះកម្ពុជានឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់អង្គការ ត្រូវការសំឡេង ២ភាគ៣ ទើបអាចអនុម័តបាន។

ទាក់ទិននឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅលោក កើត រិទ្ធ រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ ឬសេចក្តី​ព្រាងច្បាប់​អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធ​សភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិប​តេយ្យ​កម្ពុជា។

ខ្លឹមសារលើហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់អង្គការ ដែលចេញពី​រាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា»។

វីអូឌី មិនអាចសុំការឆ្លើយ​តប​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និ​ងអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទេ នៅថ្ងៃនេះ។

ប៉ុន្តែ ក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានមួយភ្លាម​ៗ​ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដោយប្រកាស​គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរៀបចំធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងច្បាប់​ដែលពាក់ព័ន្ធ ក្នុងការកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា  ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

ក្រសួងយុត្តិធម៌បញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ​ជាការធានាខាងផ្លូវច្បាប់ ខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់​មុខតំណែង​ជាមេដឹកនាំ​នៃស្ថាប័នកំពូលទាំង៤​របស់​ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិនិងមាតុភូមិកម្ពុជា ហើយដឹកនាំដោយ​​គិត​ប្រយោជន៍​ជាតិជាធំ មិនឱ្យមានការជ្រៀតជ្រែកពីក្រៅប្រទេសមកលើកម្ពុជាផងដែរ។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលចង់កំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

លោកបណ្ឌិត សេក សុជាតិ បញ្ជាក់ថា បើអ្នកនយោបាយឬថ្នាក់ដឹកនាំកំពូលៗរបស់ជាតិមានសញ្ជាតិច្រើន អាចធ្វើឱ្យកម្ពុជាជួបវិបត្តិ ដូចជា បញ្ហាផ្ទៃក្នុង ឬសន្តិសុខរបស់ជាតិ។

លោកបណ្ឌិតមានប្រសាសន៍ដូច្នេះថា៖ «នៅក្នុងសង្គមកម្ពុជា ក៏យើងជួបបញ្ហានេះច្រើនដែរនៅពេលដែលប្រទេស​យើងមានវិបត្តិផ្នែកនយោបាយ វិបត្តិសង្គម យើងឃើញមេដឹកនាំនៅក្នុងគណបក្សនយោបាយខ្លះមួយចំនួនដែល​មានបញ្ហានយោបាយរកាំរកូសនៅក្នុងការប្រកួតប្រជែងរបស់ពួកគាត់ យើងឃើញមានការរត់ចេញទៅក្រៅប្រទេស ពីព្រោះប្រទេសរបស់គាត់មិនមែនមានតែកម្ពុជា គាត់មានសញ្ជាតិពីរ អ៊ីចឹង​គាត់អាចរត់ទៅខាងក្រៅប្រទេស​បាន»។

លោកមានប្រសាសន៍បន្ថែម៖ «ទី២ ដូចនៅក្នុងករណីនេះខ្លះ បើយើងពិចារណាឱ្យដិតដល់ទៅ ទាក់ទងនឹងអំពើមួយចំនួនដែលវាធ្ងន់ធ្ងរប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ គឺយើងពិបាកក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គមនិងប្រទេសជាតិ​យើង ដោយសារពួកគាត់ដែលមានសញ្ជាតិមួយផ្សេង អ៊ីចឹង​ត្រូវបានប្រទេសនោះការពារ​គាត់ ឬប្រទេសដទៃ​អាចនឹងបញ្ជូនអ្នកដែលមានសញ្ជាតិដទៃមកកម្ពុជា ដើម្បីប្រជែងយកតួនាទីដឹកនាំក្នុងស្ថាប័នកំពូលរបស់កម្ពុជា ហើយសន្តិសុខជាតិរបស់កម្ពុជាក៏មិនមានអ្វីសម្ងាត់ដែរ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន៖​ កម្ពុជា​នឹង​កំណត់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​បញ្ញតិ្ត​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ"

  1. Anonymous says:

    OH….why you bough another citizen out of KAMPOUCHEA you want to run are you ???????? wait not that easy Mr where ever you go we will get you

  2. Anonymous says:

    dose not matter what you trying to do HUN SEN your time is just about over . one more thing you can run but I do not think you can hiding OK

Leave a Reply

Submit Comment