គ្រួសារ​យុវជន​ខ្មែរ​ថាវរៈ​កញ្ញា សូ មេត្តា បារម្ភ​ពី​សុខភាព​​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ក្នុង​ពន្ធនាគារ

ដោយ ទីន ហ្សាការីយ៉ា
2021-10-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​យុវជន​ខ្មែរ​ថាវរៈ​កញ្ញា សូ មេត្តា បារម្ភ​ពី​សុខភាព​​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ក្នុង​ពន្ធនាគារ

កញ្ញា សូ មេត្តា សមាជិក​យុវជន​ខ្មែរ​ថាវរៈ ពេល​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២០ និង​ខាង​ស្ដាំ ថត​នៅ​ពេល​ហែ​ក្បួន​តវ៉ា កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០។ រូប៖ ផ្ដល់​ឱ្យ


ក្រុម​គ្រួសារ​យុវជន​ខ្មែរ​ថាវរៈ ព្រួយ​បារម្ភ​ពី ស្ថានភាព​សុខភាព កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែល​កំពុង​ជាប់​ឃុំឃាំង ក្នុង​ពន្ធនាគារ​ព្រៃ​ស។ មន្ត្រី​សង្គម​ស៊ីវិល​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ កញ្ញា អេង ម៉ាឡៃ និង​អ្នកទោស​មនសិការ​ទាំង​អស់ ដោយ​ដោះ​លែង​ឱ្យ​ពួកគាត់​មាន​សេរីភាព​ចួប​ជុំ​ក្រុម​គ្រួសារ​វិញ។

ប្អូនស្រី​បង្កើត​កញ្ញា អេង ម៉ាឡៃ គឺ​កញ្ញា អេង វ៉ាន់ឌី រន្ធត់ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ប្រទះឃើញ ស្ថានភាព​បងស្រី​របស់​ខ្លួន ញ័រ​ដៃ​ជើង ស្គមរីងរៃ ស្មារតី​មិន​នឹង​ហ្ន និង​កើត​ជំងឺ​អាឡាក់​ស៊ី​ស្បែក​ពេញ​ប្រាណ មិន​ទាន់​ធូរស្បើយ​នៅ​ឡើយ​ទេ។

កញ្ញា អេង វ៉ាន់ឌី ដែល​បាន​ទៅ​សួរសុខទុក្ខ​បងស្រី​របស់​ខ្លួន កាលពី​ថ្ងៃទី​៥ ខែ​តុលា រៀបរាប់​ថា កញ្ញា អេង ម៉ាឡៃ កំពុង​ជួប​ការ​លំបាក​ផ្នែក​សុខភាព​រាងកាយ និង​សតិអារម្មណ៍​ធ្ងន់ធ្ងរ ព្រោះ​បន្ទប់​ឃុំឃាំង​កាន់តែ​តូច​ចង្អៀត​ណែន​តាន់តាប់ ការ​ហូបចុក​មិន​គ្រប់គ្រាន់ ហើយ​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​មន្ត្រី​ពន្ធនាគារ ដោយ​ប្រើ​គាត់​ឱ្យ​កាយ​លូ​ទឹក​ស្អុយ ក្នុង​ពន្ធនាគារ​ទៀត​ផង។

កញ្ញា​បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​បាន​តម្រូវ​ឱ្យ​អ្នកទោស​មនសិការ ផ្តល់​ថវិកា ម្នាក់ៗ ១​ម៉ឺន​រៀល ដើម្បី​ចំណាយ​ថ្លៃ​បូម​លូ​ទឹក​ស្អុយ​ចេញ​ពី​ពន្ធនាគារ តែ​បើ​គ្មាន​ប្រាក់​បង់​ឱ្យ​គេ​ទេ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម កាយ​លូ​ដោយ​ខ្លួនឯង​។ កញ្ញា​ថា ស្ថានភាព​រាងកាយ​បងស្រី​របស់​ខ្លួន កាន់តែ​យ៉ាប់​យឺន​ខ្លាំង កន្លែង​ស្នាក់នៅ​គ្មាន​អនាម័យ និង​ដេក​គងជើង​គ្នា​ចាក់​ស្រែះ​ដូច​ម្រាមដៃ ក្នុង​បន្ទប់​តូច​ចង្អៀត។

កញ្ញា​អះអាង​ទៀត​ថា របួស​ជើង​របស់​បងស្រី​គាត់ ដែល​ដួល​ក្នុង​បន្ទប់ទឹក​កន្លង​មក អាច​នឹង​រើ​ឡើង​វិញ ស្រប​ពេល​ដែល​គាត់​នៅតែ​បន្ត​ជាប់ឃុំ​ខ្លួន​កាន់តែ​យូរ ស្ថានភាព​ជំងឺ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។ កញ្ញា អំពាវនាវ​ជាថ្មី​ទៀត​ស្នើ​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​បងស្រី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​ជា​សះស្បើយ។


កញ្ញា អេង វ៉ាន់ឌី បន្ថែម​ថា ក្រុម​គ្រួសារ​កញ្ញា​ខកខាន​មិន​បាន​ទៅ​សួរសុខទុក្ខ កញ្ញា អេង ម៉ាឡៃ ជិត កន្លះ​ឆ្នាំ​មក​ហើយ ដោយសារ​ជំងឺ​កូវីដ​១៩ ហើយ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មន្ត្រី​ពន្ធនាគារ​បាន​អនុញ្ញាត​ឱ្យ​កញ្ញា​ចូល​សួរសុខទុក្ខ​បងស្រី រយៈពេល ៤​ថ្ងៃ ប៉ុណ្ណោះ។

កញ្ញា អេង ម៉ាឡៃ ធ្លាប់​បាន​រអិលដួល​នៅ​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ ប៉ះ​ទង្គិច​ជើង បណ្ដាល​ឱ្យ​របួស​ជ្រៅ​ដល់​ឆ្អឹង ដើរ​ពុំ​រួច ហើយ​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​នេះ​បាន​វិវត្តន៍​ទៅ​ជា​ស្វិត ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ព្យាបាល។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ថ្លែង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ថា កញ្ញា អេង ម៉ាឡៃ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ តែ​យ៉ាងណា ប្រសិនបើ គាត់​ពិត​ជា​មាន​ជំងឺ​ធ្ងន់ធ្ងរ មន្ត្រី​ពន្ធនាគារ​នឹង​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ។ ចំពោះ​សំណួរ​ថា ប្រសិន​បើ​កញ្ញា អេង ម៉ាឡៃ មាន​បញ្ហា​អ្វី​កើតឡើង ដល់​អាយុជីវិត តើ​មន្ត្រី​ពន្ធនាគារ ទទួលខុសត្រូវ​បែប​ណា​? អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​តប​ថា មន្ត្រី​ពន្ធនាគារ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ផ្អែក​តាម អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដោយ​ត្រូវ​ឆ្លើយតប រាល់​បញ្ហា​នានា ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​សិទ្ធិមនុស្ស និង​ក្រុម​គ្រួសារ​ជន​ជាប់ឃុំ​ផង​ដែរ។ «»

ប្រធាន​សមាគម​អាដហុក (Adhoc) លោក នី សុខា ពន្យល់​ថា អ្នក​ជាប់ឃុំ​គ្រប់រូប មាន​សិទ្ធិ​ពេញ​លេញ ទទួល​បាន​ការថែទាំ​សុខភាព ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​។ ហេតុនេះ មន្ត្រី​ពន្ធនាគារ គួរ​តែ​បញ្ជូន​កញ្ញា អេង ម៉ាឡៃ ទៅ​ព្យាបាល​ដោយ​ក្រុម​គ្រួ​ពេទ្យ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​បើ​ពេទ្យ​នៅ​ទីនោះ​គ្មាន​លទ្ធភាព​ព្យាបាល​ទេ គួរតែ​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​ពន្ធនាគារ​វិញ។ លោក​ទទូច​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​តុលាការ មេត្តា​ដោះលែង និង​ទម្លាប់​បទ​ចោទ លើ​យុវជន​សង្គម​រូប​នេះ និង​អ្នកទោស​មនសិការ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​វិញ ឬក៏​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​រង់ចាំ​សវនាការ អង្គ​សេចក្តី​ឱ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។ «»

កញ្ញា អេង ម៉ាឡៃ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៧ កញ្ញា ឆ្នាំ​២០២០ នៅ​ខណ្ឌ​ច្បារអំពៅ ហើយ​បញ្ជូនទៅ​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​។ ការចាប់ខ្លួន​នេះ ក្រោយពេល​កញ្ញា សូ មេត្តា និង​យុវជន​ដទៃទៀត ព្យាយាម​ប្រមូល​ផ្ដុំគ្នា​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​ខណ្ឌឫស្សីកែវ​។ ប៉ុន្តែ​គម្រោង​នេះ​បាន​បរាជ័យ ដោយសារ​ការរារាំង​ពី​អាជ្ញាធរ​។ រហូត​មក​ទល់​ពេលនេះ កញ្ញា​បាន​ជាប់​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ព្រៃ​ស (​ម​២) ជាង ១ ឆ្នាំ​មក​ហើយ។

សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​សរុប ១៥​នាក់ ក្នុង​នោះ​មួយចំនួន​ជា​ក្រុម​យុវជន​ខ្មែរ​ថាវរៈ សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ សកម្មជន​គណបក្សប្រឆាំង និង​ម្នាក់ទៀត​ជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម។ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​សវនាការ​សួរដេញដោល​កាលពី​ចុងខែ​សីហា និង​គ្រោង​ប្រកាស​សាលក្រម​នៅ​ចុងខែ​កញ្ញា​។ ក៏ប៉ុន្តែ​នៅ​ចុងខែ​កញ្ញា​នោះ តុលាការ​បែរ​ជា​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​វិញ​។ តុលាការ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​លើក​ពេល​ប្រកាស​សាលក្រម​រឿង​នេះ​ទេ។

ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន និង​សកម្មជន​សង្គម ដាក់​ពន្ធនាគារ​ជិត ៩០​នាក់​ហើយ​។ ភាគច្រើន​អាជ្ញាធរ​ចោទប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​ការ​បង្ហាញ​ភស្តុតាង​រឹងមាំ ដើម្បី​បញ្ជាក់​ពី​ទោសកំហុស​របស់​ពួកគាត់។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទាំងនោះ​វិញ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គ្រួសារ​យុវជន​ខ្មែរ​ថាវរៈ​កញ្ញា សូ មេត្តា បារម្ភ​ពី​សុខភាព​​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ក្នុង​ពន្ធនាគារ"

  1. so socheath says:

    អូហូ !
    មីកាដួយខ្វះខ្យល់ហ្នឹង វាថាអត់ខ្លាចគុកផង ទៅបារម្ភស្អីពីវានោះ ?
    តែជាប់គុកគ្រប់ចំនួនថ្ងៃ គេឲ្យចេញហើយ ។
    ចេញហើយ មិនរាងចាល គុកទៀត ។
    យល់ !

  2. Anonymous says:

    KADOUY no air they BOUNGBOUNG ..AH CHHKOUTH

Leave a Reply

Submit Comment