ពលករ​​បេះ​ផ្លែមៀន​នៅថៃ​​ត្រូវ​​ថៅកែ​បោះបង់ចោល​​ក្រោយ​​ឆ្លង​​កូវីដ-១៩​

ដោយ មួង ណារ៉េត
2021-10-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​ពលករ​​បេះ​ផ្លែមៀន​នៅថៃ​​ត្រូវ​​ថៅកែ​បោះបង់ចោល​​ក្រោយ​​ឆ្លង​​កូវីដ-១៩​

ក្រុមពលករខ្មែរនៅប្រទេសថៃដែលកំពុងឆ្លងជំងឺកូវីដ១៩ តែគ្មានស្ថាប័នខ្មែរ ឬថៃយកចិត្តទុកដាក់នោះទេ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ រូប៖ ក្រុមពលករផ្តល់ឱ្យ


ពលករ​​​​ខ្មែរ​បេះ​ផ្លែ​មៀន​នៅ​ប្រទេស​​​ថៃមាន​គ្នា​ជាង​ ៤០​នាក់​ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ​​ត្រូវបាន​ថៅកែ​ថៃដឹក​មក​ទុក​​ចោល​នៅ​ទីតាំង​មួយ​កន្លែង​ដោយ​មិន​បាន​ផ្ដល់​ការ​ព្យាបាល​​នោះ​ទេ។​ ​មន្រ្តី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​​ថៃស្វែង​រក​ពលករ​ទាំង​នេះដើម្បី​ជួយ​​សម្របសម្រួល​​​​ឲ្យ​បាន​ព្យាបាល​​ជំងឺ​។

ពលករ​​​​ខ្មែរ​បេះ​ផ្លែ​មៀននៅប្រទេសថៃ​​ដែលឆ្លង​ជំងឺ​កូវីដ-១៩ ត្អូញត្អែរ​ថា ពួកគេត្រូវ​​​​បានថៅកែ​យក​ទៅ​ទុក​ចោល​​​​​មិន​ផ្ដល់​ថ្នាំ​ព្យាបាល​​ អាហារ​ហូបចុក​ ​និង​កន្លែង​រស់​នៅ​សមរម្យនោះទេ។​ ​ពលករ​បន្តថា​ ពួកគេ​មាន​គ្នា​ជិត ​៥០នាក់ ​និង​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​ ជា​បន្តបន្ទាប់​ជាង​ ១០​ថ្ងៃ​មក​ហើយ​។​

ពលករ​កំពុង​ឆ្លង​ជំងឺកូវីដ-១៩ ​​ម្នាក់​​លោកស្រី​ ឈឿន​ ស្រី​​ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែតុលា​ថា​ លោក​ស្រីបាន​ឆ្លង​ជំងឺ​កូវីដ-១៩ ​ពេល​កំពុង​បេះ​ផ្លែមៀន​​ក្នុង​ចម្ការ​មួយ​កន្លែង​​នៅខេត្ត​ច័ន្ទបូរី​ (Chan Bori) ប្រទេស​ថៃ​។​ លោកស្រី​បន្ត​ថា​ ពេល​ថៅកែជនជាតិ​ថៃ​​ដឹងថា ​ពលករ​ឆ្លង​ជំងឺ​កូវីដ​ ​ថៅកែ​​បាន​ដឹក​កម្មករ​​ទៅ​​ដាក់​ចោល​នៅ​លើដី​​​មួយ​កន្លែង​​ ហើយ​ក៏មិន​​បាន​ទាក់ទង​មក​ក្រុម​ពលករ​នោះ​ដែរ​៖ «អត់​មាន​ពេទ្យ​មាន​អី​មក​មើល​ផង​បង​ ​គេ(ថៅកែ)​យក​មក​ថា​​មាន​ពេទ្យ​​មាន​ថ្នាំ​ដល់​ពេល​ពួក​ខ្ញុំ​មក​អត់​មាន​ឃើញ​ពេទ្យ​មក​ផង»។

ពលករ​​ម្នាក់​ទៀតលោក​ នង ហេង​​ ឲ្យ​ដឹង​ដែរថា​ នៅ​កន្លែង​នេះ​គ្មាន​​ទឹក​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​នោះ​ទេ​។​ បន្ថែមពីនេះលោក​​ថា​​ ក្រុម​ពលករ​ត្រូវ​រៃ​លុយ​គ្នា​ទិញ​បាយ​ម្ហូប​និង​ទិញ​ថ្នាំ​ព្យាបាល​​ដោយ​ខ្លួន​ឯង​៖ «​​គេ​អត់​​មាន​ផ្ដល់​ដំណឹង​អី​ផង​ ដល់​ឃើញ​​មាន​ជំងឺ​កូវីដ​១៩ ​​​​គេ​យក​មក​ដាក់​នៅ​ហ្នឹង​ប៉ាដោយ​គេ​អត់​មាន​ផ្ដល់​ដំណឹង​អី​ផង​ ទឹក​ចេញ​មក​ច្រូចៗ​ពីរ​ថ្ងៃ​ហើយ​បាន​ងូត​ទឹក​ម្ដង​​​​ហើយ ​ណាមួយ​អត់​មាន​គ្រប់គ្រាន់​ទឹក​ភ្លើង​អត់​មាន​គ្រប់គ្រាន់់»។

រីឯ​​ពលករ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ម្នាក់ទៀតលោក​ស្រី​ គន់ ហឿន​ ប្រាប់​ថា​ គ្រួសារ​លោកស្រី​ឆ្លង​ជំងឺ​​នេះ​ទាំង​ប្ដី​និង​ប្រពន្ធ​។​ លោកស្រី​​ឲ្យដឹងទៀត​ថា​ ពេល​នេះ​លោក​ស្រី​ កំពុង​​មានអាការៈ​ធ្ងន់ធ្ងរ​ដោយ​ឡើង​កម្ដៅ​ខ្លាំង​ ពិបាក​ដក​ដង្ហើម​ និង​ពិសារ​អាហារ​លែង​បាន​។​ ពលការិនីរូបនេះ ស្នើ​ទៅ​ស្ថាន​ទូត​ខ្មែរ​​នៅ​ប្រទេស​ថៃ​ និងរដ្ឋាភិបាល​​កម្ពុជា​​ជួយ​អន្តរាគមន៍​ដើម្បីឲ្យ​ក្រុម​ពលករ​ទាំង​​​​អស់​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ៖ «​ខ្ញុំ​ធ្ងន់​ជាង​គេ​ក្អកៗ​​ហើយ​ហត់​ក្ដៅខ្លួន​​អត់​សូវ​ស្រួល​ជាង​គេ​គេ​គ្រាន់​តែ​ផ្ដាសាយ​​ ខ្ញុំ​ហូប​អី​អត់​បាន​ផង​​ហ្នឹង​​»។

ទាក់ទង​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​​សុំ​ការ​បំភ្លឺ​ពីមន្រ្តី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុងបាងកកទទួល​បន្ទុក​ពលករលោក គឹម ចំរើន​ និង​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​​ ហេង​ សួរ​ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១២​​ ខែ​តុលា។​

ចំណែក​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន សុំ​មិន​​បកស្រាយ​បញ្ហានេះ​ទេ ​លោកជំ​រុញឲ្យ​ទៅ​​​សួរ​មន្រ្តី​ស្ថានទូត​និង​ក្រសួង​ពាក់ព័ន្ធ​។ ទោះ​យ៉ាងណា​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាចរូប​នេះ​យល់ថា​ ស្ថានទូត​ខ្មែរ​ គឺជា​​អ្នក​ទទួលបន្ទុក​ដោះស្រាយ​​ជូន​ពលករ​ពេល​​​ដែល​កើត​មាន​បញ្ហា​​ដូច​នេះ​៖ «គេ​ធ្វើ​តាម​តួនាទី​ភារកិច្ច​របស់​ស្ថាន​ទូត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ក៏​ដូច​ក្រសួង​ការបរទេស​​ស្ថាន​ទូត​ហ្នឹង​ជា​តំណាង​រាជរដ្ឋាភិបាល​ជួយ​គាំពារ​ដល់​ពលករ​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​»។

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ ​ដែល​ពលករ​ខ្មែរ​ឆ្លង​ជំងឺកូវិដ១៩​ មិន​ត្រូវ​បាន​ថៅកែ​យក​ចិត្ត​ទុក​ដាក់។​ កន្លង​ទៅពលករ​​ខ្មែរ​​​ជា​ច្រើន​​នាក់​​ដែល​​ឆ្លង​​ជំងឺ​​កូវីដ​-​១៩ ​​​​ត្រូវ​​​រស់​​នៅ​​​​វេទនា​​ដោយ​​គ្មាន​​គ្រូពេទ្យ​ព្យាបាលនិង​​ស្នាក់​នៅ​ក្នុង​តង់​​​កៅស៊ូតាមយថាកម្ម។

ជុំវិញរឿងនេះមន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារនិង​សិទ្ធិមនុស្ស​ (CENTRAL)​លោក ឌីថេ ហូយ៉ា សង្កេត​​ឃើញ​​ថា​ ចាប់​តាំង​​ពី​​មាន​​ការរាលត្បាត​ជំងឺកូវីដ-១៩​ ​មក​បញ្ហា​​បែបនេះ​កើត​ឡើង​ជា​ហូរហែ ដែលនេះ​ជា​ការ​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​ភាគី​ថៅកែ​។​ ​លោកស្នើ​ទៅ​ភាគី​ថៅកែ​​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ។​ លោក​ជំរុញ​​ពលរដ្ឋត្រូវ​ព្យាយាមទាក់ទង​ទៅ​ស្ថានទូត​ ​ឬ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ជួយ​អន្តរាគមន៍៖ «បញ្ហា​កូវីដ​នេះ​​ជា​បញ្ហា​សកល​​អញ្ចឹង​បើ​សិន​គាត់​(ពលករ)គាត់​​ធ្វើ​ការ​នៅ​កន្លែង​ណា ​គ្រឹះស្ថាន​រោងចក្រ​សហគ្រាស ​​​​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ព្យាបាល»។

​របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យដឹង​ថា បច្ចុប្បន្ន​មានពលករ​ខ្មែរ​ធ្វើការងារ​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ជិត​ ២លាន​នាក់ (២.០០០.០០០)​ នៅ​ប្រទេស​ថៃ។ ក្នុង​ចំណោម​​នោះ​​គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ក្រសួង​សុខាភិបាលថៃ​បាន​រកឃើញ​ពលករខ្មែរ​ជាង ​២ម៉ឺន៣ពាន់នាក់​ (២៣.២១១) ឆ្លង​ជំងឺ​កូវីដ។

លោក ឌីថេ ហូយ៉ា ​ជំរុញ​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រេទស​ថៃ​ធ្វើការងារ​របស់​ខ្លួន​ឲ្យ​សកម្ម​ថែម​ទៀត​ដើម្បី​​​ជួយ​សម្របសម្រួល ​ឬ​ធ្វើ​អន្តរាគមន៍​ជួយ​ពលករ​ដែលជួប​ទុក្ខ​លំបាកនេះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment