អតីត​សង្ឃ​​ជា​សកម្មជន​ព្រៃឈើ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាពក្រោយ​លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់ខ្លួន

ដោយ សុជីវី
2021-10-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​សង្ឃ​​ជា​សកម្មជន​ព្រៃឈើ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាពក្រោយ​លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់ខ្លួន

លោក​ វឿន វាសនា ម្ចាស់​ហ្វេសប៊ុក​គ្រញូងព្រៃឡង់​ដែលលោក ហ៊ុន សែន គំរាមចាប់ខ្លួនដោយសាររិះគន់រដ្ឋាភិបាល។ រូប៖ ហ្វេសប៊ុករបស់លោក


អតីត​សង្ឃ​ដែល​ជា​សកម្មជន​ព្រៃឈើ​ម្នាក់ ​បារម្ភ​ពី​សុវត្ថិភាព​​​ខ្លាច​​ត្រូវ​ក្រុម​លោក​ ហ៊ុន​ សែន​ ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។​ ​ការ​ព្រួយបារម្ភ​នេះ​​ខណៈ​​​​លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់​ម្ចាស់​ហ្វេស៊ប៊ុក​គ្រញូងព្រៃឡង់ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​។

ម្ចាស់ហ្វេសប៊ុក​គ្រញូងព្រៃឡង់​ លោក​ វឿន វាសនា​ ​នៅតែ​​រក្សា​ជំហរថា​​ ការ​លើកឡើង​របស់​លោក​ជា​ការ​រិះ​គន់​ដើម្បី​លាតត្រដាង​ការពិត​នៃ​កំហុស​ឆ្គង​នៃ​ការដឹក​នាំ​​ប្រទេស​របស់​លោក​ ហ៊ុន​ សែន។​​ លោក​យល់ថា​ លោក​ ហ៊ុន​ សែន គួរ​បើក​ចិត្ត​ទូលាយ​​ស្ដាប់​មតិ​រិះគន់​។​ អតីត​ព្រះសង្ឃ​សកម្មជន​ព្រៃឈើ​រូប​នេះ​ នៅ​តែ​រក្សាជំហរ​​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ ហ៊ុន​ សែន​ ដដែល៖ «រឿង​បារម្ភ​ពី​សុវត្ថិភាព​តែងតែ​បារម្ភ​​ហើយ​​យើង​នៅ​ក្រោម​មេឃ​​​​​ហ្នឹង​​បើ​​មិន​​យក​ឆ័ត្រ​ឬ​ជ្រក​ក្រោម​ណា​មួយ​​​​​ត្រូវ​ភ្លៀង​ទទឹក​នេះ​ឯង​ ប៉ុន្តែ​មិន​ដឹង​ម៉េច​​​បើ​របប​គេ​ត្រូវ​ការ​ស៊ីសាច់​ស្រស់​ឈាម​ស្រស់​អញ្ចឹង​ទៅ​ហើយ​នោះ​​»។

កាល​ពី​ថ្ងៃទី​៩ ​ខែ​តុលា​ ម្ចាស់​ហ្វេសប៊ុក​គ្រញូងព្រៃឡង់​លោក​ វឿន វាសនា បាន​ចូលទៅបញ្ចេញ​មតិ​(Comment)លើ​ហ្វេសប៊ុក​លោក​ ហ៊ុន​ សែន​ ដោយ​សរសេរកំណាព្យ​​រិះគន់​​ថា ​លោក​ ហ៊ុន​ សែន ​​កែ​ច្បាប់​​បំផ្លាញ​ជាតិ​​និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​​រលាយបាត់បង់ទឹក​ដី​ព្រៃ​ឈើ។​ លោក​បន្ត​ថា៖ «ពេល​រាស្ត្រ​ស្រែក​យំ​​សុំ​រស់​ផង​ វាយ​​​ដំ​យង់​ឃ្នង​​ចង​អាឃាត​​​​ ថារាស្ត្រ​ប្រឆាំង​មិន​​​​យល់​សាច់ញាតិ​​ ហ៊ុន​ សែន​ ក្បត់ជាតិ​​សម្លាប់​រាស្ត្រ​ខ្លួន»។

លោក​ ហ៊ុន​ សែន​ ក៏​បាន​ឆ្លើយតប​វិញ​ថា ​សំណេរ​នេះ​ពោរពេញ​ដោយ​ហិង្សា​។​​​ លោក​ថា​ ត្រូវ​តែ​ផ្ដាច់​ប្ដូរ​​បំបាត់ចោល​ទ្រឹស្ដី​និង​សកម្មភាព​ជ្រុល​និយម​នេះ​ឲ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ​​លោក​បញ្ជា​ឲ្យ​​ខាង​នគរបាល​​ស្វែងរក​​លោក​ វឿន​ វាសនា ​​​តើ​នៅ​​​ក្នុង​​ប្រទេស​ឬ​ក្រៅ​ប្រទេស។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​​អ្នកនាំពាក្យ​​នគរបាល​ជាតិ​លោក​ ឆាយ​ គឹមខឿន និងអ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន​ បានទេ​ នៅ​ថ្ងៃ​ទី​១១​ ខែ​តុលា។​

​ដោយ​ឡែក​ អ្នកនាំពាក្យ​សមាគម​អាដហុក​លោក​​ ស៊ឹង​ សែនករុណា​​ និយាយ​ថា​ បុគ្គល​សាធារណៈ​ក្នុង​​សង្គម​ប្រជាធិបតេយ្យ​ជៀស​មិនផុត​ពី​ការ​រិះគន់​នោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ចង់ឃើញ​មតិ​​នោះ​​ធ្វើ​ឡើង​​​​ក្នុង​ន័យ​អាច​ទទួល​យកបាន​​គ្រប់​ភាគី​។​ មន្ត្រី​សង្គម​រូប​នេះ​យល់ថា ​​​រដ្ឋាភិបាល​គួរ​មាន​ការ​ឆ្លើយ​តប​ទៅ​អ្នក​រិះគន់​ដោយ​មធ្យោ បាយ​អប់រំ ​ឬ​ពន្យល់​ជាជាង​ការ​​ព្រមាន​​ចាប់​ខ្លួន ​​ឬ​វិធានការ​ផ្លូវ​ច្បាប់៖ «ប្រទេស​យើង​ហាក់​អត់​ទាន់​ទទួល​ការ​រិះគន់​​​បែប​ឈឺ​ចាប់​តែងតែ​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ​​ដើម្បី​ធ្វើ​ការ​ចាត់​វិធានការ​លើ​ការ​បញ្ចេញ​មតិ​ទាំង​ហ្នឹង​»។

​​​លោក​ វឿន វាសនា​ ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ព្រមាន​របស់​លោក​ ហ៊ុន​ សែន បែប​នេះ​ លោក​ទទួល​បាន​ដីកា​ពី​តុលាការ​មួយ​ដែល​​ពីមុន​មក​លោក​មិន​ធ្លាប់​ទទួល​បាន​​នោះ​ទេ​។ ​​ដីកា​នោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​លោក​ វឿន វាសានា ​​​ពី​បទ​ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» កាល​ពី​ថ្ងៃ​​ទី២​ ខែ​ឧសភា​កន្លង​ទៅ។

ចៅក្រម​ស៊ើបសួរ​​​សាលាដំបូង​​រាជធានី​ភ្នំពេញ​លោក​​ ពេជ្រ វិជ្ជាធរ​ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក​ វឿន វាសនា​​។ ​លោក​ចៅក្រម​លើកឡើង​ថា​ បទល្មើស​ដែល​ចោទប្រកាន់​ជា​បទល្មើស​តម្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​​ឲ្យ​បាន​ពេញ​លេញ​និង​ជៀសវាង​ការ​រឹង​ទទឹង​និង​មិន​ចូល​ខ្លួន​មក​​ទទួល​ខុសត្រូវ​​ព្រហ្មទណ្ឌ​។​

ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​កម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់​​និង​នាំ​ខ្លួន​លោក​ វឿន​ វាសនា​ មក​​​ប្រគល់​ជូន​សាលាដំបូង​រាជធានី ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

ទាក់ទង​ដីកា​នេះ​ដែរ​ វិទ្យុអាស៊ីសេរី​មិន​ទាន់អាច​សុំការ​បញ្ជាក់​បន្ថែម​ពីប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ​ បានទេនៅ​ថ្ងៃ​ទី​១១​ ខែ​តុលា។​

ទោះ​យ៉ាងណា​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​សារ​ហ្វេសប៊ុក​ទាំង​នោះ​​​ គឺ​ពុំ​មែន​ជា​ការ​រិះគន់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចោទ​ប្រកាន់​​លោក​នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ដោយ​គ្មាន​មូលហេតុ ដូច្នេះ​ពួកគេ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អតីត​សង្ឃ​​ជា​សកម្មជន​ព្រៃឈើ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាពក្រោយ​លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់ខ្លួន"

  1. Anonymous says:

    please run for your life do not wait till that ugly evil monster killer caught you

Leave a Reply

Submit Comment