ក្រសួង​ការពារ​ជាតិ​ប្រាប់​ពលរដ្ឋ​ទៅ​ទទួល​បណ្ណ​ជាង​១០​ម៉ឺន​បណ្ណ​នៅ​ខណ្ឌ​ដែល​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​

កូវីដ-១៩ព័ត៌មានជាតិអភិបាលកិច្ច
លោក ណាត សុភាព |១៣ តុលា ២០២១ |ម៉ោង ០៩:៥៦
VOD

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


មន្ត្រីក្រសួងការពារជាតិ អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋក្នុងរាជធានីភ្នំពេញ​មួយចំនួនដែល​បាន​ចាក់​វ៉ាក់​សាំងការពារជំងឺកូវីដ-១៩​​​រួច ហើយមិន​ទាន់​ទទួល​បាន​បណ្ណ​ជាង​១០ម៉ឺនបណ្ណ ត្រូវ​ទាក់​ទង​ទៅ​ខណ្ឌដែល​ខ្លួន​បាន​ចាក់​វ៉ាក់​សាំង ដើម្បី​ស្នើ​សុំ​យក​បណ្ណប្រើប្រាស់​នៅ​ពេល​ចូល​ទៅទីតាំងសាធារណៈឬទីតាំងឯកជននានា។

អគ្គ​មេបញ្ជាការរង នាយសេនាធិការចម្រុះ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ លោក ឥត សារ៉ាត់ បាន​ឱ្យដឹ​ងកាលពីថ្ងៃ​ម្សិលមិញ ថាបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺមានភាពចាំបាច់ណាស់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា អាជ្ញាធរបានចាប់ផ្ដើមដាក់ចេញវិធានការបង្ហាញបណ្ណនេះមុនចូលទីតាំងសាធារណៈនិងទីតាំងឯកជននានា។

លោក ឥត សារ៉ាត់ ទទួលស្គាល់ថា ដើមចមដែលនាំឱ្យមានភាពយឺតយ៉ា​វលើការផលិតបណ្ណចាក់វ៉ាក់សាំងនេះ​ បណ្ដាល​មកពីបញ្ហាបញ្ជូនទិន្នន័យនិងការស្រង់យកទិន្នន័យរបស់អ្នកចាក់វ៉ាក់សាំង ដោយមានការច្រឡំឬខ្វះខាតទិន្នន័យមួយចំនួន ហើយទាមទារឱ្យស្រង់យកជាថ្មីជាដើម។

ទោះជាបែបនេះក្ដី លោក ឥត សារ៉ាត់ អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាមួយកងទ័ព ទាក់ទងនៅតាមខណ្ឌដែលពួកគេចាក់វ៉ាក់សាំង ដើម្បីស្វែងរក​បណ្ណចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញមិនទាន់ឃើញមានអ្នកទៅទទួលយកបណ្ណចាក់វ៉ាក់សាំងជាង១០ម៉ឺនបណ្ណនៅឡើយ។

លោកអំពាវនាវថា៖ «សូម​ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងជាមួយកងទ័ពនៅក្នុងរាជធានីភ្នំពេញ ទៅទាក់ទងជាមួយកងរាជអាវុធហត្ថនៅតាមខណ្ឌដែលពួកគេបានចាក់វ៉ាក់សាំង ដើម្បីទទួលយកបណ្ណ ព្រោះបណ្ណចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ផលិតបានជាង៨០ម៉ឺននាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាង១លាននាក់។ ប៉ុន្តែបណ្ណរហូតដល់ទៅជាង១០ម៉ឺនបណ្ណ មិនទាន់មានអ្នកមកទទួល»។

អ្នកស្រី ព្រំ សម្ផស្សចរិយា រស់នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលអះអាងថាមិនទាន់ទទួលបានបណ្ណចាក់វ៉ាក់សាំងពីក្រសួងការពារជាតិ បានសាទរចំពោះការ​ប្រកាសឱ្យ​ទៅយកបណ្ណនេះ។ អ្នកស្រីអះអាងថា នៅពេលគ្មានបណ្ណចាក់វ៉ាក់សាំងនៅជាប់ខ្លួន ធ្វើឱ្យគាត់ពិបាកចេញដំណើរទៅហាងនិងគ្រឹះស្ថានឯកជន ព្រោះគេតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងមុននឹងចូលទីទាំងទាំងនោះ។

អ្នកស្រីនិយាយថា៖ «ខ្ញុំនឹងទាក់ទងទៅខណ្ឌដែលខ្ញុំចាក់វ៉ាក់សាំង ហើយសួររកបណ្ណចាក់វ៉ាក់សាំងហ្នឹងហើយ ព្រោះអីខ្ញុំទៅណាមកណា ជាពិសេសពេលទៅហាងឬទៅគ្រឹះស្ថានឯនជនអី គេសួរយើងចាក់វ៉ាក់សាំងឬនៅ បើចាក់​ហើយ គេឱ្យយើងបង្ហាញកាតចាក់វ៉ាក់សាំងទៀត ពេលអត់មានពិបាកណាស់ គេមិនឱ្យចូលទៅទីកន្លែងនោះទេ»។

លោក ឥត សារ៉ាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះ កងទ័ពបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង២,៧លាននាក់ ទាំងនៅរាជធានីនិងនៅតាមខេត្តទាំង៨ ហើយក្រសួងផលិតបណ្ណបានជាង២,២លានបណ្ណផងដែរ។

​ក្នុងសេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​កាលពីថ្ងៃ​ទី​០៥ ខែ​តុលា​នេះ​ ពលរដ្ឋ​ដែល​មាន​អាយុ១៨​ឆ្នាំ​ឡើង​ទៅ​ ត្រូវតម្រូវឱ្យបង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ឬ​ក្រសួង​ការពារ​ជាតិ ​រាល់​ពេល​ចេញ-ចូល​ទីតាំង​ផ្សេងៗ​ ដូចជា ​គ្រឹះស្ថានសិក្សា​ ផ្សារ​រដ្ឋ​ ផ្សារ​ឯកជន​ ផ្សារ​ម៉ាត ​ភោជនីយដ្ឋាន​ អាហារ​ដ្ឋាន​ ហាង​កាហ្វេ​ និង​ទីតាំង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាតឱ្យ​​បើក​ដំណើរការឡើងវិញ។

មាតា​បិតា​ឬ​អាណាព្យាបាល​របស់​កុមារ​-យុវវ័យ​អាយុ​ចន្លោះ​៦ទៅក្រោម១៨​ឆ្នាំ​ ក៏​​ត្រូវ​​បង្ហាញ​បណ្ណឬ​លិខិត​បញ្ជាក់ការ​ចាក់​វ៉ាក់សាំងរាល់​ពេល​នាំ​កូន​ចេញ-ចូល​ទីតាំង​ដែល​បាន​ចែង​ខាង​លើនេះផង​ដែរ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles