ជប៉ុន​ផ្ដល់​ប្រាក់​ឥណទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​របប​ឯកបក្ស​ចំនួន​​៧២​លានដុល្លារ សម្រាប់​អភិវឌ្ឍ​គម្រោង​ចំនួន៦​

ដោយ ទីន ហ្សាការីយ៉ា
2021-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជប៉ុន​ផ្ដល់​ប្រាក់​ឥណទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​របប​ឯកបក្ស​ចំនួន​​៧២​លានដុល្លារ សម្រាប់​អភិវឌ្ឍ​គម្រោង​ចំនួន៦​

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន និង​​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ សម្រាប់​ឥណទាន​សម្បទាន ១គ្រោង និង​ហិរញ្ញប្បទាន​ឥត​សំណង ៥គម្រោង នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកស្ថានទូតជប៉ុន


ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​ផ្ដល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង ៧២លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ចំនួន៦ លើ​ការ​អភិវឌ្ឍន៍​ទឹក​ស្អាត និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ឲ្យ​ដឹង​ថា ឯកអគ្គរាជទូត​ជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ កាល​ពី​ថ្ងៃ​ទី១១ ខែតុលា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា សម្រាប់​ឥណទាន​សម្បទាន ១គ្រោង និង​ហិរញ្ញប្បទាន​ឥត​សំណង ៥គម្រោង។  

ការ​អភិវឌ្ឍន៍​គម្រោង​ទាំង៦ នោះ រួម​មាន ការ​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខែត្រ​សៀមរាប គម្រោង​បោសសម្អាត​មីន គម្រោង​បំពាក់​សម្ភារ​បច្ចេកទេស​សម្រាប់​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ គម្រោង​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ មជ្ឈមណ្ឌល​ទិន្នន័យ គម្រោង​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​គម្រោង​ឧស្សាហកម្ម​គ្រឿងយន្ត អេឡិចត្រូនិក និង​មេកានិក។

ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ពង្រីក​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

កាល​ពី​ចុង​ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​សម្រាប់​គម្រោង​អាហារូបករណ៍ ដើម្បី​លើកកម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១។ តាម​រយៈ​គម្រោង​នេះ មន្ត្រី​រដ្ឋាភិបាល​ចំនួន ២៦រូប ​ក្នុង​នោះ ២៤រូប​សម្រាប់​រៀន​ថ្នាក់​អនុបណ្ឌិត និង ២រូប​ទៀត រៀន​ថ្នាក់​បណ្ឌិត ដែល​នឹង​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment