ម្ដាយ​ កាក់​ សុវណ្ណច័្ឆយ​ ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាល​សាលក្រម​ដោយ​មិន​កំណត់

តុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ១៣ តុលា ២០២១ |ម៉ោង ១៧:១៤
VOD

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)


ម្ដាយ​កុមារា កាក់ សុវណ្ណច័្ឆយ បង្ហាញការសោកស្ដាយ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ លើកពេលប្រកាសសាលក្រមកូនប្រុសទៅថ្ងៃក្រោយវិញនិងដោយមិនកំណត់ ក្រោម​ហេតុផល​ចៅក្រមជាប់រវល់​ប្រជុំ។

ម្ដាយកុមារា កាក់ សុវណ្ណច័្ឆយ គឺ​អ្នកស្រី ព្រំ ចាន់ថា បានចាត់ទុកការប្រកាសលើកពេលរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះថា ធ្វើឱ្យអ្នកស្រីបាក់ទឹកចិត្ត និងចាត់ទុកជាការគំរាមកំហែងបំបាក់ស្មារតីគ្រួសាររបស់​អ្នកស្រី ខណៈស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភារ ដែលជាអតីត​សកម្ម​​ជន​​បក្សប្រឆាំង ​ក៏កំពុងជាប់ពន្ធនាគារព្រៃសផងដែរ។

អ្នកស្រីថា៖ «សាលក្រមគេលើកទៀត ខ្ញុំមិនដឹងថាតុលាការមាននីតិវិធីយ៉ាងម៉េចទៀត ខ្ញុំអត់ដឹងទេ! ឥលូវខ្ញុំមានអារម្មណ៍សោកស្ដាយនិងខកចិត្តខ្លាំងណាស់ ដោយសារខ្ញុំគិតថា គេនឹងកាត់​តម្រឹម ដោះលែងកូនខ្ញុំនៅថ្ងៃនេះ ប៉ុន្តែឥលូវអវិជ្ជមានទៀតហើយ»

អ្នកស្រីបន្តថា កូនប្រុសរបស់អ្នកស្រីកំពុងមានជំងឺអូទីហ្សឹម ហើយអំឡុងពេលជាប់ឃុំនៅក្នុងពន្ធនាគារនោះ កូនរបស់អ្នកស្រីភ្លេចភ្លាំងច្រើន ដោយសារដេកមិនលក់ ហើយខ្លួនប្រាណចេញរមាស់ពេញខ្លួនថែមទៀតផង។

ការខកចិត្តនេះ ធ្វើឡើងក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងកុមារា កាក់ សុវណ្ណច័្ឆយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចថានឹងប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៣ ខែតុលានេះ។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​បានទេ នៅថ្ងៃពុធនេះ។

តែយ៉ាងណាក្ដី មេធាវីការពារក្ដីឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ មាន​ប្រសាសន៍​ថា​ តុលាការបានលើកពេលប្រកាសសាលក្រមកូនក្ដីរបស់លោកទៅថ្ងៃក្រោយ ដោយសារ​ចៅក្រមជាប់​​ប្រជុំ ហើយ​តុលាការ​ក៏​មិនបានកំណត់ពេលវេលាជាក់លាក់ថានឹងប្រកាសសាលក្រមជាថ្មីនៅថ្ងៃណានោះ​ទេ។

លោកថា៖ «វាប៉ះពាល់សិទ្ធិជនជាប់ចោទ នៅពេលដែលគាត់ត្រូវទទួលដំណឹងពីការសម្រេចផ្ដន្ទាទោសឬមិនផ្ដន្ទាទោសគាត់ក្រោយពេលសវនាការ។ ណាមួយកូនក្ដីខ្ញុំជាអនីតិជន ហើយ​គាត់មានជំងឺអូទីហ្សឹមផង ហើយការឃុំខ្លួនគាត់មានរយៈពេលជាង៤ខែហើយ។ អ៊ីចឹងតាមគោលការណ៍នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺការ​ឃុំខ្លួនអនីតិជនមិនឱ្យលើសពី៣ខែទេ»

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបន្តឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ និងការពន្យារពេលប្រកាសសាលក្រម​នេះ បានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់កុមារដែលមានចែងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រីថា៖ «យើងត្រូវធានាដល់ការ​​ការពារនូវឧត្ដមផលប្រយោជន៍សម្រាប់​​​កុមារផង ហើយ​​សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ផង។ អ៊ីចឹងការបន្តក្នុងការ​ពន្យារពេល ទាំងការដាក់ឱ្យស្ថិតនៅក្នុង​ការឃុំខ្លួនបណ្ដោះអាសន្ន​ និងការពន្យារពេលប្រកាសនូវសាលក្រមនេះ ដូចពាក្យស្លោកយើងហៅថា “​ការពន្យារពេល​នៃការផ្ដល់យុត្តិធម៌ គឺជារឿងអយុត្តិធម៌បាត់ហើយ”»​

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។

​កុមារ​ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយបណ្ដាលឱ្យបែកក្បាលដេរ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ម្ដាយ​ កាក់​ សុវណ្ណច័្ឆយ​ ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាល​សាលក្រម​ដោយ​មិន​កំណត់"

  1. Anonymous says:

    sorry all that judge are too busy working for HUN SEN’s new law to stop his enemy 2023 election

Leave a Reply

Submit Comment