សង្គម​ស៊ីវិល​គាំទ្រ​ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ ដើម្បី​ទប់​ស្កាត់​ការ​​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩

ដោយ ម៉ៅ សុធានី
2021-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​គាំទ្រ​ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ ដើម្បី​ទប់​ស្កាត់​ការ​​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ រូប៖ RFA


មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ សម្រាប់​ឆ្នាំ​ ២០២១​នេះ ដើម្បី​ទប់ស្កាត់ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូវីដ-១៩។ ក៏ប៉ុន្តែ​ទោះជា​មិនបាន​ប្រារព្ធពិធី​បុណ្យ​អុំទូកនៅឆ្នាំ​នេះ​ក្តី ក៏​រដ្ឋាភិបាល​សម្រេច​ឲ្យ​មន្ត្រី​រាជការសាធារណៈ​និង​កម្មករ-កម្មការីនី ឈប់​សម្រាក ​រយៈពេល​ ៣ ​ថ្ងៃដដែល។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​និង​សន្តិភាពលោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ទន្ទឹម​នឹងការ​ផ្អាក​នេះ អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​តែ​ពង្រឹង​វិធានការ​បន្ថែម​ ដូចជា​ពាក់​ម៉ាស និង​គម្លាត​សង្គម​ជា​ដើម។ បន្ថែម​ពី​នេះ លោក​សំណូមពរ​សុំឲ្យ​ប្រជាពលរដ្ឋ ​ជា​ពិសេស​យុវជន ផ្អាកការ​ជួបជុំគ្នា​ច្រើន​ស៊ីផឹក​ផងដែរ៖ «ខ្ញុំថា បុណ្យអុំទូកនេះ​ការ​សម្រេច​ផ្អាក​ក៏​ល្អ​ដែរ​ ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​និង​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាពនៃ​ដំណើរការ​ការងារ​ និង​ចលនា​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡើង​វិញ​ជា​ការ​ប្រសើរ​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​មាន​វិធានការ​បន្ថែម​ផ្សេងៗ​ទៀត ដើម្បី​ទប់​ស្កាត់​ ដូចជា​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គមជា​ប្រចាំ កុំភ្លេច​ខ្លួន ព្រោះអាច​ឆ្លង​រាលដាល​ខ្លាំង»។

ការលើក​ឡើង​របស់​មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង កាល​ពី​ថ្ងៃទី​១១ ខែតុលា​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​សម្រេច​ផ្អាកការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដោយសារ​បញ្ហា​រាតត្បាត​នៃ​ជំងឺកូវីដ-​១៩។ ក៏ប៉ុន្តែ​ទោះជា​មិនបាន​ប្រារព្ធពិធី​បុណ្យ​អុំទូកនៅឆ្នាំ​នេះ​ក្តី ក៏​រដ្ឋាភិបាល​សម្រេច​ឲ្យ​មន្ត្រី​រាជការសាធារណៈ​និង​កម្មករ-កម្មការីនី ឈប់​សម្រាក ​រយៈពេល​ ៣ ​ថ្ងៃ ដដែល ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​ ខាងមុខ​។ កាលពី​ឆ្នាំ​២០២០ ​រដ្ឋាភិបាល​ក៏បានផ្អាក​ពិធី​បុណ្យ​អុំទូក​នេះ​ដែរ ដោយ​សារ​បារម្ភពី​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ-​១៩។

ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក និង​សំពះព្រះខែ ធ្លាប់​ត្រូវបាន​ផ្អាក​ការប្រារព្ធ​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ ២០១១ ២០១២ និង​ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​លើ​ស្ពាន នៅ​កោះពេជ្រ ​ដែល​បណ្តាល​ឱ្យមាន​មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់​ និង​របួស​​ កាលពីថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។ ការផ្អាក​បន្តបន្ទាប់​ទៀត គឺ​ដោយសារ​គ្រោះទឹកជំនន់ និង​ក្រោយមកគឺ​ការយាងសោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ កាលពីថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០១២។ នៅ​ឆ្នាំ​ ២០១៥ ពិធីបុណ្យ​នេះ​ក៏ត្រូវ​បាន​ផ្អាក​ម្តងទៀត​ដែរ ដោយសារ​ទឹកទន្លេ​រាក់​ពេក​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment