សហជីពសង្ស័យកាស៊ីណូចិន ចង់ដោះដៃពីការទទួលខុសត្រូវ ទើបតម្រូវឲ្យបុគ្គលិកលាឈប់ពីការងារ

ដោយ​លោក មួង ណារ៉េត
2021-10-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហជីពសង្ស័យកាស៊ីណូចិន ចង់ដោះដៃពីការទទួលខុសត្រូវ ទើបតម្រូវឲ្យបុគ្គលិកលាឈប់ពីការងារ

រូបពីឆ្វេងទៅស្ដាំ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក្រុមបុគ្គលិកកាស៊ីណូចិន the Century (កាលធ្វើវីដេអូផ្សាយផ្ទាល់ នៅថ្ងៃទី ៣០ ខែ កញ្ញា ២០២១) និង​លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ហ្វេសប៊ុកលោក អាត់ ធន់, Doung Chan Sreypov និងលោក ម៉ម រិទ្ធី


មន្រ្តី​សហជីព​ឯករាជ្យ​ ​សង្ស័យ​ថា​បន​ល្បែងស៊ីសង​អនឡាញ​របស់​ចិន​ឈ្មោះ​ ឌឹសិនឆឺរី​ (​the​ ​Century​) ​អាច​មាន​ចេតនា​ចង់​ដោះដៃ​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន​ ​ចំពោះ​បុគ្គលិក​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩​ ​និង​ស្លាប់​នៅ​កន្លែង​ធ្វើការ​ ​ទើប​តម្រូវ​ឲ្យ​បុគ្គលិក​ដាក់ពាក្យ​លាឈប់​ពី​ការងារ​ ​ដោយ​សន្យា​ថា​មិន​តវ៉ា​ ​ឬ​បង្ក​រ​បញ្ហា​អ្វី​ដល់​ក្រុមហ៊ុន​នេះ​ឡើយ​។​

រឿងរ៉ាវ​នៅ​ទីក្រុង​ព្រះ​សីហនុ ​ពាក់ព័ន្ធ​នឹង​ថៅកែ​ចិន​ ​ដែល​បើក​បន​ល្បែងស៊ីសង​អនឡាញ​ឈ្មោះ​ ឌឹ​សិនឆឺរី​ (​the​ ​Century​) ​ទាំង​ខុសច្បាប់​ ​និង​ករណី​បង្ខាំង​បុគ្គលិក​រាប់​ឆ្នាំ​ ​ហើយ​បន្ត​ឲ្យ​បើក​ដំណើរការ​ក្រុមហ៊ុន​នេះ​ ​ទាំង​បុគ្គលិក​ឆ្លង​ជំងឺ​កូវីដ-១៩​ ​ពេញ​កាស៊ីណូ ​នៅ​មិនទាន់​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ណាមួយ​នៅឡើយ​ផង​ ​ស្រាប់តែ​ឥឡូវ​ផ្ទុះ​រឿង​ក្រុមហ៊ុន​នេះ​ ​ដាក់​សម្ពាធ​ឲ្យ​បុគ្គលិក​ដែល​ជា​ពី​ជំងឺ​ ​ដាក់ពាក្យ​លាឈប់​ពី​ការងារ​ ​ដើម្បី​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​តាម​ផ្ទះ​។​

រហូត​មកដល់ពេលនេះ​ ​បើ​តាម​ការ​អះអាង​របស់​ប្រធានមន្ទីរ​ការងារ​ខេត្ត​ព្រះ​សីហនុ​លោក​ យ៉ូវ​ ខេមរា​ ​ថា​មាន​បុគ្គលិក​ជិត​ ​២៣០​ ​នាក់​ (​២២៦​) ​ក្នុងចំណោម​ ​៤៣៧​ ​នាក់​នៅ​កាស៊ីណូ​ចិន​នេះ​ ​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​។​ ​មន្រ្តី​រូប​នេះ​ ​ថា​ការ​តម្រូវ​ឲ្យ​បុគ្គលិក​ដែល​ជាសះស្បើយ​ ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ថែម​នៅ​តាម​ផ្ទះ​ ​គឺ​ដើម្បី​កាត់ផ្តាច់​ការ​លាប់​ជំងឺ​នេះ​ឡើងវិញ​ ​ឬ​ខ្លាច​ចម្លង​គ្នា​ទៅវិញទៅមក​ជា​បន្ត​ទៀត​ ​ដោយ​គ្មាន​ទី​បញ្ចប់​។​

ប៉ុន្តែ​តំណាង​បុគ្គលិក​ ​និង​មន្រ្តី​សហជីព​ ​ចោទ​ជា​សំណួរ​ថា​ ​បើ​ត្រូវធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​តាម​ផ្ទះ​ ​ចុះ​ហេតុដូច​​ម្តេច​ចាំបាច់​តម្រូវ​ឲ្យ​បុគ្គលិក​ដាក់​លិខិត​លាឈប់​ពី​ការងារ​។​ ​បុគ្គលិក​ម្នាក់​ ​ដែល​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដោយ​ខ្លាច​ការ​ធ្វើ​ទុក​បុកម្នេញ​ពី​ក្រុមហ៊ុន​ ​និង​អាជ្ញាធរ​បញ្ជាក់​ថា​ ​នេះ​ជា​រឿង​មិន​ប្រក្រតី​មួយ​ថ្មីទៀត​ ​ដែល​ធ្វើឲ្យ​បុគ្គលិក​កំពុង​ព្រួយបារម្ភ ​ខ្លាច​ថៅកែ​យកលេស​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​បុគ្គលិក​ ​ក្នុងពេលដែល​ក្រុមហ៊ុន​នេះ​ ​គ្មាន​សហជីព​តំណាង​បុគ្គលិក​<<ហេតុអ្វី​ ​គាត់​ចាំបាច់​ឲ្យ​បុគ្គល​ដាក់​ resign​ (​លិខិត​លាឈប់​) ​ធ្វើអ្វី​? ​ហេតុអ្វី​គាត់​មិនព្រម​ឲ្យ​បុគ្គលិក​ទៅ​ធ្វើ​ចត្តាឡីស័ក​ ​១​៤​ ​ថ្ងៃ​ ​ឬក៏​កំណត់ពេលវេលា​ច្បាស់លាស់​ថា​ពេលណា​ៗ​ ​ដែល​ថា​បុគ្គលិក​អាចម​ក​ធ្វើការ​វិញ​បាន​។​ ​គាត់​គួរតែ​មាន​លក្ខខណ្ឌ​បែប​ហ្នឹង​។​ ​ប៉ុន្តែ​ ​គាត់​អត់​បាន​និយាយ​ទេ​។​ ​គាត់​ឲ្យ​យើង​ដាក់​លិខិត​សុំ​លាឈប់​តែម្តង​។​ ​ខ្ញុំ​អត់​ដឹង​ថា​មូលហេតុ​របស់​គាត់​ហ្នឹង​ហេតុអ្វី​នោះ​ទេ​>>​។​

ជុំវិញ​ការ​តម្រូវ​ឲ្យ​បុគ្គលិក​ដែល​ជាសះស្បើយ​ ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​នេះ​ទៀតសោត​ ​ក៏​ត្រូវ​បុគ្គលិក​ជាច្រើន​ ​មាន​ភាព​អល់អែក​ខ្លាំង​ ​ព្រោះ​ពួកគាត់​ចង់​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែងធ្វើការ​បន្ត​ ​ដោយ​បារម្ភ​ខ្លាច​ទៅផ្ទះ​ ​ក្រែង​ក្រុមហ៊ុន​លែង​ហៅ​មក​ធ្វើការ​វិញ​ ​និង​ម្យ៉ាងទៀត​ពួកគាត់​ខ្លាច​នាំ​ជំងឺ​នេះ​ទៅ​ចម្លង​ដល់​អ្នកផ្ទះ​ ​ព្រោះ​ផ្ទះ​ពួកគាត់​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ ​ដើម្បី​ធ្វើ​ចត្តាឡីស័ក​បន្ត​នេះ​ឡើយ​។​

បុគ្គលិក​មួយ​រូប​ទៀត​ ​ដែល​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ ​ថា​ក្រុមហ៊ុន​បង្កើត​លក្ខខណ្ឌ​លំបាក​ ​និង​គ្មាន​ជម្រើស​សម្រាប់​បុគ្គលិក​ ​ដោយ​យកលេស​ថា​ ​បើ​បុគ្គលិក​មិនព្រម​ចេញទៅ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងខ្លួន​ ​គឺ​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​នោះ​ឡើយ​ <<​គាត់​និយាយ​ថាបើ​យើង​មិនទៅ​ ​គឺ​ខាង​ក្រុមហ៊ុន​អត់​ទទួលខុសត្រូវ​រឿង​បាយទឹក​យើង​ទេ​ ​ហើយក៏​មិន​ទទួលខុសត្រូវ​ពី​សុខភាព​យើង​ដែរ​។​ ​ដល់ពេល​ដូច្នេះ​ ​វា​ជា​គំនាប​មួយ​ដល់​បុគ្គលិក​​>>​។​

នៅ​ក្នុង​លិខិត​លាឈប់​ ​ដែល​ក្រុមហ៊ុន​បនល្បែង​អនឡាញ​រៀបចំ​បោះពុម្ព​ជាស្រេច​ ​ជា​បី​ភាសា​គឺ​ភាសាខ្មែរ​ ​ចិន​ ​និង​អង់គ្លេស​ ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ពី​បុគ្គលិក​ក្រុមហ៊ុន​នោះ​ ​បញ្ជាក់​ថា​មូលហេតុ​លាឈប់​ ​គឺ​ដើម្បី​ទៅផ្ទះ​ធ្វើ​ចត្តាឡីស័ក​ ​និង​ថា​ការ​លាឈប់​នេះ​ ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ ​និង​ពុំ​មានការ​បង្ខិតបង្ខំ​អ្វី​នោះ​ឡើយ​។​ ​ម្យ៉ាង​វិញទៀត​ ​ឃ្លា​ដែល​សរសេរ​ឲ្យ​ស្រាប់​នោះ​ ​ដាក់​ថា​អ្នកដាក់ពាក្យ​លាឈប់ ​សូម​សន្យា​មិន​ធ្វើការ​ប្តឹងតវ៉ា​ ​ទាមទារ​ ​និង​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ឡើយ​។​

ត្រង់​ចំណុច​នេះ​ ​មន្រ្តី​សហជីព​ឯករាជ្យ​យល់ថា​ ​ក្រុមហ៊ុន​ចិន​នេះ​មាន​ចេតនា​លាង​ខ្លួន​ពី​បញ្ហា​ជាច្រើន​ ​ដែល​កំពុង​កើតមានឡើង​។​ ​ប្រធាន​សហ​ព័ន្ធ​សហជីព​វិស័យ​​ទេសចរណ៍​ ​និង​សេវាកម្ម​កម្ពុជា​ ​លោក​ ​ម៉ម​ ​រិទ្ធី​ ​សោកស្ដាយ​ដែល​បញ្ហា​នេះ​ ​កើតឡើង​នៅក្បែរ​ក្លៀក​មន្ទីរ​ក្រសួងការងារ​ខេត្ត​ ​ប៉ុន្តែ​បែរជា​បណ្តោយឲ្យ​រឿង​នេះ​កើតឡើង​ទៅរួច​ <<​វា​បង្ហាញ​ពី​ការ​មិន​យកចិត្តទុកដាក់​របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ ​និង​មន្ទីរ​ការងារ​ ​នៅ​ពេល​បន្ទាប់ពី​ធ្វើ​ចត្តាឡីស័ក​ហ្នឹង​ ​តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​? ​ ប៉ុន្តែ​មកដល់​ថ្ងៃនេះ​ ​ក្រុមហ៊ុន​ ​អត់​បាន​ប្រកាស​បង្ហាញ​ពី​គោលជំហរ​ថា​ ​បិទ​ក្រុមហ៊ុន​ ​ឬក៏​ព្យួរ​ការងារ​បណ្តោះអាសន្ន​នោះ​ទេ​ ​គឺ​មានតែ​គោលជំហរ​ពីរ​ទេ​ ​គឺ​ទីមួយ​យើង​ឃើញ​តិចនិក​និយាយ​ពី​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​ ​និង​ឲ្យ​ដាក់ពាក្យ​លាឈប់​ ​តែ​ប៉ុណ្ណឹង​>>​។​

ការ​បង្ខំឲ្យ​បុគ្គលិក​ដាក់ពាក្យ​លាឈប់​ ​ក្រោម​លេស​ថា​ទៅផ្ទះ​ដើម្បី​ធ្វើ​ចត្តាឡីស័ក​បន្ត​នេះ​ ​ធ្វើឲ្យ​បុគ្គលិក​អាច​បាត់បង់​អត្ថប្រយោជន៍​ការងារ​ជាច្រើន​ ​រួម​ទាំង​ប្រាក់​អតីតភាព​ ​ដែល​ក្រុមហ៊ុន​នេះ​មិន​បើកឲ្យ​រាប់​ឆ្នាំ​មក​ហើយ​ផង​។​ 

​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ ​អាត់​ ​ធន់​ ​ថាបើ​ដូច​អ្វី​ដែល​មាននៅ​ក្នុង​លិខិត​លាឈប់​របស់​បុគ្គលិក​មែន​ ​មានន័យ​ថា​ក្រុមហ៊ុន​ ​មិន​ចង់​ទទួលស្គាល់​បុគ្គលិក​ទាំងនោះ​ ​និង​គេច​ពី​ការទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​សំណង​ ​និង​អតីតភាព​ការងារ​របស់​បុគ្គលិក​ <<​បើ​គាត់​(​ក្រុមហ៊ុន​)​ធ្វើ​បែប​ហ្នឹង​បាន​ ​មានន័យ​ថា​ស្រួលខ្លួន​តែម្តង​ ​មានន័យ​ថា​រឿង​កូវីដ​មិនទាន់​បាន​ដោះស្រាយ​ចប់​ ​រឿង​ស្លាប់​មិនទាន់​បាន​ដោះស្រាយ​ចប់​ ​ស្រាប់តែ​គាត់​ឲ្យ​កម្មករ​ឈប់​ ​ឈប់​ហើយ​គាត់​ថា​លែង​ដឹង​ហើយ​ ​កម្មករ​ឈប់​អស់​។​ ​នៅ​ក្នុង​លិខិត​ឈប់​ហ្នឹង​ទៀត ​ដាក់​ថា​លាឈប់​អត់មាន​ប្តឹង​ផ្តល់​អ្វី​តទៅទៀត​។​ ​ដូច្នេះ​មានន័យ​ថា​ ​វា​អាច​មាន​ចេតនា​មិន​ល្អ​នៅ​ក្នុង​លិខិត​ហ្នឹង​ដែរ​>>​។​

បុគ្គលិក​ជាច្រើន​ ​ដែល​បាន​ជ្រុលខ្លួន​ដាក់​លិខិត​លាឈប់​ ​ដោយ​ខ្វះ​ព័ត៌មាន​គ្រប់គ្រាន់​ ​ព្រោះ​ខ្វះ​សហជីព​តំណាង​ក្នុង​ការ​ពិគ្រោះ​យោបល់​ផ្លូវច្បាប់​ ​បាន​សុំ​ទៅ​ដក​លិខិត​ទាំងនោះ​​មកវិញ​។​ ​ប៉ុន្តែ​ ​បុគ្គលិក​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ថា​ខាង​តំណាង​ក្រុមហ៊ុន​ ​មិន​ឲ្យ​លិខិត​ទាំងនោះ​វិញ​ទេ​ ​ដោយ​យកលេស​ថា​ ​ច្រឡំដៃ​ដាក់​ត្រង់ណា​​រក​មិន​ឃើញ​។​

វិទ្យុ​អាស៊ី​សេរី​ ​បាន​ព្យាយាម​ទាក់ទង​អ្នកគ្រប់គ្រង​ធនធានមនុស្ស​ ​របស់​បនល្បែង​អនឡាញ​ ឌឹ ​សិនឆឺរី​នេះ​ ​គឺ​លោក​ ​ស​ ​សំណាង​ ​ជាច្រើនលើក​ ​ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​រឿង​នេះដែរ​​ ​ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។​

រីឯ​ប្រធានមន្ទីរ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហនុ ​លោក​ យ៉ូវ​ ​ខេមា​រា​​ ​លោក​ទទួលស្គាល់​ថា​ ​លោក​ពិតជា​បាន​ប្រាប់​ឲ្យ​បុគ្គលិក​ទៅ​បន្ត​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​មែន​។ ​ប៉ុន្តែ​មិនមែន​តម្រូវ​ឲ្យ​បុគ្គលិក​ដាក់​លិខិត​លាឈប់​ពី​ការងារ​នោះ​ទេ​ <<​​យោង​តាម​វិញ្ញាបនបត្រ​ ​ដែល​ចេញ​ដោយ​មន្ទីរ​សុខាភិបាល​ ​យោង​តាម​បទបញ្ជា​ណែនាំ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ​តម្រូវ​ឲ្យ​អ្នក​សះ​ជា​ហ្នឹង​ទៅ​បន្ត​ចត្តាឡីស័ក​នៅផ្ទះ​ដោយខ្លួន​រយៈពេល​ ​១​៤​ ​ថ្ងៃ​។​ ​ក្នុង​នោះ​ ​១​៤​ ​ថ្ងៃ​ហ្នឹង​ ​យោង​តាម​គោលការណ៍​ណែនាំ​របស់​​​ក្រសួងការងារ​ ​បើ​កា​ណា​គាត់​ធ្វើ​ចត្តាឡីស័ក​ដោយ​អាជ្ញាធរ​កំណត់​បែប​ហ្នឹង​ ​គាត់​នឹង​ត្រូវ​ទទួល​បាន​ប្រាក់ឈ្នួល​ ​៧​ ​ថ្ងៃ​ ​មានន័យ​ថា​ ​៥០​%>>​។​

លោក​ យ៉ូវ​ ​ខេមា​រា​ ​អះអាង​ថា​ខាង​មន្ទីរ​ការងារ​ខេត្ត​ ​បាន​ចុះ​ធ្វើ​អធិការកិច្ច​ច្រើនដង​នៅ​កា​ស៊ីណូ ឌឹ ​សិនឆឺរី​នេះ​។​ ​ប៉ុន្តែ​នៅពេលដែល​វិទ្យុ​អាស៊ី​សេរី​ ​សួ​រលោក​ថា​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​នោះ​ ​តើ​ខាង​មន្ទីរ​ការងារ​ ​មាន​ដឹង​ថា​ក្រុមហ៊ុន​ចិន​នេះ​ ​បើក​បន​ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់​ ​និង​បន្ត​បើក​ដំណើរការ​ទាំង​បុគ្គលិក​ឆ្លង​ជំងឺ​ពេញ​កាស៊ីណូ​ដែរ​ឬទេ​ ​លោក​ស្នើ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ ​សួរ​អ្នក​ផ្សេង​ទៅវិញ​ <<​អា​ហ្នឹង​ទៅ​សួរ​អាជ្ញាធរ​ទៅ​ ​ ​ក្រសួងការងារ​អត់​ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​របស់​អនឡាញ​ ​ឬ​កាស៊ីណូ​ហ្នឹង​ទេ​។​ ​ខ្ញុំ​ទៅ​ត្រួតពិនិត្យ​តែ​លក្ខខណ្ឌ​ OSH​ ​ទេ​ ​ក្នុង​មួយ​រយៈ​ចុងក្រោយ​ ​គឺ​ណែ​នាំឲ្យ​គាត់​អនុវត្ត​វិធានការ​អនាម័យ​ ​វិធានការ​សុខាភិបាល​ ​ឲ្យ​បំពាក់​ឧបករណ៍​សម្ភារៈ​លាងដៃ​ ​បាញ់​អាកុល​លើដៃ ​លើ​ដងខ្លួន​ ​។​ល​។​ ​និង​។​ល​។​ ​និយាយរួម​គឺ​លក្ខខណ្ឌ​ OSH​ (​Occupational​ ​Safety​ ​and​ ​Health​) ​ហ្នឹង​។​ ​យើង​ចុះ​បាន​ជិត​ ​២០០​ ​លើក​ឯណោះ​>>​។​

វិទ្យុ​អាស៊ី​សេរី​ ​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហនុលោក​ ​ឃាង​ ​ភិរម្យ​ ​ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​ដែរ​ ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ ​ពុំ​មាន​អ្នកលើ​ក​។​

ឥឡូវ​បុគ្គលិក​ជាច្រើន​បាន​ជ្រុលខ្លួន​ដាក់ពាក្យ​លាឈប់​ ​និង​មួយ​ចំនួន​ទៀត​ ​បាន​ទៅផ្ទះ​អស់ទៅហើយ​ ​ទាំង​មិនទាន់​មាន​ចម្លើយ​ ​និង​ដំណោះស្រាយ​។​ ​លោក​ ​អាត់​ ​ធន់​ ​ថា​នេះ​ជា​មេរៀន​និង​បទពិសោធន៍​មួយ​សម្រាប់​បុគ្គលិក​កម្មករ​ដែរ​ ​ដែល​ប្រថុយធ្វើ​កា​រទាំង​គ្មាន​សហជីព​ ​និង​គិតស្មាន​ថាវា​មិន​អី​ <<​គិតថា​មិនអីទេ​ៗ​ ​ដល់ពេល​តែ​អី​ ​គឺ​បែប​ហ្នឹង​ ​មិន​ដឹង​ស្រវា​រក​អ្វី​? ​តាម​គោលការណ៍​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ ​តែ​គាត់​ទៅ​ប្តឹង​អ្នកណា​? ​បើ​សូម្បីតែ​ឯកសារ​ ​សូម្បីតែ​គេ​បង្ខាំង​ឲ្យ​ធ្វើការ​ ​គាត់​មិន​ធ្វើអ្វី​កើត​ផង​ហ្នឹង​? ហ្នឹង​រឿង​ទីមួយ។ រឿងទីពីរ​ ​គាត់​អាច​ប្តឹង​ទៅ​មន្ទីរ​ ​ប៉ុន្តែ​ប្តឹង​ទៅ​មន្ទីរ​យ៉ាងម៉េច​ ​បើ​មកដល់​ថ្ងៃ​ណេះ​ ​ក្រុមហ៊ុន​ឲ្យ​លាឈប់​ ​ខាង​មន្ទីរ​ថា​អត់​ដឹង​ទៀត​ហ្នឹង​ ​តើ​មាន​សង្ឃឹម​អ្វី​? ​មានតែ​ប្តឹង​មក​សហជីព​។​ ​បើ​ប្តឹង​មក​សហជីព​យ៉ាងម៉េច​ ​បើ​គាត់​មិនទាន់​បាន​បង្កើត​សហជីព​ទៀត? ​ប៉ុន្តែ​វិធី​សាស្រ្ត ​គាត់​នៅតែ​អាច​ពឹងពាក់​មក​យើង​បាន​។​ ​យើង​នឹង​ឲ្យ​គាត់​ជ្រើសរើស​អ្នកតំណាង​ ​យើង​ជួយ​គាត់​ផ្លូវច្បាប់​ ​តាមរយៈ​សហជីព​ ​ឬ​មេធាវី​របស់យើង​ ​ដើម្បី​ជួយ​គាត់​>>​។​

កន្លងមក​ ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ ​មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​មន្រ្តី​សហជីព​ ​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ចម្រុះ​ថ្នាក់​ជាតិ​ ​និង​ដោយ​ឯករាជ្យ​មួយ​ ​ដើម្បី​ស៊ើប​អង្កេត​ ​និង​ស្រាវជ្រាវ​រឿង​បើក​បន​ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់​របស់​ថៅកែ​ចិន​ ​និង​ករណី​សង្ស័យ​បង្ខាំង​បុគ្គលិក​រាប់​ឆ្នាំ​ ​រហូត​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពេញ​កាស៊ីណូ​។​ ​ប៉ុន្តែ​ ​រហូតមក​ពេលនេះ​ ​គ្មាន​សេចក្តី​ការណ៍​ណាមួយ​ ​ដែល​ថា​អាជ្ញាធរ​បង្កើត​គណកម្មការ​បែប​នេះ​នៅ​​ឡើយ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​លោក​ យ៉ូវ​ ខេមរា​ ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​យប់​ថ្ងៃ​ទី​ ​១២​ ​ខែ​ ​តុលា​ ​ថា​ការស៊ើបអង្កេត​ណាមួយ​ ​ចាប់ផ្តើម​បាន​ទាល់តែ​ទីតាំង​កាស៊ីណូ​នោះ​ចប់​ដំណើរការ​ចត្តាឡីស័ក​ ​បុគ្គលិក​ជាសះស្បើយ​ទាំងអស់​ ​និង​ក្រោយ​សម្អាត​បរិវេណ​ទីតាំង​នោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment