អតីតបក្សប្រឆាំងប្រកាសធ្វើបាតុកម្មនៅបារាំងថ្ងៃទី២៣ តុលាដើម្បីរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

កម្ពុជា-នយោបាយ
13/10/2021 – 08:49
ដោយ៖ វណ្ណ សុគន្ធា
RFI

កិច្ចប្រជុំរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១
កិច្ចប្រជុំរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ © សហការី

ថ្ងៃទី២៣ ​ខែតុលា ​ឆ្នាំ២០២១ ​ចុងសប្តាហ៍ក្រោយនេះ ​គឺជាថ្ងៃ​រំឮក​ខួបទី៣០​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស​ ២៣  តុលា ​១៩៩១​។ នៅ​ថ្ងៃនោះ ក្រុម​សមាជិក​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​បានប្រកាស​គ្រោងធ្វើ​បាតុកម្ម​នៅក្នុងប្រទេស​បារាំង​ ដើម្បីរំឭក​ខួបនៃកិច្ច​ព្រមព្រៀង​សន្តិភាពនេះ​។ ​ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នៅកម្ពុជា​យល់ថា ​គម្រោង​បាតុកម្មនោះ​ នឹងគ្មាន​ទទួល​បានការចាប់​អារម្មណ៍​ និងមិនមាន​ឥទ្ធិពលអ្វី​ជះមកលើ​ប្រជាពលរដ្ឋ​កម្ពុជាឡើយ​។

គម្រោងបាតុកម្មរបស់ក្រុមអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសបារាំង គឺធ្វើឡើងនៅក្នុងទីក្រុងបារីសចំថ្ងៃទី២៣ ខែតុលា ដែលថ្ងៃខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អតីតគណបក្សសង្រ្គោះជាតិបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសធ្វើបាតុកម្មរបស់ខ្លួនថា ប្រជាពលរដ្ឋដែលនៅតាមខេត្តក្នុងប្រទេសបារាំង ហើយចង់រួមធ្វើបាតុកម្មដែរនោះ គឺនឹងមានរថយន្តក្រុងទៅយកពួកគេមកចូលរួមនៅទីក្រុងប៉ារីសតែម្តង។ ជាមួយគ្នានេះ អតីតបក្សប្រឆាំងបានអំពាវនាវដល់អ្នកគាំទ្រឱ្យចូលរួមធ្វើបាតុកម្មនេះដែលជាការបង្ហាញពីការរួបរួមកម្លាំងសាមគ្កីគ្នា ដើម្បីប្រទេស និងមាតុភូមិកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនចាប់អារម្មណ៍ឡើយនឹងគម្រោងបាតុកម្មរបស់ក្រុមអតីតបក្សប្រឆាំងនេះ។ លោកអះអាងថា បាតុកម្មនេះនឹងមិនមានឥទ្ធិពលអ្វីមកលើកម្ពុជាទេ ព្រោះប្រជាពលរដ្ឋកម្ពុជាសុទ្ធតែដឹង និងឃើញច្បាស់នូវលទ្ធផលជាក់ស្តែងដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យពួកគេក្នុងពេលបច្ចុប្បន្ននេះ  ពោល គឺការរស់នៅដោយសុខសាន្ត សុវត្ថិភាព និងសន្តិភាព។

ប៉ុន្តែ លោកស្រី មួរ សុខហួរ ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាពុំទាន់មានសន្តិភាពដែលពិតប្រាកដឡើយ។ តាមលោកស្រីមួរ សុខហូរ គឺមានតែអនុវត្តបានត្រឹមត្រូវពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ទើបកម្ពុជាទទួលបាននូវសន្តិភាពពិតប្រាកដ។ នេះ គឺព្រោះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធានាឱ្យមានការគោរពសិទ្ធិមនុស្ស គោរពសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស  និងធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី មួរ សុខហួរ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជាបានសម្តែងការអស់សំណើចចំពោះក្រុមអតីតបក្សប្រឆាំងដែលលោកថា តែងតែលើកឡើងមានលក្ខណៈប្រឆាំងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស។ លោក សុខ ឥសាន្ត បានគូសបញ្ជាក់ថា ការលើកឡើង និងការរិះគន់របស់ពួកគេ គឺដូចជាប្រឆាំងនឹងភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាដូច្នេះដែរ។ ភាពជាក់ស្តែងដែលលោកអះអាងថា រដ្ឋាភិបាលកម្ពុជាអនុវត្តបានពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលនាំឱ្យប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាពពេញលេញ៕

What Next?

Recent Articles

Leave a Reply

Submit Comment