អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ជាង​៨០០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ញូញៀន ទៅ​ចាប់​ឆ្នោត​យក​ដី​ឡូត៍

បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិ
លោក ឃុត សុគន្ធ |១៣ តុលា ២០២១ |ម៉ោង ១៦:៥៥
VOD

ពលរដ្ឋមកពីស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (UDG) មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាសុំដំណោះស្រាយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ពលរដ្ឋមកពីស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (UDG) មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាសុំដំណោះស្រាយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)


អាជ្ញាធរខេត្តកោះកុង ប្រកាសឱ្យប្រជាពលរដ្ឋជាង៨០០គ្រួសារដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ញូញៀន (Union Development Group ឬ UDG​) ទៅចាប់ឆ្នោតយកដីឡូត៍ ខណៈពលរដ្ឋមួយចំនួនទៀតមិនព្រមទទួលយកការដោះស្រាយនេះ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លីជូនពលរដ្ឋចំនួន៣ប្រភេទ មានប្រមាណ១ ៣៣៣គ្រួសារ ដែលកំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុមហ៊ុន ញូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ នៅថ្ងៃទី១២ ខែតុលានេះ រដ្ឋបាលខេត្ត​បានប្រកាសឱ្យប្រជាពលរដ្ឋប្រភេទ​ទី៣ ប្រមាណ៨៣១គ្រួសារ ឱ្យ​ទៅចាប់​ឆ្នោតយក​ដី​ឡូត៍ ខណៈប្រជាពលរដ្ឋប្រភេទ​ទី១ និងប្រភេទទី២​ នឹងជូនដំណឹងពេលក្រោយទៀត។

រដ្ឋបាលខេត្តបញ្ជាក់ថា ប្រជាពលរដ្ឋប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន មាន​ចំនួន២៤៧គ្រួសារ ខណៈប្រជាពលរដ្ឋប្រភេទទី២ ជា​ប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋានឬ​ខុស​ភូមិ​ឃុំ មានចំនួន២៥៥គ្រួសារ និងប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម ចំនួន៨៣១គ្រួសារ។

បើតាមរដ្ឋបាលខេត្តនេះ ប្រជាពលរដ្ឋប្រភេទទី៣​ ជាអ្នករស់​នៅឃុំកោះស្ដេច និងឃុំភ្ញីមាស ត្រូវទៅចាប់ឆ្នោតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨កន្លះព្រឹក នៅទីតាំងដីឡូត៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបទុមសាគរ ខណៈពលរដ្ឋនៅឃុំតានូនចាប់ឆ្នោតនៅថ្ងៃទី១៥ ខែតុលា ចាប់ពីម៉ោង៨កន្លះ និងនៅទីតាំងឃុំតានូនដូចគ្នា។

ករណីអាជ្ញាធរខេត្តកោះកុងបើក​ដំណើរការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន នេះ គឺមានពលរដ្ឋមួយចំនួន​ ជាពិសេសប្រជាពលរដ្ឋដែលមានវិវាទ​ប្រភេទ​លេខ១ និងប្រភេទលេខ២ បានបដិសេធមិនទទួលយកការដោះស្រាយនេះទេ ដោយថា ការដោះស្រាយនោះមិនមានតម្លាភាព។

លោក សម ធី រស់នៅឃុំតានូន​ បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលចាត់លោក​ចូលក្រុមពលរដ្ឋប្រភេទ​ទី៣ ខណៈលោកបានប៉ះពាល់ដីទំហំ៩ហិកតា ប៉ុន្តែអាជ្ញាធរដោះស្រាយដោយផ្ដល់ដីត្រឹមតែ១ហិក​តា និងថវិកាជាង៤០០ដុល្លារ។

ពលរដ្ឋរូបនេះបន្តថា លោកមិនអាចទទួលយកការដោះស្រាយនេះបានទេ ហើយថា លោកនឹងជួបចរចាជាមួយ​ក្រុមការងារដោះស្រាយនេះម្តងទៀត ដើម្បីទទួលបានសំណងសមរម្យជាងនេះ។

លោកបន្ថែមថា៖ «ខ្ញុំម៉េច​ព្រមទទួលយក​ បើខ្ញុំមានឯកសារគ្រប់គ្រាន់ បើខ្ញុំអត់មានឯកសារដូចពួកគេអ្នកទទួល​យកទាំងអស់ហ្នឹង ខ្ញុំព្រមព្រៀងយកហើយ។ អ្នកទទួលយកនោះ គេមិនដែលតវ៉ាទាមទារផង ឱ្យគេ១ហិកតាដែរ។ ដល់ពេលខ្ញុំទាមទាររយៈពេល១៣ឆ្នាំហើយ ឱ្យខ្ញុំ១ហិកតាដែរ។ បើខ្ញុំចេះយក ខ្ញុំយកយូរហើយ ខ្ញុំមើលវា​អយុត្តិធម៌សម្រាប់អ្នកដែលបានតវ៉ាណាស់។ នៅថ្ងៃទី១៤ តុលានេះ ខ្ញុំជួបជាមួយលោក ទេព ធន ជជែកគ្នារឿងដីដែលខ្ញុំសល់ហ្នឹង ប្រសិនបើគាត់អត់មានការឆ្លើយតបរបៀបណា ខ្ញុំនឹងមាននីតិវិធីខ្ញុំធ្វើអ្វីបន្តទៀត»

អ្នកស្រី សាំង ពុយ ជាប្រជាពលរដ្ឋរស់​នៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឱ្យដឹងថា គ្រួសារអ្នកស្រីមានដីទំហំ៨ហិកតា ខណៈ​ម្ដាយ​អ្នកស្រីមា​នដីទំហំ១២ហិកតា ដែលបានរងផលប៉ះពាល់ដោយគម្រោងក្រុមហ៊ុន ញូញៀន។ អ្នកស្រីថា គ្រួសារអ្នកស្រីជាប្រភេទប្រជាពលរដ្ឋលេខទី២។ អ្នកស្រីបន្តថា ជុំវិញដំណើរការដោះស្រាយផលប៉ះពាល់ដីធ្លីនេះ គឺរហូតមកដល់​ពេលនេះ អាជ្ញាធរមិនទាន់បានទាក់ទង​អ្នកស្រី ដើម្បីសួរនាំនៅឡើយទេ។

ពលរដ្ឋរូបនេះបន្ថែមថា ដំណោះស្រាយដែលពួកគាត់ចង់បាន គឺសុំផ្ដល់សំណងទៅតាមទំហំដីប៉ះពាល់ជាក់​ស្តែង​ ដោយ​សារដីរបស់អ្នកស្រីមានបណ្ណកម្មសិទ្ធិស្របច្បាប់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្លាប់បានសំណូមពរច្រើនលើកច្រើនសារហើយ​ ឱ្យដោះស្រាយតាមទំហំដីជាក់ស្តែង តាមស្ថានភាព តាមភូមិសាស្ត្រ តាមការកាន់កាប់។ ហើយមួយទៀត ការដោះស្រាយនេះអត់មានការជួបប្រជុំឬពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ទេ គឺមកដល់គាត់ប្រកាសអ៊ីចឹង​តែម្តង អត់មានជួប​ជុំឬបង្ហាញដីដែលត្រូវដោះដូរហ្នឹងទេ»

អ្នកស្រី ព្រាប រដ្ឋា នៅឃុំព្រែកខ្សាច់ ដែលមានដីលំនៅឋាននិងចម្ការត្រឹមតែជាង៦០អា និយាយថា អ្នកស្រីមិនព្រមចាកចេញពីភូមិចាស់ដែលកំពុងរស់នៅបច្ចុប្បន្ននេះទេ ដោយសារបារម្ភខ្លាចជួបការលំបាកនិងបាត់បង់​មុខរបរ ខណៈប្រជាពលរដ្ឋមួយចំនួនដែលទទួលបានការដោះស្រាយនាពេលកន្លងមក បានជួបការលំបាកដោយបាត់បង់មុខរបរនិងធ្លាក់ចុះនូវជីវភាព ហើយពួកគេបានត្រលប់មកប្រកបរបរកស៊ីនៅភូមិចាស់វិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ព្រម ដោយសារខ្ញុំស្រឡាញ់ទីតាំងរបស់ខ្ញុំ ខ្ញុំចង់រកអ្វីក៏បាន។ មួយទៀត ខ្ញុំឃើញគំរូចាស់របស់អ្នកភូមិនៅឃុំភ្ញីមាស ដែលគាត់ទៅហើយ ហើយគាត់បានត្រលប់មករកស៊ីកន្លែងចាស់វិញ ដែលពីមុនពួកគាត់ក៏គេឱ្យដី២ហិកតានិងលុយខ្លះអ៊ីចឹង​ដែរ ហើយគេធ្វើទាំងផ្ទះឱ្យនៅទៀត។ ប៉ុន្តែនៅតែមាន​ពលរដ្ឋខ្លះមករកស៊ីកន្លែងចាស់ទៀត ហើយជីវភាពរបស់ពួកគាត់ធ្លាក់ខ្លាំងមែនទែន»

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា សម្រាប់​ប្រជាពលរដ្ឋប្រភេទទី​១និងទី២ អាជ្ញាធរនឹងដោះស្រាយនៅពេលក្រោយបន្តបន្ទាប់ទៀត។

លោក​បន្តថា ចំពោះពលរដ្ឋណាមិនពេញចិត្តនិងមិនទទួលយកសំណង​នៃការដោះស្រាយនេះ ជារឿងរបស់ពួកគេ ពីព្រោះការដោះស្រាយនេះជា​គោលនយោបាយរបស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «វាជាធម្មតាទេ អ្នកថាមិនចង់បាន ចេះតែថាមិនចង់បានទៅ។ តែការដោះស្រាយនេះ ជាគោលនយោបាយរបស់ដ្ឋាភិបាល»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ការដោះស្រាយនេះ អាជ្ញាធរបានកំណត់ទៅលើអាទិភាព​ចំនួន៣ ដោយអាទិភាពទី១ ទទួលបានដី​៣ហិកតា​កន្លះ​ និងលុយជាង៩ ០០០ដុល្លារ, ​ទី២ ទទួលបាន២ហិកតា និងទី៣ អ្នកដែលទទួលបានសំណងហើយ គឺទទួលបានដី១ហិកតា។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការកំណត់លក្ខខណ្ឌឱ្យពលរដ្ឋទទួលបានសំណងដូចៗគ្នាបែបនេះ ខណៈពលរដ្ឋខ្លះមានដីក្នុងទំហំដ៏ច្រើននោះ គឺ​មិនមានតម្លាភាពឡើយ ហើយថា ពលរដ្ឋភាគច្រើន នឹងមិនទទួលយកការដោះស្រាយបែបនេះ​ឡើយ។ លោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាក្នុ​ងការដោះស្រាយជូនពលរដ្ឋឡើងវិញ ដោយជួបពិភាក្សាជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋ ធ្វើការដោះស្រាយទៅតាមទំហំដីជាក់ស្តែងរបស់ប្រជាពលរដ្ឋនីមួយៗ។

របាយ​កា​រ​ណ៍​និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ ​រក​​ឃើញ​ថា​ គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិននេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​១​ ១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង១ម៉ឺន​ហិ​កតា​ និង​ផ្ទះ១ ៥០០ខ្នង​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​និង​​ឈូស​ឆាយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment