អាមេរិក​ចោទ​កម្ពុជា ថានៅ​មិន​ទាន់​មាន​តម្លាភាព​ពេញ​លេញ​ជុំវិញ​ការ​សាងសង់​កំពង់ផែ​សមុទ្រ​រាម

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
លោក សេង ថៃ and លោក ភុន ច័ន្ទឧសភា | ១៤ តុលា ២០២១ |ម៉ោង ២២:០៤
VOD

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)


សហរដ្ឋអាមេរិក​ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថានៅមិនទាន់មានតម្លាភាពពេញលេញនៅឡើយទេ ទាក់ទងទៅនឹងគោលបំណង ប្រភេទ និងវិសាលភាពនៃគម្រោងសាងសង់កំពង់ផែសមុទ្ររាម ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា​បានច្រានចោល។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានី​ភ្នំពេញ បានសរសេរសារអ៊ីម៉ែលមួយមកកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញថា សហរដ្ឋអាមេរិកទទួលបានការរាយការណ៍ដែលអាចជឿទុកចិត្តបានថា ការសាងសង់ដ៏សំខាន់របស់សាធារណរដ្ឋប្រជាមានិតចិននៅតែបន្តមានសកម្មភាពនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។

សារអ៊ីម៉ែលនេះបានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានតម្លាភាពពេញលេញ​នៅឡើយទេ ទាក់ទងទៅនឹងគោលបំណង ប្រភេទ និងវិសាលភាពនៃគម្រោងនេះ ឬពីតួនាទីរបស់យោធានៃសាធារណរដ្ឋប្រជាមានិតចិន ដែលករណីនេះបង្កឱ្យមានជាការព្រួយបារម្ភអំពីការប្រើប្រាស់ដោយចេតនានូវទីតាំងមូលដ្ឋានទ័ពជើងទឹករាមនេះ។

បើតាមស្ថានទូតអាមេរិក រាល់វត្តមានរបស់យោធាបរទេសណាមួយនៅក្នុងតំបន់សមុទ្ររាម គឺប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់ផងដែរ ហើយថា ប្រជាជនកម្ពុជាគួរតែទទួលបាននូវព័ត៌មានបន្ថែមអំពីគម្រោងនៅក្នុងតំបន់រាមមួយនេះ និងមានសិទ្ធិសម្រេច ផ្ដល់មតិនៅក្នុងកិច្ចព្រមព្រៀងយោធាប្រភេទនេះ ដែលវាអាចនឹងមានផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រទេសរបស់ពួកគេនាពេលអនាគត។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានច្រានចោលចំពោះការចោទប្រកាន់​នេះថា ធ្វើឡើងដោយមិនសមហេតុផល។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានពន្យល់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយថា នៅពេលការសាងសង់កំពង់ផែនេះរួច វានឹងត្រូវប្រើប្រាស់សម្រាប់ការចូលចតរបស់នាវាបរទេសទាំងអស់ដែលបានស្នើសុំមកកាន់ភាគីកម្ពុជា។

លោក ផៃ ស៊ីផាន បានបកស្រាយយ៉ាងដូច្នេះថា៖ «ជាការចោទប្រកាន់មួយមិនសមហេតុសមផលទេ ចំពោះអ្វីដែលចង់និយាយប្រាប់ហ្នឹង គឺរឹតត្បិតទី១ មុននឹងយើងសង់ យើងបានអំពាវនាវគ្រប់ប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក ដើម្បីស្វែងរកដៃគូ ដើម្បីស្វែងរកការអភិវឌ្ឍនៅកន្លែងនោះ ក៏ព្រោះកម្ពុជាមានសិទ្ធិនៅក្នុងការអភិវឌ្ឍដែលជាផលប្រយោជន៍​របស់ខ្លួននេះ ទី១។ ទី២ ក៏យើងបានប្រកាសប្រាប់ដែរថា កំពង់ផែហ្នឹង កាលណាអភិវឌ្ឍរួចហើយ មិនមែនជារបស់ចិនឬរបស់អ្នកណាទេ ត្បិតចំណុចទី១ កម្ពុជាមិនអនុញ្ញាតឱ្យមានការតាំងមូលដ្ឋានសឹករបស់បរទេសណានៅលើទឹកដីកម្ពុជានោះទេ។ ទី២ រដ្ឋាភិបាល​បើកចំហរចំពោះនាវាចម្បាំងដែលជាមិត្តចង់មកសំចតក្នុងការសម្រាក ដើម្បីសំចត​ធ្វើសមយុទ្ធ ធ្វើអ្វីក៏ដោយ យើងស្វាគមន៍ទាំងអស់ ឱ្យតែគេដាក់ពាក្យតាមអ្វីដែលជាលក្ខខណ្ឌឬក៏ច្បាប់កម្ពុជាតែប៉ុណ្ណោះ»។

ប៉ុន្តែទោះជាបកស្រាយយ៉ាងនេះក្តី អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បានមើលឃើញដោយ​ឥតសង្ស័យទៀតថា កម្ពុជាកំពុងក្លាយជាភូមិសាស្ត្រនយោបាយមួយនៃការប្រទាញប្រទង់រវាងមហាអំណាចពីរ គឺចិននិងសហរដ្ឋអាមេរិក។

អ្នកវិភាគជើងចាស់រូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្រុងប្រយ័ត្នខ្ពស់ចំពោះការសម្រេចចិត្តនានា។ លោកបន្តថា ពេលនេះបាល់គឺស្ថិតនៅលើដៃរបស់រដ្ឋាភិបាលកម្ពុជាតែមួយគត់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឥលូវនេះ បើយើងមើលទៅបាល់នៅក្នុងដៃរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើការដោះស្រាយនិងបង្ហាញជំហរគេយ៉ាងដូចម្តេច ដើម្បីឱ្យមើលឃើញថា យើងពិតជាបានធានា១០០ភាគរយ ថាមិនឱ្យប្រទេសធ្លាក់ចូលក្នុងភូមិសាស្រ្តនយោបាយ ពិសេសគឺមិនអនុញ្ញាតឱ្យកងទ័ពចិនហ្នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលជាលក្ខខណ្ឌមួយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។ អ៊ីចឹង​រឿងហ្នឹង បាល់នៅក្នុងដៃរបស់រដ្ឋាភិបាលកម្ពុជា ដែលយើងត្រូវដោះស្រាយយ៉ាងដូចម្តេចឬបង្ហាញការពិតឱ្យគេ ប៉ុន្តែបើសិនជាខាងយើងដែលជាសាម៉ីប្រទេសហ្នឹងនៅតែសម្អាងភាពមិនច្បាស់លាស់តទៅទៀត នោះការសង្ស័យនឹងអាចមាន»

ការចោទប្រកាន់របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីរូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១២ ខែតុលា ដោយ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី ហៅ​កាត់​ថា AMTI (Asia Maritime Transparency Initiative) នៃ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ច​ការ​អន្តរជាតិ (CSIS) របស់​សហរដ្ឋ​អាមេរិក បានបង្ហាញថា នៅក្នុងអំឡុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ២០២១​នេះ មាន​ការ​សាងសង់​អគារ​ថ្មី​​ចំនួន៣ខ្នង និង​ការ​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែនៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាមនេះ។ ក្នុង​ចំណោម​អគារ​ទាំង៣នោះ មាន​អគារ២ខ្នង​ត្រូវ​បាន​សាងសង់​ចន្លោះ​ពី​ថ្ងៃទី៩ ​ដល់​ថ្ងៃទី២២ ខែសីហា ស្ថិតនៅ​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។

អគារ​ថ្មី​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជាប់​នឹង​អគារ​ពីរ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សាងសង់​កាល​ពី​ខែមេសា និង​ខែឧសភា កន្លងទៅ។ ចំណែក​អគារ​មួយ​ផ្សេង​ទៀត​នោះជា​អគារ​តូច​ដែល​ត្រូវ​បាន​សាងសង់​អំឡុង​ពេល​ជាមួយ​គ្នា ស្ថិត​នៅ​លើ​ឆ្នេរ​ផ្នែក​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles