អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​នៅ​បាត​តារាង

ដោយ ម៉ៅ សុធានី
2021-10-16
RFA

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​នៅ​បាត​តារាង

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ ២០២១ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP)។ Screenshot


អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​នៅ​បាត​តារាង គឺ​លេខ​រៀង ១៣៨ ក្នុង​ចំណោម​ប្រទេស ចំនួន ១៣៩ ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ ១៩។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ ២០២១ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ចេញផ្សាយ​កាលពី​ថ្ងៃទី១៤ ខែ​តុលា បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង ១៣៩ គឺ​មាន​ប្រទេស​៣ ដែល​អនុវត្ត​នីតិរដ្ឋ​បាន​ល្អ​ជាងគេ នៅ​ឆ្នាំនេះ​គឺ ប្រទេស​ដាណឺម៉ាក (Denmark) ជាប់​លំដាប់​លេខ​រៀង​ទី ១ បន្ទាប់​មក គឺ​ប្រទេស ន័រវែស (Norway) លេខ​រៀង​ទី​២ និង​លេខ​រៀង​ទី​៣ គឺ​ប្រទេស​ហ្វាំងឡង់ (Finland)​។ ចំណែក​ប្រទេស​ចំនួន ៣ ដែល​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត នៅ​បាត​តារាង រួមមាន ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) មាន​លេខ​រៀង ១៣៩ ប្រទេស​កម្ពុជា​ ទទួល​បាន​លេខ​រៀង ​១៣៨ និង​ប្រទេស​កុងហ្គោ (Congo) លេខ​រៀង​១៣៧។ ចំណែក​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា វិញ សូម្បី​តែ​មាន​សង្គ្រាមស៊ីវិល​ក្នុងស្រុក​ក៏ដោយ ក៏​ចំណាត់ថ្នាក់​នីតិរដ្ឋ ទទួល​បាន​លេខ​១២៨ គ្រាន់បើ​ជាង​នៅ​កម្ពុជា​ដែល​អះអាង​ថា ជា​ប្រទេស​មាន​សុខ​សន្តិភាព។

ការ​ផ្ដល់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​ការសិក្សា​និង​វាយតម្លៃ​ដោយ​ផ្អែកលើ​សូចនាករ​៨​ចំណុច រួមមាន ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុប​បំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើក​ទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់​និង​សន្តិសុខ ការអនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​ស៊ីវិល និង​យុត្តិធម៌​ព្រហ្មទណ្ឌ។

សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) គឺ​ផ្អែកលើ​ទិន្នន័យ​ប្រចាំឆ្នាំ ដោយ​ការស្ទង់មតិ​ថ្នាក់​ជាតិ​លើ​ក្រុម​គ្រួសារ​ជិត ១៤​ម៉ឺន​គ្រួសារ (១៣៨.០០០) និង​អ្នក​អនុវត្ត​ច្បាប់ ព្រមទាំង​អ្នក​ជំនាញ​ចំនួន​៤​ពាន់ ២​រយ​នាក់ (៤.២០០) នៅ​ជុំវិញ​ពិភពលោក។

កាលពី​ឆ្នាំ​២០២០ អង្គការ​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​លេខ​រៀង​ទី​១២៧ ដែល​ជា​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles