មេខ្យល់ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ចូល​​ថៃ

ដោយ ខែ សុណង
2021-10-17
RFA

មេខ្យល់ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ចូល​​ថៃ

សមត្ថកិច្ចទប់ស្កាត់​ពលករ​លួច​ឆ្លងដែន​ខុស​ច្បាប់ ចូល​ក្នុង​ទឹកដី​ថៃ នៅ​ចំណុច​ចន្លោះ​បង្គោល​សីមា​លេខ ៥៣ និង ៥៤ ភូមិសាស្ត្រ​ភូមិ​អូរក្រូច កាល​ពី​ថ្ងៃ​ទី១៦ តុលា ២០២១។ រូប៖ ហ្វេសប៊ុក​ទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក


សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​បន្ទាយមានជ័យ បញ្ជូន​មេខ្យល់ ២​នាក់ ទៅ​សាលាដំបូង​ខេត្ត ពី​បទ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចេញចូល​ប្រទេស​ថៃ។

មេខ្យល់​ទាំងពីរ​នាក់ ជា​ក្មេងប្រុស​ម្នាក់​អាយុ ១៧​ឆ្នាំ និង​ម្នាក់ទៀត​ចុះ​អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា។

កាលពី​នៅ​ថ្ងៃទី១៣ ខែ​តុលា កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរបីជាន់ សហការ​ជាមួយ​កម្លាំង​យោធា​ឈរ​ជើង​នៅ​ចំណុច​ភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ឃាត់​ពលករ​ចំនួន ៤១​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ២​នាក់ មក​ពី​ប្រទេស​ថៃ​ដែរ។ ក្រោយ​សាកសួរ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មេខ្យល់​ចំនួន ២​នាក់​នេះ ដែល​ជា​អ្នក​នាំ​ផ្លូវ​ពលករ​ខ្មែរ​មកពី​ថៃ និង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ពួកគេ​បាន​ជូន​ពលករ​ទៅ​មក​បាន​ចំនួន ២​លើក ឱ្យ​គេ​នាំ​ផ្លូវ​មក​ខ្មែរ​វិញ ក្នុង​ម្នាក់​ពលករ​បង់ប្រាក់​ថ្លៃ ២.០០០​បាត ឬ​ប្រមាណ​៦០ ដុល្លារ។

កាលពី​ថ្ងៃ​១៦ តុលា ដែរ កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​បាត់ដំបង ក៏​បាន​ឃាត់ខ្លួន​ពលករ ៥៦​នាក់ និង​មេខ្យល់​ម្នាក់​ទៀត បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ នៅ​ភូមិ​អូរក្រូច ឃុំ​បឹងរាង ស្រុក​កំរៀង។

ទីបញ្ជាការ​វរសេនា​តូច​លេខ ៨១៩ ស្រុក​កំរៀង​-​ស្រុក​ភ្នំព្រឹក បង្ហោះ​លើ​ហ្វេសប៊ុក​ថា កម្លាំងយោធា​សហការ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ ធ្វើ​ការ​ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន​ដោយ​មិន​ស្រប​ច្បាប់ ចូល​ក្នុង​ទឹកដី​ថៃ នៅ​ចំណុច​ចន្លោះ​បង្គោល​សីមា​លេខ ៥៣ និង ៥៤ ភូមិសាស្ត្រ​ភូមិ​អូរក្រូច ឃាត់ខ្លួន​មនុស្ស​ចំនួន ៥៧​នាក់​។ ក្រោយពី​សួរ​នាំ​បាន​កំណត់​មុខសញ្ញា​សង្ស័យ​មេខ្យល់​ម្នាក់ ក្នុង​ចំណោម​ពលករ​ចំនួន ៥៧​នាក់។

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​កសាង​សំណុំរឿង​អ្នក​ទាំង ៥៧​ នាក់​ទៅ​តាម​នីតិវិធី​បន្ត។ ពលករ​ខ្មែរ​ធ្លាប់​ឲ្យ​ដឹង​ថា ពួកគេ​បាន​សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ដោយសារ​តែ​នៅ​កម្ពុជា​គ្មាន​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់​សង​បំណុល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles