សង្គម​ស៊ីវិល​យល់ស្រប​នឹង​ការ​រក​ឃើញ​​ថា​គ្រួសារ​ក្រីក្រ ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូវីដ១៩

ដោយ ម៉ៅ សុធានី
2021-10-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​យល់ស្រប​នឹង​ការ​រក​ឃើញ​​ថា​គ្រួសារ​ក្រីក្រ ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូវីដ១៩

ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៤។ RFA


អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​យល់ស្រប​ជាមួយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​(FAO) ដែល​រក​ឃើញ​ថា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid19)។ ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​បន្ថែម​ទៀត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​របស់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​បែបនេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ទិវា​ស្បៀងអាហារ​ពិភពលោក​លើក​ទី​៤១ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២១។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ក្រុម​ប្រជាកសិករ សហគមន៍​រងគ្រោះ​ដីធ្លី កម្មករ អ្នក​ប្រកប​របរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម កំពុង​មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​ភាព​អត់ឃ្លាន​និង​ផល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ប៉ុន្តែ​រដ្ឋាភិបាល មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែង​ថា ការ​លើកឡើង​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា ហ្វាវ (FAO) ស្ដីពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​-១៩ គឺជា​រឿង​ត្រឹមត្រូវ និង​ឆ្លុះបញ្ចាំង​ពី​ការពិត។ លោក សង្កេត​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​កន្លង​មក បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​តិច​តូច និង​យឺតយ៉ាវ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត៖ «ការ​ខ្វះ​ស្បៀងអាហារ ការ​ធ្លាក់​ចុះ​នៅ​ប្រាក់​ចំណូល បញ្ហា​ប្រជាពលរដ្ឋ​ក្រីក្រ កាន់តែ​ក្រ​ទៅៗ ជាពិសេស​គឺ​ទាក់ទង​នឹង​ស្បៀងអាហារ គឺ​ធ្ងន់ធ្ងរ​តែម្តង​ក្នុង​ស្ថានភាព​នេះ​។ ទាក់ទង​នឹង​ចំណុច​នេះ​យើង​ឃើញ​ថា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​នៅ​ឡើយ ទាក់ទង​ការ​ផ្តល់​ស្បៀង អាហារ និង​ការ​ផ្តល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ស្ថានភាព​កូវីដ​នេះ»។

អង្គការ​ហ្វាវ (FAO) បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​ឱកាស​ទិវា​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំនេះ​ថា ជំងឺ​រាតត្បាត​កូ​វីដ ១៩ បាន​បង្ក​ឱ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​រីកចម្រើន​ដែល​បាន​រៀបចំ​ជា​យូរ​មក​ហើយ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ត្រឹម​ឆ្នាំ ២០៣០។

អង្គការ​ដដែល បន្ត​ថា នៅ​កម្ពុជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ពួកគេ​ភាគច្រើន​ពឹងផ្អែក​លើ​ប្រភព​ចំណូល​ផ្សេងៗ រួមមាន ការ​ធ្វើ​ស្រែ​ចំការ ការ​ស៊ីឈ្នួល ដោយ​លក់​កម្លាំង​ពលកម្ម សកម្មភាព​មិនមែន​កសិកម្ម និង​ប្រាក់​បញ្ញើ​ពី​ពលករ​ចំណាក​សុក្រ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ការងារ។ លើស​ពី​នេះ យោង​តាម​ការ​វាយតម្លៃ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ជាង​ពាក់កណ្តាល​នៃ​គ្រួសារ​នៅ​កម្ពុជា​ត្រូវ​កាត់​បន្ថយ បរិមាណ និង​គុណភាព​អាហារ​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩ នេះ។

តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ជីខ​លើ ខេត្តកោះកុង លោកស្រី ផាវ ញ៉ើង រៀបរាប់​ថា ចាប់​តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ​-១៩ មក ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង ដោយសារ​វិវាទ​ដីធ្លី​បន្ត​រ៉ាំរ៉ៃ គ្មាន​ដី​បង្កបង្កើនផល មិន​អាច​ចេញ​ក្រៅ​រក​ប្រាក់​ចំណូល និង​ជំពាក់​បំណុល​ធនាគារ។ លោកស្រី​បន្ត​ថា ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ភាគច្រើន​មិន​ទទួល​បាន​កិច្ច​គាំពារ​សង្គម​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ទទួលរង​ការរើសអើង ការ​គំរាមកំហែង​និង​ការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​ថែមទៀត នៅ​ពេល​ពួកគាត់ បញ្ចេញ​មតិ​ទាមទារ​ដីធ្លី​សម្រាប់​ចិញ្ចឹម​ជីវិត៖ «យើង​អត់​មានមុខ​របរ​អត់​មាន​ប្រាក់ចំណូល​ទេ ត្រូវតែ​ហូប​កាត់បន្ថយ។ បើ​ពី​មុន​មក ហូប​មួយ​ពេល​អស់​មួយ​ម៉ឺន ឥឡូវ​ហូប​មួយ​ពេល​អស់​តែ​៣​ពាន់​ទេ ហើយ​ប្រហុក​ញឹកញាប់​មែនទែន ធ្វើ​ឲ្យ​សុខភាព​ពួក​យើង ទ្រុឌទ្រោម​។ កាលណា​សុខភាព​យើង​ទ្រុឌទ្រោម ធ្វើ​ឲ្យ​មាន​ជំងឺ កាលណា​មាន​ជំងឺ ត្រូវ​ជញ្ជូន​លុយ​ទៅ​ឲ្យ​ពេទ្យ ហើយ​ពេទ្យ​ឥឡូវនេះ ក៏​ណាស់​ទៀត​។ ខ្ញុំ​បានឃើញ​សម្តេច​បាន​ប្រកាស ហើយ​សូម​ឲ្យ​ពន្យារ​ពេល​នៃ​ការ​បង់​រំលោះ​បង់​អី តែ​ជាក់ស្តែង​ធានា​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​រឹបអូស​យក​ដី ឬ​ឧបមា​ថា ជំពាក់​លុយ​៨​ពាន់​ដុល្លារ​អ៊ីចឹង គ្នា​ខកខាន បង់​តែ​ពីរ​ឬ​បី​ថ្ងៃ ហៅ​គ្នា​ទៅ​សាលាឃុំ គំរាមកំហែង​ទៀត»។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន មាន​ប្រសាសន៍​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​នៅ​ថ្ងៃទី ១៦ តុលា ថា វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ពិតជា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ជា​ពិសេស​ជីវភាព​រស់​នៅ​របស់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។ លោក​បន្ត​ថា បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ ដើម្បី​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់ និង​គាំទ្រ​លើកស្ទួយ​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ក្នុង​នោះ​វិស័យ​កសិកម្ម​ក៏បាន​ចូលរួម​ផង​ដែរ​។ លោក បញ្ជាក់​ថា យុទ្ធសាស្ត្រ​ចម្បង​របស់​រាជរដ្ឋាភិបាល គឺ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​ផលិតភាព​ផលិតកម្ម ធានា​សន្តិសុខ​ស្បៀង រក្សា​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម។ លោក វេង សាខុន អះអាង​ថា ចក្ខុវិស័យ​សម្រាប់​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០ គឺ​ពលរដ្ឋ​កម្ពុជា នឹង​ទទួល​បាន​របប​អាហារ​ប្រកបដោយ​សុខុមាលភាព និង​សុវត្ថិភាព​ដោយមាន​ការ​យកចិត្តទុកដាក់​ជា​ចម្បង​លើ​ស្ត្រី និង​កុមារ និង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​នៃ​អាហារូបត្ថម្ភ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ទទួលស្គាល់​ថា ក្នុង​វិបត្តិ​កូវីដ​នេះ អ្នក​ប្រកប​របរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ប្រជាកសិករ​ខ្នាត​តូច និង​ប្រជាកសិករ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​របស់​បុគ្គល​មាន​លុយ​មានអំណាច កំពុង​ប្រឈម​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ជាងគេ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ​ដែល​ពុំ​មាន​ដី​ធ្វើ​កសិកម្ម ព្រមទាំង ជួយ​ផ្តល់​ដើម​ទុន និង​លើកកម្ពស់​ជំនាញ​កសិកម្ម​ដូចជា​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​ជាដើម៖ «មួយទៀត ត្រូវ​គិតគូរ​ទៅ​លើ​បញ្ហា​ទីផ្សារ ការ​ផ្តល់​នូវ​ពូជ ការ​ផ្តល់​សេវា​គាំពារ​សង្គម​ដល់​ពួកគាត់​នៅ​ចំពោះមុខ ហើយ​ការ​គិតគូរ​ទៅលើ​នេះ វា​នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច ដែល​ពួកគាត់​កំពុង​ប្រឈម​បញ្ហា។ ក្នុង​នោះ​ដែរ ក៏​គិតគូរ​អន្តរាគមន៍​ទៅ​លើ​មីក្រូហិរញ្ញវត្ថុ ជួយ​សម្រួល​ពេលវេលា​នៃ​ការ​បង់​ការប្រាក់ ឬ​បន្ថយ​អត្រា​ការ​ប្រាក់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​សំណាក់​រដ្ឋ​ផង​ដែរ»។

ជុំវិញ​បញ្ហា​នេះ នាយក​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) លោក អ៊ែនតូនីអូ ស្កៀវូណេ (Antonio Schiavone ) ថ្លែង​ថា អង្គការ FAO បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​គាំទ្រ​កម្ពុជា​នូវ​រាល់​សកម្មភាព ដើម្បី​ធានា​បាន​នូវ​ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ និង​ជីវិត​កាន់តែ​ប្រសើរ ដោយ​មិន​ទុក​ឱ្យ​នរណា​ម្នាក់​ស្ថិត​ក្នុង​ភាព​អត់ឃ្លាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles