សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​រត់ PassApp ម្នាក់​ដែល​បាន​ចាក់​ជនជាតិ​ចិន​ឲ្យ​របួស​នៅ​ខេត្ត​ព្រះសីហនុ

ដោយ សន ចាន់រដ្ឋា
2021-10-16
RFA

សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​រត់ PassApp ម្នាក់​ដែល​បាន​ចាក់​ជនជាតិ​ចិន​ឲ្យ​របួស​នៅ​ខេត្ត​ព្រះសីហនុ

ជនជាតិចិនដែល​រងរបួស​កំពុង​សម្រាក​ព្យាបាល។ រូប​៖ អគ្គស្នងការ​នគរបាលជាតិ


នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៦ ខែ​តុលា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ថង សម្បតិ្ត ពី​បទ​បង្ក​ហិង្សា​លើ​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ​ឈ្មោះ ថង សម្បតិ្ត វ័យ ៤៨​ឆ្នាំ ជា​អ្នក​រត់ផាស់អាប់ (PassApp) រស់នៅ​ក្នុង​សង្កាត់​ព្រះសីហនុ ក្រុង​ព្រះសីហនុ ចំណែក​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន មាន​វ័យ ២៩​ឆ្នាំ។

គេហទំព័រ​របស់​នគរបាល​ជាតិ​បាន​ផ្សាយ កាល​ថ្ងៃ​ទី​១៦ ខែ​តុលា ថា ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ក​ហិង្សា​លើ​ជន​ជាតិចិន ដោយ​បាន​ប្រើ​កាំបិត​ចាក់​លើ​ជនជាតិ​ចិន វ័យ​២៩​ឆ្នាំ​នោះ​មែន កាល​ពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២១។

លោក​បាន​រៀបរាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​ហិង្សា​នេះ ដោយសារតែ​បុរស​ជនជាតិ​ចិន​រូប​នោះ បាន​ទះកំភ្លៀង និង​វាយ​ក្បាល​របស់​លោក នៅ​ពេល​ជិះ​ផាស់អាប់។

លោក​បន្ថែម​ថា ដោយសារតែ​លោក​ខឹង​នឹង​ជនជាតិ​ចិន​រូប​នោះ ទើប​លោក​យក​កាំបិត​ចិតបន្លែ​ចាក់​លើ​ជនរងគ្រោះ ១​កាំបិត រួច​ហើយក៏​រត់​គេច​ខ្លួន​ទៅ​ខេត្ត​កំពង់ធំ និង​បន្ត​រត់​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​កន្លែង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​លោក។

នគរបាល​ព្រហ្មទណ្ឌ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ ទៅ​អនុវត្ត​នីតិវិធី​បន្ត ចំណែក​ជនរងគ្រោះ​ជនជាតិ​ចិន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles