គ្រូ​បង្រៀន​ម្នាក់​​ដែល​​រិះគន់​​អាជ្ញាធរ​​សង់ស្តូប​មិត្តភាព​​កម្ពុជា-​វៀតណាម ច្រានចោល​​ការ​សម្រេច​​របស់​​សាលាឧទ្ធរណ៍​​បាត់ដំបង

ដោយ ជី វិតា
2021-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រូ​បង្រៀន​ម្នាក់​​ដែល​​រិះគន់​​អាជ្ញាធរ​​សង់ស្តូប​មិត្តភាព​​កម្ពុជា-​វៀតណាម ច្រានចោល​​ការ​សម្រេច​​របស់​​សាលាឧទ្ធរណ៍​​បាត់ដំបង

លោក យូង សូដា គ្រូបង្រៀន​នៅ​សាលាបឋម​សិក្សា​អូរខ្ទីងមាស សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន។ (រូបថតពីហ្វេសប៊ុក Yuong So Da ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០) រូប៖ ហ្វេសប៊ុក Yuong So Da


គ្រូបង្រៀន​ម្នាក់​ដែល​រិះគន់​រឿង​អាជ្ញាធរ​សង់ស្តូប​អនុស្សាវរីយ មិត្តភាព​កម្ពុជា-វៀតណាម​ ចាត់​ទុក​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​ថា ជារឿង​អយុត្តិធម៌​ និង​មិន​អាច​ទទួល​យក​បាន។ ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ​បាន​តម្កល់​សាលក្រម​ផ្តន្ទាទោស​របស់​សាលាដំបូង​ខេត្តប៉ៃលិន ទុកជា​បាន​ការ​ដដែល​ កាលពី​ថ្ងៃទី២៨ ខែកញ្ញា។  មន្រ្តី​​​សង្គម​​ស៊ីវិល​យល់ថា ករណីគ្រូបង្រៀន​រិះគន់​ការសង់ស្តូប​អនុស្សាវរីយ៍ មិត្តភាព​កម្ពុជា​-វៀតណាមនេះ គឺជាការ​អនុវត្ត​សិទ្ធិ​សម្តែង​មតិ ដែលធានា​ដោយ​ច្បាប់ មិនមែន​ជាអំពើ​ល្មើស​ច្បាប់​ឡើយ។

គ្រូបង្រៀន​ម្នាក់​ដែលបាន​បង្ហោះសារ​រិះគន់​ការសង់ស្តូប​កម្ពុជា-វៀតណាម សម្ដែងការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​ថា ជារឿង​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន។

លោក យួង សូដា ជាគ្រូបង្រៀន​នៅ​ក្រុងប៉ៃលិន ​​ប្រាប់​វិទ្យុ​​អាស៊ី​សេរី​​​នៅថ្ងៃទី១៧ ខែតុលា​ថា លោក​សោកស្តាយ​ជាខ្លាំង​ចំពោះ​សាលាឧទ្ធរណ៍​បាត់ដំបង​ដែល​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទាទោស​របស់​តុលាការ​ថ្នាក់​ក្រោម។ លោកចាត់ទុកការ​សម្រេច​នេះ ជារឿង​អយុត្តិធម៌​បន្ថែម​ទៀត ​ពីព្រោះ​កន្លង​ទៅ​លោក​ថា លោកមិនបាន​ប្រព្រឹត្តកំហុស​ដូចការ​ចោទប្រកាន់​របស់​តុលាការ​ខេត្តប៉ៃលិន​ឡើយ។ យុវជន​ជា​គ្រូបង្រៀន​វ័យ ២៣ឆ្នាំ​រូប​នេះអះអាងថា សារបង្ហោះនៅ​លើ​ហ្វេសប៊ុក​រិះគន់​ និង​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​រឿង​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ​របស់​លោក​កន្លង​ទៅ ​មិនមែន​ជា​ការ​ញុះញង់​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម​នោះទេ​ ប៉ុន្តែវា​គឺ​ជា​សិទ្ធិ​សម្តែង​មតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់ និង​ស្របតាម​ស្ថានភាព​ពិតជាក់ស្តែង​នៅក្នុង​សង្គម​បច្ចុប្បន្ន៖ «ខ្ញុំ​ហ៊ាន​ធានា​អះ​អាង​តែ​ម្តង​ថា ខ្ញុំ​មិន​បាន​ខុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ ហើយ​ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ​សាល​ក្រម​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​បាត់​ដំបង ពី​ព្រោះ​អ្វីដែល​ខ្ញុំ​ធ្វើ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ស្រប​ច្បាប់ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ចោទ​ខ្ញុំញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ខ្ញុំ​ក៏​ស្នើ​ផង​ដែរ​ថា ​ឱ្យ​តុលាការ​កំពូល​គាត់ពិចារ​ណា និងវិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​លាស់»។

លោក យួង សូដា បញ្ជាក់ថា មេធាវី​ការពារក្តី​ឱ្យលោក​នឹងដាក់​ពាក្យប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ស្វែង​រកយុត្តិធម៌​បន្ត​ទៀត។

ប្រតិកម្មនេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាត់ដំបងលោក សោ សុភ័គ្ត ប្រកាស​សាលដីកា​កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ដោយ​តម្កល់​សាល​ក្រម​​ផ្តន្ទាទោស​លោក យួង សូដា ទុកជា​បាន​ការ​ដដែល ប៉ុន្តែលោក​ យួង សូដា ទើបបាន​ទទួល​សាលដីកា​តាមរយៈ​មេធាវី​នៅថ្ងៃទី១៦ ខែតុលា។

វិទ្យុ​​​អា​ស៊ី​​​សេរី​​​មិន​​​អាច​​​ទាក់​​​ទងអ្នកនាំ​ពាក្យ និងជា​អគ្គលេខាធិការ​រដ្ឋបាល​សាលាឧទ្ធរណ៍​បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បី​សាកសួរ​អំពីការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​ទេ នៅ​ថ្ងៃទី១៧ ខែតុលា ដោយ​ទូរស័ព្ទហៅចូល​តែពុំមាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ លោក​ យួង​ សូដា​ បាន​បង្ហោះ​សារ​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​​​​ថា​ ឥឡូវ​​នេះ​កម្ពុជា​មាន​ស្តូបមិត្តភាពកម្ពុជា-វៀតណាម។​ លោក​ជឿជាក់​ថា ​នៅពេល​ខាង​មុខ​​ខ្មែរ​​នឹង​មាន​ទង់​ជាតិ​២​​បង្ហូត​ក្នុង​ពេល​តែ​មួយ​​។ ក្រោយបង្ហោះសារនេះ ​ក្រឡាបញ្ជី​សាលាដំបូង​​ខេត្ត​ប៉ៃលិនលោក​ កែវ រស់​មុនីឧត្ដម ​បាន​ចេញ​លិខិត​ជូន​ដំណឹង​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃទី៩ ខែមេសា ២០២១ ប្រកាសសាលក្រម​របស់​សាលាដំបូង​ខេត្ត​នេះ ដោយ​ផ្ដន្ទាទោសរូប​លោក ​ដាក់​ពន្ធនាគារ​១​ឆ្នាំ ក្រោមបទចោទប្រកាន់​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋជាអាទិ៍​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ឆ្នាំ២០២០។​​  តុលាការខេត្តប៉ៃលិនជំនុំ​ជម្រះលោកកំបាំងមុខនៅ​ថ្ងៃទី​២៩​ ខែ​មីនា​ ​និង​ប្រកាស​សាលក្រម​កំបាំងមុខ​ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ២០២១​នេះ។​

ទោះជា​យ៉ាងណា មន្រ្តីសង្គម​ស៊ីវិល​សង្កេត​ឃើញថា​ សារបង្ហោះ​លើ​ហ្វេសបុក​លោក យួង សូដា កន្លង​មក​នោះ គឺជាការ​អនុវត្តសិទ្ធិ​បញ្ចេញមតិដែលធានា​ដោយច្បាប់ មិនមែន​ជាអំពើ​ល្មើស​ច្បាប់​ឡើយ។

មន្រ្តី​សម្របសម្រួល​​​សមា​​គម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​អាដ​ហុក (Adhoc)  ប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី សោកស្តាយ​ចំពោះការ​តម្កល់​សាលក្រម​ផ្តន្ទាទោស​នេះ។ លោកចាត់ទុក​រឿងនេះ​ថា ជាការ​គំររាម​កំហែង​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ​របស់​ពលរដ្ឋ។ លោក​ទទូច​ដល់​តុលាការ​កំពូល​ពិចារណា​ជុំវិញ​រឿង​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រូបង្រៀន​នោះ៖ «ទោះ​បី​ការ​បញ្ចេញ​មតិ​នោះ​មាន​ការ​ផ្ទុយ​គ្នា ការ​បញ្ចេញមតិ​នោះ វា​មិន​ស្រប​គ្នា ចឹង​យើង​កុំ​យក​មតិ​ផ្ទុយ​គ្នា​មតិ​មិន​ស្រប​គ្នា ហើយ​បែកបាក់​សាមគ្គី​គ្នា​នោះ វា​ជា​ចំណុច​មិន​ល្អ​ទេ ហើយ​គម្បី​រៀន​ទទួល​យក​នូវ​មតិ គំនិត​ផ្សេងៗ អ្នក​ខុស​ពី​ក្រុម​យើង​បក្ស​យើង គេ​លើក​ឡើង​យើង​គួរ​យក​មក​ធ្វើការ​ពិចារ​ណា​ទើប​ធ្វើ​ឱ្យ​សង្គម​យើង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​បាន​ល្អ»។

លោក យូង សូដា បាន​បង្រៀន​នៅ​សាលាបឋម​សិក្សា​អូរខ្ទីងមាស សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន រយៈពេល​ជាង​២ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​គ្រូបង្រៀន​រូបនេះ កំពុងភៀសខ្លួន​នៅកន្លែង​មាន​សុវត្ថិភាព​ដោយ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។ លោកយួង  សូដា ឱ្យដឹងថា លោកនៅ​តែប្រកាន់​ជំហរ​ប្រើប្រាស់​សិទ្ធិ​សម្តែង​មតិរិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​នៅលើ​បណ្តាញ​សង្គម​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ្រូ​បង្រៀន​ម្នាក់​​ដែល​​រិះគន់​​អាជ្ញាធរ​​សង់ស្តូប​មិត្តភាព​​កម្ពុជា-​វៀតណាម ច្រានចោល​​ការ​សម្រេច​​របស់​​សាលាឧទ្ធរណ៍​​បាត់ដំបង"

  1. Anonymous says:

    you are 100% right no wonder this country is already invade by VIETCONG from 1979 up to this day from 1979 they invade under their meaning of recue Cambodian from Khmer Rue because of international community and the PARIS peace agreement they change their policy by using economic and sending their million of people came to live freely in KAMPOUCHEA. we are the older generation knew all about this matter HUN SEN was truly a VIETCONG slaved his group was murder Cambodian and out VIETNAMESE instate. every one can tell in 1975 up to 1979 there was not even one Vietnamese in KAMPOUCHEA what was happen POL POT kill all of them how about now can some one ask me why so many Vietnamese in KAMPOUCHEA?? Cambodian should ask them self why KAMPOUCHEA always fighting even during the king SIHANOU up to this day the answer is only one is ( the policy of Vietcong to take over this nation that all )