នាវាចម្បាំង​អូស្ត្រាលី​ចូល​ចត​នៅ​កម្ពុជា ចំ​ពេល​មាន​ការ​​វិវឌ្ឍ​​នៅ​មូលដ្ឋាន​​ទ័ព​​ជើង​ទឹក​​រាម

ដោយ មាន ឫទ្ធិ
2021-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាវាចម្បាំង​អូស្ត្រាលី​ចូល​ចត​នៅ​កម្ពុជា ចំ​ពេល​មាន​ការ​​វិវឌ្ឍ​​នៅ​មូលដ្ឋាន​​ទ័ព​​ជើង​ទឹក​​រាម

នាវាចម្បាំង​របស់​អូស្ត្រាលី (Australia) ឈ្មោះអ៊ែចអែមអេអេស អ៊ែនហ្ស៊ែក (HMAS Anzac) នឹង​​ចូល​ចត​​នៅ​កំពង់ផែ​​របស់​​កម្ពុជា​​ស្ថិត​​ក្នុង​​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៨ ​ខែតុលា នេះ។ រូប៖ Twitter Pablo Kang


នាវាចម្បាំង​របស់​អូស្ត្រាលី (Australia) នឹង​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៨ ​ខែតុលា នេះ។ ការ​ចូល​ចត​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អូស្ត្រាលី​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា​មាន​ការ​ស្ថាបនា​ជាច្រើន ដែល​អ្នកឃ្លាំមើល​សង្ស័យ​ថា ជា​ការ​សម្រួល​ដល់​វត្តមាន​កងទ័ព​ចិន។ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល ៥ឆ្នាំ ដែល​នាវា​ចម្បាំង​អូស្ត្រាលី​ចូល​ចត​នៅ​កម្ពុជា ។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាលោក ផាប្លូ កាំង (Pablo Kang) ឱ្យ​ដឹង​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) នៅ​ថ្ងៃទី១៧ ខែតុលា​ថា នាវាចម្បាំង​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ជា​ប្រភេទ​នាវា​ចម្បាំង​ទំនើប អ៊ែចអែមអេអេស អ៊ែនហ្ស៊ែក (HMAS Anzac)។ លោក​ឱ្យ​ដឹង​ទៀត​ថា នាវាចម្បាំង​នេះ​នឹង​ពាំនាំ​មក​ជាមួយ​នូវ​បរិក្ខារ​ការពារ​ខ្លួន​ទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ប្រមាណ​ជិត ១តោន (៨០០ គីឡូក្រាម) ហើយ​និង​មាន​ការ​រៀបចំ​ជា​សិក្ខាសាលា​អនឡាញ​ ស្ដី​ពី ​ស្ត្រី សន្តិភាព និង​សន្តិសុខ (WSP) អំឡុង​ពេល​សំចត​នៅ​កំពង់​ផែ​នោះ​ទៀត​ផង។

Royal Australian Navy_HMAS Anzac_will_arrived_Cambodia_on_18_10_2021_by_Pablo Kang twitter_02.jpg
នាវាចម្បាំង​របស់​អូស្ត្រាលី (Australia) ឈ្មោះ អ៊ែចអែមអេអេស អ៊ែនហ្ស៊ែក (HMAS Anzac) ​ចូល​ចត​នៅ​​កំពង់ផែ​​របស់​​កម្ពុជា​​ស្ថិត​​ក្នុង​​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ១៨​តុលា​ ឆ្នាំ២០២១​នេះ។

ការ​ចូល​ចត​របស់​នាវា​ចម្បាំង​អូស្ត្រាលី​នៅ​កម្ពុជា​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ចូលរួម​ថែរក្សា​សន្តិសុខ​ដ៏​សំខាន់​របស់​អូស្ត្រាលី​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ (IPE21)។ នាវាចម្បាំង​អូស្ត្រាលី​ជាច្រើន​គ្រឿង​បាន​ចេញ​ដំណើរ​ពី​ទីក្រុង​ដាវីន (Darwin) ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស កាល​ពី​ចុង​ខែសីហា ឆ្ពោះ​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ហើយ​ត្រូវ​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ។

ទាក់ទង​នឹង​ការ​ចូល​ចត​នាវា​ចម្បាំង​អូស្ត្រាលី​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹកលោក អ៊ុក សីហា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ប៉ុន្តែ​លោក​ប្រាប់​ថា ជាប់​រវល់​ទទួល​ភ្ញៀវ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។ រីឯ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិលោក ឈុំ សុជាត និង​អ្នក​នាំពាក្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម លោក ម៉ី ឌីណា វិញ វិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​សុំ​ការ​ឆ្លើយតប​បាន​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​ថា ការ​ចូល​ចត​នាវា​ចម្បាំង​អូស្ត្រាលី​នេះ​មាន​ផល​ល្អ​មួយ​ចំនួន​ដល់​កម្ពុជា។ លោក​ថា ករណី​នេះ​អាច​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​ទំនាក់​ទំនង​លើ​វិស័យ​យោធា​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដទៃ ហើយ​ក៏​អាច​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​សម្រួល​ទំនាក់​ទំនង​ក្នុង​វិស័យ​យោធា​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី​​ដែរ៖ «អូស្ត្រាលី​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ៊ីចឹង​នេះ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ពន្យល់​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​កន្លងមក ហើយនិង​បញ្ជាក់​ថា​ ខ្លួន​ហ្នឹង​ពិតជា​មិន​មាន​ជំហរ​ណាមួយ​សម្រាប់​កង​ទ័ព​បរទេស។ ហើយ​ការ​ដែល​ចូល​ចត​នេះ វា​ជា​សញ្ញា​មួយ​ធំ​ណាស់ វា​បង្ហាញ​ថា កម្ពុជា​ហ្នឹង​បើក​ទូលាយ​សម្រាប់​កប៉ាល់​នាវា​ចម្បាំង​ទាំងអស់​ដែល​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា។ អាហ្នឹង​វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ការ​ផ្សះផ្សា​ជាមួយនឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ តាមរយៈ​យន្តការ​ជា​ស្ពាន​របស់​អូស្ត្រាលី»។

Royal Australian Navy_HMAS Anzac_will_arrived_Cambodia_on_18_10_2021_by_Pablo Kang twitter_01.jpg
នាវាចម្បាំង​របស់​អូស្ត្រាលី (Australia) Royal Australian Navy ឈ្មោះ អ៊ែចអែមអេអេស អ៊ែនហ្ស៊ែក (HMAS Anzac)។

ទំនាក់ទំនង​ក្នុង​វិស័យ​យោធា​រវាង​កម្ពុជា​ជាមួយនឹង​ក្រុម​ប្រទេស​លោក​ខាងលិច ជាពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក បាន​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ មូលហេតុ គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន បង្ហាញ​ភាព​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនីស្ត ហើយ​ព័ត៌មាន​ស្ដីពី​កិច្ច​ព្រមព្រៀង​សម្ងាត់​​រវាង​​របប​ក្រុង​ភ្នំពេញ និង​ប៉េកាំង​បាន​ផ្ទុះ​ឡើង ដែល​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​តំបន់​ទាំងមូល។ តាម​របាយការណ៍​កន្លងមក កិច្ចព្រមព្រៀង​សម្ងាត់​នោះ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ពជើងទឹក​រាម​ផ្ដាច់​មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០ឆ្នាំ​ម្ដង។

ភាគី​កម្ពុជា និង​ចិន​សុទ្ធ​តែ​បាន​បដិសេធ​ព័ត៌មាន​នេះ ក៏ប៉ុន្តែ​ស្ថាប័ន​ស្រាវជ្រាវ និង​សារព័ត៌មាន​បរទេសបាន​រក​ឃើញ និង​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​អំពី​ការ​វិវឌ្ឍ​ជាច្រើន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការ​ស្ថាបនា​អគារ ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន បាន​កើត​មាន​នៅ​ទីនោះ ដែល​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ការ​ស្ថាបនា​ដើម្បី​សម្រួល​ដល់​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​ថា ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​ប្រទេស​មហាអំណាច​បែបនេះ កម្ពុជា​គួរតែ​ព្យាយាម​បង្ហាញ​ពី​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ប្រយោជន៍​នានា​ពី​ប្រទេស​មហាអំណាច ជាពិសេស​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "នាវាចម្បាំង​អូស្ត្រាលី​ចូល​ចត​នៅ​កម្ពុជា ចំ​ពេល​មាន​ការ​​វិវឌ្ឍ​​នៅ​មូលដ្ឋាន​​ទ័ព​​ជើង​ទឹក​​រាម"

  1. so socheath says:

    ស្វាគមន៍ !
    មាសសុទ្ធមិនខ្លាចភ្លើងទេអាវ៉ា !