សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​លក់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ

ដោយ យន់ សាមៀន
2021-11-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​លក់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។ RFA


សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​សាលក្រម តុលាការក្រុង​ភ្នំពេញ​ដែល រឹបអូស​អគារ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង​លក់ឡៃ​ឡុង​យកលុយ​ទៅ​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​។ ទោះ​យ៉ាងណា​មន្ត្រី​បក្ស​កាន់អំណាច​លើកឡើង​ថា សាលក្រម​តុលាការ ជា​ការ​ផ្ដាច់​ឫស​គល់​បក្សប្រឆាំង។

សកម្មជន​គណបក្សប្រឆាំង​កំពុង​ធ្វើ​ញត្តិ និង​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រឆាំង​មិន​ឲ្យ​មាន​រឹបអូស​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​យក​លក់ឡៃ​ឡុង​ឡើយ​។ ពួកគេ​លើកឡើង​ដូចៗ​គ្នា​ថា អគារ​នេះ​កើតចេញពី​ញើស​ឈាម​របស់​អ្នកគាំទ្រ​គណបក្ស​នេះ​ដែល​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​ការសាងសង់​ទីស្នាក់ការ​នេះ។

សកម្មជន​បក្ស​សង្គ្រោះជាតិ លោកស្រី មាន ឡា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការទាមទារ​របស់លោក​ស្រី​និង​សកម្មជន​ផ្សេងទៀត​ព្រោះ​លោកស្រី មិន​ពេញ​ចិត្តនឹង​ការ​សម្រេច​របស់​តុលាការ​។ លោកស្រី​យល់​ថា ទង្វើ​របស់​តុលាការ​ពេលនេះ ធ្វើឡើង​តាម​ការបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោកស្រី​បន្ត​ថា មេដឹកនាំ​រូប​នេះ​នៅតែ​ភ័យខ្លាច​និង​គេង​មិន​លក់​ពេល​ឃើញ​អាគារ​គណបក្ស​សង្គ្រោះ​ជាតិ៖ «លោក ហ៊ុន សែន ធ្លាប់​និយាយ​ហើយ អ្វីដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​គេ​ចង់​បំបាត់ចោល​ឲ្យ​អស់​ប៉ុន្តែ​ធ្វើទៅ​អត់​រួច នៅតែ​ទាមទារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​មិន​វិញ​ទៅ​តាម​អ្វីដែល​យើង​អាច​ធ្វើបាន»។

រីឯ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​លើកឡើង​ក្នុង​ញត្តិ​របស់ខ្លួន​កាល​ពី​ថ្ងៃទី​១៩ វិច្ឆិកា ថា ដីកា​បង្គាប់​តុលាការ​ឲ្យ​លក់​អគារ​ដើម្បី​សងបំណុល​ដែល​លោក សម រង្ស៊ី ចាញ់ក្ដី​ជា​អំពើ​ខុសឆ្គង ។ ប្រភព​ដដែល​លើកឡើងថា ទីស្នាក់ការ​នេះ​ជាស​កម្មសិទ្ធិ​របស់​អ្នកគាំទ្រ​គណបក្ស​នៅ ទូទាំង​ពិភពលោក មិនមែន​ត្រឹម ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក សម រង្ស៊ី ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមរា ស្នើ​ទៅ​តុលាការ​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​នេះ៖ «បាន​យើង​សង្ឃឹម​ថា តុលាការ​នៅ​ទីក្រុង​នឹង​ពិនិត្យ​សាលា​ឡើងវិញ ហើយដោយ​សារ​មានការ​ចេញ​សេចក្ដីថ្លែងការណ៍​ពី​អ្នក​ដែល​ចេញ​លុយ​ថវិកា​អគារ​ហ្នឹង​តុលាការ​អាច​យល់​ថា អគារ​ហ្នឹង​ជា​របស់​គណបក្ស​សង្គ្រោះជាតិ មិនមែនជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី​ម្នាក់​ទេ​ដូច្នេះ​គាត់​អាច​លុប​ចោលការ​នូវ​ដីកា​សម្រេច​ហ្នឹង»។

ប្រតិកម្ម​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ​ក្រោយពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ឹម វណ្ណៈ បាន​ចេញ​ដីកា​ចំនួន​៤ ដាច់​ដោយឡែក​ពីគ្នា កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា បង្គាប់​ឲ្យ​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​សងលុយ​ទៅ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដូចជា លោក ហ៊ុន សែន ជាច្រើន​លាន​ដុល្លារ។ ពាក់ព័ន្ធ​នឹង​សំណើ​របស់​មន្ត្រី​បក្សប្រឆាំង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ចំណាត់ការ​របស់​តុលាការ​បែបនេះ​ស្មើនឹង​ការ​ការផ្ដាច់​ឫសគល់​គណបក្សប្រឆាំង៖ «ផ្ដាច់​ឫស​ផ្ដាច់​គល់​ព្រោះ​វា​អត់​មូលដ្ឋាន​នៅ​ហ្នឹង​ទីស្នាក់ការ​ក៏​អស់​ទ្រព្យ​សម្បត្តិ​ក៏​អស់​ចប់»។

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​ចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​បន្តបន្ទាប់​ក្នុង​នោះ​រួម​មាន ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។

ជុំវិញ​យុទ្ធនា​ការប្រឆាំង​សាលក្រម​តុលាការ​នេះ អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​បណ្ឌិត សេង សារី យល់​ថា ការ​ធ្វើ​ញត្តិ​របស់​សកម្មជន​ជា​រឿង​ល្អ​មួយ​ដែល​បញ្ជាក់​ពី​ការតស៊ូ​ផ្នែក​នយោបាយ ប៉ុន្តែ​លោក​មិនដឹងថា ពួកគេ​នឹង​ទទួលបាន​លទ្ធផល​បែបណា​នោះទេ ខណៈ​ប្រធាន​គណបក្ស​នេះ​គឺ​លោក កឹម សុខា មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំងអស់​លើ​ករណីនេះ​។ អ្នកវិភាគ​រូប​នេះ​យល់​ថា ទីស្នាក់ការ​នេះ​មិនមែន​ត្រឹម​ជា​អគារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ​វា ក៏​ជា​មរតក​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែរ៖ «ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​ការ​បង្ហាញ​និង​ការលើកទឹកចិត្ត​អ្នកតស៊ូ​ក្នុង​មាគា​ប្រជាធិបតេយ្យ​ដែរ។ បទពិសោធន៍​កន្លងមក​ឃើញ​ថា គណបក្ស​រាជនិយម​បាត់បង់​កេរ្តិ៍ឈ្មោះ​បាត់បង់​កិត្តិនាម​អីហ្នឹង​គឺ​ដោយសារ​បាត់បង់​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ហ្នឹងឯង​ទោះបី​ក្នុង​រូបភាព​ពី​ផ្សេងគ្នា​ក៏ដោយ»។

លោក សេង សារី យល់​ថា ប្រសិន​អគារ​នេះ​ត្រូវ​បាន​តុលាការ​លក់​ឡាយឡុង​មែន​នោះ វា​អាច​នឹង​ក្លាយជា​កន្លែង​លក់​ឡាន ឬ​កន្លែង​ម៉ាស្សា ជាដើម​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង។

ជុំវិញ​ដំណើរការ​របស់​តុលាការ​ក្នុង​ការ​លក់​ឡាយឡុង​អគារ​នេះ​ដែរ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លោក តាំង ស៊ុនឡាយ ឲ្យ​ដឹង​ថា ពេល​នេះ​តុលាការ​គ្រាន់តែ​រឹបអូស​អគារ​នេះ​ទុក​សិន​។ ទោះបីជា​យ៉ាងណា លោក សម រង្ស៊ី អះអាងថា សាលក្រម​តុលាការ​នេះ នឹងធ្វើ​ឲ្យ​លោក​អស់ចំណង​សម្ភារៈ ហើយ​រឹតតែ​ឲ្យ​លោក​មាន​សេរីភាព​ធ្វើ​នយោបាយ​ខ្លាំង​ជាង​មុន​។ លោក​ថា សាលក្រម​នឹង​មិន​អាច​ផ្តាស់​ប្តូរ​ការ​ប្តេជ្ញាចិត្ត​របស់​លោក ដើម្បី​ធ្វើការ​ងារ​តស៊ូ​មតិ​ឲ្យ​មានការ​ផ្តាស់​ប្តូរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​លក់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ"

  1. Anonymous says:

    the killer are at large this action of evil came from the ugly evil monster leader witch was former Khmer Rue . recently that evil monster is getting so much problem every one pressing him so hard that make him become monster . look he order to sell this building and he also order to murder any opposition’s supporter . HUN SEN’s time is coming please be a wear of this monster he will use his bloody hand be for this evil going hell . please get that evil out so that every one can live in peace

Leave a Reply

Submit Comment