អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មេឃុំ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ឱ្យ​អាជ្ញាធរ​កម្ពុជា

ដោយ អាស៊ីសេរី
2021-11-20
RFA

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មេឃុំ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ឱ្យ​អាជ្ញាធរ​កម្ពុជា

អ្នកស្រី ឡាញ់ ថាវរី មេឃុំ​ជាប់ឆ្នោត​គណបក្សប្រឆាំង​នៅ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។ Photo Courtesy


អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែល​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ ទៅ​អាជ្ញាធរ​កម្ពុជា​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ការចាប់​បញ្ជូន​ខ្លួន​សកម្មជន​បក្សប្រឆាំង​ជា​បន្តបន្ទាប់​នេះ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

ជនភៀសខ្លួន​នយោបាយ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនទៅឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ គឺ​អ្នកស្រី ឡាញ់ ថាវរី មេឃុំ​ជាប់ឆ្នោត​គណបក្សប្រឆាំង​នៅ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។ អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​អ្នកស្រី​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា និង​បញ្ជូនទៅ​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃទី២០ វិច្ឆិកា។

ប្តី​របស់​អ្នកស្រី ឡាញ់ ថាវរី គឺ​លោក ភិន រ៉ាដង់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប៉ូលិស​ថៃ​ជិត ១០​នាក់ បាន​ចាប់​ខ្លូន​ប្រពន្ធ​របស់លោក​ដល់​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ លោក​បន្ត​ថា មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ខិតខំ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថៃ​នៅ​តែ​បញ្ជូន​ប្រពន្ធ​របស់​លោក​ទៅ​ខ្មែរ​វិញ​ដោយ​ប្រញាប់ប្រញាល់ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិច្ឆិកា តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​បារម្ភ​អំពី​សុខទុក្ខ​ប្រពន្ធ​ជាខ្លាំង ព្រោះ​គាត់​កំពុងមាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​ត្រូវ​លេបថ្នាំ​និង​ព្យាបាល​ជាប្រចាំ៖ «អន្តោប្រវេសន៍​គេ​ប្រាប់ថា​គេ​ប្តឹង ថាវរី ទាក់ទង​រឿង​នយោបាយ​ត្រូវ​ការ​ចាប់ខ្លួន គេ​ដើរ​មើល​ពីរ​បី​ថ្ងៃ​ហើយ​តែ​យើង​អត់​ចាប់​អារម្មណ៍ អាជ្ញាធរ​ថៃ​គេ​ធ្វើតាម​បញ្ជា​គេ ប្រើ​ពី​ខ្មែរ​មក ព្រោះ​អី​ឃើញ​ថា ស្ថានភាព​ព្រឹក​មិញ​គេ​ប្រញាប់​មែនទែន យក​ខ្លួន​ឱ្យ​អ្នក​នៅ​នោះគេ​អង្គុយ​ចាំ​ខ្លាំងណាស់ អានេះ​ឡាន​ប៉ុណ្ណា​ណី​គេ​ដឹង​តែ​ពីរ​នាក់​ទេ គំរាមកំហែង​ណាស់ ខ្លាំង​ជាង​ប៉ុល ពត​ទៀត​ចាប់​តែ​ក្នុង​ប្រទេស អានេះ​ចាប់​ក្រៅប្រទេស​ទៀត»។

លោក ភិន រ៉ាដង់ ឱ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី២០ វិច្ឆិកា​ដដែល អាជ្ញាធរ​ខ្មែរ​បាន​បញ្ជូន​ប្រពន្ធ​លោក​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ហើយ ដូច្នេះ​លោក​ស្នើ​ដល់​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជួយ​តាមដាន​ករណីនេះ​ផង។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ មក​ទល់​ការ​ផ្សាយ​នេះ​។ ចំណែក​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​ចាប់​សកម្មជន​បក្សប្រឆាំង​ពី​ប្រទេស​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​នេះ​ទេ។

អ្នកស្រី ឡាញ់ ថាវរី បានរស់នៅ​ភៀសខ្លួន​ក្នុងប្រទេស​ថៃ​ជាង ៤​ឆ្នាំ​មក និង​ត្រូវ​បាន​ទទួលស្គាល់​ឋានៈ​ជា​ជនភៀសខ្លួន​ដោយ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​នៅ​ប្រទេស​ថៃ។ អំឡុង​ពេល​ភៀសខ្លួន អ្នកស្រី​ធ្លាប់​ចូលរួម​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ជាពិសេស​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៩​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នកស្រី​ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ ជាមួយ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​ជាង​១​រយ​នាក់​ផ្សេង​ទៀត។

ជុំវិញ​រឿងនេះ ប្រធាន​គណៈកម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ឃ្លាំង ប៊ុនឡាយ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ខកចិត្ត ចំពោះ​អាជ្ញាធរ​ថៃ​ដែល​បន្ត​ចាប់បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​មិន​ការពារ​សិទ្ធិ​ជនភៀសខ្លួន។ លោក​បញ្ជាក់​ថា​ជន​ភៀស​នយោបាយ​នៅ​ប្រទេស​ថៃ​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​ខ្លាំង ក្រោមរូបភាព​នៃ​ការចាប់​បញ្ជូន​ជនភៀសខ្លួន៖ «បច្ចុប្បន្ន​ជនភៀសខ្លួន​នយោបាយ ជាពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​ស្នាក់នៅ​ប្រទេស​ថៃ​កំពុង​ប្រឈម​ការបញ្ជូន​ការ​សហការ​គ្នា​រវាង​អាជ្ញាធរ​ថៃ​និង​អាជ្ញាធរ​ខ្មែរ ទោះបី​មានការ​អន្តរាគមន៍​មាន​ការ​ស្វិតស្វាញ​ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ ក៏​មិន​អាច​អន្តរាគមន៍​ករណីនេះ​បាន​បាទ»។

មន្ត្រី​សិទ្ធិមនុស្ស​ក៏​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​នេះដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា សោកស្តាយ​ចំពោះ​អាជ្ញាធរ​ថៃ​មិន​បាន​ការពារ​សិទ្ធិ​ជនភៀសខ្លួន​ទាំងនោះ។ លោក​សង្កេតឃើញ​ថា ការចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ និង​សិទ្ធិមនុស្ស ដែល​ជ្រកកោន​នៅ​ប្រទេស​ថៃ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ជា​បន្តបន្ទាប់​បែប​នេះ គឺ​បញ្ជាក់​ថា​ប្រទេស​ថៃ​លែង​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​តទៅ​ទៀត​ហើយ៖ «នៅ​ពេលUNHCR បានផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​ប្រទេស​ទាំងអស់​ក្នុង​កាយវិការ​មនុស្សធម៌​គួរណា​តែ​យើង​ជួយ​ទៅដល់​ជនភៀសខ្លួន ប៉ុន្តែ​ថ្មីៗ​នេះ​យើង​ឃើញថា មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ចាប់ខ្លួន​មនុស្ស​រត់​ភៀសខ្លួន​ដោយសារ​រឿង​នយោបាយ ហើយ​បញ្ជូន​មក​ប្រទេស​ដើម​វិញ គឺជា​រឿង​មិន​បាន​គោរព​គោលការណ៍​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន​បាទ»។

កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ថៃ​ទើប​តែ​បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដែលមាន​ឋានៈ​ជា​ជនភៀសខ្លួន គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃ​ឡង់ បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​ទៅ​ដាក់​ពន្ធនាគារ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​ថៃ​ដែល​បាន​ចាប់បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នេះ។

នាយករង​អង្គការ Human Rights Watch ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) នៅ​ថ្ងៃទី២០ វិច្ឆិកា​ថា រដ្ឋាភិបាល​ថៃ​បាន​រំលោភ​កិច្ចការពារ និង​សិទ្ធិ​របស់​ជនភៀសខ្លួន​ជា​ចំហ​ម្ដង​ហើយ​ម្ដងទៀត​។ លោក​សង្កត់ធ្ងន់​ថា ការ​ចាប់​បញ្ជូន​អ្នកស្រី ឡាញ់ ថាវរី ដែលជា​ជនភៀសខ្លួន​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នា​ពេល​នេះ គឺជា​រឿង​អាក្រក់​ហួស​ថ្លែង និង​ពិតជា​មិនអាច​ទទួលយក​បាន​ឡើយ​។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ត្រូវតែ​លើក​កម្ពស់​កិច្ចការពារ​ជនភៀសខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment