គ្រួសារព្រួយ​​បារម្ភ​ពី​​សុវត្ថិភាព​​សកម្មជន​​បក្ស​ប្រឆាំង​​អ្នកស្រី ឡាញ់ ថាវរី បន្ទាប់ពី​​អាជ្ញាធរ​​ថៃ​​ចាប់​​បញ្ជូន​​ឱ្យ​​អាជ្ញាធរ​​កម្ពុជា

ដោយ មាន ឫទ្ធិ
2021-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារព្រួយ​​បារម្ភ​ពី​​សុវត្ថិភាព​​សកម្មជន​​បក្ស​ប្រឆាំង​​អ្នកស្រី ឡាញ់ ថាវរី បន្ទាប់ពី​​អាជ្ញាធរ​​ថៃ​​ចាប់​​បញ្ជូន​​ឱ្យ​​អាជ្ញាធរ​​កម្ពុជា

លោក​ស្រី ឡាញ់ ថាវរី មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិនៅ​ឃុំឬស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាលពីឆ្នាំ២០១៧។ រូប៖ ទូរទស្សន៍ព្រះអាទិត្យ និងហ្វេសប៊ុកលោក អេង ឆៃអ៊ាង


គ្រួសារ​មេឃុំ​គណបក្ស​ប្រឆាំង ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​លោកស្រី ឡាញ់ ថាវរី ជាខ្លាំង​ដោយ​សារ​ពួកគាត់ មិន​ទាន់​ទទួល​ដំណឹង​ណាមួយ​ពី​អាជ្ញាធរ​ខ្មែរ​ថា លោកស្រី កំពុង​ជាប់​ឃុំ​នៅទីណា​នៅ​ឡើយ​ទេ បន្ទាប់​ពី​អាជ្ញាធរថៃ​ចាប់​បញ្ជូន​មក​អាជ្ញាធរ​កម្ពុជា កាលពី​ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា តប​តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ មន្រ្តី​​​សង្គម​​​ស៊ីវិល​​ចាត់ទុក​ករណី​ចាប់​ និង​ឃុំខ្លួន​ដោយ​មិន​ជូន​ដំណឹង ឬ​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​ពួកគេ​បែប​នេះ គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

ក្រុម​​គ្រួសារ​របស់​លោកស្រី ឡាញ់ ថាវរី ដែល​ជា​មេឃុំ​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឃុំឬស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ មិនទាន់ដឹងថា អាជ្ញាធរ​ឃុំខ្លួន​លោក​ស្រី​នៅ​កន្លែង​ណា​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ក្រោយ​ពេល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​លោកស្រី ទាំង​ប្រញាប់​ប្រញាល់​មក​ឱ្យ​អាជ្ញាធរ​ខ្មែរ តាម​ច្រកព្រំដែន​ប៉ោយបែត កាលពី​ថ្ងៃ២០ ខែវិច្ឆិកា។

ប្តីរបស់​លោក​ស្រី ឡាញ់ ថាវរី គឺ​លោក ភិន រ៉ាដង់ ប្រាប់​ វិទ្យុ​អាស៊ី​សេរី​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា លោក​បាន​ដឹង​តាម​រយៈ​មិត្តភក្តិត្រឹម​តែថា​អាជ្ញាធរ​ថៃ​​បាន​​បញ្ជូន​ប្រពន្ធពី​ច្រក​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែតទៅស្នងការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ។ ចំណែក​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​វិញ មិនទាន់​ជូន​ដំណឹង ឬ​បញ្ជាក់​មូលហេតុ​នៃការ​ចាប់ខ្លួន និង​សុខទុក្ខ ឬ​ទីកន្លែង​ឃុំខ្លួន​ឱ្យច្បាស់លាស់​ដល់​គ្រួសារ​នៅ​ឡើយ​ទេ។ លោកបន្តថា នៅពេល​អាជ្ញាធរ​ចាប់​ខ្លួន​ប្រពន្ធ​របស់លោក​ដោយ​មិន​ផ្តល់​ដំណឹង​បែប​នេះ ធ្វើឱ្យ​លោក​​ព្រួយ​បារម្ភ​ជា​ខ្លាំង​។ លោក​មើល​ឃើញ​ថា​ ករណី​នេះ​ធ្វើឡើង​​ដោយលាក់​បាំង​ព័ត៌​មាន​​ ដូច្នេះលោក​ទទូច​​ដល់​​អាជ្ញាធរ​ឱ្យ​ជួយ​ផ្តល់​ដំណឹង​មក​គ្រួសារ ដើម្បី​ឱ្យពួកគាត់​អស់​ក្តី​បារម្ភ។ លោក​បន្ត​ស្នើ​ដល់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ-អន្តរជាតិ​ ឱ្យជួយ​តាម​ដាន​​ករណី​​នេះ​ផង៖ «សូម​ជួយ​តាម​ដាន ថាវរី គេ​យក​ទៅ​ណា​មែន​ទែន បើ​ជាប់គុក​ជាប់​នៅ​ណា​ចឹង ហើយ​សុខ​ភាព​គេ​យ៉ាង​មិច​ហើយ​ពេល​នេះ ប៉ុន្តែ​រឿងហ្នឹង​គេ​លាក់​តាំង​ពី​​​ចាប់​មុន​ដំបូង សូម្បី​ប៉ូលិស​ថៃ​ក៏​គេ​លាក់​ដែរ មិន​ប្រាប់​អ្នកនៅ​នេះ​ចាំ​ដំណឹង​មិន​ដឹង​រឿង​មិន​ដឹង​អី​ទេ»។​​​​​​​​​​​

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិលោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ មក​ទល់​នឹងការផ្សាយ​នេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

ចំណែក​ស្នង​ការ​​នគរបាល​ខេត្ត​បន្ទាយ​មានជ័យលោក សិទ្ធិ ឡោះ ប្រាប់​វិទ្យុអាស៊ីសេរីថា លោក​នៅតែមិន​បាន​ដឹង​អំពី​ករណី​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពី​ប្រទេស​​ថៃបញ្ជូន​​មក​​កម្ពុជា​វិញ​នេះទេ៖ «ខ្ញុំ​នៅ​តែ​និយាយ​ពាក្យ​ដដែល​កិច្ចការ​នេះ ខ្ញុំ​ក្តាប់​អត់​បាន​ទេ ការងារ​អាជ្ញាធរ​គេ​បញ្ជូន​សួរ​អ្នក​ដែល​​គេ​​ទទួល​តម្កល់​ចុះ តែ​ខ្ញុំ​មិន​ដឹង​រឿង​ហ្នឹងទេ សូម​សួរ​ភាគី​ដែល​ពាក់​ព័ន្ធ​ទៅ មិន​ជឿង​អ្វី​ដែល​ខ្ញុំ​ប្រាប់ ហើយ​ចឹង​ដឹងអញ្ជើញ​ចូល​ស្នង​ការ​ដ្ឋាន​មក​មើល ចង្អុល​មុខ​នគរ​បាល​ណា​ដែល​បង​ឃើញក្នុង​រូប​ថត​ឱ្យ​ខ្ញុំ ខ្ញុំ​បំភ្លឺ​រឿង​ហ្នឹង​ឱ្យ​តែ​ម្តង»។

លោក​ស្រី ឡាញ់ ថាវរី គឺជាមេឃុំ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឃុំឬស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាលពីឆ្នាំ២០១៧។ លោកស្រីបាន​​រស់​​នៅ​​ភៀស​ខ្លួន​​ក្នុង​​ប្រទេស​​ថៃ​​ជាង៤ឆ្នាំ ​​និង​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ឋានៈ​​ជា​​ជន​​ភៀស​​ខ្លួន​​ដោយ​​ឧត្ដម​​ស្នង​ការ​​អង្គការ​​សហប្រជា​ជាតិ​​ទទួល​​បន្ទុក​​ជន​​ភៀស​ខ្លួន​(UNHCR)​ប្រចាំ​នៅ​​ប្រទេស​ថៃ។ ទន្ទឹមនឹងនេះ លោក​ស្រី​ធ្លាប់​ចូល​រួម​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៩។ លោកស្រីត្រូវ​បានតុលាការ​ចោទ​ប្រកាន់​​ក្នុង​សំណុំ​រឿង រួម​គំនិត​ក្បត់ ជា​មួយ​ថ្នាក់​ដឹង​នាំ និង​សកម្មជន​គណបក្សសង្គ្រោះជាតិ​ជាង​ ១ រយ​នាក់​​ផ្សេង​ទៀត។ ​អាជ្ញាធរ​​ថៃ​​​​​​ចាប់​​ខ្លួនលោក​ស្រី​កាល​​ពី​ថ្ងៃទី១៩ ខែវិច្ឆិកា និងបាន​បញ្ជូន​​ទៅ​​កម្ពុជា​​វិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពី​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា។  ការចាប់ខ្លួននេះ ធ្វើឡើង​ក្រោយអាជ្ញាធរ​​ថៃ​ទើប​តែ​បាន​​ចាប់​​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរនាក់​ដែល​មាន​ឋានៈ​ជា​​ជន​​ភៀស​ខ្លួន គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​​គ្រញូង​​ព្រៃ​​ឡង់ បញ្ជូន​​ទៅ​ឱ្យ​​អាជ្ញាធរ​​រដ្ឋា​ភិបាល​លោក ហ៊ុន សែន យក​​ទៅ​​ដាក់​​ពន្ធនា​គារ។

ជុំវិញ​​​រឿង​​​នេះ នាយក​​រង​​ទទួល​​បន្ទុក​​ផ្នែក​​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស​​នៃ​​អង្គការ​​លីកាដូ (LICADHO) លោក អំ សំអាត ​ មាន​ប្រសាសន៍​ថា ការចាប់ ឬឃុំខ្លួន​ដោយ​មិន​ជូនដំណឹង​ ឬ​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​ពួកគេ គឺជា​ការរំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​យល់​ថា ការចាប់​បញ្ជូន​សកម្មជន​គណបក្ស​ប្រឆាំង​ពី​ប្រទេសថៃ ដែល​ទទួល​ស្គាល់​ដោយ​ឧត្ដម​​ស្នង​ការ​​អង្គការ​​សហប្រជា​ជាតិ​​ទទួល​​បន្ទុក​​ជន​​ភៀស​ខ្លួន​ (UNHCR) ជា​បន្តបន្ទាប់ បង្ហាញថា ស្ថានភាព​នយោបាយ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហាក់​មិន​ទាន់​ប្រសើ​នៅ​ឡើយ​ទេ៖ «យើង​ទទូច​ឱ្យ​មាន​ការ​ផ្តល់​ព័ត៌​មាន​សម្រាប់​ក្រុម​គ្រួសារ​អំពីការ​ឃុំ​ខ្លួន ឬ​កន្លែង​ឃុំ​ខ្លួន​របស់​គាត់​ឱ្យ​គ្រួសារ​បាន​ដឹង នេះ​វា​គឺ​ជា​សិទ្ធិ​របស់គាត់​ដែល​គ្មាន​នរ​ណា​ហាម​ឃាត់​ទេ ហើយ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​ឱ្យ​គ្រួសារ​គេ​បាន​ដឹង»។​

ទាក់ទងនឹងការចាប់​​បញ្ជូន​​ជនភៀស​ខ្លួន​​ខ្មែរ​​ទៅ​កាន់​​ប្រទេស​​កម្ពុជា​​វិញជាបន្តបន្ទាប់នេះ អង្គការ​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​(Human Right Watch) និង​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន (UNHCR) ប្រចាំប្រទសថៃ  ​​សោកស្តាយ​ និង​​ថ្កោលទោស​​ចំពោះ​រដ្ឋាភិបាលថៃ និង​កម្ពុជាថា កំពុង​ ​រំលោភ​​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ​ ដែលមិន​​អាច​​ទទួល​យក​​បាន​​ឡើយ។ លើស​ពី​នេះ​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទាម​ទារ​ឱ្យ​​អាជ្ញាធរ​ថៃ ត្រូវ​តែ​​លើក​កម្ពស់​កិច្ច​ការ​ពារ​ជន​ភៀស​ខ្លួន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment