សកម្មជន​សង្គម​ និង​​​​​​សមាជិក​​បក្ស​ប្រឆាំង​​​ ថ្កោលទោស​​​ចំពោះ​ឃាកម្មលើសកម្មជន​​ម្នាក់​ គឺ​​​​ លោក ស៊ិន ខុន

ដោយ ជី វិតា
2021-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​សង្គម​ និង​​​​​​សមាជិក​​បក្ស​ប្រឆាំង​​​ ថ្កោលទោស​​​ចំពោះ​ឃាកម្មលើសកម្មជន​​ម្នាក់​ គឺ​​​​ លោក ស៊ិន ខុន

លោក ស៊ិន ខុន យុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វារ ត្រូវបានជន​មិន​ស្គាល់​មុខ​​​​​​លប​កាប់​សម្លាប់​​កាល​ពី​វេលាម៉ោង ១ យប់ឈាន​ចូល​​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២១។ រូប៖ ទូរទស្សន៍ព្រះអាទិត្យ។


សកម្មជន​​សង្គម​ និង​​​​​​​សមាជិក​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​ ថ្កោលទោស​​ករណី​ជន​មិន​ស្គាល់​មុខ​​​​​​លប​កាប់​សម្លាប់​​សកម្មជន​​ម្នាក់​គឺ​​​​លោក ស៊ិន ខុន​។ ពួកគេ​ ហៅ​​ឃាតកម្ម​នេះ​ថា​​ ជា​​រឿង​​​​​​​នយោបាយ និង​ជា​​សារ​​​​​​គំរាម​ដល់​​សិទ្ធិ​​ដល់​សកម្មភាព​តវ៉ា​ និង​ការ​​បញ្ចេញ​មតិ​នៅ​កម្ពុជា​។

សកម្មជន​សង្គម និង​មន្ត្រី​​បក្ស​ប្រឆាំង​​សង្ស័យ​​ថា​ ករណី​សម្លាប់​​​សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយចង្វា លោក ស៊ិន ខុន គឺជា​​ឃាតកម្ម​ផ្នែក​​នយោបាយ​ ហើយ​អាច​​​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជន​មិន​ស្គាល់​មុខ​៤​នាក់​ ដែល​ធ្លាប់​លប​វាយ​គាត់​ឲ្យ​រង​​​របួស​ក្បាល​ និង​បាក់​ឆ្អឹង​​ដៃ​ធ្ងន់ធ្ងរ​ម្តង​ហើយ កាល​ពី​​ខែ​ឧសភា​កន្លង​ទៅ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ទេ។​​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​​ជាតិ​រាជធានី​ភ្នំពេញលោក ម៉ន ផល្លា ឲ្យ​ដឹង​ថា​ ​​លោក ស៊ិន ខុន ​ជា​មនុស្ស​ស្លូត​ត្រង់ ​ហើយ​​សកម្មជន​រូប​នេះ​​​តែងតែ​ចូលរួម​រាល់​សកម្មភាព​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ និង​សកម្មភាព​​ការ​​តវ៉ា​ដោយ​អហិង្សា​នានា។ លោក​ ម៉ន ផល្លា ​ក៏​មិន​ជឿ​ថា​ សមត្ថកិច្ច​​មាន​ឆន្ទៈ​អាច​រក​មុខ​ឃាតក​សម្លាប់​លោក ស៊ិន ខុន ​ឃើញ​ដែរ​៖ «(សកម្មជន)​ចេញ​មុខ​ទាមទារ​សេរីភាព​សម្រាប់​យុត្តិធម៌​សង្គម​នេះ​ គឺ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពី​សំណាក់​​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ហើយ​ក៏​អាច​ប្រឈម​ទៅ​នឹង​ការ​វាយ​ប្រហារ​ថែម​ទៀត។ រហូត​មក​ដល់​ពេល​នេះ​ គឺ​ថា​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​មិន​ទាន់​អនុវត្ត​បាន​នូវ​ការ​ចាប់​ខ្លួន​ជន​ដែល​បាន​ប្រព្រឹត្តិ​ម្នាក់​ណា​​យក​មក​កាត់​ទោស​នោះ​ទេ។ អ៊ីចឹង​ហើយ​ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​ អាជ្ញាធរ​នៃ​របប​នេះ​​គឺ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​មក​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ»។​​

ចំណែក​​សកម្មជន​នៃ​ចលនា​ស្ត្រី​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោកស្រី ស ខ្ចី ក៏​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​នេះ​ដែរ។

CNRP_Activist_13_07_2021.jpeg
លោក ស៊ិន ខុន ធ្លាប់ជនមិនស្គាល់មុខ៤នាក់ព្រួយវាយឱ្យរងរបួសកាលពីខែឧសភា ឆ្នាំ២០២១។ (រូប៖ សកម្មជនផ្តល់ឱ្យ)

លោកស្រី ស ខ្ចី ​​ជឿជាក់​​ថា ការ​សម្លាប់​លោក ស៊ិន ខុន ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ ព្រោះ​​លោក​ ​គឺជា​យុវជន​ដែល​ហ៊ាន​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​​តុលាការ​ដោះលែង​សកម្ម​​ជន​បក្ស​ប្រឆាំង ហើយ​ក៏​ជា​មុខ​សញ្ញា​ចាស់​​នៃ​ការ​លប​វាយ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​ដែរ៖ «ដែល​មនុស្ស​ធម្មតា​គេ​មិន​អាច​ធ្វើ​បាន​ទេ ក្រៅ​ពី​ពួក​សត្វ​តិរច្ឆាន​។ អ៊ីចឹង​ខ្ញុំ​ក្នុង​នាម​ជា​យុវជន​ម្នាក់ ក្នុង​នាម​ជា​ឈាមជ័រ​​ជា​ខ្មែរ​ដូច​គ្នា​ គឺ​ខ្ញុំ​មាន​ការ​សោកស្ដាយ​​​នៃ​ការ​បាត់បង់​អាយុ​ជីវិត​របស់​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ណាស់។ សូម​ថ្កោលទោស​ដាច់​អហង្ការ​តែ​ម្ដង​ចំពោះ​របប​ក្រុង​ភ្នំពេញ​ដែល​បាន​​ធ្វើ​ទុក្ខ​បុក​ម្នេញ​គាត់​ វាយ​មួយ​សារ​ហើយ»។

ដូច​គ្នា​នេះ​ដែរ ​​សមាជិក​ក្រុម​ស្ត្រី​ក្លាហាន​ម្នាក់​ដែល​ទើប​បាន​​ចេញ​ពី​ពន្ធនាគារ​គឺ​លោកស្រី លឹម សាន ក៏សោក​ស្ដាយ​ចំពោះ​​​ករណី​​សម្លាប់​ លោក ស៊ិន ខុន  ​នេះ។ លោកស្រី​បារម្ភ​​​​ថា ​ប្រសិន​បើ​សមត្ថកិច្ច​នៅ​តែ​​​​​មិន​​​អាច​​ចាប់​បាន​ជន​ដៃ​ដល់​បាន​ទេ ​​សកម្មជន​​នយោបាយ និង​សកម្មជន​សង្គម​ជា​ច្រើន​ទៀត នឹង​ត្រូវ​រង​គ្រោះ​បន្ត​៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ទេ មិន​ដែល​ចាប់​បាន​ឃាតក​​​តែងតែ​រួច​ខ្លួន។ ចំណែក​អ្នក​រងគ្រោះ​ នៅ​តែ​រង​គ្រោះ​រហូត។ ស្វែង​រក​យុត្តិធម៌​ជួយ​ពួក​ខ្ញុំ​មិន​បាន​។ អ៊ីចឹង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មាន​តែ​ការ​សោកស្ដាយ​​ និង​ទង្វើ​ព្រៃផ្សៃ​មក​លើ​ពួក​យើង​ខ្ញុំ»។

​​មុន​ការ​សម្លាប់​នេះ​ ៣​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី១៧ ខែវិច្ឆិកា លោក ស៊ិន ខុន បាន​ទៅ​ចូលរួម​ឃ្លាំមើល​សវនាការ​របស់​សកម្មជន​​បក្ស​ប្រឆាំង​ចំនួន​១៧​នាក់ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជាមួយ​អតីត​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង និង​​​​ប្រធាន​សហភាព​​សហជីព​កម្ពុជា​​លោក រ៉ុង ឈុន​។

លោក រ៉ុង ឈុន យល់​ថា​ ករណី​​ឃាតកម្ម​នេះ​​បាន​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​​ពី​សមត្ថភាព​របស់​អាជ្ញាធរ​កម្ពុជា​​ ថា​នៅ​មាន​កម្រិត។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទប់​ស្កាត់​​កុំ​ឲ្យ​កើត​មាន​ករណី​ឃាតកម្ម​លើ​​សកម្មជន និង​អ្នក​និយម​ប្រជាធិបតេយ្យ​បន្ត​ទៀត។ លោក រ៉ុង ឈុន ហៅ​​​ការ​សម្លាប់លោក ស៊ិន ខុន ជា​ករណី​ធ្ងន់ធ្ងរ​ និង​ជា​ការ​គំរាម​ដល់​សកម្មជន​សង្គម​ផ្សេង​ទៀត៖ «ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ វា​មិន​មែន​ជា​ការ​ធ្វើ​ឲ្យ​យើង​បន្ថុច​​បង្អាក់​នូវ​គេ​ហៅ​ថា​សកម្មភាព​របស់​យើង​ទេ។ តែ​គ្រាន់​ថា ការ​ដែល​យើង​ធ្វើ​ការងារ​​យើង​ត្រូវ​តែ​មាន​អា​​ការ​បត់​បែន មាន​អា​ភាព​ឆ្លាត​វ៉ៃ​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​ឲ្យ​ថា​​មក​បង្អាក់​​​ ឬ​បញ្ឈប់​ការងារ​របស់​យើង​អា​ហ្នឹង​មិន​អាច​​ប្រព្រឹត្តិ​ទៅ​បាន​ទេ​។ យើង​​នៅ​តែ​បន្ត​បេសកកម្ម​ដើម្បី​ស្វែង​រក​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត»។

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_01.jpg
ព្រះសង្ឃ​និង​សាច់ញ្ញាតិ​សព​លោក ស៊ិន ខុន ធ្វើ​ពិធី​លើក​សព​លោក ស៊ិន ខុន ដាក់​ក្នុ​ង​ក្តាមឈូស​ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យនៅឯ​ស្រុក​កំណើត ស្ថិត​នៅ​​ភូមិ​ចេក​ ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រុម​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ទាំង​នេះ អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ មិន​លម្អៀង និង​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះឃាតកម្ម​លើ​​​សកម្មជន​នយោបាយ​រូប​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព បើ​ពុំ​នោះ​ទេ រដ្ឋាភិបាល នឹង​ជៀស​មិន​ផុត​ពី​ការ​រិះគន់​របស់សាធារណៈ​ជន​ឡើយ។ ទោះ​ជា​យ៉ាង​ណា កន្លង​មក ករណី​អំពើ​ហិង្សា និង​អំពើ​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ​ដែល​រិះ​គន់​រដ្ឋាភិបាល ដូចជា សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ សកម្មជន​ព្រៃឈើ អ្នក​កាសែត អ្នក​វិភាគ​នយោបាយ និង​ព្រះសង្ឃ​ជាដើម កម្រឃើញ​អាជ្ញាធរ នាំខ្លួន​ជនដៃ​ដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ណាស់។ អាជ្ញាធរ​រដ្ឋាភិបាល​ តែង​បកស្រាយ​ដោយ​គ្មាន​ភស្តុតាង​ថា ករណី​ហិង្សា​និង​ឃាតកម្ម​ទាំង​នោះ​ គឺជា​រឿង​ទំនាស់​បុគ្គល​ មិនមែន​ជា​រឿង​នយោបាយ​ឡើយ។ ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ តែងតែ​រិះគន់​ថា ករណី​ទាំង​នោះ គឺ​ពាក់ព័ន្ធនឹង​រឿង​នយោបាយ ​ទើប​រកជន​ដៃ​ដល់​មិន​ឃើញ​ ដែល​នាំ​ឲ្យ​សង្គម​កម្ពុជា​ ​ជាកន្លែង​គ្មាន​សុវត្ថិភាព និង​កំពុង​តែ​ញាំញី​ដោយ​វប្បធម៌​និទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​សង្គម​ និង​​​​​​សមាជិក​​បក្ស​ប្រឆាំង​​​ ថ្កោលទោស​​​ចំពោះ​ឃាកម្មលើសកម្មជន​​ម្នាក់​ គឺ​​​​ លោក ស៊ិន ខុន"

  1. Anonymous says:

    revenge is the word to say right now please wait till the water empty we will see how is that ugly fish can stay alive . request >>>please do not BBQ all of them keep some who did not know nothing

Leave a Reply

Submit Comment