សាច់ញាតិ​​ ស្នើ​​​ឱ្យ​អាជ្ញាធរ​​ស្រាវជ្រាវ​​ចាប់​ឃាតករ​​ដែល​​​សម្លាប់​​សកម្មជន​​បក្ស​ប្រឆាំង​​​លោក​ ស៊ិន ខុន មក​​ផ្ដន្ទាទោស​​តាម​​ច្បាប់

ដោយ មួង ណារ៉េត
2021-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​​ ស្នើ​​​ឱ្យ​អាជ្ញាធរ​​ស្រាវជ្រាវ​​ចាប់​ឃាតករ​​ដែល​​​សម្លាប់​​សកម្មជន​​បក្ស​ប្រឆាំង​​​លោក​ ស៊ិន ខុន មក​​ផ្ដន្ទាទោស​​តាម​​ច្បាប់

លោក ស៊ិន ខុន កាល​ពេល​នៅ​មាន​ជីវិត និង​កញ្ញា វ៉ាន់​ ស្រី​ពេជ្រ ជាក្មួយ​ស្រី​​នៅពេលមកទទួលសពលោក ស៊ិន ខុន នៅវត្តចាស់​ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្​យតាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើតកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ឃាតករ​បាន​វាយ​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​នៅ​​រាជធានី​ភ្នំពេញ កាល​ពី​វេលាម៉ោង ១ យប់ឈាន​ចូល​​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២១។ សាច់ញាតិ​ជនរងគ្រោះ ​ចាត់​ទុក​អំពើ​ឃាតកម្ម​នេះ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ និង​ស្នើ​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ឃាតករ​​មក​ផ្ដន្ទាទោស​​ឱ្យ​បាន​ឆាប់​។ ​​ប៉ុន្តែ​​សមត្ថកិច្ច​​​បក​ស្រាយ​​ថា ​​​​ករណី​នេះ​អាច​​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ផ្ទាល់​​ខ្លួន​​។

ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ គឺ​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយ​ចង្វា ​រាជធានី​ភ្នំពេញ​លោក ស៊ិន ខុន ​អាយុ​ ៣១ ​ឆ្នាំ។ សកម្មជន​នយោបាយ​រូប​នេះ ត្រូវ​បាន​​ជន​​មិន​​ស្គាល់​មុខ​​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​​នៅ​លើ​​ដង​ខ្លួន​ បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ​នៅ​មាត់​ទន្លេ​ក្បែរ​វត្ត​ចាស់​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​ ១​ យប់ ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា។ នៅ​លើ​​ត្រង់​ក្បាល និង​ខ្នង​សាកសព​មាន​ស្នាម​កាំបិត​​កាប់​ដាច់​ជា​ច្រើន​កន្លែង។​

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_01.jpg
ព្រះសង្ឃនិងសាច់ញ្ញាតិសពលោក ស៊ិន ខុន ធ្វើពិធីលើកសពលោក ស៊ិន ខុន ដាក់ក្នុងក្តាមឈូសដើម្បីដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតនៅ​ភូមិ​ចេក​ ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្មួយ​ស្រី​ជនរងគ្រោះ​កញ្ញា វ៉ាន់​ ស្រី​ពេជ្រ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែវិច្ឆិកា ​ថា ​អំពើ​ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​នេះ ជា​រឿង​គំនុំ​នយោបាយ ព្រោះ​គាត់ តែង​បង្ហោះ​​សារ​រឿង​នយោបាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ចូលរួម​ឈឺឆ្អាល​បញ្ហា​សង្គម និង​នយោបាយ​ដោយ​ផ្ទាល់​ផង​ដែរ។ ​កញ្ញាបន្ត​ថា ​ជនរងគ្រោះ​​ជា​មនុស្ស​ស្លូត​​ត្រង់​​មិន​ចេះ​ផឹក​ស្រា​ និង​​មិន​ដែល​មាន​ជម្លោះ​ជា​មួយ​អ្នក​ណា​​នោះ​ទេ​​។ កញ្ញាស្នើ​ឱ្យ​ប៉ូលិស​ស្រាវជ្រាវ​រក​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «ខ្ញុំ​ជា​ក្មួយ​គាត់​ខ្ញុំ​ដឹង​ សូម្បី​គាត់​យក​ចិត្ត​ទុក​ដាក់​ជា​មួយខ្ញុំ​ដែរ ទុក​ជា​ក្មួយ​ក៏​ដោយ​ ហើយ​អ្នក​ក្នុង​ភូមិ​អី​ក៏​ស្រលាញ់​ចូល​ចិត្តរាប់​អាន​គាត់​ដែរ​។ គាត់​អត់​ដែល​មាន​រឿង​ជា​មួយ​អ្នក​ណា​ទេ ហើយ​ការ​គោរព​ឪពុក​ម្ដាយ​វិញ គឺ​គាត់​ជា​មនុស្ស​ល្អ​នៅ​ក្នុង​គ្រួសារ​ហ្មង»។

​​ពលរដ្ឋ​ម្នាក់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​និង​សំឡេង​​ថ្លែង​ថា ​នៅ​យប់​កើត​ហេតុជនរងគ្រោះ​ បាន​ចេញ​ទៅ​ផឹកស៊ី​​ជា​មួយ​មិត្តភ័ក្ដិ​ ៤ នាក់​នៅ​​សួន​សាធារណៈ ​នៅ​មាត់​ទន្លេ​​ក្បែរ​វត្ត​ចាស់​។ ក្រោយ​មក​​លោក​ ស៊ិន ខុន និង​មិត្តភ័ក្ដិ​​បាន​ត្រឡប់​មក​វត្ត​ចាស់​វិញ​ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​ទៀត​លោក ​ក៏​បាន​ចេញ​ទៅ​មាត់​ទន្លេ​ម្នាក់​ឯង​ម្ដង​ទៀត​ ក៏​​ត្រូវ​ជន​ដៃ​ដល់​កាប់​សម្លាប់​តែ​ម្ដង។​​

​បច្ចុប្បន្ន​សព​ជន​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​នៅ​ភូមិ​ចេក​ ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ។

​លោក ស៊ិន ខុន ​ជា​សកម្មជន​បក្ស​ប្រឆាំង​ដំបូង​​គេ ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​សម្លាប់ ក្រោយ​​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ កាល​ពី​ថ្ងៃទី១២ ខែ​ឧសភា​ឆ្នាំ​២០២១ ​លោក​ ស៊ិន ខុន ក៏​ធ្លាប់​ត្រូវ​បាន​​ជន​ដៃ​ដល់​មាន​គ្នា ៤​ នាក់ កាន់ដំបង​ទីប និង​ដែក​រលាស់ វាយ​លោក​ត្រូវ​ក្បាល បែក​ចិញ្ចើម​ខាងស្តាំ និង​បាក់​ឆ្អឹង​ដៃ​ឆ្វេង ហូរឈាម​ស្រោច​ពេញ​ខ្លួន ដេរ ១២​ ថ្នេរ​​ម្ដង​រួច​មក​ហើយ​ ​។ ​កាល​នោះ​​ជនរងគ្រោះ​អះអាង​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក និង​លើ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងៗ​ទៀត គឺ​ជាការ​គំរាមកំហែង​ផ្នែក​នយោបាយ ព្រោះ​លោក គ្មាន​ទំនាស់​ឬ​គំនុំ​ផ្ទាល់​ខ្លួន​ជាមួយ​អ្នកណាម្នាក់ឡើយ។ កាល​នៅ​មានជីវិត លោក តែងតែ​បង្ហោះ​សារទាមទារ​យុត្តិធម៌ និង​រិះគន់​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​តាម​ចាប់​ខ្លួន​ជន​ដៃដល់។ រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ រហូត​ដល់​កើតមាន​អំពើ​កាប់​សម្លាប់​លោក​ម្តង​ទៀត។

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_02.jpg
(ឆ្វេង) កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា សមាជិកយុវជនខ្មែរថាវរៈ និងមិត្តភក្តិរបស់លោក ស៊ិន ខុន មកចូលរួមរំលែកទុក្ខសពលោក ស៊ិន ខុន នៅវត្តចាស់ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ទាក់ទង​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខ​សីហា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​ការ​ស្លាប់​នេះ​​​អាច​បណ្ដាល​មក​​ពី​ជម្លោះ​ផ្ទាល់​ខ្លួន​។ ​លោក​បន្ត​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​រឿង​នេះ​បន្ថែម​ទៀត។ ​ចំណែក​ករណី​ដែល​​ថា ជនសង្ស័យ​​បាន​ប្រើ​ហិង្សា​លើ​លោក ស៊ិន ខុន ​បណ្ដាល​ឱ្យ​បែក​ចិញ្ចឹម​នោះ​លោកថា សមត្ថកិច្ច​​ក៏​កំពុង​ស្រាវជ្រាវ​លើ​រឿង​នេះ​ដែរ៖ «អីចឹង​បើ​ថា​ខ្ញុំ​ប៉ាន់ស្មាន​ជា​បឋម​ វា​អាច​ក្លាយ​មក​ពី​ករណី​គុំគួន ឬ​ករណី​ជម្លោះ​ណា​មួយ ដោយ​សារ​​ការ​ផឹក​ស៊ី​ស្រវឹង ឬ​ក៏​បញ្ហា​ណា​មួយ​។ ​ប៉ុន្តែ​យើង​អត់​ទាន់​វាយ​តម្លៃ​ថា​យ៉ាង​ម៉េច​ទេ ឥឡូវ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើ​ការ​បន្ត​ដើម្បី​ស្រាវជ្រាវ។ ​ព្រោះ​ឱ្យ​តែ​ករណី​អី​កើត​ឡើង​ គាត់​ចោទ​ចេះ​ចោទ​ចុះ​ អាហ្នឹង​វា​ជា​សេរីភាព​របស់​គាត់ ប៉ុន្តែ​ជាក់​ស្ដែង​យើង​មិន​អាច​​វាយ​តម្លៃ​ថា ​យ៉ាង​ម៉េច ​ព្រោះ​ថា ​តាម​លទ្ធភាព​នៃ​ការ​ស្រាវជ្រាវ​យើង​អត់​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ»។

ទោះជាយ៉ាងណា ក្រុម​គ្រួសារ​សាច់ញាតិ និង​មិត្ត​ភក្តិ​របស់​លោកអះអាង​ថា លោក ស៊ិន ខុន ជា​មនុស្ស​ស្លូតបូត ឈឺឆ្អាល​រឿង​សង្គមជាតិ ដូច្នេះ​លោក​គ្មាន​ទំនាស់​ឬ​គំនុំ​ផ្ទាល់​ខ្លួន​ជាមួយ​អ្នកណា​ឡើយ។ កន្លង​​មក​ ទោះបី​ជា​សកម្មជន​បក្ស​ប្រឆាំង​រូបនេះ ធ្លាប់​រង​អំពើ​ហិង្សា​ក្តី លោកតែង​តែ​ចូល​រួម​គាំទ្រ​​សកម្មជន​ប្រឆាំង​ និង​សកម្មជន​សង្គម​ដែល​ជាប់​ពន្ធនាគារ​ជា​ហូរហែ។ ​ថ្មីៗ​នេះ លោក​បាន​​ទៅ​ចូលរួម​ជា​មួយ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ និង​សកម្មជន​សង្គម​មួយ​ចំនួន​ទៀត​ចុះ​ឃ្លាំមើល​សវនា​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​។ ក្រៅពី​នេះ លោកក៏​តែង​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​សកម្ម​ក្នុង​ការ ចែកចាយ​ព័ត៌មាន​ទាក់ទង​រឿង​សង្គម និង​នយោបាយ​ផង​ដែរ។

​ជុំ​វិញ​រឿង​នេះ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក ស៊ឹង សែន​ករុណា យល់​ថា ការ​ស្លាប់​នេះ​​អាច​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ​ពីព្រោះ​លោក​សង្កេត​ឃើញ​ថា​ ជនរងគ្រោះ​តែង​​​បង្ហោះ​សារ​តាមបណ្ដាញ​សង្គម​គាំទ្រ ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ និង​​រិះគន់​​ភាព​អសកម្ម​​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ ​លោក​​ជំរុញ​ឱ្យ​សមត្ថកិច្ច​​ស្រាវជ្រាវ​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស​​តាម​ច្បាប់​ ដើម្បី​កុំ​ឱ្យ​ជន​ដៃ​ដល់​​ចេះ​តែ​ដើរ​វាយ​សម្លាប់​គេ​តាម​អំពើ​ចិត្ត​បន្ត​ទៀត​៖ «អីចឹង​ហើយ​គាត់​ធ្លាប់​រង​ការ​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​ផង​ទៀត ​រហូត​ដល់​មាន​ការ​សម្លាប់​គាត់​នៅ​រាត្រី​រំលង​អធ្រាត្រ​ហ្នឹង​ទៀត។​ អីចឹង​ខ្ញុំ​យល់​ថា ករណី​ដែល​កើត​​លើ​សកម្មជន​នយោបាយ​បើ​សិន​​ជា​សមត្ថកិច្ច​ចង់​ជៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា​ វាមិន​មែន​ជា​ករណី​នយោបាយ​ លុះត្រា​តែ​សមត្ថកិច្ច​ស្វែង​រក​ជន​ប្រព្រឹត្ត​ហ្នឹង​មក ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ហើយ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​សម្លាប់​ហ្នឹង។​ អាហ្នឹង​បាន​ទើប​ជៀស​ផុត​អំពី​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សាធារណជន​ដែល​គេ​បាន​តាមដាន​សំណុំ​រឿង​របស់​គាត់»

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_03_His_Mather and Father.jpg
ឪពុកម្តាយចាស់ជរារបស់លោក ស៊ិន ខុន កំពុងទន្ទឹងរង់ចាំសពកូនប្រុសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំណើត​ភូមិ​ចេក​ ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

នៅមុន​ពេល​អំពើ​ឃាតកម្ម​នេះលោក ស៊ិន ខុន បាន​សរសេរ​បង្ហោះ​ប្រវត្តិ​រូបខ្លី​របស់​លោក​នៅ​លើ​ហ្វេសប៊ុក​ថា លោក​គឺ​ជា​កូន​កសិករ​ក្រីក្រ​នៅក្នុង​ខេត្ត​តាកែវ។ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទុតិយភូមិ លោកបាន​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន ដោយ​ស្នាក់​នៅក្នុង​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំ២០១៤ និង​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន លោកកំពុង​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​សកម្មជន​នយោបាយ​រូប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ សកម្មជន​នយោបាយ សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស បង្ហោះ​សារ​ព្រោងព្រាត​សម្ដែង​ការ​សោកស្តាយ​ជា​ខ្លាំង និង​ថ្កោលទោស​ចំពោះ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម។ ពួកគាត់ ចាត់ទុកថា ករណីនេះ គឺ​ជា​ឃាតកម្ម​នយោបាយ ដើម្បី​គំរាម​ដល់​សកម្ម​ជន​ផ្សេង​ទៀត ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​កំពុង​តានតឹង​នេះ។ ទោះជាយ៉ាងណា ពួកគាត់នៅតែ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​បញ្ចប់​វប្បធម៌និទណ្ឌភាព។

ចាប់ពី​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មាន​សកម្មជន​គណបក្សប្រឆាំង សាច់ញាតិ​របស់​ពួកគេ និង​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ៤០ នាក់​ហើយ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​ធ្វើ​បាប លប​គប់​ឲ្យ​របួស​ក្បាល និង​ធាក់​ផ្ដួល​ម៉ូតូ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នៅ​ពេល​បើកបរ។ ជនរងគ្រោះ​ទាំង​នោះ មាន​ខ្លះ​បាន​ធ្លាក់​ខ្លួន​ពិការ​អស់មួយជីវិត ខ្លះ​ទៀត​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់ និង​ខ្លះ​ទៀត​ឈឺ​គ្រាំ​ដល់​ស្លាប់។ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សាច់ញាតិ​​ ស្នើ​​​ឱ្យ​អាជ្ញាធរ​​ស្រាវជ្រាវ​​ចាប់​ឃាតករ​​ដែល​​​សម្លាប់​​សកម្មជន​​បក្ស​ប្រឆាំង​​​លោក​ ស៊ិន ខុន មក​​ផ្ដន្ទាទោស​​តាម​​ច្បាប់"

  1. Anonymous says:

    keep in mind get revenge when you have more support from the world. HUN SEN regime will going down at any time in the near future this ugly evil monster will not last that long . CHHEAM SREK SBEKHOW is coming that evil can not stop it. soon you will see

  2. so socheath says:

    អញប្រាប់ហើយអីតើ ! ថាពួកអាចេះត្រឹមសង្គ្រោះតែកាដួយ
    សង្គ្រោះតែក្ត គឺជាជនពាលដែលគ្មានសារជាតិជាមនុស្សទេ ។
    តែថាទោះពួកវា ឈ្លោះគ្នា កាប់គ្នាបែកក្បាល ងាប់ ឬជិះ
    ម៉ូតូធ្លាក់ជង្ហុកងាប់ ក៏វាស្រែកចោទដាក់ទោសលើនយោបាយដែរ ។
    ហាស ! ហាស
    ពួកអាអស់នេះ ពិតជាអស្ចារ្យរ៉ុយៗ ផស់វា !

  3. so socheath says:

    វាយ៉ាប់ ត្រង់មីក្មួយអះអាងថា អាតាណើបដែលគេកាប់ងាប់នេះមិនចេះផឹក ។
    តែអ្នកជិតខាងថាអានេះ នាំគ្នាទៅផឹកនៅសួនទៅវិញ ។
    គ្រាន់តែចំណុច២នេះ វាខុសគ្នាដាច់ រវាងក្មួយស្រីវា និងអ្នកជិតខាងទៅហើយ ។
    សុបសេចក្តីមក ជារឿងពួកអាពាល សុីពាល តែប៉ុណ្ណោះ ។

Leave a Reply

Submit Comment